អានតួអត្ថបទ
ម៉ាឡេស៊ី-អូស្ត្រាលី

ការ​រុករក​យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី​ នឹង​បន្ត​កាន់តែ​ឆ្ងាយ​ទៅ​ប៉ែក​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​

ប្រតិបត្តិការ​​រុករក​យន្តហោះ​បូអ៊ីង​ម៉ាឡេស៊ី ដែល​បាត់ស្រមោល​តាំង​ពី​ថ្ងៃ​៨មីនា​នោះ នឹង​​​ផ្តោត​កាន់តែ​បន្តឆ្ងាយ​​​​​ទៅ​​ប៉ែក​​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌាទៀត។ ​នេះ​​បើយោងតាម​​​អាជ្ញាធរ​​​អូស្ត្រាលី ​​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ។ ការិយាល័យ​​សន្តិសុខ​ផ្នែក​ដឹកជញ្ជូន​អូស្ត្រាលី ​មិន​ចង់​​កំណត់​ពី​ទីតាំង​​តំបន់​រុករក​ថ្មី​នេះទេ។

បេសកកម្ម​រុករក​យន្តហោះ​ម៉ាឡេស៊ី កាលពី​ចុង​ខែ​មិនា
បេសកកម្ម​រុករក​យន្តហោះ​ម៉ាឡេស៊ី កាលពី​ចុង​ខែ​មិនា AFP PHOTO / POOL / RICHARD WAINWRIGHT
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​អូស្ត្រាលី​ទទួលបន្ទុក​រុករក​យន្តហោះ​បូអ៊ីង​​​ម៉ាឡេស៊ី​អ៊ែរ​ ​ប្រាប់ថា ​​​​ការ​វិភាគ​​ទិន្នន័យ​​​ផ្កាយរណប​ថ្មីៗ ស្តីពី​គន្លង​ដំណើរ​របស់​យន្តហោះ ​បញ្ជាក់ថា តំបន់​រុករក​ថ្មី​ គឺ​ស្ថិត​កាន់តែ​ឆ្ងាយ កាន់​តែ​បន្ត​​ទៅ​ភាគខាងត្បូង នៃ​តំបន់​ដែល​រុករក​កន្លងមក នៅ​មហាសមុទ្រ​ឥណ្ឌា។ ប៉ុន្តែ អាជ្ញាធរ​អូស្ត្រាលី​​មិនចង់​​កំណត់​ទីតាំង​ថ្មី​នេះទេ។ ​

ទោះយ៉ាង​នេះ​ក្តី តំបន់​រុករក​ថ្មី នេះ នៅតែ​ស្ថិត​ក្នុង​​ទីតាំង​​​​​កំណត់​យក​ចុងក្រោយ​បង្អស់​ដដែល។ ទីតាំង​ចុងក្រោយ​គេ​នេះ ​ផ្អែក​លើ​សញ្ញា​ចុងក្រោយ​ ​ដែល​ផ្កាយរណប​ចាប់បាន​​ បញ្ជាក់​​​​ពី​​ពេល​វេលា​​​​ដែល​យន្តហោះ​​​​ជិតអស់​សាំង ​និង​ត្រូវធ្លាក់​ក្នុង​ទឹក។

ដោយឡែក សារព័ត៌មាន​ប្រចាំ​ថ្ងៃ​អូស្ត្រាលី​មួយ បាន​​ចុះផ្សាយ​​​​​ប្រភព​​ព័ត៌មាន​​​​យកបាន​​ពី​​​អាមេរិក ទាក់ទង​ទីតាំង​រុករកថ្មី​​ នៅប៉ែកខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​​។ យោងតាម​កាសែត​អូស្ត្រាលី​​ ក្នុង​ពេល​ឆាប់ៗ​នេះ ​​អូស្ត្រាលី​នឹង​ប្រកាស​ថា ទីតាំង​រុករក​ថ្មីនេះ ​​គឺ​ស្ថិត​នៅចំងាយ​៨០០គីឡូម៉ែត្រ ​ពី​ភាគ​ខាងត្បូង​ទីតាំង​​រុករក​កន្លងមក ក្នុងមហាសមុទ្រ​ឥណ្ឌា។

គួររំលឹក​ថា ​យន្តហោះបូអ៊ីង​ម៉ាឡេស៊ី ជើង​ហោះហើរ​ MH៣៧០ ដែល​បាត់​​​​ស្រមោល​​កាល​ពី​ថ្ងៃ​៨មីនា​​ មាន​​ដឹក​​មនុស្ស​​​២៣៩នាក់ អ្នកដំណើរ​ជនជាតិ​ចិន​មានច្រើន​ជាងគេ។ ​​យន្តហោះ​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​​ផ្នែក​ត្រួតពិនិត្យ​​​អាកាស​ ហើយ​មិនបាន​ផ្តល់​ដំណឹង​​អ្វីទេ តាំង​ពី​ថ្ងៃ ៨មីនា​មក។ ​​ ​កន្លងមក ប្រតិបត្តិការ​រុករក​ ​ក៏​នៅ​​​​​មិន​ទាន់​​​​រកឃើញ​បំណែក​យន្តហោះ​ដែរ។

គេ​គិតថា ​យន្តហោះ​ម៉ាឡេស៊ី​​ប្រហែល​ជា​បាន​ហោះហើរ​ទៅ​ភាគខាងត្បូង​ មហាសមុទ្រ​ឥណ្ឌា ​មុន​នឹង​​ធ្លាក់​​ក្នុង​ទឹក​ ដោយសារ​អស់​ប្រេងសាំង។ ក្នុង​​ប្រតិបត្តិការរុករក​ ​​នៅ​​តាម​ឆ្នេរ​​អូស្ត្រាលី​កន្លងមក​ ​​គេ​ចាប់បាន​រលកសញ្ញា​​សម្លេង ដែល​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​សញ្ញា​​​ប្រអប់​ខ្មៅ​យន្តហោះ។​ ​​​ប៉ុន្តែ អ្នកស៊ើបអង្កេត​​​​គិត​ថា រលក​សញ្ញាសម្លេង​នេះ ក៏​អាច​​ជាសញ្ញា​ចេញ​មកពី​កប៉ាល់ រឺ​ក៏ចេញពី​​ឧបករណ៍​ស្ទង់​ជម្រៅ​ទឹក​​​​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ