អានតួអត្ថបទ
កម្ពុជា

អាស៊ាន​​បបួល​ចិន​អោយ​ចាប់​ផ្តើម​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​

ក្រោយ​ពី​​បាន​​លើក​​ពេល​​ជំនួប​​ម្តង​​កាល​ពី​​ពេល​​ព្រឹក​និង​​ការ​​ពន្យារ​​ពេល​​នៃ​​កិច្ច​​ប្រជុំ​​រហូត​​ដល់​​ល្ងាច​​ថ្ងៃ​​ពុធ​​នេះ ​កិច្ច​ប្រជុំ​​អាស៊ាន​​ចិន​​បាន​​ចាប់ផ្តើម។​ រដ្ឋមន្ត្រី​​ការបរទេស​​វៀតណាម​ និង​​រដ្ឋមន្ត្រី​ការ​បរទេស​​ចិន​​គឺ​​ជា​​សហប្រធាន​​នៃ​​កិច្ច​​ប្រជុំ​​នេះ។​ នៅ​​ក្នុង​​សុន្ទរកថា​​បើក​​កិច្ច​ប្រជុំ​ រដ្ឋមន្ត្រី​​ការ​បរទេស​​វៀតណាម ​​បាន​​ហៅ​​ភាគី​​អោយ​​ចាប់​​ផ្តើម​​ជជែក​​អំពី​​ការ​​បង្កើត​​ក្រម​ប្រតិបត្តិ​​ស្តី​ពី​​សមុទ្រ​​ចិន​​ខាង​​ត្បូង។

កិច្ចប្រជុំអាស៊ានចិនបានចាប់ផ្តើមហើយ​នៅថ្ងៃពុធ១១កក្កដាព្រឹកមិញនៅភ្នំពេញ
កិច្ចប្រជុំអាស៊ានចិនបានចាប់ផ្តើមហើយ​នៅថ្ងៃពុធ១១កក្កដាព្រឹកមិញនៅភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​គគុក​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ពេល​នេះ។ ជា​ប្រធាន​បទសំខាន់​សម្រាប់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដោយ​សារ​តែ​សមាជិក​៤​របស់​ខ្លួន​រួមមាន​វៀតណាម ហ្វីលីពីន ប្រ៊ុយនេ និង​ម៉ាឡេស៊ី​កំពុង​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន ហើយ​អាស៊ាន​កំពុង​រួមគ្នា​ចងក្រង​សេចក្តីព្រាង​ក្រមប្រតិបត្តិ​មួយ​ដើម្បី​អោយ​មាន​កំលាំង​ខ្លាំង​ទៅ​ជជែក​ជាមួយ​ដៃគូ​ជម្លោះ​គឺ​មហាអំណាច​ចិន។

វា​ក៏​ជា​ប្រធាន​សំខាន់​សម្រាប់​ចិន​ដែរ ក្នុង​ន័យ​ថា​ចិន​មិន​ចង់​មាន​របៀបវារៈ​នេះ​ត្រូវ​ជជែក​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ក្របខណ្ឌ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​នោះ​ឡើយ។ ជាក់ស្តែងពី​ទីក្រុង​ប៉េកាំង​ម្សិល​មិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ព្រមាន​អាស៊ានមិន​ឲ្យ​​អាស៊ាន​លើក​យក​​បញ្ហា​​​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ទៅ​ដាក់​ក្នុង​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​ឡើយ។

នៅ​​​ក្នុង​ថ្ងៃ​ពុធ​នេះ ក្នុង​ចំណោម​កិច្ច​ប្រជុំ​រវាង​អាស៊ាន​និង​ដៃគូរក៏​មាន​ដែរ​កិច្ច​ប្រជុំ​អាស៊ាន​ចិន។ ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​លើក​ពេល ពី​ពេល​ព្រឹក​មក​ពេល​ល្ងាច​នេះ​វិញ។ថ្លែង​​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​អាស៊ាន​ចិន ដែល​ដឹកនាំ​ដោយ​សហប្រធាន​ជា​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម និង​ចិន រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម​ក្នុង​នាម​អាស៊ាន ​បាន​បបួល​ភាគី​ចិន​អោយ​ជជែក​អំពី​ ក្រម​ប្រតិបត្តិ​​សមុទ្រ​ចិន​ខាងត្បូង​នេះ។ ក្នុង​ចំណោម​ប្រធាន​បទ​ដែល​ទាក់ទង​នឹង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​រវាង​អាស៊ាន​និង​ចិន រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​និយាយ​ថាយើង​សង្ឃឹម​​ថា​នឹង​អាច​ចាប់​ផ្តើម​ការ​ពិភាក្សា​ជា​ផ្លូវការ​អំពី​ការ​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង។​ភាគី​​ចិន​វិញ​ដែល​តំណាង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​លោក យ៉ាង ជាឈីនៅក្នុង​សុន្ទរកថា​របស់​​ខ្លួន​ចិន​មិន​បាន​លើកឡើង​មួយ​ម៉ាត់​អំពី​បញ្ហា​ក្រម​ប្រតិបត្តិ​នេះ​ឡើយ។

សូម​រម្លឹកថា នៅ​ពេល​ដែល​អាស៊ាន​កំពុង​រួមគ្នា​បង្កើត​ក្រម​ប្រតិបត្តិ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​​ខាង​ត្បូង​នេះ ចិន​បាន​បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​​ដែល​ជម្លោះ​ជាមួយ​ចិន។ ហើយ​ចិន​ក៏​មិន​ចង់​អោយ​អាស៊ាន​យក​ប្រធានបទ​នេះ ទៅ​ជជែក​នៅ​ក្នុង​វេទិកា​តំបន់​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នោះ ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​ចិន​បាន​និយាយ​កាល​ថ្ងៃ​ម្សិលមិញ​ថាវេទិកា​តំបន់​អាស៊ានគឺ​ជា​វេទិកា​សំខាន់​សម្រាប់​​ការ​ជជែក​អំពី​ការ​ពង្រឹង​សហប្រតិបត្តិការ និង​ការ​កសាង​ការ​ជឿទុកចិត្ត​គ្នា​រវាង​ភាគី។ ប៉ុន្តែ​វា​មិនមែនជា​កន្លែង​ត្រឹមត្រូវ​ដែល​ត្រូវ​និយាយ​អំពី​បញ្ហា​សមុទ្រ​ ចិន​ខាង​ត្បូង​​នោះទេ។
ចិននៅតែបង្ហាញជំហរតឹងរ៉ឹង​លើ​ការ​បង្កើត​សេចក្តីព្រាង​ក្រមប្រតិបត្តិ​ដែលស្នើឡើងដោយ​អាស៊ាន។ នៅ​ក្រោយ​កិច្ច​ប្រជុំអាស៊ាន​ចិននៅល្ងាចថ្ងៃពុធនេះ អនុរដ្ឋ​មន្ត្រី​ការបរទេស​ចិន​លោក​ស្រី ហ្វ៊ូ យីង បានប្រាប់អ្នកកាសែតថា ចិន​ចង់​ពិចារណា​ដោយ​ម៉ត់ចត់​ទៅលើ​សំណើ​របស់​អាស៊ាន ដើម្បី​មើល​ពីលទ្ធភាព​នៃការ​ពិភាក្សា​លើ​ក្រមប្រតិបត្តិនេះ។​ លោកស្រី​ បន្ត​ទៀត​ថា រដ្ឋមន្ត្រី​ការបរទេសចិន ចង់​យកចិត្តទុកដាក់​លើបញ្ហានេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​លក្ខខណ្ឌ​ល្អ​សម្រាប់​ការពិភាក្សានៅពេលអនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ