អានតួអត្ថបទ
កេនយ៉ា

តុលាការ​កំពូល​ប្រកាស​លុបចោល លទ្ធផល​ឆ្នោត​ប្រធានាធិបតី​នៅ​កេនយ៉ា

តុលាការ​កំពូល​របស់​ប្រទេស​កេនយ៉ា​នៅ​ថ្ងៃ​សុក្រ​ទី ១​កញ្ញា បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​មួយ ដោយ​បាន​សម្រេច លុបចោល លទ្ធផល​បោះឆ្នោត ប្រធានាធិបតី ដែល​បាន​ផ្តល់​ជ័យជំនះ​ទៅ​ឲ្យ​ប្រធានាធិបតី​ផុតអាណត្តិ គឺ​លោក​យូរូ កេនយ៉ាតា។ ក្រុមប្រឆាំង​កេនយ៉ា​បាន​ស្វាគម​ការសម្រេច​របស់​ចៅក្រម​តុលាការ​កំពូល។ បក្ស​កាន់​អំណាច​បាន​រិះគន់​ការសម្រេច​របស់​តុលាការ​កំពូល​ថា មាន​លក្ខណៈ​នយោបាយ ប៉ុន្តែ សន្យា​ថា នឹង​ទទួល​ធ្វើតាម​ការសម្រេច​របស់​ស្ថាប័ន​ច្បាប់​កំពូល​របស់​ប្រទេស។

ចៅក្រម​របស់​តុលាការ​កំពូល​កេនយ៉ា នៅថ្ងៃទី ២៨​សីហា ២០១៧
ចៅក្រម​របស់​តុលាការ​កំពូល​កេនយ៉ា នៅថ្ងៃទី ២៨​សីហា ២០១៧ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

តុលាការ​កំពូល​កេនយ៉ា​បាន​ប្រកាស ចាត់ទុក ជ័យជំនះ​របស់​លោកយូរូ កេនយ៉ាតា ប្រធានាធិបតី អស់​អាណត្តិ ថា ជាមោឃៈ ក្នុង​ហេតុផល​ថា ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃទី ៨​សីហា​កន្លងទៅ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​មិន​សមស្រប ទៅ​តាម​រដ្ឋធម្មនុញ្ញ។ នៅ នេះ​ជា​លើក​ទី១ ក្នុង​ប្រវត្តិសាស្រ្ត​អាហ្រ្វិក និងនៅ​កេនយ៉ា ដែល​តុលាការ​កំពូល​សម្រេច​លុបចោល លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី

ក្នុង​សេចក្តី​សម្រេច នៅថ្ងៃ​សុក្រ នេះ ចៅក្រម​របស់​តុលាការ​កំពូល​កេនយ៉ា​លើកឡើង​ថា ចៅក្រម​យល់ស្រប​នឹង​ការលើកឡើង​ដែល​ថា មាន​ភាពខុសច្បាប់ និង​ភាព​មិន​ប្រក្រតីការបាន​កើតឡើង បោះឆ្នោត​ប្រធានាធិបតី​ កន្លងមក។ ជាលទ្ធផល តុលាការ​បាន​សម្រេច​ចាត់ទុក​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៨​សីហា ជាមោឃៈ និង​បាន​បញ្ជា​ឲ្យគណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ជាតិ កេនយ៉ា ​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី មួយទៀត នៅ​ក្នុង​រយៈពេល យ៉ាងយូរ ៦០​ថ្ងៃ ចាប់ពី​ថ្ងៃ​ប្រកាស​សាលក្រម​របស់​តុលាការ។

នៅក្នុង​ការសម្រេច​របស់ខ្លួន ចៅក្រម​តុលាការ​កំពូល​បាន​ស្តីបន្ទោស ផងដែរ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ជាតិ​កេនយ៉ា ដែល​បាន​បរាជ័យ ធ្វេសប្រហែស និង​បដិសេធ​មិន​ព្រម​រៀបចំ​ការបោះឆ្នោត ឲ្យ​សមស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។

មេដឹកនាំ​បក្សប្រឆាំង លោក រ៉ៃឡា អូឌីហ្គា បាន​ត្រេកអ ស្វាគម​ការសម្រេច​របស់​តុលាការកំពូល ប៉ុន្តែ លោកអះអាងថា លោក​គ្មាន​ជំនឿ​ លើ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ជាតិ​តទៅ​ទៀត​នោះ​ទេ។ តាំង​ពីនៅមុន​ប្រកាស​លទ្ធផល​បោះឆ្នោត ដែល​បាន​ផ្តល់ជ័យជំនះ ទៅ​ឲ្យ​ប្រធានាធិបតី​ផុតអាណត្តិ គឺលោក​យូរូ កេនយ៉ាតា គណបក្ស​ប្រឆាំង​បាន​បរិហារ​រិះគន់​ពី​ភាពមិប្រក្រតី និង​ការលួចបន្លំ​សន្លឹកឆ្នោត ដើម្បី​ជ័យជំនះ​របស់​បក្ស​កាន់អំណាច។

តាម​លទ្ធផល​បោះឆ្នោត ប្រកាស​នៅ​ថ្ងៃទី ១១​សីហា លោក​ប្រធានាធិបតី​អស់​អាណត្តិ យូរូ កេនយ៉ាតា​ទទួល​ជ័យជំនះ ជាមួយ​នឹង​សំឡេង គាំទ្រ ៥៤,​៧២% គឺ​ច្រើន​ជាង​ មេដឹកនាំ​បក្ស​ប្រឆាំង តែ​ជាង ១លាន​សំឡេង​តែប៉ុណ្ណោះ។ លោក រ៉ៃឡា អូឌីហ្គា​ដែល​ដឹកនាំ​បក្ស​ប្រឆាំង​រហូតមក ត្រូវ​បាន​បក្ស និង​សហគមន៍​អន្តរជាតិ​លើក​ទឹកចិត្ត ឲ្យ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ជាជាង ដឹកនាំ​មនុស្ស​ឲ្យ​ធ្វើ​បាតុកម្ម ហិង្សា ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។ នៅក្រោយ ការប្រកាស​លទ្ធផលឆ្នោត បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ជ័យជំនះ របស់​លោក​កេនយ៉ាតា បាន​សម្លាប់​មនុស្ស ២១​នាក់។ កេនយ៉ា នៅតែ​ជាប់ស្នាម​ជានិច្ច អំពើហិង្សា​នៅក្រោយ​ថ្ងៃ​បោះឆ្នោត នៅ​ឆ្នាំ ២០០៨ ដែល​កាលណោះ បាន​សម្លាប់​មនុស្ស ជាង​១ពាន់​នាក់ និង​មនុស្ស​ជាង ៦សែន​នាក់​ត្រូវ​ផ្លាស់ទី ដោយសារ​អំពើហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ