អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វេន ជាប៉ាវ​ចង់​បាន​ប្រជាធិបតេយ្យូបនីយកម្ម​នៃ​ប្រទេស​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជាប៉ាវ(Wen Jiabao) បាន​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ​នៅ​ក្នុង​ប្រទេស។ លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​បាន​ថ្លែង​ដូច្នេះ នៅ​ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ពុធទី១៤មីនា​កន្លង​ទៅ​នេះ។ ដំណឹង ជា​សារវន្ត​មួយ​នេះ មិន​សូវ​ត្រូវ​បាន​សារព័ត៌មាន​បរទេស​នៅ​អាស៊ី​ក៏​ដូច​នៅ​អឺរ៉ុប​លើក​យក​មក​ចុះ​ផ្សាយ​និង​បកស្រាយ​ប៉ុន្មាន​ទេ។ តើ​ហេតុអ្វី​បាន​ជា​លោក​នាយករដ្ឋមន្រ្តី​ចិន​និយាយ​ពី​កំណែ​ទម្រង់​នយោបាយ? ហើយ​តើ​ប្រជាធិបតេយ្យូបនីយកម្ម​នៃ​ប្រទេស​អាស៊ី​មួយ​នេះ ដែល​ជា​របប​កុម្មុយនិស្ត​ផ្តាច់ការ​អាច​នឹង​ធ្វើ​ទៅ​បាន​ដែរ​ឬ​ទេ?

លោក​វេន ជាប៉ាវ​នាយក​រដ្ឋមន្រ្តី​ចិន នៅក្នុង​ឱកាស​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ទី ១៤​មីនា
លោក​វេន ជាប៉ាវ​នាយក​រដ្ឋមន្រ្តី​ចិន នៅក្នុង​ឱកាស​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​ទី ១៤​មីនា ©​ REUTERS
ផ្សាយពាណិជ្ជកម្ម

 

លោក​ប្រមុខ​រដ្ឋាភិបាល​ចិន វេន ជាប៉ាវ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នកសង្កេតការណ៍​ភ្ញាក់​ផ្អើល​មិន​តិច​ទេ នៅ​ក្នុង​សប្តាហ៍​នេះ។ ភ្ញាក់​ផ្អើល ពីព្រោះ​លោក​បាន​អះអាង​ជា​អាទិ៍​ថា ប្រទេស​ចិន​ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​នយោបាយ បង្កើត​ឱ្យ​មាន​នូវ​បរិយាកាស​និង​លក្ខខណ្ឌ​មួយ​ចំនួន ដើម្បី​អនុញ្ញាត​ឱ្យ​រាស្រ្ត​អាច​រិះគន់​រដ្ឋាភិបាល អាច​ឃ្លាំ​មើល​រដ្ឋាភិបាល និង​អាច​ចូល​រួម​ចំណែក​ក្នុង​ការកំចាត់​អំពើ​ពុក​រលួយ។ ការ​ពិត នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​នាយករដ្ឋមន្រ្តី​ចិន​បាន​លើក​ឡើង​ពី​ប្រជាធិបតេយ្យូបនីយកម្ម​ដ៏​ចាំបាច់​នៃ​ប្រទេស។ កាល​ពី​ជិត​ពីរ​ឆ្នាំ​មុន នា​ឱកាស​ទស្សនកិច្ច​របស់​លោក​នៅ​Shenzhen ដែល​ជា​ទីក្រុង​និមិត្ត​រូប​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​លឿន​រហ័ស​របស់​មហាយក្ស​ចិន លោក​វេន ជាប៉ាវ​បាន​ប្រកាស​រួច​ម្តង​ទៅ​ហើយ​ថា«ការធានា​ឱ្យ​ប្រជារាស្រ្ត​មាន​សិទ្ធិ​ប្រជាធិបតេយ្យ គឺ​ជា​ការ​មួយ​ចាំ​បាច់»។

ក៏​ប៉ុន្តែ កាល​ពី​ម្សិលម្ង៉ៃ អ្វី​ដែល​ថ្មី អ្វី​ដែល​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​ចាប់​អារម្មណ៍ គឺ​ទឡ្ហីករណ៍​ដែល​មាន​ន័យ​ស្មើ​នឹង​ការ​ព្រមាន​មួយ​របស់​លោក​នាយករដ្ឋមន្រ្តី​ចិន។ ជាក់​ស្តែង លោក​វេន ​ជាប៉ាវ​បាន​ពន្យល់​ថា បើ​សិន​ជា​នៅ​តែ​គ្មាន​កំណែទម្រង់​នយោបាយ​អ៊ីចឹង​ត​ទៅ​ទៀត​ទេ នោះ​លទ្ធផល​ទាំង​អម្បាលម៉ាន​ដែល​បាន​មក​ពី​ការអនុវត្តន៍​កំណែទម្រង់​សេដ្ឋកិច្ច​នឹង​រលាយ​បាត់បង់​អស់​ទៅ​វិញ ហើយ​សោកនាដកម្ម​ដ៏​ធំធេង​មួយ​ដូច​សោកនាដកម្ម​បដិវត្តន៍​វប្បធម៌​សម័យ​ទសវត្សរ៍​ទី​៦០​និង​៧០ នឹង​កើត​ឡើង​ជា​ថ្មី។ និយាយ​រួម អ្វី​ដែល​លោក វេន ជាប៉ាវ​ចង់​បាន​គឺ​ប្រជាធិបតេយ្យូបនីយកម្ម​នៃ​ប្រទេស ពោល​គឺ​ផ្ទុយ​ពី​ទិសដៅ​នៃ​បក្ស​កុម្មុយនិស្ត​ចិន ដែល​តាំង​ពី​ឆ្នាំ​១៩៧៩​មក បាន​អនុញ្ញាត​ឲ្យ​ប្រជារាស្រ្ត​មាន​សិទ្ធិ​ទូលំ​ទូលាយ​ធំ​ឡើង ជា​លំដាប់​នៅ​លើ​វិស័យ​សេដ្ឋកិច្ច តែ​បាន​និង​កំពុង​បន្ត​បំបិទ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ត​ទៅ​ទៀត។

នៅ​ត្រង់​នេះ គេ​គួរ​តែ​ដឹង​ថា ​ក្នុង​របប​កុម្មុយនិស្ត​មួយ​ដូច​ប្រទេស​ចិន អំណាច​មិនមែន​ឋិត​នៅ​ក្នុង​ដៃ​របស់​ប្រធានាធិបតី​ឬ​នាយករដ្ឋមន្ត្រី​ទេ តែ​នៅ​ក្នុង​ដៃ​របស់​គណបក្ស។ បក្ស​ជា​អ្នក​ដាក់​ទិសដៅ​នយោបាយ រីឯ​ប្រធានាធិបតី​និង​រដ្ឋាភិបាល​ជា​អ្នក​អនុវត្ត។ ប៉ុន្តែ នៅ​ក្នុង​ជួរ​បក្ស​កុម្មុយនិស្ត​តែងតែ​មាន​ចារន្ត​នយោបាយ​ច្រើន​និង​ខុស​គ្នា​ ហើយ​លោក​វេន ជាប៉ាវ​តែងតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​កំណែទម្រង់​និយម។ ចូរ​កុំ​ភ្លេច​ថា លោក​វេន ជាប៉ាវ​គឺ​ជា​អតីត​សេនា​ដៃ​ស្តាំ​របស់​លោក​ចាវ ហ្ស៊ីយ៉ាង(Zhao Ziyang)ដែល​ជា​អតីត​អគ្គលេខាធិការ​នៃ​បក្ស​កុម្មុយនិស្ត​ចិន។ គឺ​លោក​ចាវ ហ្ស៊ីយ៉ាង នេះ​ហើយ ដែល​ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​សេរីភាព​នយោបាយ​នៅ​ក្នុង​ប្រទេស និង​បាន​ចេញ​មុខ​ប្រឆាំង​មិន​ឲ្យ​មាន​ការវាយ​បង្ក្រាប​ទៅ​លើ​ពួក​និស្សិត​បាតុករ នៅ​លើ​ទី​លាន​ធានណានមិន(Tiananmen) ក្នុង​ឆ្នាំ​១៩៨៩។

ដោយ​ឡែក គេ​គួរតែ​ដឹង​ទៀត​ថា លោក វេន យ៉ាប៉ាវ ក៏​ដូច​លោក​ប្រធានាធិបតី ហ៊ូ ជីនតាវ (Hu Jintao)ដែរ នឹង​ត្រូវ​ជំនួស​ដោយ​ក្រុម​អ្នកដឹកនាំ​ថ្មី នៅ​ចុង​ឆ្នាំ​២០១២​នេះ ក្រុម​អ្នកដឹកនាំ​ថ្មី​ដែល​ត្រូវ​បាន​តែងតាំង​ដាច់ស្រេច​អស់​ហើយ​ដោយ​បក្ស​កុម្មុយនិស្ត​ចិន។ ម្ល៉ោះ​ហើយ គេ​អាច​និយាយ​ថា លោក វេន ជាប៉ាវ ដែល​ជិត​ចុះចេញ​ពី​អំណាច​ទៅ​ហើយ មិន​ខ្លាច​នឹង​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​ឡើយ ទោះ​ជា​មតិ​នោះ វា​ផ្ទុយ​ពី​គន្លង​នយោបាយ​របស់​បក្ស​ក៏​ដោយ។
 
យ៉ាង​ណា​ក៏​ដោយ ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ ទោះ​ពី​សំណាក់​អ្នក​ដឹកនាំ​កំពូល​ណា​ម្នាក់​ក៏​ដោយ គឺ​ជា​រឿង​មួយ សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​កុម្មុយនិស្ត គឺ​ជា​រឿង​មួយ​ផ្សេង។ ក្រុម​អ្នក​វិភាគ​អះអាង​ថា ពួក​អភិរក្សនិយម​មាន​ឥទ្ធិពល​ខ្លាំង ជាង​ពួក​កំណែទម្រង់​និយម​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន​សព្វ​ថ្ងៃ។ បើ​អ៊ីចឹង​មែន មិន​ងាយ​នឹង​មាន​ទៅ​កើត​ទេ ប្រជាធិបតេយ្យូបនីយកម្ម​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ។ ពីព្រោះ​ពួក​អភិរក្សនិយម​ទាំង​នេះ​នៅ​តែ​យល់​ឃើញ​ថា សេដ្ឋកិច្ច​សេរី​ធានា​ដោយ​អំណាច​ផ្តាច់ការ​កុម្មុយនិស្ត ជា​នយោបាយ​ដែល​កំពុង​ធ្វើ​ឲ្យ​ចិន​ឈ្នះ មិន​ចាំបាច់​ប្រញាប់​ផ្តល់​សិទ្ធិ​ប្រជាធិបតេយ្យ​ទៅ​ឲ្យ​ប្រជារាស្រ្ត​ទេ។

មិន​តែ​ប៉ុណ្ណោះ ការផ្លាស់ប្តូរ​ទិសដៅ​នយោបាយ​ធំៗ មិន​ងាយ​នឹង​ប្រព្រឹត្ត​ទៅ​បាន​ទេ នៅ​ក្នុង​ប្រទេស​ចិន។ តាំង​ពី​ឆ្នាំ​១៩៤៩​មក កំណែ​ទម្រង់​ធំ​ជាង​គេ ដែល​ប្រទេស​ចិន​បានអនុម័ត គឺ​កំណែទម្រង់​នៅ​ឆ្នាំ​១៩៧៨-១៩៧៩ ក្រោម​ការ​ដឹក​នាំ​របស់លោក តេង សៀវភីង(​Deng Xiaoping)។  កាល​ណោះ លោក​តេង សៀវភីង​បាន​អូសទាញ​ប្រទេស​ចិន​ចេញ​ពី​សករាជ​មនោគមវិជ្ជា​របស់ ម៉ៅ សេទុង តាម​រយៈ​ការ​អនុវត្តន៍​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី តែ​បន្ត​រក្សា​របប​អំណាច​ផ្តាច់ការ​ដឹក​នាំ​ដោយ​គណ​បក្ស​តែ​មួយ។ ជិត​៣០​ឆ្នាំ​ក្រោយ​មក ប្រទេស​ចិន​នៅ​តែ​មិន​ទាន់​ចេញ​ពី​សករាជតេង សៀវភីងនៅ​ឡើយ​ទេ។

សរុប​សេចក្តី​មក​វិញ គឺ​មិនមែន​លោក​ហ៊ូ ជីនតាវ​និង​លោកវេន ជាប៉ាវ​ទេ ហើយ​ក៏​មិនមែន​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​នឹង​ឡើង​មក​កាច់​ចង្កូត​ប្រទេស​ជាតិ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ​ទេ ដែល​អាច​នាំ​ប្រទេស​ចិន​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ