អានតួអត្ថបទ
អាស៊ាន

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹងពិភាក្សា​អំពី​សមុទ្រចិន​ខាងត្បូង​

ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​នឹង​ក្លាយជា​របៀបវារៈ​សំខាន់​មួយ​ក្នុងចំណោម​របៀប​វារៈ​ផ្សេងៗ​ទៀត​ដែល​នឹងត្រូវ​គេ​លើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​ដែល​នឹង​ផ្តើម​បើក​ធ្វើជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។​ ក្រម​ប្រតិបត្តិ​នេះ​ដែល​ត្រូវបាន​តាក់តែងឡើង​សម្រាប់​ដោះស្រាយ​ជម្លោះ​ដ៏​តឹងតែង​រវាង​ចិន​និង​សមាជិក​អាស៊ាន​មួយ​ចំនួន​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​ឧត្តម​មន្ត្រី​អាស៊ាន​ឯកភាព​គ្នា​រួចរាល់​ហើយ​ដើម្បី​ដាក់ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិនិត្យ។

កិច្ចប្រជុំ​​រដ្ឋមន្ត្រី​​ការបរទេស​​អាស៊ាន​​នឹង​ពិភាក្សា​​អំពី​​សមុទ្រចិន​​ខាងត្បូង​​
កិច្ចប្រជុំ​​រដ្ឋមន្ត្រី​​ការបរទេស​​អាស៊ាន​​នឹង​ពិភាក្សា​​អំពី​​សមុទ្រចិន​​ខាងត្បូង​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង, COC ( Code of Conducts in the South China Sea )  ត្រូវបាន​ឧត្តម​មន្ត្រី​អាស៊ាន​ពិភាក្សា ​និង​ឯកភាព​គ្នា​ផ្ទៃក្នុង​រួចរាល់​ហើយ​នៅ​ចុង​សប្តាហ៍​នេះ។​ សេចក្តីព្រាង​នេះ​នឹងត្រូវ​ដាក់ជូន​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ចន្ទ​ស្អែក។ ​នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់​លោកស្រី សឿង ​រដ្ឋ​ចាវី​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​នៅក្នុង​សន្និសីទ​កាសែត​នៅ​ព្រលប់​ថ្ងៃទី​៧កក្កដា​ម្សិលមិញ។

 
ឧត្តម​មន្ត្រី​អាស៊ាន​ក៏បាន​លើកយក​សេចក្តី​ព្រាង​ក្រម​ប្រតិបត្តិ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ចិន​ជា​លក្ខណៈ​ក្រៅផ្លូវការ​រួចហើយ​ដែរ​នៅ​ថ្ងៃអាទិត្យ​នេះ។​ យ៉ាងណា​ក៏ដោយ ​សេចក្តី​លម្អិត​ស្តីពី​ខ្លឹមសារ​នៃ​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​នោះ​មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​នៅឡើយ​ទេ។

ប្រទេស​ចិន ​និង​សមាជិក​អាស៊ាន​ចំនួន៤​គឺ​ វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី ​និង​ប្រ៊ុយណេ ​មាន​ជម្លោះ​ដែន​កោះ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​មហាយក្ស​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ​សំណុំរឿង​ដ៏​ស្មុគស្មាញ​នេះ​ត្រូវបាន​ទីក្រុង​ប៉េកាំង​យល់ព្រម​លើកយក​មក​ដោះស្រាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​នៅ​ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើជា​ប្រធាន​សមាគម​មួយ​តំបន់​នេះ។ ​ក្រម​ប្រតិបត្តិ​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិភាក្សា​នៅ​ដើម​សប្តាហ៍​ក្រោយ​គឺជា​ឯកសារ​ដ៏​សំខាន់​ដែល​កំណត់​ពី​យន្តការ​និង​នីតិ​វិធី​ក្នុងការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ ​បន្ទាប់ពី​ការអនុម័ត​ជា​ផ្លូវការ​ពី​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ក្រម​នេះ​នឹងត្រូវ​អាស៊ាន​លើក​យកទៅ​ពិភាក្សា​ជាមួយ​ភាគី​ចិន។

គួរ​បញ្ជាក់ថា​ ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ​រហូតដល់​ថ្ងៃទី​១៣កក្កដា ​ប្រទេស​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ជាច្រើន​ដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី៤៥ ​វេទិកា​តំបន់​អាស៊ាន​លើក​ទី១៩ ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី​បូព៌ា​លើក​ទី២,​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរទេស​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​ និង​កិច្ចប្រជុំ​ជាច្រើន​ផ្សេងទៀត។

ក្រៅពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ នៅមាន​បញ្ហា​អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ​មួយទៀត​ដែល​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​ពិភាក្សា។​ បញ្ហា​សំខាន់ៗ​ក្នុងតំបន់​ទាំងនេះ​បានក្លាយ​ជា​ប្រធានបទ​នៃ​ការ​តាមដាន​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកកាសែត​ជាតិ​ និង​អន្តរជាតិ​ចំនួន ជាង​១០០០នាក់​ដែល​នឹង​ចូលរួម​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ