អានតួអត្ថបទ
កម្ពុជា

គម្រោង​ថ្មី​សម្រាប់​តំបន់​ព្រៃ​ទេសភាព ខេត្ត​មណ្ឌលគិរី រំពឹង​ថា​អាច​ជួយ​ការពារ​ធម្មជាតិ និងស្ទួយ​ជីវភាព​ប្រជាជន​

អង្គការ​ WWF កាលពី​ថ្ងៃចន្ទ បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ​គម្រោងថ្មីមួយ នៅ​តំបន់​ទេសភាព​ខ្ពង់រាប​​ ភាគ​ខាងកើត​ នៃ​ខេត្ត​មណ្ឌលគិរី។ ជាគម្រោង ដែល​មាន​គោល​ដៅ​លើក​កម្ពស់ យន្តការ​​ហិរញ្ញប្បទាន សម្រាប់​តំបន់​ការពារ ក្នុង​ខេត្ត​មណ្ឌលគិរី និង​លើកកម្ពស់​ជីវភាព​ប្រជាជន​​ដែល​រស់នៅ​ជុំវិញនោះ តាម​រយៈសហគ្រាសសហគមន៍ និង​យន្តការ​វិនិយោគ លើសេវា​បរិស្ថានឲ្យ​បាន​ចុង​ឆ្នាំ ២០១៧ខាងមុខ។

ព្រៃឈើ នៅ​ក្នុង​ប្រទេសកម្ពុជា។
ព្រៃឈើ នៅ​ក្នុង​ប្រទេសកម្ពុជា។ RFI/Delux Leang
ផ្សាយពាណិជ្ជកម្ម

«និរន្តរភាព​នៃ​ជីវៈចម្រុះ​បរិស្ថាន និង​ប្រយោជន៍សង្គម នៅ​ក្នុងតំបន់​ការពារ​នៃ​តំបន់​ទេសភាព​​ខ្ពង់រាប​ភាគខាងកើត​នៃ​ប្រទេសកម្ពុជា» គឺជា​គម្រោង​មួយ ដែល​ផ្តោត​លើ​តំបន់​ការពារ​ចំនួន ២ ក្នុង​ខេត្ត​មណ្ឌល​គិរី គឺ​ព្រៃ​ការពារមណ្ឌលគិរី និង​ដែន​ជម្រក​សត្វព្រៃភ្នំព្រិច។ យោង​តាម លោក ឈិត សំអាត នាយកអង្គការ WWF បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា គម្រោង​ថ្មីនេះ នឹង​មាន​ការ​សហការ​បន្ថែម​ ពី​ស្ថាប័ន​រដ្ឋាភិបាល សង្គមស៊ីវិល និង​ស្ថាប័ន​ឯកជន ក្នុង​ការ​បង្កើត​ឲ្យ​មានភាព​ជា​ដៃគូ រវាង​សហគ្រាស និង​ជីវចម្រុះ ដើម្បីនាំមក​នូវ​និរន្តភាព​ និង​តុល្យភាព នៃការអភិវឌ្ឍន៍បរិស្ថាន និង​សេដ្ឋកិច្ច​សង្គម ក្នុង​ខេត្ត​មណ្ឌលគិរី។

ចំនែក លោក Koen Everaert អ្នក​គ្រប់គ្រងភារកិច្ចរបស់​គម្រោង នៃប្រតិភូសហភាពអឺរុប​ប្រចាំប្រទេសកម្ពុជា បាន​លើកឡើងថា សមាហរណកម្ម​នៃ​ការ​ធ្វើ​ផែនការ​ផែនទី ដែល​មាន​រួម​បញ្ជូលការវាយ​តម្លៃសេវាកម្មបរិស្ថាន គឺជា​ផ្នែក​ដ៏សំខាន់​មួយនៃ​គម្រោងនេះ។ លោក ​ Koen Everaert បាន​បន្ត​ថា គម្រោង​នេះ​អាច នឹង​ដំណើ​រការ​បាន​រលូន ហើយ​​មាន​តម្លាភាព ល្គឹក​ណា មាន​ការ​ជួយ​សម្រប​សម្រួល ពី​ថ្នាក់ខេត្ត និង​អាជ្ញាធរមូលដ្ឋាន ដើម្បី​ផ្តល់​នូវ​ផែនការ​​សម្រាប់​ការ​ប្រើប្រាស់​ដីធ្លី​ និង​ការ​អភិវឌ្ឍន៍ផែនទី។

តាម WWF គម្រោងនិរន្តរភាព​នៃ​ជីវៈចម្រុះ​បរិស្ថាន និង​ប្រយោជន៍សង្គម នៅ​ក្នុងតំបន់​ការពារ​នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគខាងកើត​នៃ​ប្រទេសកម្ពុជានេះ នឹ​ងផ្តល់​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ ដល់​ភាគី​ពាក់ព័ន្ធ ស្តីពីធម្មជាតិ និង​តំលៃនៃ​សេវាកម្ម​អេកូឡូស៊ី ដែល​មាន​ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។

យោង​តាម​ប្រជាជន​មួយ​ចំនួន ដែល​អង្គការ WWF បង្ហាញវិញ ពួកគេ បាន​លើកឡើងថា ពួកគេ​ចង់ឃើញ ការ​គ្រប់គ្រងព្រៃឈើ​ប្រកប​ដោយ​និរន្តភាព ព្រោះថា​ប្រការនេះនឹ ង​ធ្វើ​ឲ្យ​ជីវភាពប្រជាជន​មានភាព​ប្រសើរឡើង តាម​រយៈ ការ​ប្រមូល​ និង​កែច្នៃអនុផល​ព្រៃឈើ​ ដែល​មាន​ដូចជា​ជ័រទឹក និង​ឃ្មុំ​ព្រៃជាដើម។ ពួកគេ​ សម្តែង​ការ​ចាប់អារម្មណ៍ថា ប្រសិន​ប្រជាជន​មានជីវភាពធូរធារ នោះពួកគេ​ ក៏នឹង​មិន​រុករាន​ទន្រ្ទាន​ព្រៃផ្តេសផ្តាស ហើយ​ថែម​ទាំង​ជួយ​អភិរក្ស ដើម្បី​ប្រយោជន៍មូលដ្ឋាន​ជន​បទទៀតផង។

សូម​បញ្ជាក់ថា គម្រោងនិរន្តរភាព​នៃ​ជីវៈចម្រុះ​បរិស្ថាន និង​ប្រយោជន៍សង្គម នៅ​ក្នុងតំបន់​ការពារ​នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគខាងកើត​នៃ​ប្រទេសកម្ពុជា គឺជា​គម្រោង​ ដែល​មាន​ការ​ឧបត្ថម្ភ ដោយ​សហភាពអឺរុប និង​ជា​កិច្ចសហការ​ រវាង​អង្គការ WWF កម្ពុជា ​អង្គការ NTFP-EP​ អង្គការ ភូមិខ្ញុំ និងអង្គការ RECOFTC។ ហើយ​គម្រោងនេះ គឺជាផ្នែក​មួយនៃ​កម្មវិធី​អភិរក្ស​ធនធានធម្មជាតិ របស់អង្គការ WWF ដែល​កំពុង​អនុវត្ត​ នៅ​ក្នុង​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប ភាគខាងកើត នៃ​ខេត្ត​មណ្ឌល​គិរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ