អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួប​កំពូល អាស៊ី-អឺរ៉ុប លើក​ទី​១០ នៅ​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល អាស៊ី-អឺរ៉ុប លើក​ទី១០ បាន​ចាប់ផ្តើម​ហើយ នៅ​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៦​តុលា​នេះ រហូត​ដល់​ថ្ងៃ​សុក្រ​ទី១៧។ ប្រធានបទ​នៃ​ការ​ពិភាក្សា​គ្នា​ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ របស់​ជំនួប​កំពូល​នេះ​ គឺ​ផ្តោត​ទៅ​លើ ការ​ទទួល​ខុស​ត្រូវ​រួម ក្នុង​កំណើន​សេដ្ឋកិច្ច និង​វិស័យ​សន្តិសុខ។ ដោយ​ឡែក​វេទិកា នេះ​ក៏​ជា​ឱកាស​មួយ​ អនុញ្ញាត​ឲ្យ​មេ​ដឹកនាំ​ធំៗ​របស់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី ជួប​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវការ ស្តី​ពី​បញ្ហា​វិបត្តិ​ផ្សេងៗ ដែល​ចោទ​ឡើង តួយ៉ាង ដូចជា​វិបត្តិ​នៅ​អ៊ុយក្រែន​ជាដើម។

រូបថត​ផ្លូវការ​របស់​សមាជិក ជំនួប​កំពូល​អាស៊ី-អឺរ៉ុប នៅទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី ថ្ងៃ​ទី​១៦ តុលា ២០១៤
រូបថត​ផ្លូវការ​របស់​សមាជិក ជំនួប​កំពូល​អាស៊ី-អឺរ៉ុប នៅទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី ថ្ងៃ​ទី​១៦ តុលា ២០១៤
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូលអាស៊ី-អឺរ៉ុប៖

ជំនួប​កំពូល អាស៊ី-អឺរ៉ុប មិន​មែន​ជាអង្គការ​ រឺ​ស្ថាប័ន​ផ្លូវការ ដូច​ជា​សមាគមន៍​អាស៊ាន រឺ​ក៏​សហភាព​អឺរ៉ុប​ទេ វា​គ្រាន់តែ​ជា​វេទិកា​មិន​ផ្លូវការ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ពី​អឺរ៉ុប និង​អាស៊ី ជួប​ពិភាក្សា​ ផ្លាស់ប្តូរ​យោបល់​គ្នា​ប៉ុណ្ណោះ។ ជំនួប​កំពូល​អាស៊ី-អឺរ៉ុប​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​បារាំង និង​សឹង្ហបុរី នៅ​ឆ្នាំ​1996។ កាល​ពី​ដំបូង មាន​ប្រទេស​២៦ បាន​ចូលរួម​ជា​សមាជិក ហើយ​ឥឡូវ​នេះ មាន​សមាជិក​ទាំងអស់​៥១ ដែល​ក្នុង​នោះ​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ និង​សមាគមន៍​អាស៊ាន​ផ្ទាល់​តែម្តង រួម​ជាមួយ ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​ចិន ជប៉ុន​ជាដើម តំណាង​ឲ្យ​ខាង​អាស៊ី ហើយ​ផ្នែក​អឺរ៉ុប​វិញ មាន​ប្រទេស​២៧​ ជា​មាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​មិន​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ដូចជា​ន័រវែហ្ស និង​រុស្ស៊ី​ជាដើម។ វេទិកា​កំពូល​នេះ ត្រូវ​គេ​រៀបចំ​ឡើង​​ ក្នុងរវាង​២ឆ្នាំ​ម្តង ដោយ​ត្រូវ​ឆ្លាស់​គ្នា ម្តង​ធ្វើ​នៅ​ក្នុង​ប្រទេស​អាស៊ី ម្តង​ធ្វើ​នៅ​ប្រទេស​អឺរ៉ុប។

 
វេទិកា​អាស៊ី-អឺរ៉ុប​ មាន​គោលដៅ​ពិភាក្សា​គ្នា លើ​ប្រធានបទ​ទូលំ​ទូលាយ​ណាស់ ដោយ​រាប់​បញ្ចូល​ទំាង​បញ្ហា​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង អាស៊ី​និងអឺរ៉ុប ព្រមទាំង​បញ្ហា​នយោបាយ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ផងដែរ។ ប្រធានបទ​ចំបង​មួយ​ទៀត​នោះ គឺ​កិច្ច​សហ​ប្រតិបត្តិការ ផ្លាស់ប្តូរ​បទពិសោធន៍ លើ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​អប់រំ សុខា​ភិបាល វិស័យ​ការងារ​ និង​ការ​ការពារ​បរិស្ថាន​ជាដើម។

ការ​ទទួល​ខុស​ត្រូវ​រួម ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងវិស័យសន្តិសុខ៖
ជំនួបកំពូល​លើក​ទីដប់​ដែល​កំពុងតែ​ធ្វើ​ឡើង​នៅ​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី នា​ពេលនេះ ធ្វើឡើង​ក្រោម​ប្រធានបទ ស្តីពី ការ​ទទួល​ខុសត្រូវ​រួម​គ្នា ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច និង​វិស័យ​សន្តិសុខ។ មាន​ន័យ​ថា វា​មិនមែន​ផ្តោត​សំខាន់​តែ​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​នោះ​ទេ។ ការ​ទទួល​ខុសត្រូវ​រួម​គ្នា មាន​ន័យ​ថា ទាំង​អឺរ៉ុប ទាំង​អាស៊ី ត្រូវ​មាន​គោល​នយោបាយ​សេដ្ឋកិច្ច ស្មើ​ភាព​គ្នា ក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច ទាំង​សងខាង ដើម្បី​ជួយ​គ្នា លប់​បំបាត់​ភាព​ក្រីក្រ​​ បន្តិចម្តងៗ។ ដូច​យើងដឹង​ស្រាប់ ថា ប្រទេស​អាស៊ី​មួយ​ចំនួន​ធំ មាន​សេដ្ឋកិច្ច មិនទាន់​រីក​ចំរើន ហើយ​ប្រជាជន​ភាគ​ច្រើន រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច មិនមែន​មាន​ន័យ​ថា ប្រទេស​ធំៗ​គេ​មក​រកស៊ី កើប​លុយ​នៅ​ក្នុង​ប្រទេស​ក្រីក្រ ហើយ​មិន​រវីរវល់​ ទុក​ឲ្យ​ប្រជាជន​ប្រទេស​ទាំងនោះ​នៅ​តែ​ក្រវេទនា​ដដែល​នោះ​ទេ។ គឺ​គេ​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​កំណើន​សេដ្ឋកិច្ច បាន​ផ្តល់​ផល​ប្រយោជន៍​ជាក់លាក់ ទៅ​ដល់​ប្រទេស​ក្រីក្រ ពោល​គឺ​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ ឲ្យ​គ្នា​បាន​ក្រេប​ជញ្ជក់​លទ្ធផល វិជ្ជមាន​ដែល​បាន​មក​ពី ការ​វិនិយោគ​ទន់ និង​ការ​បង្កើត​ការងារ​ធ្វើ។

ទាក់ទង​ទៅនឹង​វិស័យ​សន្តិសុខ​វិញ វា​សំខាន់​ណាស់​ដើម្បី​ធានា​បាន​នូវ និរន្តរភាព​នៃ​ការ​អភិវឌ្ឍន៍។ សន្តិសុខ​នេះ មិនមែន​សំដៅ​តែ​ទៅ​លើ សន្តិសុខ​ផ្លូវ​កាយ ថា​មាន​ចោរ​រឺ​អត់​នោះ​ទេ​ភារី។ សន្តិសុខ​ក្តោប​ទាំង​អស់ ទាំង​សុវត្ថិភាព​​ទូទៅ​ទាក់ទិន​ទៅនឹង​សន្តិសុខ​ប្រចាំ​ថ្ងៃ និង​ការ​កាត់​បន្ថយ​បទ​ឧក្រិដ្ឋ​ផ្សេងៗ​ក្នុង​សង្គម​ ប៉ុន្តែ​ ​វា ក៍​សំដៅ​ទៅលើ​សន្តិសុខ ផ្នែក​ចំណី​អាហារ ការ​គោរព​ច្បាប់ និង​ការ​ការពារ​ជាតិ​ជាដើម។ គោលដៅ នៃ​ជំនួប​កំពូល​លើក​នេះ គឺ​ចង់​ឲ្យ​ប្រទេស​ទាំងអស់ ទាំង​អាស៊ី ទាំង​អឺរ៉ុប ត្រូវ​ចេះ​ជួយគ្នា កុំ​សម្លឹង​ឃើញ​តែ​ផល​ប្រយោជន៍​​សេដ្ឋកិច្ច​ តែ​រៀងៗ​ខ្លួន។

វិបត្តិ​នៅ​អ៊ុយក្រែន៖ ប្រធានបទ​មិន​ផ្លូវការ តែ​មាន​ការ​ចាប់​អារម្មណ៍ខ្ពស់
ថ្វី​ត្បិត​តែ​មាន​ប្រធានបទ​ពិភាក្សា​ដោយ​ឡែក ដែល​នឹង​ត្រូវ​លើក​មក​ពិភាក្សា​ ក្នុង​ជំនួប​កំពូល​​លើក​នេះ ក៏​ប៉ុន្តែ អ្វី​ដែល​គេ​កំពុង​តែ​រង​ចាំ​តាម​ដាន​នោះ គឺ​ជំនួប​ក្រៅ​ផ្លូវការ​រវាង ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​អ៊ុយក្រែន នៅ​ព្រឹក​ថ្ងៃ​ ទី​១៧​តុលា ទាក់ទិន​ទៅនឹង​ការ​ស្វែងរក​ដំណោះ​ស្រាយ ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ដែល​បាន​អូស​បន្លាយ​ជា​យូរ​មក​ហើយ។

សូម​បញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះ ថ្វីត្បិត​តែ​មាន​ការ​ព្រមព្រៀង​បណ្តោះ​អាសន្ន​ដាក់​អាវុធ​ចុះ ក៏​ប៉ុន្តែ​គេ​នៅ​តែ​ឃើញ​មាន​ការ​បាញ់ផ្លោង​ទៅវិញ​ទៅមក​រវាង ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​និយម​រុស្ស៊ី និង​កង​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន​ដដែល។ លោក​ពូទីន ក៏​នឹង​ជួប​ជាមួយ​លោកស្រី អង់ហ្គេឡា មែគែល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ផង​ដែរ។ ប៉ុន្តែ​​​បើ​តាម ការ​វិភាគ មួយ​ចំនួន គេ​មិនសូវ​ជា​សង្ឃឹម​ថា ជំនូប​ក្រៅ​ផ្លូវការ​នេះ នឹង​ផ្តល់​លទ្ធផល​ជា​ដុំកំភួន​អី​ទេ។ គ្មាន​នរណា​ជឿថា ការ​ដែល​លោក​ពូទីន​ព្រម​មក​ជួប​ជាមួយ​លោក​ប៉ូរូឆិនកូ នឹង​មាន​ន័យ​ថា​ រុស្ស៊ី​ព្រម​បន្ទន់​ឥរិយាបថ ដក​ទ័ព​ចេញ​ពី​អ៊ុយក្រែន​នោះ​ទេ។ គ្រប់គ្នា​យល់​ថា លោក​ពូទីន​ធ្វើ​ជាល្អ​យក​តែ​មុខ​ប៉ុណ្ណោះ ព្រោះ​ថា នៅ​ឯ​អ៊ុយក្រែន​ឯណោះ ទាហាន​រុស្ស៊ី នៅ​ពេញ​ដដែល។

មុន​នេះ​មួយថ្ងែ លោក​ចន ឃែរី ប្រមុខ​ការទូត​អាមេរិក បាន​មក​បារាំង ហើយ​បាន​ឆ្លៀត​ពិភាក្សា​គ្នា ទាក់ទិន​ទៅ​នឹង​ ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​លើ​រុស្ស៊ី។ ទាំង​បារាំង​ទាំង​អាមេរិក ព្រម​គ្នា ថា​ក្នុង​ពេល​នេះ គេ​មិន​ទាន់​អាច​ដក​ទណ្ឌកម្ម​បាន​ទេ ព្រោះ​រុស្ស៊ី​នៅ​មិនទាន់​បង្ហាញ​ឲ្យ​ឃើញ ពី​ភាព​ស្មោះស​របស់​ខ្លួន​ ក្នុង​ការ​បញ្ចប់​វិបត្តិ​នៅ​អ៊ុយក្រែន​នៅ​ឡើយ​។ ថ្នាក់ដឹកនាំ អឺរ៉ុបខ្លះ មិន​ទាំង​ចង់ ឲ្យ​លោក​ពូទីន មក​ចូលរួម​ជំនួប​កំពូល​នេះ​ផង។

សូមប​ញ្ជាក់​ផង​ដែរ​​ថា ក្រៅតែ​ពី​វិបត្តិ​នៅអ៊ុ​យក្រែន  វិបត្តិ​នៅ​ក្នុង​ឈូង​សមុទ្រ​ចិន​ខាងត្បូង​ ក៏​អាច​ជា​ចំណុច​រសើប​ផង​ដែរ ព្រោះ​ថា បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន ដូច​ជា​ជប៉ុន វៀតណាម និង​ហ្វីលីពីន មើល​មុខគ្នាមិនត្រង់​ជាមួយ​នឹង​ចិន។ មួយ​វិញ​ទៀត ជំនួប​កំពូល​អាស៊ី-អឺរ៉ុប​លើក​នេះ បាន​អនុញ្ញាត​ឲ្យ លោក​ប្រាយុទ្ធ ចន្ទអូចារ បាន​ចេញមុខ​លើ​ឆាក​អន្តរជាតិ​ជា​លើក​ទីមួយ​ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ថៃ បន្ទាប់​ពី​គាត់​បាន​ធ្វើ​រដ្ឋប្រហារ​យោធា កាល​ពី​ខែ​ឧសភា​កន្លង​ទៅ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ