៤០ឆ្នាំក្រោយ វិបត្តិចំណាប់ខ្មាំង នៅបន្តបំពុលទំនាក់ទំនងអ៊ីរ៉ង់-សហរដ្ឋអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤២
នៅថ្ងៃទី ៤ វិច្ឆិកា ១៩៧៩ បាតុករនិស្សិតអ៊ីរ៉ងមួយក្រុមបានចាប់មន្ត្រីទូតនិងបុគ្គលិកនៅស្ថានទូតអាមេរិក ចំនួន៥២នាក់ជាចំណាប់ខ្មាំង អស់រយៈពេល៤៤៤ថ្ងៃ។ ហេតុការណ៍ បានជំរុញឱ្យអាមេរិកផ្តាច់ទំនាក់ទំនងទូតជាមួយអ៊ីរ៉ង់រហូតមកទល់ពេលបច្ចុប្បន្ន។ ៤០ឆ្នាំក្រោយព្រឹត្តិការណ៍ គ្មានភាគីខាងណាបំភ្លេចរឿងចាស់ ចង់បើកទំព័រថ្មីឡើយ វិបត្តិនៅតែបន្តបំពុលទំនាក់ទំនងអ៊ីរ៉ង់និងអាមេរិកយ៉ាងខ្លាំងដដែល។
ថ្ងៃទី ៤វិច្ឆិកា ក្លាយជាប្រពៃណីនៃការប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងនឹងអាមេរិក នៅអ៊ីរ៉ង់។ ឆ្នាំនេះ ការប្រារព្វពិធីបានចាប់ផ្តើមតាំងពីថ្ងៃសៅរ៍ទី២វិច្ឆិកាមក ដោយមានសម្ពោធរូបគំនូរ Statue de la Liberté បាក់ដៃ យន្តហោះដ្រូនអាមេរិករងការវាយប្រហារ ... លើជញ្ជាំងអាគារជាអតីតស្ថានទូតអាមេរិក នៅទីក្រុងតេអេរ៉ង់។ រូបគំនូរនិងកាយវិការរបស់បាតុករ មានទម្រង់និងជាការរំលឹក ខួបលើកទី៤០ឆ្នាំ នៃព្រឹត្តិការណ៍សំខាន់មួយនៃបដិវត្តអ៊ីស្លាមផង និងជានិម្មិត្តរូបនៃងើបប្រឆាំងតទល់រវាងអ៊ីរ៉ង់នឹងសហរដ្ឋអាមេរិកផង។
នៅថ្ងៃទី៤វិច្ឆិកា ១៩៧៩ ៧ខែក្រោយអ៊ីរ៉ង់ប្រកាសខ្លួនជាប្រទេសសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្រុមនិស្សិតអ៊ីស្លាមប្រមាណពី ៣ទៅ៤រយនាក់ ដែលកំពុងធ្វើដំណើរទៅចូលរួមធ្វើបាតុកម្មនៅសកលវិទ្យាល័យ ស្រាប់តែបាននាំគ្នា ឆ្មក់ចូលស្ថានទូតអាមេរិកដែលនៅកណ្តាលរដ្ឋធានីតេអេរ៉ង់។ បើតាមអតីតមេដឹកនាំបាតុកម្មម្នាក់ អះអាងប្រាប់សារព័ត៌មានAssociated Press កាលពីថ្ងៃសៅរ៍ទី ២វិច្ឆិកា ២០១៩ ក្រុមនិស្សិតមានផែនការដំបូង ចង់ទៅបោះជំរំ ធ្វើជាទីតាំងបាតុករទេ ប៉ុន្តែស្ថានការណ៍រាលដាលទៅជាធ្ងន់ធ្ងរខ្លាំង
តាំងខ្លួនជាក្រុមនិស្សិតអ៊ីស្លាម ដើរតាមគំរូប្រមុខសាសនា ពួកគេចង់ទាមទារឱ្យសហរដ្ឋអាមេរិកធ្វើបត្យាប័នអតីតស្តេច Mohammad Reza Pahlavi ស្តេចចុងក្រោយគេបំផុតរបស់អ៊ីរ៉ង់ ដែលបានចាកចេញពីប្រទេសកាលពីខែមករា ឆ្នាំ១៩៧៩ ក្រោយពីមានបាតុកម្មប្រឆាំងអស់ជាច្រើនខែ និងដែលបានទៅសម្រាកព្យាបាលជំងឺនៅលើទឹកដីសហរដ្ឋ តាំងពីពីរសប្តាហ៍មុន។
មានតែដំបងនៅដៃ ពួកនិស្សិតអ៊ីស្លាមអ៊ីរ៉ង់បានចូលលុកលុយក្នុងស្ថានទូត និងតតាំងជាមួយកងទ័ពអាមេរិក ដែលបានបាញ់គ្រាប់បែកផ្សែង។ តែប្រមាណជិតបីម៉ោងក្រោយ មន្ត្រីទូតអាមេរិក និងបុគ្គលិកស្ថានទូតចំនួន៥២រូប បានក្លាយជាចំណាប់ខ្មាំងរបស់ក្រុមនិស្សិត។
នៅមុខស្ថានទូតវិញ បាតុករបាននាំគ្នាដុតទង់ជាតិអាមេរិក ដោយដាក់ជំនួសមកវិញនូវទង់ជ័យស ជាមួយពាក្យថា Allah Akbar (ព្រះជាធំ) និងមានតែសម្រែកប្រឆាំងនឹងអាមេរិក ឬចម្រៀងបដិវត្ត។ បាតុករអ៊ីរ៉ង់យ៉ាងច្រើនសន្ធឹកសន្ធាប់បាននាំគ្នាមកគាំទ្រក្រុមនិស្សិត និងចាត់ទុក បាតុកម្មប្រឆាំងសហរដ្ឋអាមេរិកថាជាបដិវត្តទីពីរ ! សម្រាប់ក្រុមបាតុករ រដ្ឋាភិបាលអ៊ីរ៉ង់ ដែលឡើងគ្រប់គ្រងប្រទេសក្រោយបដិវត្តអ៊ីស្លាមភ្លាម ជាការបន្តុំនិងលាយលំដោយអាមេរិក។ ពីរថ្ងៃក្រោយ (ថ្ងៃទី៦វិច្ឆិកា ១៩៧៩) ប្រមុខរដ្ឋាភិបាល បានលាលែងចេញពីតំណែង ក្រុមប្រឹក្សាបដិវត្តក៏បានកាច់ចង្កូតប្រទេសម្តង និងបដិសេធលែងដឹកប្រេងទៅឱ្យសហរដ្ឋអាមេរិក។
អាមេរិកក៏បានចេញក្រិត្យដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ បង្កកទ្រព្យធនអ៊ីរ៉ង់នៅបរទេស និងផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់... ហើយគេត្រូវរង់ចាំរហូតដល់ថ្ងៃទី ១៩ខែមករាឆ្នាំ១៩៨១ គម្រប់៤៤៤ថ្ងៃគត់ ទើបប្រទេសទាំងពីររកឃើញកិច្ចព្រមព្រៀង ចំណាប់ខ្មាំងទាំង៥២រូបត្រូវបានដោះលែង និងមានសេរីភាពវិញ ជាថ្នូរនឹងលក្ខខណ្ឌបួន ៖ ប្រគល់ទ្រព្យសម្បត្តិរបស់ស្តេចអ៊ីរ៉ង់មកវិញ ឈប់បង្កកទ្រព្យធនអ៊ីរ៉ង់នៅបរទេស កុំទារសំណងខូចខាតពីអ៊ីរ៉ង់ និងមិនជ្រៀតជ្រែកកិច្ចការអ៊ីរ៉ង់។
តាំងពីពេលនោះ មកទល់ពេលបច្ចុប្បន្ន ទំនាក់ទំនងអាមេរិកនិងអ៊ីរ៉ង់ គ្មានថ្ងៃធូរស្បើយទេ។ ប្រទេសទាំងពីរ គ្មានសង្គ្រាមនឹងគ្នា ហើយក៏គ្មានបទឈប់បាញ់ដែរ។ បើគ្មានការបិទបញ្ចប់ ដូច្នេះក៏គ្មានការចាប់ផ្តើមថ្មី ! ៤០ឆ្នាំ ក្រោយការបណ្តើរចំណាប់ខ្មាំងគ្មានកំហុស បង្ហាញសាធារណជន តាមកញ្ចក់ទូរទស្សន៍ ជារូបភាពដ៏អាម៉ាស និងជាការបំបាក់មុខសហរដ្ឋអាមេរិកខ្លាំងណាស់ ដែលពុំធ្លាប់កើតមានឡើយ។ អ៊ីចឹងហើយបាន តាំងពីមានបដិវត្តអ៊ីរ៉ង់នៅឆ្នាំ១៩៧៩មក វ៉ាស៊ីនតោន បានចាត់ទុកអ៊ីរ៉ង់ជាប្រទេសដ៏គ្រោះថ្នាក់និងគួរឱ្យស្អប់ខ្ពើម។
មានអ្នកដឹកនាំជាន់ខ្ពស់ខ្លះ ចង់បើកទំព័រទំនាក់ទំនងអ៊ីរ៉ង់-អាមេរិកថ្មី ទុករឿងចាស់ឱ្យកន្លងតាមពេលវេលា មានជាអាទិ៍អតីតប្រធានាធិបតីអ៊ីរ៉ង់ Mohammad khatami ឬអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ ប៉ុន្តែតាំងពីប៉ុន្មានខែចុងក្រោយនេះមក ភាពតានតឹងកាន់តែឡើងខ្លាំងបន្ថែមទៀត រវាងលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី។ អ៊ីរ៉ង់កាន់តែខឹងអាមេរិក ដែលបានដកខ្លួនចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ