អានតួអត្ថបទ
អាហ្វ្រិក​-ទឹកជំនន់

អាហ្វ្រិកខាងកើតរងគ្រោះទឹកជំនន់ទឹកភ្លៀងមរណៈ ស្លាប់ជា​ច្រើន​នាក់

ទ្វីប​អាហ្វ្រិក​ល្បី​ខាង​ក្តៅ និង​ហួត​ហែង​ខ្លាំង តែបន្ថែម​ដោយ​បាតុភូត​អែលនីញ៉ូ ​រដូវ​វស្សា​ឆ្នាំ​នេះមាន​លក្ខណៈ​​កំណាច និង​មរណៈ​ណាស់​សម្រាប់​តំបន់​អាហ្វ្រិក​ខាង​កើត។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៥៥​នាក់ នៅ​ប្រទេស​តង់សានី ១៣នាក់​​នៅកេនយ៉ា គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​មេសា២០២៤។ អាជ្ញាធរ​បានជម្លៀស​ប្រជាជន​ជាង​៩​ម៉ឺន​នាក់នៅ​ប៊ូរុនឌី និង​ជាង​មួយ​លាន​​នាក់​នៅ​សូម៉ាលី។

ទឹក​ជំនន់​នៅកេនយ៉ា
ទឹក​ជំនន់​នៅកេនយ៉ា © Monicah Mwangi / REUTERS
ផ្សាយពាណិជ្ជកម្ម

ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ទឹក​ភ្លៀង​ និង​ការ​ហូរ​បាក់​ដី បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​១៥៥​នាក់  របួស​២៣៦នាក់​​ និង​ខូច​ខាត​ផ្ទះ​សម្បែង​ជាង​១ម៉ឺន​ខ្នង​។ ជា​សរុប​មាន​ពលរដ្ឋ​ជាង​៥១០០​គ្រួសារ ត្រូវ​ជា​​ជាង​ពីរសែននាក់ បានក្លាយ​ជា​ជន​រងគ្រោះ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់លោក​នាយករដ្ឋមន្ត្រី​តង់សានី ​នៅ​ចំពោះ​មុខ​សភា​ នា​ថ្ងៃ​ព្រហស្បតិ៍ទី ២៥​មេសា​២០២៤ ដោយ​មិន​បាន​លម្អិត​អំពី​ពេល​ម៉ោង​និង​លក្ខខណ្ឌ​នៃ​ការ​ស្លាប់​របស់​ជន​រងគ្រោះ​ទេ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ​ កេនយ៉ាជា​​ប្រទេស​ជិត​ខាង ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាសអាសន្ន​ដែរ។ ប្រធានាធិបតី​បាន​ចេញ​មុខ​ដឹកនាំ​ជំនួប​ប្រជុំ​សម្របសម្រួល​ប្រតិបត្តិការសង្គ្រោះ​។ អាជ្ញាធរ​បាន​ចេ​ញ​សារព្រមាន​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន ព្រោះ​ព្យុះ​ភ្លៀងរដូវ​វស្សា​បន្ត​ធ្លាក់​ខ្លាំង​ខុស​ប្រក្រតី​រហូត​ដល់​សប្តាហ៍​ក្រោយ។ ពេល​​ទឹក​ជំនន់​ទឹក​ភ្លៀង​កំពុង​ញាំញី​រដ្ឋ​ធានីមួយភាគ​ធំ​ ហើយ​អាជ្ញាធរ​កំពុង​រាប់​ចំនួន​មនុស្ស​ស្លាប់និង​បាត់​ខ្លួន។ តុល្យការ​បណ្តោះ​អាសន្ន មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១៣នាក់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍នេះ។ កាលពីដើម​រដូវ​វស្សា នា​​ខែ​មីនា​កន្លង​ទៅ កេនយ៉ា​បាន​រងគ្រោះ​ទឹក​ជំនន់​មរណៈ​ម្តង​ហើយ ដោយ​មាន​ស្លាប់​យ៉ាង​ហោចណាស់៣២​នាក់ និង​ជាង​បួន​ម៉ឺន​គ្រួត្រូវ​ធ្វើ​បំលាស់​ទី។ នេះបើ​តាម​ភ្នាក់ងារ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ។​

ប្រទេស​ក្នុង​តំបន់​ជា​ច្រើន​ផ្សេង​ទៀត ក៏​កំពុង​រង​សម្ពាធ​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ទម្លាប់ដែរ មាន​ជាអាទិ៍ ប៊ូរុនឌី ដែល​បាន​ជម្លៀស​ប្រជាជនជាង​៩៦០០០នាក់​។ រីឯ​​​សូម៉ាលីវិញ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៤នាក់ ដោយ​ជំនន់​ជន់​ឡើង​ជា​គំហុក​ទាន់​ហន់​ពេក កាលពី​សប្តាហ៍​មុន និង​ជម្លៀស​ប្រជាជន​ជាង​មួយ​លាន​នាក់។ ជា​តួលេខ​សរុប​ក្នុង​តំបន់ រដូវ​វស្សា​ឆ្នាំនេះ​បាន​សម្លាប់​មនុស្ស​អស់​ជាង​៣០០នាក់​ហើយ។

បើតាមអង្គការ​ឧតុនិយមពិភពលោក ​រដូវវស្សា​នៅ​អាហ្វ្រិក​ខាង​កើត​ឆ្នាំ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ឥតដាច់មិន​ធ្លាប់​មាន​ បង្ក​ឡើង​ដោយ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ ដែល​ចាប់​ផ្តើម​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​២០២៣ ហើយ​អាច​អូស​បន្លាយ​រហូត​ដល់​ខែ​ឧសភា​២០២៤​នេះ​។ បាតុភូត​នេះ​ធ្វើ​ឱ្យ​តំបន់​ខ្លះ​ឡើង​ក្តៅ​ខ្លាំង​ចម្លែក និង​ មានភ្លៀង​ធ្លាក់​ជ្រុល នៅ​មួយ​ផ្នែក​ទៀត​នៃ​ផែនដី។ បាតុភូត​អែលនីញ៉ូ​លើក​មុន ដែល​លេច​ឡើង​នៅ​ខែ​តុលា​ឆ្នាំ​១៩៩៧ដល់​ខែ​មករា​១៩៩៨ បាន​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំង​ហួសហេតុ ​ ស្លាប់​មនុស្ស​អស់​ជាង​៦ពាន់​នាក់​ក្នុង​៥​ប្រទេស​​​នៃ​ទ្វីប​​អាហ្វ្រិក​ខាង​កើតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ