អានតួអត្ថបទ
កូរ៉េ​ខាង​ជើង-អាមេរិក

អាមេរិក​ព្រមាន​កូរ៉េ​ខាងជើង​ឲ្យ​ឈប់​លេង​ជាមួយ​ភ្លើង

បណ្តាញសារព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ឲ្យដឹងថា ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ មីស៊ីល​ពី១ដើម ទៅ២ដើម ត្រូវ​បាន​កូរ៉េ​ខាងជើង​ដំឡើង​រួចជាស្រេច ដែល​អាច​បាញ់​ចេញ​បាន​នៅ​គ្រប់ពេល។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ​បាន​ព្រមាន​ឲ្យ​កូរ៉េ​ខាងជើង​ឈប់លេង​ជាមួយ​ភ្លើង ហើយ​បញ្ឈប់​គម្រោង​បាញ់​សាកល្បង​មីស៊ីល​របស់​ខ្លួន ដែល​ជា​ការ​រំលោភ​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។

មីស៊ីល​ប្រឆាំង​មីស៊ីល ដែល​ជប៉ុន​ដំឡើង នៅ​ក្នុង​ក្រសួង​ការពារជាតិ ក្រុង​តូក្យូ
មីស៊ីល​ប្រឆាំង​មីស៊ីល ដែល​ជប៉ុន​ដំឡើង នៅ​ក្នុង​ក្រសួង​ការពារជាតិ ក្រុង​តូក្យូ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ពាក្យសម្តី​គំរាមកំហែង​បើក​ធ្វើ​សង្រ្គាម កូរ៉េ​ខាងជើង​កំពុង​តែ​ប្រលែងលេង​ជាមួយ​នឹង​ភ្លើង” នេះ​គឺ​ជា​ការ​អះអាង​របស់​លោកឆាក់ ហេហ្កិល (Chuck Hagel) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក កាលពីថ្ងៃពុធ​ម្សិលមិញ។ លោក​ហេហ្កិល​ក៏​បាន​បញ្ជាក់​ផងដែរ​ថា សហរដ្ឋ​អាមេរិក​បាន​ប្រុងប្រៀប​ខ្លួន​រួចជាស្រេច ដើម្បី​ចាំទប់ទល់​នឹង​រាល់​សកម្មភាព ដែល​កូរ៉េ​ខាងជើង​អាច​នឹង​ធ្វើ​ជា​យថាហេតុ។

គួររំឭកឡើងវិញ​ថា កាលពី​សប្តាហ៍​កន្លងទៅនេះ កូរ៉េ​ខាងជើង​បាន​ចល័ត​មីស៊ីល​ជាច្រើន​ដើម ទៅកាន់​ឆ្នេរសមុទ្រ​ប៉ែក​ខាង​កើត​របស់​ខ្លួន បើទោះបីជា​មាន​ការ​ព្រមាន​ពី​សំណាក់​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ក៏ដោយ។ មីស៊ីល ដែល​កូរ៉េ​ខាង​ជើង​ចល័ត​ទៅ​កាន់​ឆ្នេរសមុទ្រ​ប៉ែក​ខាងកើតនេះ​ គឺ​ជា​ប្រភេទ​មីស៊ីល​រយៈចម្ងាយ​មធ្យម ឈ្មោះ មូស៊ូដាន (Musudan) ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​ពី ៣ពាន់ ទៅ៤ពាន់​គីឡូម៉ែត្រ ពោលគឺ អាច​បាញ់​ទៅដល់​ទឹកដី​ជប៉ុន និង​កោះ​ Guam របស់​អាមេរិក។ ក៏ប៉ុន្តែ មីស៊ីល​ប្រភេទ​នេះ កូរ៉េ​ខាងជើង​មិនទាន់​ដែល​បាន​បាញ់​សាកល្បង​ឲ្យ​បាន​ជោគជ័យ​នៅឡើយទេ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ បណ្តាញ​សារព័ត៌មាន​ជប៉ុន​បាន​ចុះផ្សាយ ដោយ​ដកស្រង់​ប្រភព​ពី​ក្រសួង​ការពារជាតិ​ជប៉ុន​ថា មីស៊ីល​មូស៊ូដាន​ ពី១ដើម ទៅ២ដើម ត្រូវ​បាន​កូរ៉េ​ខាងជើង​ដំឡើង​រួចជាស្រេច ដែល​អាច​បាញ់​បាន​នៅ​គ្រប់​ពេលវេលា ក៏ប៉ុន្តែ គេ​មិនទាន់​អាច​ដឹង​ឲ្យ​ប្រាកដ​ថា កូរ៉េ​ខាងជើង​ពិតជា​គ្រោង​បាញ់​មីស៊ីល​នេះ​មែន ឬ​ក៏​យ៉ាងណា​នោះទេ។

ទោះជាយ៉ាងណា ជប៉ុន ក៏ដូចជា កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​សុទ្ធតែ​បាន​បង្កើន​កម្រិត​ភាព​អាសន្ន​ដល់​កងទ័ព​របស់​ខ្លួន តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​មក ដើម្បី​ត្រៀមទប់ទល់​នឹង​សកម្មភាព​ជា​យថាហេតុណាមួយ ពី​ខាង​កូរ៉េ​ខាងជើង។

ក៏ប៉ុន្តែ មេបញ្ជាការកងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​ប្រកាស​ឲ្យដឹង​ថា អាមេរិក​នឹងបាញ់​ទម្លាក់​មីស៊ីល​របស់​កូរ៉េ​ខាងជើង តែ​ក្នុង​ករណី ដែល​មើលទៅ​ឃើញ​ថា មីស៊ីល​នេះ​អាច​ជា​ការ​គំរាមកំហែង​ទៅដល់​ទឹកដី​អាមេរិក កូរ៉េ​ខាង​ត្បូង ឬ​ជប៉ុន​តែ​ប៉ុណ្ណោះ។ ការថ្លែង​បែបនេះ គឺ​ដើម្បី​បញ្ជាក់ថា ប្រសិនបើ​អាមេរិក​មើលទៅ​ឃើញ​ច្បាស់​ថា ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើងបាញ់ចេញ សំដៅ ​ទៅ​ទីលំហ​សមុទ្រ​ឆ្ងាយ​ពី​ទឹកដី​របស់​ខ្លួន ឬ​ទឹកដី​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះ អាមេរិក​នឹង​មិន​បាញ់​ទម្លាក់​មីស៊ីល​នេះ​ទេ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​តានតឹង​កាន់តែ​ខ្លាំង​ជាមួយ​នឹង​កូរ៉េ​ខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ