អានតួអត្ថបទ
កម្ពុជា

ព្រឹត្តិការណ៍​ប្រណាំង​កង់​៤៧០​គ.ម នឹង​ធ្វើ​ឡើង​នៅ​ខែ​មីនា​

ព្រឹត្តិការណ៍​ប្រណាំង​ទោចក្រយាន​ចម្ងាយ​ឆ្ងាយ​លើក​ទី​៣ ឆ្នាំ ២០១៦ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៤ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី ៨​ខែ​មីនា​ខាង​មុខ។ ជា​ព្រឹត្តិការណ៍​ប្រណាំង​កង់ ក្នុង​ចម្ងាយ​៤៧០​គីឡូ​ម៉ែត្រ ដែល​តម្រូវ​ឲ្យ​អ្នក​ចូលរួម ត្រូវ​ឆ្លង​កាត់​តាម​ ៥​កំណាត់​ផ្លូវ ក្នុង​ខេត្ត​ចំនួន ៥ នៅ​ប៉ែកបូព៌ា​ រួម​មាន​កំពង់ចាម​ ត្បូងឃ្មុំ​ ព្រៃវែង ស្វាយរៀង និង​ខេត្ត​កណ្តាល។

ឡូហ្គូ ព្រឹត្តិការណ៍ប្រណាំងកង់ចម្ងាយ​ឆ្ងាយ។
ឡូហ្គូ ព្រឹត្តិការណ៍ប្រណាំងកង់ចម្ងាយ​ឆ្ងាយ។ @Facebook
ផ្សាយពាណិជ្ជកម្ម

 

នៅ​ព្រឹក​ថ្ងៃទី ៤ខែ​មីនា ក្រុម​ប្រណាំង​កង់​មួយ​ក្រុម នឹង​ជិះកង់​របស់​ពួកគេ ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម រួច​បន្ត​ដំណើរ​ទៅ​តាម​ខេត្ត​ចំនួន ៤​ផ្សេង​ទៀត ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំងកង់​ចម្ងាយ ៤៧០​គីឡូម៉ែត្រ ៥​កំណាត់​ផ្លូវ ប្រចាំឆ្នាំ ២០១៦​ នៅ​ប៉ែក​បូព៌ា​ នៃប្រទេស​កម្ពុជា។

លោក​វ៉ាន់ ថន អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការ​ប្រណាំង​នេះ នឹង​ចេញ​ដំណើរ​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្គន់ ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី ១ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២ នឹង​ចេញ​ពី​ស្គន់ ទៅ​ខេត្ត​ត្បូងឃ្មុំ។ ថ្ងៃទី ៣ ចេញពី​ត្បូងឃ្មុំ ទៅ​ខេត្ត​ព្រៃវែង។ ថ្ងៃទី ៤ ចេញ​ពី​ព្រៃ​វែង ទៅ​កាន់ខេត្ត​ស្វាយ​រៀង និង​ថ្ងៃទី៥ ​ចេញ​ពី​ស្វាយ​រៀង មក​បញ្ចប់​នៅ​តាខ្មៅ ក្នុង​ខេត្ត​កណ្តាល។ ការ​ប្រណាំង​នេះ នឹង​ធ្វើ​ឡើង​តែ​ក្នុង​ពេល​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយ​ពេលអ្នក​ប្រណាំង​ទៅ​ដល់​ខេត្ត​មួយ ពួកគេ​ត្រូវ​ឈប់​សម្រាក​នៅទីនោះ​មួយ​យប់​សិន រង់ចាំ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់​ទៀត។

ការ​ប្រណាំង​តាម​កំណាត់​ផ្លូវ ក្នុង​ខេត្ត​ទាំង ៥នេះ នឹង​ត្រូវ​គិត​ជា​ពិន្ទុ ដើម្បី​ស្វែង​រក​អ្នក​ទទួល​បាន​ជ័យ​លាភី។ ការ​ប្រណាំង​នេះ មាន​ការ​សហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ត្រី​ជំនាញ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត។ លោក​វ៉ាន់ ថន បាន​បញ្ជាក់​ថា អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ចំនួន ៤០​នាក់​ ដោយ​ពួកគេ​សុទ្ធ​តែ​ជា​កីឡាករ​អាជីព ព្រោះ​ប្រសិន​បើ​មិន​បាន​ហ្វឹកហាត់​ទេ ពួកគេ​មិនអាច​ជិះកង់​ដោយ​រលូន​ក្នុង​រយៈចម្ងាយ​ឆ្ងាយ​បែប​នេះ​ទេ។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​សហព័ន្ធខ្មែរ​កីឡា​ទោចក្រយាន អះអាង​ថា​ជា​ការ​ផ្សព្វផ្សាយ​ពី​កីឡា​ប្រភេទ​នេះ​ ក៏​ដូចជា​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​ទេសចរណ៍ ទៅ​ទស្សនា​តាម​បណ្តា​ខេត្ត​នានា​ ឲ្យ​កាន់​តែ​ច្រើន​ផងដែរ។​

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​បែប​នេះ ដោយ​កាល​ពី​លើក​ទី​១ បាន​ធ្វើ​ឡើង នៅ​តាម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ចម្ងាយ​ប្រមាណ​ជា​ ៦០០​គីឡូ​ម៉ែត្រ និង​លើក​ទី​២ ធ្វើ​ឡើង​នៅ​តាម​ខេត្ត​ប៉ែក​និរតី ក្នុង​ចម្ងាយ​ប្រមាណ​ជា ៥០០​គីឡូម៉ែត្រ។ ហើយ​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ ដោយ​នៅ​ឆ្នាំ​ក្រោយ សហព័ន្ធ​មានគម្រោង​រៀបចំ នៅ​តាម​បណ្តាល​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ជា​បន្ត​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ