អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​លួច​ចរចា​គ្នា​ស្ងាត់ៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​តំបន់​ដើមបូព៌ា មាន​លេច​ឡើង​នូវ​ព័ត៌មាន​មួយ​ដែល​ថា ប្រទេស​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា​បាន​ជួប​ចរចា​គ្នា​ស្ងាត់ៗ​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។ មិនមែន​ជា​ការ​ជួប​ចរចា​ដោយ​ផ្ទាល់​ទេ តែ​បាន​ឆ្លង​កាត់​តាម​រយៈ​ភាគី​ទី៣ ម្នាក់​ដែល​ជា​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​តូនី ប្ល៊ែរ។ ដំណឹង​សម្ងាត់​ដែល​ទើប​ធ្លាយ​ពេល​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទី​ម៉ាមូដ អាប៉ាស់​ក្តៅ​ក្រហាយ​យ៉ាង​ខ្លំាង។ ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល​បាន​បើក​កិច្ចចរចា​ស្ងាត់ៗ​ជាមួយ​នឹង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ដែល​ខ្លួន​ចាត់​ទុក​ជា​ចលនា​ភេរវនិយម?

មេចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ Khaled Mechaal
មេចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ Khaled Mechaal AFP PHOTO / KHALIL
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត​ទៅ ព័ត៌មាន​ជុំវិញ​វត្តមាន​កិច្ចចរចា​រវាង​ប្រទេស​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ដែល​កំពុង​កាន់កាប់​តំបន់​ហ្កាហ្សា​លែង​ជា​ព័ត៌មាន​ចចាមអារ៉ាម​ទៀត​ឡើយ តែ​ជា​ព័ត៌មាន​ពិតមែន។ រីឯ​អ្នក​ដែល​បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​មួយ​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​សមីខ្លួន​ផ្ទាល់​ទេ ពិសេស​គឺ​មនុស្សខ្លំាង​ទី១ របស់​ចលនា​ហាម៉ាស់​លោក​ខាលីដ មឺឆាអាល់។ នៅ​ក្នុង​បទសន្ទនា​មួយ​កាល​ពី​ថ្ងៃទី២១ សីហា​ជាមួយ​កាសែត​អារ៉ាប់​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស លោក​ខាលីដ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​លើកទី១ ពី​វត្តមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីស្រាអែល ព្រម​ទំាង​ហ៊ាន​អះអាង​ពី​ដំណើរ​ការ​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​ការ​ចរចា​ជាមួយ​អ៊ីស្រាអែល​ទៀត​ផង។

ការ​ថ្លែង​ប្រាប់​ជា​សាធារណៈ និង​ជា​ចំហ​របស់​លោក​ខាលីដ​កាល​ណោះ​បាន​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាក់​មុខ មាត់​យ៉ាង​ខ្លំាង។ បាក់​មុខ មាត់​ក៏​ដោយសារ​ថា ៤ថ្ងៃ​មុន​ការ​ថ្លែង​របស់​លោក​ខាលីដ លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា អ៊ីស្រាអែល​មិន​ដែល និង​គ្មាន​បំណង​ណា​មួយ​ចង់​បើក​កិច្ចចរចា​ជា​មួយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​ខ្លួន​ឡើយ ទោះ​បី​ជា​កិច្ចចរចា​ធ្វើ​ឡើង​ដោយ​ផ្ទាល់ តាម​រយៈ​ប្រទេស​ផ្សេង ឬ​មួយ​ក៏​តាម​រយៈ​អន្តរការី​ណា​មួយ​ក្តី។ ក្រៅ​ពី​ការ​ប្រកាស​ទទួល​ស្គាល់​ដោយ​មនុស្សខ្លំាង​ទី១ របស់​ចលនា​ហាម៉ាស់ ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​តួកគី​ក៏​បាន​បញ្ជាក់​ច្បាស់ៗ​ថា កិច្ចព្រមព្រៀង​មួយ​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់​នឹង​ចេញ​ជា​រូបរាង​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ដូច្នេះ​ឃើញ​ថា អ្វីៗ​កាន់​តែ​ច្បាស់​ទៅៗ និង​ហាក់​ដូច​ជា​លែង​ស្រពិចស្រាពិល​ទៀត​ឡើយ។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​ពេល​នេះ​គឺ​ថា តើ​ការ​ចរចា​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​បាន​ធ្វើ​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

មន្រ្តីការទូត​បស្ចិមលោក​ម្នាក់​ឲ្យ​ដឹង​ថា គឺ​លោក​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស​តូនី ប្ល៊ែរ​ជា​អ្នក​ធ្វើ​អន្តរការី​នៅ​ក្នុង​កិច្ចចរចា​ពី​ចម្ងាយ​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់។ លោក​តូនី ប្ល៊ែរ​បាន​ទៅ​ជួប​សន្ទនា​ជាមួយ​មនុស្ស​ខ្លំាង​ទី១ នៃ​ចលនា​ហាម៉ាស់​លោក​ខាលីដ មឺឆាអាល់​យ៉ាង​តិច ២ដង​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​ដែល​លោក​ខាលីដ​កំពុង​រស់នៅ។ ពី​ដំបូង​ឡើយ កិច្ចចរចា​ពី​ចម្ងាយ​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ដែល​ដឹកនំា​ដោយ​លោក​តូនី ប្ល៊ែរ​ត្រូវ​បាន​គ្រប់​គ្នា​ព្យាយាម​លាក់​យ៉ាង​សម្ងាត់​ខ្លំាង​ណាស់។ តែ​នៅ​តែ​ចៀស​មិន​ផុត​ពី​ការ​បែក​ធ្លាយ​នៅ​តាម​សារព័ត៌មាន​ផ្សេងៗ។

ប្រភព​មន្រ្តីការទូត​បស្ចិមលោក​ដដែល​បាន​បញ្ជាក់​ថា កិច្ចចរចា​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់ គឺ​សំដៅ​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ដែល​អ៊ីស្រាអែល​យល់ព្រម​កសាង​តំបន់​ហ្កាហ្សា​គ្រប់គ្រង​ដោយ​ចលនា​ហាម៉ាស់​ឡើង​វិញ ជា​ថ្នូរ​នឹង​ការ​ដែល​ចលនា​ហាម៉ាស់​សុខចិត្ត​បញ្ឈប់​ការ​ធ្វើ​សង្រ្គាម​ប្រឆំាង​អ៊ីស្រាអែល។

បើ​គេ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា វា​ពិត​ជា​សុឆន្ទៈ​របស់​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ដែល​មិន​ចង់​បន្ត​ប្រឈម​មុខ​ដាក់​គ្នា។ តែ​បើ​​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ផលប្រយោជន៍​បាន​មក​ពី​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់​មិន​មែន​ធ្លាក់​តែ​ក្នុង​ដៃ​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាន​ខ្លះ​នៅ​ក្នុង​តំបន់​ទទួល​បាន​ចំណេញ​ដែរ មុន​គេ​គឺ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ទីក្រុង​រីយ៉ាដ​ដែល​មាន​ជំហរ​រំកិល​រក​ចលនា​ហាម៉ាស និង​កំពុង​បន្ត​សង្ស័យ​ចំពោះ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចង់​បាន​កិច្ចព្រមព្រៀង​ឆាប់ៗ​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់។ សម្រាប់​អារ៉ាប៊ីសាអូឌីត កិច្ចព្រមព្រៀង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់​អាច​នឹង​បំបែក​អ៊ីរ៉ង់​ឲ្យ​ស្ថិត​ឆ្ងាយ​ពី​ពួក​ហាម៉ាស។

បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត តួកគី​ក៏​ជា​ប្រទេស​ដែល​កំពុង​ទន្ទឹង​រង់ចំា​កិច្ចព្រមព្រៀង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់​យ៉ាង​អន្ទះសារ​ដែរ ព្រោះ​វា​ជា​ឱកាស​មួយ​ដែល​ទីក្រុង​អង់ការ៉ា​ត្រូវ​ជម្រះបញ្ជី​ឲ្យ​បាន​ស្អាត​ទាក់ទង​នឹង​កប៉ាល់​ដឹកជំនួយ​មនុស្សធម៌​មួយ​គ្រឿង​របស់​ខ្លួន​ដែល​ត្រូវ​បាន​ទ័ពអ៊ីស្រាអែល​បាញ់​នៅ​ឆ្នេរសមុទ្រ​ក្នុង​តំបន់​ហ្កាហ្សា​កាល​ពី​ឆ្នំា ២០១០ ដោយ​បាន​ផ្តាច់​ជីវិត​អ្នកដំណើរ​ចំនួន ១០នាក់។ ដោយឡែក និង​ក្រៅ​ពី​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ខ្លះ​ក្នុង​តំបន់ កិច្ចព្រមព្រៀង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់​ក៏​អាច​ហុច​ប្រយោជន៍​ដល់​បស្ចិមលោក​ផង​ដែរ ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សន្តិសុខ។

តែ​ទន្ទឹម​គ្នា​នេះ អ្នក​ជំទាស់​នឹង​កិច្ចចរចា​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ក៏​មាន​ច្រើន​ដែរ ពិសេស​រដ្ឋអំណាច​ប៉ាឡេស្ទីន​នៅ​តំបន់​ស៊ីហ្សកដានី។ គួរ​រម្លឹក​ជូន​ថា ដែនដី​ប៉ាឡេស្ទីន​សព្វ​ថ្ងៃ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ នៅ​ម្ខាង​គឺ​តំបន់​ហ្កាហ្សា​ដែល​កាន់កាប់​ដោយ​ចលនា​ហាម៉ាស់ និង​នៅ​ម្ខាង​ទៀត គឺ​តំបន់​ស៊ីហ្សកដានី​ដែល​គ្រប់គ្រង​ដោយ​ចលនា​ហ្វាតា​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាប៉ាស់។ តែ​គឺ​ខាង​លោក​ម៉ាមូដ អាបាស់​ទេ​ដែល​សហគមន៍​អន្តរជាតិ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ។ រីឯ​ហាម៉ាស់​ជា​ចលនា​ជ្រុលនិយម និង​ដែល​អ៊ីស្រាអែល ក៏​ដូច​អាមេរិក​បាន​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។

គឺ​ពួក​ហាម៉ាស់​នេះ​ឯង​ដែល​បាន​ចេញ​មុខ​ប្រឆំាង​អ៊ីស្រាអែល​ពេញ​ទំហឹង។ គឺ​ពួក​ហាម៉ាស់​នេះ​ឯង​ដែល​ទ័ពអ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​ជា​រឿងៗ ហើយ​គឺ​ពួក​ហាម៉ាស់​ដដែល​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​កំពុង​ឈឺ​ក្បាល​ជា​រៀងរាល់​ថ្ងៃ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​មួយ​ចោទ​ឡើង​ថា តើ​ទង្វើ​ដែល​អ៊ីស្រាអែល និង​ហាម៉ាស់​បាន​សុខចិត្ត​ចរចា​ជាមួយ​គ្នា​ពេល​នេះ មិនមែន​ជា​ការ​ដោះដូរ ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញ ទៅ​មក​ដើម្បី​សេចក្តីសុខ​រៀងៗ​ខ្លួន​ទេ ឬ​យ៉ាង​ណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ