អានតួអត្ថបទ
ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​​សម្រេច​​បក​ស្រាយ​រដ្ឋធម្មនុញ្ញ​ឡើង​វិញ​ ផ្ទុយ​នឹង​ឆន្ទៈ​ប្រជាជន

នៅ​ថ្ងៃចន្ទ​ទី ៣០​ មិថុនា នេះ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក យោស្ហ៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) បាន​ប្រកាស​​បន្ត​ផែនការ​រៀប​ចំ​ឱ្យ​មាន ការ​បក​ស្រាយ​រដ្ឋធម្មនុញ្ញ​ សន្តិនិយម​របស់​ជប៉ុនឡើង​វិញ ដដែល បើ​ទោះ​បី​ជា​សាធារណជន​ជប៉ុន​មិន​ពេញ​ចិត្ត​ ចេញ​ធ្វើ​បាតុកម្ម និង​មាន​ពលរដ្ឋ​​ម្នាក់​បាន​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួន​ កណ្តាល​ក្រុង​ក៏​ដោយ។

បណ្តាជន​ជប៉ុន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​តួក្យូ​ប្រឆាំង​នឹង​ផែនការ​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ​សន្តិនិយមជប៉ុន
បណ្តាជន​ជប៉ុន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​តួក្យូ​ប្រឆាំង​នឹង​ផែនការ​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ​សន្តិនិយមជប៉ុន © Reuters
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល  មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជុំ​វិញ ករណី​ពលរដ្ឋ​ជប៉ុន​ដុត​សម្លាប់​ខ្លួន កណ្តាល​ហ្វូង​មហាជន​​នៅ​ទីក្រុង​តូក្យូ​ម្សិលមិញ ដើម្បី​បរិហារប្រឆាំង​នឹង​​ផែនការ​​បក​ស្រាយ​​​រដ្ឋធម្មនុញ្ញ​សន្តិនិយម​​ទេ ប៉ុន្តែ​បែរ​ជា​បាន​បញ្ជាក់​ និង​បំភ្លឺ​អំពី​ជំហរ​ជាក់​លាក់​របស់​រដ្ឋាភិបាល​ ដែល​ចង់​ឃើញ​ទាហាន​ជប៉ុន​មាន​សិទ្ធិ “ស្វ័យការពារសមូហភាព”។ ស្វ័យការពារ​សមូហភាព​ មាន​ន័យ​ថា​ទាហាន​ជប៉ុន​អាច​ចេញ​ធ្វើ​ប្រតិបត្តិការ​ និង​អន្តរាគមន៍​នៅ​បរទេស​ ដើម្បី​ជួយ​សម្ព័ន្ធមិត្ត​ នៅ​ជួរ​ទី​មួយ​ទន្ទឹម​នឹង​សហរដ្ឋ​អាមេរិក។

 
ផ្តួចផ្តើម ស្នើ​ឡើង និង​ផ្តល់​សន្ទុះ​ដោយ​​​នាយក​រដ្ឋមន្ត្រី​ជាតិនិយម ស៊ីនហ្សូ អាបេ ប្រវត្តិសាស្ត្រ​សន្តិនិយម​ជប៉ុន បាន​និង​កំពុង​ឈាន​ដល់​របត់​ថ្មី   គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។ ដោយ​មាន​ ​ឯកសារ​សំអាងក្រាស​ឃ្មឹក របស់​​អ្នកឯក​ទេស​ ដែល​ នាយក​រដ្ឋមន្ត្រីបាន​តែង​តាំង​ដោយ​ផ្ទាល់ លោកស៊ីនហ្សូ​ អាបេ ចង់​ឱ្យ​ក្តី​ស្រមៃ​របស់​លោក​ក្លាយ​ជា​ពិត ឃើញ​​កងទ័ព​ជប៉ុន​អាច​មាន​តួនាទី​សំខាន់​នៅ​ក្រៅ​ប្រទេស និង​លែង​ចាំ​តែ​ការពារ​ខ្លួន “ស្វ័យការពារ” ទៀត​ឡើយ។

សូម​បញ្ជាក់​ថា ក្រោយ​បរាជ័យ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ ​ថ្ងៃ​ទី ១៥​សីហា ១៩៤៥​ មក​សហរដ្ឋ​អាមេរិក​ ប្រទេស​ឈ្នះ​សង្គ្រាម បានចាប់​បង្ខំ​ជប៉ុន​ឱ្យ​ចែង​ច្បាប់​ក្នុង​រដ្ឋធម្មនុញ្ញ សន្តិនិយម មាត្រ​៩ មិន​លូក​ដៃ​ក្នុង​សង្គ្រាម ​ជា​រៀង​រហូត។ កងទ័ព​ជប៉ុន​មាន​សិទ្ធិ​ត្រឹម​ស្វ័យការពារ​តែ​ប៉ុណ្ណោះ។ ចំណែក​បណ្តាជន​ជប៉ុន​វិញ ជាង​ពាក់​កណ្តាល​នៅ​តែ​ជាប់​ចិត្ត​ជា​និច្ច​នឹង​រដ្ឋធម្មនុញ្ញ​សន្តិនិយម​ ប្រឆាំង​ជា​និច្ច​នឹង​សកម្មភាព​ទាហាន​ជប៉ុន​នៅ​បរទេស។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ចុងក្រោយ។

ដោយ​ហេតុ​មតិ​សាធារណៈ និង​ភាពស្មុគស្មាញ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ លោក​ស៊ីនហ្សូ អាបេ នៅ​ទី​បំផុត ក៏​ជ្រើស​រើស ធ្វើ​ការ​បក​ស្រាយ​ រដ្ឋធម្មនុញ្ញ​ឡើង​វិញ។ រដ្ឋាភិបាល​ជប៉ុន ទំនង​ជា​នឹង​ត្រូវ​អនុម័តគម្រោង​វិសោធនកម្ម​នេះ​ នៅ​ថ្ងៃ​អង្គារ​ទី​១​កក្កដា​ ថ្ងៃ​ខួប​ ​៦០​ឆ្នាំ​នៃ​ការ​កកើត​ កង​កម្លាំង​ស្វ័យ​ការពារ​ ឈ្មោះ​ផ្លូវការ​របស់​យោធា​ជប៉ុន។ បន្ទាប់​មក​ វិសោធនកម្ម​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​ប្រជាមតិទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ