អានតួអត្ថបទ

បាតុករ​ស៊ូដង់​បដិសេធ​មិនព្រម​ចរចា​ក្រោយ​ការបង្ក្រាប​ហិង្សា​ពីសំណាក់​ពួកយោធា​

មេដឹកនាំបាតុករស៊ូដង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការបដិសេធ ចំពោះការបើកទ្វារចរចា ដែលផ្តល់ដោយពួកយោធា។ ក្រុមបាតុករ ថាមិនចង់ចរចាទៀតនោះឡើយ តែអ្វីដែលពួកគេត្រូវការនាខណៈនេះ គឺយុត្តិធម៌ ចំពោះការស្លាប់របស់មនុស្សជាច្រើននាក់ ដែលបង្កឡើងដោយប្រតិបត្តិការបង្ក្រាបយ៉ាងហិង្សា ពីសំណាក់ក្រុមកងទ័ព កាលពីដើមសប្តាហ៍នេះ។

បាតុករស៊ូងដង់ម្នាក់ឈរកាន់ទង់ជាតិ ក្នុងពេលតវ៉ាឲ្យក្រុមយោធាប្រគល់អំណាចគ្រប់គ្រងប្រទេសទៅឲ្យក្រុមស៊ីវិលវិញ នាថ្ងៃទី៥ មិថុនា ឆ្នាំ២០១៩។
បាតុករស៊ូងដង់ម្នាក់ឈរកាន់ទង់ជាតិ ក្នុងពេលតវ៉ាឲ្យក្រុមយោធាប្រគល់អំណាចគ្រប់គ្រងប្រទេសទៅឲ្យក្រុមស៊ីវិលវិញ នាថ្ងៃទី៥ មិថុនា ឆ្នាំ២០១៩។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបបានបញ្ចប់ និងបាននាំយកទៅជីវិតបាតុករស៊ូដង់ប្រមាណជា ១០៨ នាក់រួចមក ក្រុមប្រឹក្សាយោធាស៊ូដង់ បានប្រកាសបើកទ្វារចរចា ជាមួយក្រុមអ្នកប្រឆាំង។ តែទោះជាយ៉ាងនេះក្តី ភ្លាមៗនោះ មេដឹកនាំបាតុកម្ម បានចេញមុខបដិសេធមិនព្រមចូលតុចរចា ជាដាច់ខាត ដោយសារពួកគេខឹងសម្បា ចំពោះការបង្ក្រាបយ៉ាងចាស់ដៃ របស់ពួកកងទ័ព។

គួរជម្រាបជូនថា បើតាមការណ៍ឲ្យដឹងពី គណៈកម្មាធិការកណ្តាលរបស់ក្រុមគ្រូពេទ្រស៊ូដង់ ដែលស្និទ្ធនឹងក្រុមបាតុករ រហូតមកដល់ពេលនេះ ចំនួនមនុស្សស្លាប់ បានកើនឡើងរហូតដល់ចំនួនប្រមាណជា ១០៨ នាក់ហើយ ចំណែកជនរងគ្រោះវិញមានចំនួនច្រើនជាង ៥០០ នាក់ឯណោះ។ តួលេខនេះ ខុសគ្នានឹងតួលេខដែលចេញដោយក្រសួងសុខាភិបាលស៊ូដង់ ដែលថាចំនួនបាតុករស្លាប់ គឺមិនលើសពី ៤៦ នាក់ឡើយ។

គួរគូសបញ្ជាក់ជូនថា ស្ថានការណ៍នយោបាយនៅក្នុងប្រទេសស៊ូដង់ កំពុងស្ថិតក្នុងភាពទាល់ច្រកខ្លាំង ម្យ៉ាងដោយសារតំណាងបាតុករមិនព្រមចូលតុចរចា ជាមួយពួកយោធា។​​ម្យ៉ាងទៀត ដោយសារតែក្រុមប្រឹក្សាសន្តិសុខអ.ស.ប មិនអាចចូលខ្លួនជួយដោះស្រាយវិបត្តិក្នុងប្រទេសស៊ូដង់នាខណៈនេះបាន ដោយសារមានការប្រឆាំងជំទាស់ ពីសំណាក់ប្រទេសចិន និងរុស្ស៊ី។

ជាមួយគ្នានេះផងដែរ គេនៅមិនទាន់បានឃើញ ប្រធានក្រុមប្រឹក្សាយោធាដែលជាបុរសខ្លាំងស៊ូដង់ គឺលោកឧត្តមសេនីយន៍​អាប់ឌែល ហ្វាតា អាល់ប៊ូរ៉ាន មានប្រតិកម្មតបតយ៉ាងណាទៅនឹង ការទាមទាររកយុត្តិធម៌ និងការបដិសេដមិនព្រមចរចារបស់តំណាងបាតុករឡើយ។

ដោយឡែក អ្នកនាំពាក្យរបស់សមាគមវិជ្ជាជីវៈស៊ូដង់ លោក Amjad Farid បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ប្រជាជនស៊ូដង់ មិនព្រមជាដាច់ ក្នុងការចរចា ជាមួយពួកកងទ័ព ដែលបានសម្លាប់ប្រជាជនស្លូតត្រង់។ លោកបន្តឲ្យដឹងទៀតថា ក្រុមបាតុការយល់ព្រមជួបចរចាគ្នា ល្គឹកណាតែយុត្តិធម៌ត្រូវបានប្រគល់ជូនជនរងគ្រោះ ហើយពួកកងទ័ពព្រមទទួលកំហុសដែលខ្លួនបានប្រព្រឹត្ត ក្នុងហេតុការណ៍បង្ក្រាបយ៉ាងឃោរឃៅ នាពេលកន្លងមកថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ