អានតួអត្ថបទ
កូរ៉េខាងត្បូង

ប្រជាជន​កូរ៉េខាងត្បូង​ធ្វើបាតុកម្ម បណ្តេញ ប្រធានាធិបតី នៅ​ថ្ងៃ​ឆ្លងឆ្នាំថ្មី

ខុសពី​ប្រពៃណី ដែល​គេ​ទម្លាប់​ធ្វើ​រៀងរាល់ឆ្នាំ ប្រជាជន​កូរ៉េខាងត្បូង​ជ្រើសរើស​យក​ថ្ងៃ​បុណ្យ​ឆ្លងឆ្នាំ ដើម្បី​ធ្វើ​បាតុកម្ម ទាមទារ​ប្រធានាធិបតី​ឲ្យ​ចុះចេញ​ពី​តំណែង។ នៅ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រជាជន​កូរ៉េខាងត្បូង​ប្រមាណ កន្លះលាន​នាក់ បាន​ជួបជុំគ្នា នៅ​មុខ​អគារ​រដ្ឋ​សំខាន់ៗ ដែល​រួមមាន​វិមាន​ប្រធានាធិបតី និង​ផ្ទះ​របស់​នាយករដ្ឋមន្រ្តី។ ក្រុមបាតុករ​បាន​ស្រែក​ទាមទារ​ឲ្យ​គេ​ចាប់លោកស្រី​ប្រធានាធិបតី ប៉ាក់ គុនហេ ដាក់ពន្ធនាគារ ក្នុង​រឿង​អាស្រូវ​ឃុបឃិត ប្រព្រឹត្ត​អំពើពុករលួយ។ 

នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល ២០១៧ ប្រជាជន​កូរ៉េខាងត្បូង​ធ្វើ​បាតុកម្ម​ទាមទារ​លោកស្រី​ប៉ាក់ គុនហេ​ចុះចេញ​ពីតំណែង​
នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល ២០១៧ ប្រជាជន​កូរ៉េខាងត្បូង​ធ្វើ​បាតុកម្ម​ទាមទារ​លោកស្រី​ប៉ាក់ គុនហេ​ចុះចេញ​ពីតំណែង​ ©REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

នៅ​ដំណាច់ឆ្នាំនេះ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​មិន​បាន​ទទួល​ពាក្យ​ជូនពរ​ពី​ប្រជាជន នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីទេ។ ផ្ទុយទៅវិញ នៅលើ​បដា​របស់​ក្រុមប្រជាជន​កូរ៉េខាងត្បូង ដែល​បាន​លើកគ្នា​ធ្វើ​បាតុកម្ម រាប់ម៉ឺន​នាក់ នៅ​មុខ​វិមាន​ប្រធានាធិបតី គេ​ឃើញ​តែ​អក្សរ​សរសេរ ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ ចុះចេញ ពី​តំណែង ជា​បន្ទាន់។ សម្រាប់​ក្រុមបាតុករ គេ​មិន​ចង់​ឃើញ​លោកស្រី​ប៉ាក់ គុនហេ​នៅ​ជា​ប្រធានាធិបតី​សម្រាប់​ឆ្នាំថ្មី ឆ្នាំ ២០១៧ឡើយ។

 
នេះ​ជា​លើកទី​១០​ហើយ ដែល​ប្រជាជន​កូរ៉េខាងត្បូង ចុះថ្នល់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះចេញ​ពីតំណែង។ លោកស្រី​ប៉ាក់ គុនហេ បាន​បដិសេធ​មិន​ចុះ​ចេញ​ពី​អំណាច និង​អះអាង​រង់ចាំ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ ដែល​មាន​ពេលវេលា ៦ខែ​ដើម្បី​កំណត់​ជោគវាសនា​របស់​លោកស្រី។ លោកស្រី​ប៉ាក់ គុនហេ ដែល​ជាប់សង្ស័យ ក្នុង​រឿង​អាស្រូវ​ឃុបឃិត ប្រព្រឹត្ត​អំពើពុករលួយ និង​រំលោភអំណាច ជាមួយ​មិត្តស្រី ឆយ ស៊ុនស៊ីល ត្រូវ​បានសភា​កូរ៉េខាងត្បូង បោះឆ្នោត ដកចេញ​ពី​តំណែង កាលពី​ថ្ងៃ​ទី ៩​ធ្នូ​កន្លងទៅ។ ក្នុង​ពេល​រង់ចាំ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ លោកស្រី​មាន​តែ​ឈ្មោះ​ជា​ប្រធានាធិបតី ចំណែក​អំណាច​ប្រតិបត្តិ​ដឹកនាំ​ប្រទេស​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​នាយករដ្ឋមន្រ្តី ជាអ្នកកាន់កាប់។

រឿងអាស្រូវ​ពុករលួយ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​កូរ៉េខាងត្បូង​កាន់​តែ​រីកមុខធំ បន្ទាប់ពី​រដ្ឋអាជ្ញា កាលពី​ថ្ងៃ​សៅរ៍ បាន​បញ្ជារ​ឲ្យ​ចាប់ឃុំខ្លួន អតីត​រដ្ឋមន្រ្តី​សុខាភិបាល និង​បច្ចុប្បន្ន ជា​នាយក​បេឡាសោធននិវត្តន៍ ក្នុង​បទ​ប្រព្រឹត្ត​ពុករលួយ​ជាមួយ​ក្រុមហ៊ុន អេឡិចត្រូនិច Samsung។ នៅក្នុង​ពេល​ឃាត់ខ្លួន លោក​មូន យ៉ុងយូ បាន​សារភាព​ថា លោក​ធ្លាប់​បាន​ដាក់​សម្ពាធ​ទៅលើ​បេឡា​សោធននិវត្តន៍​ជាតិ​កូរ៉េខាងត្បូង ដែល​ជា​ម្ចាស់ភាគហ៊ុន​មួយ​របស់​ក្រុមហ៊ុន​សាខា Samsung ឲ្យ​យល់ព្រម​ទទួល​ការច្របាច់​បញ្ចូលគ្នា រវាង​ក្រុមហ៊ុន សាខា​Samsung ទៅតាម​ការចង់​បាន​របស់​ថៅកែធំ។

តាម​បណ្តាញ​សារព័ត៌មាន​កូរ៉េខាងត្បូង ក្រុមស៊ើបអង្កេត​បាន​គ្រោង​នឹង​កោះហៅ ប្រធាន​ក្រុមហ៊ុន​វ័យក្មេង​របស់​Samsung ដើម្បី​ឆ្លើយបញ្ជាក់​ថា តើ​គេ​មាន​បាន​បញ្ជូន​លុយ​ទៅ​ឲ្យ​លោកស្រី ឆយ ស៊ុនស៊ីលដើម្បី ជា​ថ្នូរ​នឹង​ការដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​ទៅលើ​បេឡាសោធននិវត្តន៍​ជាតិ​កូរ៉េខាងត្បូង ដែរឬទេ។ ​ក្រុមស៊ើបអង្កេត​របស់​តុលាការ​បាន​សង្ស័យ​ថា ម្ចាស់​ក្រុមហ៊ុន​មហាសាល​Samsung អាច​ផ្ទេរ​លុយ​១៧លាន​ដុល្លារ​ទៅ​ឲ្យ​មូលនិធិ​របស់​ឆយ ស៊ុនស៊ីល ដែល​បាន​ប្រើ​ឥទ្ធិពល អំណាច​របស់​លោកស្រី ប៉ាក់ គុនហេ ដើម្បី ដាក់គំនាប​ទារលុយ​ពី​ម្ចាស់ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ