អានតួអត្ថបទ
អាមេរិក-អ៊ឺរ៉ុប-អាស៊ី

មេ​ដឹក​នាំ​ប្រទេស​មហា​អំណាច​លើ​ពិភព​លោក ជូនពរ​ឆ្នាំ​ថ្មី​ទៅ​កាន់​ប្រជាជន ហើយ​ឆ្លៀត​ឌឺដង​គូ​បដិបក្ខ

នាឱកាស​ឆ្នាំ​ថ្មី ឆ្នាំ២០១៧ មេ​ដឹក​នាំ​នៃ​ប្រទេស​មហា​អំណាច​លើ​ពិភព​លោក បាន​ថ្លែង​សារ​ជូនពរ ទៅ​កាន់​ប្រជាជន និង​ពិភព​លោក។ មេ​ដឹក​នាំ​ភាគ​ច្រើន លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែលពិភព​លោក កំពុង​ជួប​ប្រទះ​ដូចជា អំពើភេរវកម្ម បញ្ហា​អន្តោប្រវេសន៍ និង​ការ​រើស​អើង​ពូជសាសន៍​ជា​ដើម។​ ក្រៅ​ពីនេះ ប្រមុខ​ដឹកនាំ​ទាំង​អស់​បាន​អំពាវ​នាវ​ឱ្យ​ពិភពលោក​ពួត​ដៃ​គ្នា ដើម្បីដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ តាម​រយៈ​សារ​ជូនពរ​ឆ្នាំ​ថ្មី មេដឹកនាំប្រទេស​ខ្លះ ក៏​បានឆ្លៀត​ឌឺ​ដងវាយ​ប្រហារ​គូបដិបក្ខ​របស់ខ្លួន​ផង​ដែរ​។

ការ​បង្ហាញ​កាំជ្រួច​នៅ​យប់​ថ្ងៃ​ទី​៣១​ធ្នូ​២០១៦ ឆ្លង​ចូល​ថ្ងៃ​ទី​១​មករា​២០១៧
ការ​បង្ហាញ​កាំជ្រួច​នៅ​យប់​ថ្ងៃ​ទី​៣១​ធ្នូ​២០១៦ ឆ្លង​ចូល​ថ្ងៃ​ទី​១​មករា​២០១៧ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​សុន្ទរ​កថា នា​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ ២០១៧ ប្រធានាធិបតេយ្យ​ចិន លោក ស៊ី ជីនពីង បាន​លើក​សរ​សើរ​ពី​កំណែ​ទម្រង់​សំខាន់​ៗ ក្រោម​ការ​ដឹក​នាំ​របស់​លោក ក្នុង​រយៈពេល​ពេញមួយ​ឆ្នាំ ២០១៦ ដូច​ជា កំណែ​ទម្រង់​ផ្នែក​រចនាសម្ព័ន្ធ​ផ្គត់​ផ្គង់ ការ​ប្រឆាំង​អំពើ​ពុក​រលួយ កិច្ចការពារ​ជាតិ កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ ការ​គាំពារ​សមភាព​និង​យុត្តិធម៌​ក្នុង​សង្គម​ជា​ដើម​។

 

លោក ស៊ី ក៏​បាន​រំឭក​ពី​បញ្ហា​ប្រឈម​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ដូច​ជា​សង្រ្គាម​រ៉ាំ​រ៉ៃ​និងភាព​ក្រីក្រ​។ មេ​ដឹក​នាំ​រូបនេះ​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ប្រកៀក​ស្មា​គ្នា ដើម្បី​កសាងភព​ផែនដី​ឱ្យ​កាន់​តែ​មាន​សុខ​សន្តិភាព​និង​រុង​រឿង​ថ្កុំ​ថ្កើង​។

 

ដោយ​ឡែក មេ​ដឹក​នាំ​កំពូល​ផុត​លេខ​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន បាន​យក​ឱកាស ថ្ងៃ​ឆ្លងឆ្នាំ ដើម្បី​បង្ហាញ​សារ​គំរាម​ទៅ​កាន់​ពិភព​លោក​ពី​ឥទ្ធិពល​នៃ​គ្រាប់​មីស៊ីល​របស់​ខ្លួន ដោយអះ​អាង​ថា​នឹង​អាច​យក​មក​ធ្វើ​តេស្ត​នៅ​ដើម​ឆ្នាំ​២០១៧​នេះ។

 

បណ្តា​ប្រទេស​នានា​ ដែល​មាន​ទំនោរ​ប្រឆាំង​កូរ៉េខាង​ជើង​ដូចជា​ កូរ៉េ​ខាង​ត្បូង ជប៉ុន និងអាមេរិក​ជា​ដើម បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា សមត្ថភាព​នុយ​ក្លេអ៊ែរ​កូរ៉េ​ខាង​ជើង នឹង​កាន់​តែ​វិវឌ្ឍ​ទៅមុខ​ខ្លាំង​ក្លា​ជាង​នេះ​ទៀត ប្រសិន​បើ​ពិភព​លោក​មិន​អាច​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ណា​មួយ​ទេ​នោះ​។​

 

ចំណែក លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះសារជូនពរ​ឆ្នាំ​ថ្មី​​​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ផ្ញើរ​ជូន​ប្រជាជន​ពិភពលោក​ រួមទាំង​សត្រូវ​និង​អ្នក​ដែល​តាម​ផ្ចាញ់ផ្ចាល​លោក​ផង​តាំងពី​លោក​ជាប់ឆ្នោត​។ ទោះ​បី​ជា​មិន​បញ្ចេញ​ឈ្មោះក៏​ដោយ ក៏​គេ​អាចយល់​ដែរថា សត្រូវ​ ដែល​លោក​បានបញ្ជាក់​ក្នុង​សំណេរ​នេះ​ គឺ​គ្មាននរណា​ក្រៅពី​ក្រុម​អ្នកប្រជាធិបតេយ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អ្នក​សាធារណរដ្ឋ​មួយចំនួន ​ដែល​មិន​ចង់​ឲ្យ​លោក​ជាប់ឆ្នោតនោះ​​ឡើយ​។​

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ប៉ារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតី​ជិត​ផុត​អាណត្តិ មិន​បាន​ខ្វាយ​ខ្វល់​ទៅ​នឹង​អ្វី​ដែល លោក ត្រាំ លើក​ឡើង​ទេ។ លោក​ចង់​ឱ្យ​ប្រជាពលរដ្ឋ​អាមេរិក បែរ​ក្រោយ​សម្លឹង​មើល​ជោគជ័យ​នៃ​រដ្ឋបាល​របស់​លោក​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ចុង​ក្រោយ។

 

ជោគជ័យ​ដែល​មាន​ជា​អាថិ៍៖ អត្រា​គ្មាន​ការងារ​ធ្វើ​ដែល​បន្ត​ដាំ​ក្បាល​ធ្លាក់​ចុះ ច្បាប់​ស្ដី​ពី​ប្រព័ន្ធ​ធានារ៉ាប់​រង​ថែ​ទាំ​សុខភាព ការ​សម្លាប់​មេ​ដឹក​នាំ​លោក អូសាម៉ា ប៊ីនឡាដេន និង​ការភ្ជាប់​ទំនាក់​ទំនងការ​ទូត​ឡើង​វិញ​ជាមួយ​ប្រទេស​គុយ​បា។

 

ចំណែក​ឯ​ប្រធានាធិបតី​រុស្ស៊ី​វិញ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ប្រទេស​រុស្ស៊ី​នឹង​នៅ​តែ​រឹង​មាំ ហើយ​បន្តដំណើរ​ឆ្ពោះទៅ​រក​ការ​អភិឌ្ឍន៍​កាន់​តែ​ខ្លាំង បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដ៏​សែន​តានតឹង​និង​លំបាក​ក្ដី​។

 

ងាក​ទៅ​មើល​លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ-ហូឡង់។ ក្នុង​សារ​ជូន​ពរ​ជា​លើក​ចុងក្រោយ​ក្នុង​ឋានៈជា​ប្រធានាធិបតី​បារាំង លោកហូឡង់​បានរម្លឹក​ឡើង​វិញ​ពី​អំពើ​ភេវរកម្ម នៅ​ទីក្រុង នីស។ ហើយ​ក្នុង​នាម​ជា​ប្រមុខរដ្ឋ លោក ហ្វ្រង់ស័រ-ហូឡង់ បាន​សម្ដែង​សមាន​ចិត្ត និងចែក​រំលែក​ដោយ​អស់​ពី​ចិត្ត​ចំពោះ​ពលរដ្ឋ​រង​គ្រោះ។ ចំពោះ​មុខ​បញ្ហា​ភេរវកម្ម​ដែល​រីក​សាយនៅ​សហភាព​អឺរ៉ុប​សព្វ​ថ្ងៃ​នេះ លោក ហ្វ្រង់ស័រ-ហូឡង់ បញ្ជាក់​ជំហរ​ជា​ថ្មីថា បារាំង​ត្រូវ​តែ​បន្តប្រយុទ្ធ​ឆាំង​អំពើភេរវកម្ម​នៅ​ក្រៅ​ប្រទេស​បន្ត​ទៅ​ទៀត ដូច​ជា​អ្វី​ដែល​ក្រុម​ប្រតិបត្តិ​ការ​យោធា​បារាំង​កំពុង​ធ្វើ​នៅ​ប្រទេស​ម៉ាលី នៅស៊ីរី និង​នៅ​អ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ