អានតួអត្ថបទ
កម្ពុជា

ទិវា​អេដស៍​១ធ្នូ៖ កម្ពុជា​ផ្តោតលើ​ស្ត្រី​មាន​ផ្ទៃពោះ

កម្ពុជា​នឹង​ប្រារព្ធ​ទិវា​អេដស៍​១ធ្នូ​ដូច​រៀងរាល់​ឆ្នាំ។ ស្ថានភាព​នៃ​ការ​ឆ្លង​មេរោគ​អេដស៍នេះ​នឹង​ត្រូវ​បញ្ជ្រាប​ទៅដល់​ស្រទាប់​យុវជន និង​ស្ត្រីមានផ្ទៃពោះ។ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​បញ្ជាក់​ថា បើទោះជា​ស្ថានភាព​ទូទៅ​នៃ​បញ្ហាអេដស៍​ហាក់មាន​និន្នាការ​​ទៅរកផ្លូវល្អ​ក៏ដោយ ប៉ុន្តែ​ក្រុម​ប្រឈម​ទាំង៣ក្រុមដែល​រដ្ឋាភិបាល​ព្រួយបារម្ភនោះ នៅ​តែ​ជា​គោលដៅ​នៃ​ប្រយុទ្ធ​ប្រឆាំង​​ដដែល។

កម្ពុជា​​ធ្លាប់​​ទទួល​​ការសរសើរ​ពី​អ.ស.ប.​ថាជា​សិស្សល្អ ក្នុង​ការ​​ប្រយុទ្ធ​ទល់​នឹង​ជំងឺ​​អេដស៍​
កម្ពុជា​​ធ្លាប់​​ទទួល​​ការសរសើរ​ពី​អ.ស.ប.​ថាជា​សិស្សល្អ ក្នុង​ការ​​ប្រយុទ្ធ​ទល់​នឹង​ជំងឺ​​អេដស៍​ ©​ សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

បើទោះជា​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ថា ជា​កូនសិស្ស​ល្អ​ម្នាក់​នៅ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ក៏ដោយ កម្ពុជា​នៅ​មាន​ការងារច្រើន​ដែល​ត្រូវបំពេញ​អោយ​បាន​កាន់តែប្រសើរ។ ដើម្បី​បញ្ជ្រាបការងារ​ទាំងនេះ នៅ​ក្នុងទិវា​១​ធ្នូ​ឆ្នាំនេះ កម្មវិធីជាច្រើន​ត្រូវ​រៀបចំ​ធ្វើ​ និង​ផ្សព្វផ្សាយដូចជា ការ​ពិភាក្សា កា​រ​រៀបចំពិធី​ជួបជុំ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត ដើម្បី​បន្ត​ផ្សព្វផ្សាយ​អំពី​ការបង្ការ​​ការ​ចម្លងមេរោគ​អេដស៍។

កម្ពុជា​បាន​កំណត់​មនុស្ស​បី​ក្រុម​ ដែល​ជា​ក្រុម​ប្រឈម​នឹង​ការ​ចម្លងនៃ​មេរោគអេដស៍ គឺ​ក្រុម​អ្នក​បម្រើការងារ​នៅ​កន្លែង​កំសាន្ត​ ក្រុមមនុស្សស្រឡាញ់ភេទ​ដូចគ្នា និង​ក្រុមអ្នក​ប្រើប្រាស់​គ្រឿងញៀន។ លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការនៃ​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​​បានរៀបរាប់​អោយដឹងថា មាន​សញ្ញាវិវឌ្ឍន៍ល្អ​នៅ​ក្នុងក្រុមប្រឈម​ទាំង៣នេះ ពោល​គឺ ក្រុមអ្នកធ្វើការតាមមណ្ឌល​កំសាន្តកាន់តែច្រើន​បាន​ទៅរក​សេវា​ប្រឹក្សា រីឯ​អត្រាឆ្លងនៅ​ក្នុង​ក្រុម​​អ្នកស្រឡាញ់​ភេទ​ដូចគ្នាបាន​ថយចុះ​ ពី​ជាង​៨​ភាគរយ​ មកនៅ​ត្រឹម២,២ភាគរយ។ ដោយឡែក​​ស្ថានភាព​អត្រា​ឆ្លងនៅ​ក្នុង​ក្រុម​អ្នកប្រើប្រាស់គ្រឿងញៀន​​កំពុង​ស្ថិតនៅ​ក្រោម​ការ​តាមដាន​នៅឡើយ។​ បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ចាត់ទុក​មនុស្ស​ទាំង៣​ក្រុម​នេះ ជា​ការងារ​ដែល​ត្រូវ​ដោះស្រាយ​ដ៏សំខាន់​ដដែល។

ក្រៅ​ពី​ក្រុម​ប្រឈម​ទាំងបី​ក្រុមនេះ លោក​អគ្គលេខាធិការ​​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បានអំពាវនាវ​អោយ​ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ពិនិត្យរក​មេរោគអេដស៍អោយ​បាន​កាន់តែ​ច្រើន។ ហើយ​ថា​នេះ គឺ​គោលដៅ​មួយ​ទៀត​ដែល​កម្ពុជា​ត្រូវ​បញ្ចប់ គឺ​ការ​ចម្លង​មេរោគអេដស៍​ពី​ម្តាយ​​ទៅ​កូន។

កម្ពុជា​បាន​បេ្តជ្ញាអនុវត្ត​គោលដៅ​របស់​អង្គការ​សហប្រជាជាតិ​ដែល​កំណត់​កាត់បន្ថយដល់​អត្រាសូន្យ​នៃ​ការ​ឆ្លង​ថ្មី អត្រាសូន្យ​នៃ​ការ​រើសអើង និង​អត្រាសូន្យ​នៃ​អ្នក​ស្លាប់​ដោយជំងឺ​អេដស៍​នៅ​ក្នុង​ឆ្នាំ​២០២០។

គួរ​កត់សម្គាល់​ថា ការក្លាយ​ខ្លួន​ជាសិស្សល្អ​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អាច​ធ្វើ​អោយ​កម្ពុជា​ប្រឈមនឹង​ការ​ប្រមូល​ថវិកា​បន្តទៀត​ដើម្បី​ធ្វើការ​ងារ​នេះ ខណៈដែលដៃ​គូ​អភិវឌ្ឍន៍​​ត្រូវងាក​ទៅ​រកតំបន់ដែលបញ្ហាអេដស៍​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង។

កម្ពុជា​ត្រូវ​ការ​ថវិកា​ប្រមាណ​៥៨លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​ធ្វើ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ