OMS ប្រកាសកម្រិតអាសន្ននៃការឆ្លងមេរោគអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៣
នៅថ្ងៃព្រហស្បតិ៍ទី១៨កក្កដានេះ អង្គការសុខភាពពិភពលោក បានសម្រេចប្រកាសដាក់កម្រិតអាសន្នពិភពលោក នៃជម្ងឺឆ្លងអេបូឡា ដែលកំពុងតែយាយី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសមួយចំនួន ដែលនៅជាប់ព្រំដែន។ ការឆ្លងរាលដាលនៃមេរោគហេបូឡា នៅក្នុងតំបន់នេះ ត្រូវបានអ្នកជំនាញសុខាភិបាល ជួបនូវការលំបាកជាខ្លាំង ក្នុងការធ្វើយុទ្ធនាការទប់ស្កាត់ ដោយសារតែមានក្រុមប្រដាប់អាវុធ ធ្វើសកម្មភាពហិង្សា ព្រមទាំងកត្តាខ្វះការយល់ដឹង ពីប្រជាជន។ តើការប្រកាសកម្រិតអាសន្ន នៃជំងឺឆ្លងអេបូឡា ដែលអង្គការសុខភាពពិភពលោកនេះ អាចមានប្រសិទ្ធិភាព ដល់ការទប់ស្កាត់ការរីករាលដាល បានកម្រិតណា ?
ប្រកាសកម្រិតអាសន្នពិភពលោក នៃការឆ្លងរាលដាល
ការប្រកាសអាសន្នកម្រិតពិភពលោក នៃការឆ្លងរាលដាលមេរោគមួយ គឺជានីតិវិធីពិសេស របស់អង្គការសុខភាពពិភពលោក។ វាមានន័យថា ការឆ្លងរាលដាលនេះ ស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ ភ្លាមៗទាន់ហន់ រហ័សនឹកស្មានមិនដល់។ បន្ថែមពីនេះ គឺការឆ្លងរាលដាល អាចនឹងរីកសាយភាពទៅតាមប្រទេសជាច្រើនផ្សេងទៀត។ ហេតុដូច្នេះហើយ នីតិវិធី អាចមានលទ្ធភាព ជំរុញឲ្យមានដំណោះស្រាយរួម វិធានការរួម ភ្លាមៗ ជាលក្ខណៈអន្តរជាតិ ដោយយោងទៅតាមក្រិត្យក្រមអនាម័យ នៃអង្គការសុខភាពពិភពលោក។
បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក យល់ឃើញថា ស្ថានភាពឆ្លងរាលដាលមេរោគអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់។ តំបន់ដែលមានការឆ្លងមេរោគអេបូឡា គឺស្ថិតនៅ តំបន់ក្រុង Goma ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលវានៅជាប់ព្រំដែន ជាមួយប្រទេសរ៉ូវ៉ាន់ដា និងប្រទេសអ៊ូហ្គង់ដា។ ទីក្រុង Goma នេះ ក៏មានជើងហោះហើរផ្លូវអាកាស ជាមួយអ៊ូហ្គង់ដា អេត្យ៉ូពី និងរដ្ឋធានីឃីនឆាហ្សាផង។
ដូច្នេះតំបន់ Goma នេះ គឺជាចំណុចប្រសព្វ នៃចរាចរណ៍របស់មនុស្ស មកពីច្រើនប្រទេស។ មានន័យថា ការឆ្លងរាលដាលនៃមេរោគ អាចកើតឡើង យ៉ាងងាយ និងយ៉ាងឆាប់រហ័ស។ តាមពិតទៅ អង្គការសុខភាពពិភពលោក ធ្លាប់បានគិតថាចង់ប្រកាសអាសន្ននេះ តាំងតែពីខែមិថុនាម្លេះ នៅពេលមេរោគអេបូឡានេះ ត្រូវគេសង្កេតថាកំពុងឆ្លងច្រើន នៅប្រទេសអ៊ូហ្កង់ដា ព្រមជាមួយនឹងករណីស្លាប់អ្នកជំងឺ ចំនួន២នាក់។
ជិតមួយឆ្នាំ ស្លាប់១៦៦៨នាក់ ដោយមេរោគអេបូឡា
នៅតំបន់ទីក្រុង Goma កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ គេបានប្រទះអ្នកជំងឺម្នាក់ ដែលមានផ្ទុយមេរោគអេបូឡា។ ក្រោយមកនៅថ្ងៃចន្ទ អ្នកជំងឺក៏បានស្លាប់។ បើផ្អែកតាមអាជ្ញាធរសុខាភិបាលអ៊ូហ្គង់ដា បានឲ្យដឹងថា អ្នកជំងឺដែលស្លាប់នោះ ទំនងជាបានឆ្លងមេរោគនេះ នៅឯក្រុងKasese នៅជាប់ព្រំដែន ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ដូច្នេះហើយ បានជាអាជ្ញាធរកំពុងតែស្វែងរក មនុស្សទាំងអស់ ដែលអាចមានទំនាក់ទំនង បានជួបឬបានប៉ះពាល់ជាមួយនឹងអ្នកជំងឺនោះ ដើម្បីប្រមូលមកធ្វើតេស្តឈាម រកមេរោគ នឹងចាត់វិធានការ ទប់ស្កាត់កុំឲ្យឆ្លងទៅអ្នកផ្សេង។
បើគិតពីខែសីហា ឆ្នាំ២០១៨មក មេរោគអេបូឡា បានសម្លាប់ជីវិតមនុស្សចំនួន ១៦៦៨នាក់ទៅហើយ នៅខេត្ត គីវូខាងជើង នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ប្រមាណជិត១ឆ្នាំមកនេះ អាជ្ញាធរសុខាភិបាល ក៏ដូចជាមន្ត្រីរបស់អង្គការសុខភាពពិភពលោក មានការលំបាកខ្លាំងណាស់ ក្នុងការអនុវត្តយុទ្ធនាការ ទប់ស្កាត់ការឆ្លងមេរោគអេបូឡានេះ។
បញ្ហាចោទចំបងបំផុតនោះ គឺអសន្តិសុខ។ នៅតំបន់ Goma និងខេត្ត គីវូខាងជើងនេះ ពោរពេញទៅក្រុមឧទ្ទាមប្រដាប់អាវុធ ហិង្សា។ មន្ទីរពេទ្យ ឬកន្លែងសង្រ្គោះអ្នកជំងឺ ត្រូវបានក្រុមប្រដាប់អាវុធ ចូលទៅវាយបំផ្លាញ នឹងបាញ់សម្លាប់មនុស្ស ជាច្រើនករណីមកហើយ។ យ៉ាងណាមិញ អង្គការគ្រូពេទ្យគ្មានព្រំដែន បានសម្រេចចិត្តឈប់ធ្វើសកម្មភាពនៅតំបន់នោះ ដោយសារតែខ្លាចស្លាប់បុគ្គលិក។
បញ្ហាចោទមួយទៀតនោះ គឺកត្តាចំណេះដឹងរបស់ប្រជាជន។ ប្រជាជនដែលរស់នោដាច់ស្រយ៉ាល នៅតំបន់នោះ ពុំជឿថាមានមេរោគអេបូឡាទេ។ អ្នកខ្លះនាំគ្នាផ្អើល ជឿថាជាការឃោសនាបោកបញ្ឆោត។ អ្នកខ្លះទៀត ក៏មិនព្រមទទួលការព្យាបាល ឬស្តាប់តាមការណែនាំរបស់គ្រូពេទ្យទេ។ ពួកគេស្វែងរកការព្យាបាលបែបអបិយជំនឿទៅវិញ។ កត្តាទាំងអស់នេះ គឺសុទ្ធតែបានជំរុញឲ្យមេរោគអេបូឡានេះ រីករាលដាលបានយ៉ាងរហ័ស។
ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈសារធាតុរាវនៃខ្លួនមនុស្ស
មេរោគអេបូឡានេះ ត្រូវបានគេរកឃើញដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនេះតែម្តង នៅឆ្នាំ១៩៧៦។ ឈ្មោះអេបូឡានេះ គឺជាឈ្មោះស្ទឹងមួយ ដែលជាទីតាំងគេមានការឆ្លងរាលដាលនៃមេរោគនេះដំបូង។ ផ្អែកតាមការស្រាវជ្រាវ មេរោគនេះ មាននៅក្នុងខ្លួនសត្វប្រចៀវ។ ក៏ប៉ុន្តែមេរោគអេបូឡាក្នុងខ្លួនប្រចៀវ មិនបង្កឲ្យទៅជាជំងឺទេ។ ក្រោយមកមេរោគនេះ បានឆ្លងទៅដល់សត្វស្វា និងសត្វជ្រូកព្រៃ មុននឹងឆ្លងទៅកាន់មនុស្ស។
ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺធ្វើឡើង តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងសារធាតុរាវ ដែលចេញពីខ្លួនរបស់មនុស្ស ដែលមានផ្ទុកមេរោគនេះ។ សារធាតុរាវនេះ វាអាចដូចជាញើស ទឹកមាត់ ទឹករងៃ ឈាម លាមក ឬកំអួតជាដើម។ ខុសពីមេរោគឆ្លងមួយចំនួន ដែលអាចឆ្លងរីកសាយភាពតាមរយៈខ្យល់អាកាសដកដង្ហើម មេរោគអេបូឡានេះ ឆ្លងបានគឺទាល់តែប៉ះផ្ទាល់ ជាមួយអ្នកផ្ទុក។ ដូច្នេះករណីចម្លង វាអាចមិនច្រើនដូចការចម្លងតាមខ្យល់អាកាសទេ។
តែយ៉ាងណាអ្វីដែលអ្នកជំនាញបារម្ភបំផុត គឺថា មេរោគអេបូឡា ធ្វើឲ្យអ្នកឆ្លងវា ប្រឈមនឹងការស្លាប់ក្នុងកម្រិតខ្ពស់បំផុត។ ជាក់ស្តែង ករណីឆ្លងរាលដាល នៅហ្គីណេ សេរ៉ាឡេអូន និងលីបេរីយ៉ា នៅរវាងឆ្នាំ២០១៣និង២០១៦ មានអ្នកឆ្លង២៩០០០ករណី ហើយអ្នកស្លាប់មានដល់ទៅជាង១១៣០០ករណី។ ហើយសម្រាប់ការឆ្លងរាល់ដាលនាពេលនេះវិញ នៅតំបន់ភាគខាងកើតសាធារណរដ្ឋកុងហ្គោនេះ គឺមានអ្នកស្លាប់ ជាង១៦០០នាក់ ក្នុងចំណោមអ្នកឆ្លងប្រមាណជាង២៥០០នាក់។
ជាមធ្យម ក្នុងរវាង៥ថ្ងៃ អ្នកឆ្លង អាចមានអការៈក្តៅខ្លួនខ្លាំង ហើយបាក់ស្រុតកម្លាំងមួយរំពេច អមជាមួយនឹងការឈឺចុកសាច់ដុំ និងឈឺសន្លាក់ឆ្អឹង ឈឺក្បាលខ្លាំង និងឈឺបំពង់ក។ ក្នុងករណីខ្លះ អ្នកផ្ទុក អាចនឹងដាច់សរសៃឈាមផង។ ហើយបើទោះសង្រ្គោះបានផុតពីស្លាប់ អ្នកផ្ទុកវា អាចមានបញ្ហាភ្នែក ឬត្រចៀក។
ថ្នាំវ៉ាក់សាំង ស្ថិតក្នុងដំណាក់កាលសាកល្បង
មកត្រឹមពេលនេះ គឺមានថ្នាំវ៉ាក់សាំងមួយប្រភេទ តែវាកំពុងស្ថិត ក្នុងដំណាក់កាលសាកល្បង នៅឡើយ។ គឺនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោតែម្នង ដែលគេបានចាក់វ៉ាក់សាំងនេះ ឲ្យមនុស្ស ប្រមាណជាង១៦ម៉ឺននាក់។ តែយ៉ាងណា អង្គការសុខភាពពិភពលោក កំពុងបារម្ភ ព្រោះគេផលិតមិនទាន់ ដើម្បីចាក់បង្ការទេ។
ហេតុដូច្នេះហើយ បានជានីតិវិធីប្រកាសអាសន្នជាសកលនេះ មានសារៈសំខាន់។ លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា សហគមអន្តរជាតិ ត្រូវតែរួមគ្នាធ្វើការ ដើម្បីពន្លឿនការផលិតវ៉ាក់សាំង។ បន្ថែមពីនេះ គឺត្រូវឲ្យមានកញ្ចប់ថវិកាឆ្លើយតបការចំណាយបន្ទាន់ រួមគ្នាដាក់វិធានការ ដើម្បីជួយទប់មេរោគនេះ កុំឲ្យវាធ្ងន់ធ្ងរខ្លាំង ដូចកាលពីឆ្នាំ២០១៥ - ២០១៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ