អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

អាមេរិកសម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ដោះលែង​ពួក​ឧទ្ទាម​តាលីបង់​សង្ស័យ​ចំនួន ៦៥នាក់

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កុម្ភៈ​នេះ សហរដ្ឋអាមេរិក​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លំាង​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​នៃ​​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​បាន​សម្រេច​ដោះលែង​ជនសង្ស័យ​តាលីបង់​ចំនួន ៦៥នាក់​ពី​ពន្ធនាគារ​បាក្រាម (Bagram)។ ខុស​ពី​ការ​យល់ឃើញ​របស់​រដ្ឋអំណាច​ទីក្រុង​កាប៊ូល ទីក្រុង​វ៉ាស៊ីនតោន​ចាត់​ទុក​អ្នកទោស​តាលីបង់​សង្ស័យ​ទំាង ៦៥នាក់​នោះ​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ប្រទេស​អាហ្វហ្កានីស្ថាន។

លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï
លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​មាន​ការ​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ពី​សហរដ្ឋអាមេរិក​ក៏​ដោយ ក៏​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​បាន​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នូវ​អ្នកទោស​សង្ស័យ​តាលីបង់​ចំនួន ៦៥នាក់​ចេញ​ពី​ពន្ធនាគារ​បាក្រាម (Bagram) ក្បែរ​ទីក្រុង​កាប៊ូល​នៅ​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កុម្ភៈ​នេះ។ ភ្លាមៗ ស្ថានទូតអាមេរិក​ប្រចំា​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ត្រូវ​តែ​ទទួល​ខុសត្រូវ​នូវ​រាល់​ផលវិបាក​ទំាង​អស់​ដែល​នឹង​អាច​កើត​ចេញ​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន។ អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល​ផ្តើម​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​ថា អ្នកទោសដោះលែង​ទំាង​អស់​នោះ​នឹង​មិន​បង្ក​អំពើ​ភេរវកម្ម ឬ​ក៏​អំពើហិង្សា​ជា​ថ្មី​ទៀត​ឡើយ »។

សូម​ជម្រាប​ជូន​ថា ប្រតិកម្ម​ព្រួយបារម្ភ​របស់​អាមេរិក​ចំពោះ​ការ​ដោះលែង​អ្នកទោស​សង្ស័យ​តាលីបង់​ទំាង ៦៥នាក់​ពី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ពេល​នេះ មក​ពី​ទីក្រុង​វ៉ាស៊ីនតោន​នៅ​បន្ត​ចាត់​ទុក​អ្នកទោស​តាលីបង់​សង្ស័យ​ទំាង ៦៥នាក់​នោះ​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ប្រទេស​អាហ្វហ្កានីស្ថាន ក៏​ដូច​ជា​សហរដ្ឋអាមេរិក។ តែ​នេះ​មិនមែន​ជា​ការ​យល់​ឃើញ​របស់​ទីក្រុង​កាប៊ូល​ឯណា។ ទីក្រុង​កាប៊ូល​ដែល​បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី៩ មករា​កន្លង​ទៅ​ថា មាន​អ្នកទោស​ចំនួន ៧២នាក់​នៅ​ក្នុង​ពន្ធនាគារ​បាក្រាម (Bagram) ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ដោយសារ​តែ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ប្រឆំាង​នឹង​ពួក​គេ។ ជា​ថ្មី​ម្តង​ទៀត និង​តាម​សំណើ​របស់​រដ្ឋបាល​អាមេរិកំាង រដ្ឋាភិបាល​ក្រុង​កាប៊ូល​បាន​បញ្ជាក់​នៅ​ដើម​សប្តាហ៍​នេះ​ថា រដ្ឋាភិបាល​ធ្វើ​ការ​សិក្សា​យ៉ាង​លំអិត​លើ​សំណុំរឿង​អ្នកទោស​ទំាង​នោះ មុន​នឹង​សម្រេច​ដោះលែង​ចំនួន ៦៥នាក់។

យ៉ាង​ណា​ក៏​ដោយ ទីក្រុង​វ៉ាស៊ីនតោន​មាន​តែ​ការ​ខកចិត្ត​យ៉ាង​ខ្លំាង​ចំពោះ​កាយវិការ​របស់​ទីក្រុង​កាប៊ូល​នៅ​ពេល​នេះ។ សម្រាប់​អាមេរិក អ្នកទោស​ដោះលែង​ទំាង​នេះ​សុទ្ធសឹង​ជា​មនុស្ស​គ្រោះថ្នាក់ ព្រោះ​ពួក​គេ​មាន​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការ​វាយប្រហារ​សម្លាប់​កម្លំាង​អូតង់ ក៏​ដូច​ជា​កម្លំាង​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ សូម​រម្លឹក​ជូន​ថា គឺ​ទើប​តែ​នៅ​ក្នុង​ខែ​មីនា ឆ្នំា ២០១៣ ទេ ដែល​អាមេរិក​បាន​ប្រគល់​ការ​គ្រប់គ្រង​ពន្ធនាគារ បាក្រាម (Bagram) ឲ្យ​ទៅ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ ការ​ផ្ទេរ​ការ​គ្រប់គ្រង​ដែល​កាល​ណោះ​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï ចាត់​ទុក​ជា​និមិត្តរូប​នៃ​ការ​ដណ្តើម​បាន​វិញ​នូវ​អធិបតេយ្យជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ