ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

លោកហ្គុយទែរក៍៖ ប្រជាជន​យេម៉ែន​ចិត្តល្អណាស់ គឺ​មិនសម​នឹង​រងគ្រោះអត់ឃ្លាន​នោះទេ

លោកហ្គុយទែរក៍៖ ប្រជាជន​យេម៉ែន​ចិត្តល្អណាស់ គឺ​មិនសម​នឹង​រងគ្រោះអត់ឃ្លាន​នោះទេ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (ឆ្វេង) ពេលជួប​សវនាការ​ជាមួយ​ព្រះចៅសាល់ម៉ាន​របស់​អារ៉ាប៊ី សាអូឌីត នៅថ្ងៃអាទិត្យ​ទី ១២ កុម្ភៈ ២០១៧ ©Reuters

    លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​យក​ប្រទេស អារ៉ាប៊ី សាអូឌីត ធ្វើ​ជា​កន្លែង​ប្រកាស​អំពាវនាវ​ឲ្យ​មាន​ការចរចា​ឡើងវិញ ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​យេម៉ែន។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​​ទស្សនកិច្ច​​អារ៉ាប៊ី សាអូឌីត នៅ​ថ្ងៃ​អាទិត្យទី​១២​កុម្ភៈ។ ​តាំង​ពី​ឆ្នាំ ២០១៥ យេម៉ែន មិនត្រឹម​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដណ្តើម​អំណាច វាង​ពួកឧទ្ទាម ហ៊ូទីស្ស ហើយ​និង​កងទ័ព​រដ្ឋាភិបាល តែប៉ុណ្ណោះទេ ប៉ុន្តែ យេម៉ែន​បាន​ធ្លាក់ខ្លួន​ផងដែរ ជា​ទីលាន​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា​រវាង អារ៉ាប៊ី សាអូឌីត ហើយ​និង​អ៊ីរ៉ង់។

    កូនភេ​ពីរក្បាល ឈ្លោះ​ដណ្តើម​សាច់ត្រី​គ្នា។ ខ្លា​ចូល​ខ្លួន​មក​សុំ​ជួយ អារ​កាត់​ចំណែក ប៉ុន្តែ នៅ​ទីបំផុត គឺ​ខ្លា​ដែល​បាន​ទទួល​ចំណែក​សាច់​ច្រើនជាងគេ ចំណែក​កូនភេ សឹង​តែ​គ្មាន​បាន​អ្វីសោះ។ ជម្លោះ​សង្រ្គាម​ស៊ីវិល​នៅ​យេម៉ែន​បច្ចុប្បន្ននេះ គឺ​ដូចគ្នា​នឹង​រឿង​កូនភេ​យ៉ាង​ដូច្នេះ​ដែរ។

     
    សង្រ្គាម​ស៊ីវិល​បាន​កើតដំបូង​ឡើយ ដោយសារ​តែ​ក្រុមហ៊ូទីស្ស ដែល​គាំទ្រ​ដោយ​អតីត​ប្រធានាធិបតី​យេម៉ែន អាលី អាប់ដាឡា​សាឡេះ បះបោរ​ប្រឆាំងអំណាច​ប្រធានាធិបតី​ថ្មី របស់​យេម៉ែន។ បន្តិចម្តងៗ ភាគី​បរទេស នាំមុខ​ដោយ​អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត រួម​ទាំង​ក្រុមភេរវជន​ដែល​ជា​បណ្តាញ​របស់​អាល់កៃដា នៅ​ឧបទ្វីប​អារ៉ាប់​ផង បាន​ជ្រៀត​ចូល​ខ្លួន​ទៅ​ក្នុង​ជម្លោះ​ផ្ទៃក្នុង​របស់​យេម៉ែន។
     
    អ៊ីរ៉ង់​មាន​ហេតុផល​ជួយ​ការពារ​ពួក​ឧទ្ទាម​ហ៊ូទីស្ស​ដែល​មាន​និកាយ​សាសនា​ស្ហីអ៊ីត ដូច​អ៊ីរ៉ង់ចំណែក អារ៉ាប៊ី សាអូឌីត​បាន​ដឹកនាំ​ការវាយ​ប្រហារ​ទ័ព​អាកាស​ទៅលើ​ពួក​ហ៊ូទីស្ស​ក្នុង​ហេតុផល​ការពារ​ព្រំដែន​របស់ខ្លួន ដែល​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​របស់​ពួកហ៊ូទីស្ស គាំទ្រ​ដោយ​អ៊ីរ៉ង់ ក្នុង​ទឹកដី​យេម៉ែន។
     
    ជម្លោះ​ប្រដាប់អាវុធ​ដែល​កើតឡើង ដើម្បី​ដណ្តើមអំណាច ប្រជែង​ឥទ្ធិពល នៅទីបំផុត បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជាជន​យេម៉ែន ជាអ្នក​រងគ្រោះ ឈឺចាប់​ជាងគេ។ ចាប់តាំង​ពី​សម្ព័ន្ធ​អារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត បើក​អន្តរាគម​យោធា​ដើម្បីទប់ស្កាត់​ការរីក​រាលដាល​របស់​ក្រុមហ៊ូទីស្ស មាន​មនុស្ស​ប្រមាណ​៧៤០០​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត ក្នុង​ពេល​ដែល​ប្រជាជន​ជាង​ពាក់កណ្តាល​កំពុង​ប្រឈម​នឹង​គ្រោះអត់ឃ្លាន និង​វិបត្តិ​មនុស្សធម៌​ដ៏ធ្ងន់ធ្ងរ។
     
    គឺ ដើម្បី​បញ្ចប់​ការឈឺចាប់​របស់​ប្រជាជន​ស៊ីវិល​យេម៉ែន បាន​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​មាន​ការជួយ​ជ្រោមជ្រែង​ពីគ្រប់​ភាគី ដើម្បី ស្តារ​ដំណើរការ​ចរចា​សន្តិភាព នៅ​យេម៉ែន។ នៅ អារ៉ាប៊ី សាអូឌីត នៅ​ក្នុង​សន្និសីទ​កាសែត​រួម ជាមួយ​រដ្ឋមន្រ្តីកាបរទេស​របស់​ប្រទេស​ម្ចាស់ផ្ទះ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​និយាយ​ថា រូបភាព​បង្ហាញ​ពី​ទុក្ខវេទនា​របស់​ប្រជាជន​យេម៉ែន ដោយសារ​សង្រ្គាម ការទម្លាក់​គ្រាប់បែក បាន​ចាក់ដោត​បេះដូង​របស់លោក។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​ធ្លាប់ធ្វើ​ជា​ប្រធាន​ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន បាននិយាយ​ថា ប្រជាជន​យេម៉ែន បើទោះបី​ជា​ក្រីក្រ​ក្តី ប៉ុន្តែ ពួកគេ​ចិត្ត​បាន​ណាស់។ ដូច្នេះ ពួកគេ​មិនសម​នឹង​មក​ទទួល​ទុក្ខ​វេទនា​ខ្វះ​អាហារ ដោយសារ​តែ​សង្រ្គាម​នោះទេ។
     
    អង្គការ​សហប្រជាជាតិ​បាន​ទទូច​សុំ​ឲ្យ​មាន​បទឈប់បាញ់ ដើម្បី​អាច​នាំយក​ជំនួយ​មនុស្សថម៌​ដល់​ប្រជាជន ប៉ុន្តែ ការចរចា​រាល់​លើក ផ្តួចផ្តើម​គំនិត​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ទទួល​បរាជ័យ ដោយ​រួម​ទាំង​បទឈប់បាញ់​ចំនួន​៧លើកផង។ ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​យេម៉ែន ដែល​បាន​ចូលរួម​ស្តាប់​សន្និសីទ​របស់​លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាន​ស្នើ​ផែនការ​សន្តិភាព​មួយ ដែលនៅក្នុង​នោះ មាន​និយាយ​ពីការចែករំលែក​អំណាច​គ្នា​រវាង​ភាគី​ជម្លោះ​នៅ​យេម៉ែន។ ប៉ុន្តែ ប្រធានាធិបតី យេម៉ែន​បច្ចុប្បន្ន ដែល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ មិន​ព្រម​ទទួលយក​នោះ ដោយ​លោក​បានចាត់ទុក​ខ្លួន​លោក​ជា​ប្រធាន​រដ្ឋ​តែ​ម្នាក់គត់​ដែល​ស្របច្បាប់ នៅ​យេម៉ែន។
     
    អ្នកដឹកនាំ​គិតតែ​ពី​ឈ្លោះ​គ្នា ដណ្តើម​អំណាច​គ្នា ដោយ​គ្មាន​គិត​ដល់​ការឈឺចាប់ ទុក្ខវេទនា​របស់​ប្រជាជន​ឯង។ ហើយ​ដូច​សព្វកន្លែង ជម្លោះ​ផ្ទៃក្នុង នឹង​ហុច​ប្រយោជន៍​ទៅ​ឲ្យ​ប្រទេស​ដទៃ ជាក់ជា​មិនខាន។ ការចរចា​បរាជ័យ ក្នុង​ករណី​យេម៉ែន អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់ ដែល​គាំទ្រ​ភាគី​ជម្លោះ រៀងៗខ្លួន ហាក់​ធ្វើមិនដឹង មិនលឺ​នឹង​ការអំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​នោះទេ។
     
    អារ៉ាប៊ី សាអូឌីត​ទៀតសោត កំពុង​ជាប់​ក្នុង​សំណាញ់​សង្ស័យ របស់​អង្គការ​សហប្រជាជាតិ ក្នុង​រឿង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​យេម៉ែន។ នៅក្នុង​របាយការណ៍ មួយ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​សិក្សា ស៊ើបអង្កេត​ទៅលើ​ការវាយប្រហារ​ទ័ព​អាកាស​ចំនួន ១០ របស់​អារ៉ាប៊ី សាអូឌីត នៅ​យេម៉ែន គេ​រកឃើញថា ភាគច្រើន​នៃ​ការវាយប្រហារ​ផ្លូវ​អាកាស​របស់​ទីក្រុង​រីយ៉ាត នៅ​យេម៉ែន គឺ​គ្មាន​ប្រសិទ្ធិភាព រំលោភ​ច្បាប់​អន្តរជាតិ​ស្តីពី​មនុស្សជាតិ ដោយ​មាន​ចេតនា​សំដៅ​បំផ្លាញ​ជីវិត​ប្រជាជន​ស៊ីវិល។ អ្នកជំនាញ​នៅ​បាន​ចាត់ទុក​ការវាយប្រហារ​មួយចំនួន មាន​លក្ខណៈ​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។
     
    ចំពោះ​អ៊ីរ៉ង់​វិញ របាយការណ៍​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា មាន​អាវុធ​មួយចំនួន មាន​ប្រភព​មក​ពី​អ៊ីរ៉ង់ ប៉ុន្តែ ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ គេ​មិនអាច​សន្មត់ថា អ៊ីរ៉ង់​ជាអ្នក​ផ្គត់ផ្គង់​សព្វាវុធ​ទាំងស្រុង​ដល់​ក្រុម​ហ៊ូទីស្ស​នោះទេ។ នេះ​ជាហេតុផលមួយ ដែល​អង្គការ​សហប្រជាជាតិ​បាន​បដិសេធ​មិន​បិទ​ផ្លូវទឹក​ចូល​ទៅ​យេម៉ែន តាម​ការចង់បាន​របស់​អារ៉ាប៊ី សាអូឌីត ដែល​ចោទ​អ៊ីរ៉ង់​ថា បាន​ប្រើ​ផ្លូវទឹក​ដើម្បី លួច​ផ្តល់​អាវុធ​ដល់​ក្រុមហ៊ូទីស្ស។
     
    របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​ដាក់បន្ទុក​ទៅលើ​អារ៉ាប៊ី សាអូឌីត ដែល​ដើរតួ​សំខាន់ នៅក្នុង​ជម្លោះ នៅ​ដើមបូព៌ា។ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​ក្អក​ប្រទេស​មហាសេដ្ឋីប្រេង​មួយនេះទេ។ គេ​អាច​ជឿបាន​ខ្លះថា គឺ​កុងត្រា​ទិញអាវុធ រាប់ពាន់​លាន​ដុល្លារ ដែល​អង់គ្លេស និង​អាមេរិក លក់​ទៅ​ឲ្យអារ៉ាប៊ី​សាអូឌីត ដែល​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អចិន្រ្តៃយ៍ ទាំងពីរ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ នៅ​សំងំ​ស្ងៀម គ្មាន​មាត់​មួយម៉ាត់ រិះគន់​អារ៉ាប៊ី សាអូឌីត៕

     


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      អាមេរិក៖​លោកដូណាល់ ត្រាំ​កំពុង​រង​ការ​រិះគន់​ពី​យុទ្ធសាស្រ្ត​ប្រឆាំង​អាល់កៃដា​នៅ​យេម៉ែន

      ស្វែងយល់បន្ថែម

    • យេម៉ែន-អាល់កៃដា

      យេម៉ែន៖​ស្លាប់​ជាង​៥០នាក់ ​ក្នុង​បេសកកម្ម​កំទេច​ក្រុម​ភេរវកម្ម​លើក​ដំបូង ​របស់​លោក​ដូណាល់ ត្រាំ

      ស្វែងយល់បន្ថែម

    • យេម៉ែន

      យេម៉ែន៖​ក្រុម​សកម្មជន​គាំទ្រ​ពួកឧទ្ទាម​ហ៊ូទីស្ស​ធ្វើ​បាតុកម្ម​ប្រឆាំង​អន្តរការី​សហប្រជាជាតិ

      ស្វែងយល់បន្ថែម

    • សម្ព័ន្ធ​យោធា​អារ៉ាប​ទទួល​ស្គាល់​ថា​បាញ់​ខុស​ត្រូវ​ជនស៊ីវិលនៅយេម៉ែន

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      តើ​ប្រទេស​យេម៉ែន​កំពុង​ក្លាយ​ជា​សមរភូមិ​នៃ​សង្រ្គាម​កំបាំងមុខ​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ ឬ?

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ