អានតួអត្ថបទ
ចិន-ជប៉ុន-កូរ៉េខាងត្បូង

ចិន និង​កូរ៉េខាងត្បូង​ចង់​ប្រារព្ធ​រួមគ្នា ថ្ងៃ​រំលឹក​បរាជ័យ​របស់​ជប៉ុន

នៅក្នុង​ទស្សនកិច្ច​ទៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ហាក់​និយាយ​តិចតួច​ពី​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែ​នៅថ្ងៃ​សុក្រ​ទី ៤​កក្កដា លោកបាន​ថ្លែង​​ផ្តោត​សំខាន់ ទៅលើ​ការឈឺចាប់ ដែល​ប្រជាជន​ចិន និង​កូរ៉េខាងត្បូង​ជួប​ប្រទះ នៅក្នុង​អំឡុង​ត្រួតត្រា​របស់​កងទ័ព​ជប៉ុន នៅ​សម័យ​សង្រ្គាម។ សុន្ទរកថា​រិះគន់​ជប៉ុន​របស់​ប្រមុខដឹកនាំ​ចិន ធ្វើ នៅ​ពីរថ្ងៃ​ក្រោយ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ជាប្រវត្តិសាស្រ្ត អនុញ្ញាត​ឲ្យ​កងទ័ព​ជប៉ុន​អាច​ចេញ​ប្រតិបត្តិការ​នៅក្រៅប្រទេស ដើម្បី​ជួយសម្ព័ន្ធមិត្ត​របស់​ជប៉ុន។ 

ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ធ្វើ​ទស្សនកិច្ច​នៅកូរ៉េខាងត្បូង នៅថ្ងៃ​ទី៣ និង​ទី ៤​កក្កដា ២០១៤
ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ធ្វើ​ទស្សនកិច្ច​នៅកូរ៉េខាងត្បូង នៅថ្ងៃ​ទី៣ និង​ទី ៤​កក្កដា ២០១៤ ©REUTERS/Ahn Yung-joon
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​និស្សិត​កូរ៉េខាងត្បូង លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ថ្លែង​សុន្ទរកថា រំលឹក​ពី​សង្រ្គាម​ព្រៃផ្សៃ​របស់​កងទ័ព​ជប៉ុន នៅ​ក្នុង​ទឹកដី​ចិន និង​ឧបទ្វីប​កូរ៉េ។ ក្នុង​មួយ​ពាក់កណ្តាល​សតវត្សរ៍ ទី​២០ ជប៉ុន​បាន​ឈ្លានពាន​ លេបត្របាក់​កូរ៉េ និង​ចូល​ទៅ​ត្រួត្រា ទឹកដី​ពាក់កណ្តាល​របស់​ប្រទេស​ចិន។ តាម​ប្រមុខរដ្ឋ​ចិន នៅ​សម័យ​ក្តោបក្តាប់​អំណាច​របស់​ជប៉ុន ប្រជាជន​ចិន និង​ប្រជាជន​កូរ៉េ​ធ្លាប់​បាន​ជួយ​គាំទ្រ គ្នា​ទៅវិញ ទៅមក ជាមួយ​ញើស និង​ឈាម។

 
នៅក្នុង​ជំនួប​ម្សិលមិញ​នេះទៀត ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ កូរ៉េខាងត្បូង និង​ចិន បាន​ប្រកាស​ចង់​ប្រារព្ធ​រួមគ្នា ថ្ងៃ​រំលឹក​ខួប​បរាជ័យ​របស់​ជប៉ុន នៅ​ឆ្នាំ​ក្រោយ ឆ្នាំ ២០១៥។ នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ប្រមុខ​ដឹកនាំ​ចិន ចាប់​រំលឹក​និយាយ​ឡើង​វិញ ពី​ការឈ្លានពាន​របស់​កងទ័ព​ជប៉ុន បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន​ទើប​បាន​សម្រេច​ផ្លាស់ប្តូរ​តួនាទី​របស់​កងទ័ព​ជប៉ុន។

កាលពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ជប៉ុន​បាន​សើរើ ច្បាប់​សន្តិភាព​និយម និង​បាន​បកស្រាយ​ច្បាប់​រដ្ឋធម្មនុញ្ញ ដើម្បី​ពង្រីក​វិសាលភាព អំណាច​កងទ័ព​ជប៉ុន ពី​កងទ័ព​ស្វ័យការពារ ទៅ​ជា​កងទ័ព​ដែល​មាន​សិទ្ធិ​ចូលរួម​អន្តរាគម ទៅក្នុង​ជម្លោះ​ក្នុង​តំបន់។

សូម​បញ្ជាក់​ថា នៅក្រោយ​បរាជ័យ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ ​សហរដ្ឋ​អាមេរិក ប្រទេស​ឈ្នះ​សង្គ្រាម បានចាប់​បង្ខំ​ជប៉ុន​ឱ្យ​សរសេរ​រដ្ឋធម្មនុញ្ញ សន្តិភាព​និយម ដែល​នៅក្នុង​មាត្រ​ទី​៩ កងទ័ព​ជប៉ុន មិន​ត្រូវ​លូក​ដៃ​ក្នុង​សង្គ្រាម  ជា​រៀង​រហូត។ កងទ័ព​ជប៉ុន​គឺ មាន​សិទ្ធិ​ត្រឹមតែ​ស្វ័យការពារ ការពារ​ខ្លួន តែ​ប៉ុណ្ណោះ។

នយោបាយ​កែប្រែ​តួនាទី​កងទ័ព​របស់​លោក​នាយករដ្ឋមន្រ្តី​អាបេ​មិន​បាន​ទទួល​​ការគំាទ្រ​ជាទូទៅ​ពី​ប្រជាជន​ជប៉ុន ដែល​ជិតពាក់​កណ្តាល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ចោល​គំនិត​ធ្វើ​សង្រ្គាម។ ប៉ុន្តែ ដើម្បី​បញ្ជាក់​ភាពចាំបាច់​ក្នុង​ការកែប្រែ​ច្បាប់​សន្តិភាព​និយម លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​លើកឡើង​ពី​គ្រោះថ្នាក់​គំរាមកំហែង​របស់​ចិន ដល់​សន្តិសុខ​របស់​ប្រទេស និង​ប្រជាជន​ជប៉ុន។ តាម​លោក​អាបេ ចិនកំពុង​ពង្រីក​អំណាច​យោធា មិន​ឈប់ឈរ នៅក្នុង​តំបន់ និង​បាន​បង្កើន​ថវិកា​យោធា ទ្វេដង ក្នុង​មួយឆ្នាំៗ។

តាម​អ្នកវិភាគ​អាមេរិក ចិន​មិន​បាន​ព្រងើយ​កន្តើយ​នឹង​របត់​ប្រវត្តិសាស្រ្ត​នៃ​កងទ័ព​ជប៉ុន ដែល​ចិន​ចាត់ទុក​ជាឧបសគ្គ​របស់ខ្លួន នៅក្នុង​ការពង្រីក​ឥទ្ធិពល អំណាច​នៅក្នុង​តំបន់។ កន្លងមក ហ្វីលីពីន​ផ្ទាល់​ដែល​ជាប់ឈ្លោះ​ដណ្តើម​ដីកោះ​ជាមួយ​ចិន ក៏​ធ្លាប់​បាន​ស្នើសុំ​ឲ្យ​កងទ័ព​ជប៉ុន​ប្តូរ​ឈ្មោះ​ពី​កងទ័ព​ស្វ័យការពារ​មក​ជា​កងទ័ព​អាច​ជួយ​អន្តរាគម​នៅក្នុង​ជម្លោះ​ក្នុង​តំបន់។

កូរ៉េខាងត្បូង​វិញ បើទោះជា​សម្ព័ន្ធមិត្ត​របស់​ជប៉ុន ទល់​នឹង​កូរ៉េខាងជើង ក៏​កំពុង​មិន​សប្បាយ​ចិត្ត​នឹង​ជប៉ុន​ពី​រឿង​ជម្លោះដីកោះ និង​ជំហរ​មិនច្បាស់លាស់ របស់​ជប៉ុន ដែល​ចង់​សើរើ លែង​ចង់​សុំទោស​ដល់​ជនរងគ្រោះ​កូរ៉េ ដែល​ធ្លាប់​រង​ការធ្វើបាប​ពី​​ទាហាន​ជប៉ុន នៅក្នុង​សង្រ្គាម​លោក​លើក​ទីពីរ។ ចិន​ពេលនេះ ទំនង​ចង់​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​រុញច្រាន​កូរ៉េខាងត្បូង ឲ្យ​ឈ្លោះ​កាន់តែ​ខ្លាំង​ជាមួយ​ជប៉ុន ដែល​តាមពិត​ជា​សត្រូវ​របស់​ចិន នៅក្នុង​រឿង​ដណ្តើម​ដីកោះដែរ​នោះ។ យុទ្ធសាស្រ្ត​របស់​ចិន គឺ​បំបែកបំបាក់​សម្ព័ន្ធមិត្ត​សំខាន់​ទាំងពីរ​របស់​អាមេរិក ពោល​គឺ​ដើម្បី​កុំ​ឲ្យ​កូរ៉េខាងត្បូង រួម​ជាមួយ​ជប៉ុន និង​អាមេរិក ប្រជែង​​ជាមួយ​ឥទ្ធិពល​ចិន នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ