អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​ Donald Trump​ កំពុង​បាត់​សម្លេង​ឆ្នោត​នៅ​រដ្ឋ​យូថាស៍ (Utah)​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ Donald Trump​ កំពុង​តែ​បាត់​បង់​ប្រជាប្រិយភាព​នៅ​រដ្ឋ​យូថាស៍​ (Utah)។ រដ្ឋ​នេះ​​ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​បន្ទាយ​ដ៏​ធំ​មួយ​របស់​គណបក្ស​សាធារណរដ្ឋ​អញ្ចឹង។​ព្រោះ​រដ្ឋ​នេះ​មាន​សម្លេង​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ច្រើន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។​ហើយ​អស់​រយៈ​ពេល​កន្លះ​សតវត្ស​មក​ហើយ​ ដែល​រដ្ឋ​នេះ​តែង​បោះឆ្នោត​គាំទ្រ​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ។​តើ​ហេតុអ្វី​បាន​ជា​រដ្ឋ​នេះ​ស្រលាញ់​គាំទ្រ​គណបក្ស​សាធារណរដ្ឋ? ​តើ​ហេតុអ្វី​ប្រជាជន​រដ្ឋ​នេះ​ឈប់​គាំទ្រ​លោក​ Donald Trump? 

លោក Donal Trump
លោក Donal Trump REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​យូថាស៍​ (Utah) ត្រូវ​បាន​គេ​ដឹង​ថា​ជា​សំបុក​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​អស់​រយៈ​ពេល​ជាង​ ៥០ ឆ្នាំមក​ហើយ។​ រដ្ឋ​នេះ​មាន​ប្រជាជនចំនួន​ ៣ លាន​នាក់។​ ហើយ​ ៦០% នៃ​ប្រជាជន​ជា​សមាជិក​គ្រឹស្តសាសនា​និកាយ​ម័រ​ម៉ុន (Mormon) ឬ​គេ​ហៅ​ម៉្យាង​ទៀត​ថា​ ​ព្រះ​វិហារព្រះយេស៊ូគ្រឹស្ត​នៃ​ពួក​​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ (The Church of Jesus Christ of Latter-day Saints)។ ​ទីស្នាក់​ការ​កណ្តាល​របស់​និកាយ​សាសនា​នេះមាន​ទីតាំង​នៅ​ទីក្រុង​ Salk Lake City ​ ដែល​ជា​រដ្ឋ​ធានី​របស់​រដ្ឋ​យូថាស៍​នេះ​តែ​ម្តង។ ពួក​អ្នក​មាន​ជំនឿ​លើ​និកាយ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​រដ្ឋ​យូថាស៍​នេះ។​ ពួក​គេ​ គឺ​ជា​ក្រុម​អ្នក​អភិរក្ស​និយម​ ឬ​អាច​ហៅ​ម៉្យាង​ទៀត​ថា​ ​ក្រុម​អ្នក​ស្តាំ​និយម​ ដែល​ប្រកាន់​គោលការណ៍​អភិរក្ស​រក្សា​តម្លៃ​ប្រពៃណី​សាសនា​ ។​

 
ជា​ទូទៅ​ ពួក​គេ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ឡើយ ដែល​តួយ៉ាង​មាន​លោកស្រី​ Hillary Clinton ជា​បេក្ខនារី​ប្រធានាធិបតី។​ បក្ស​ប្រជាធិបតេ្យ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បក្ស​​ប្រកាន់​គោលការណ៍​សេរីភាព​និយមរបស់​បុគ្គល​ម្នាក់ៗ​ ឬ​ហៅ​ម៉្យាង​ទៀត​ថាក្រុមអ្នក​​ឆ្វេង​និយម​។​ ហើយ​គណបក្ស​ប្រជាធិបតេ្យ​អាមេរិក​តែង​​ធ្វើ​កំណែ​ទម្រង់​ប្រពៃណី​សង្គម​ឥត​ឈប់​ឈរ​តួយ៉ាង​ដូចជា​ ការបែង​ចែក​អំណាច​រដ្ឋ​ឲ្យ​ដាច់​ចេញ​ពី​ព្រះវិហារ។ ហើយ​ជា​ពិសេស​ គឺ​គាំទ្រ​អាពាហ៍​អាពិពាហ៍​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ ដែល​គោលការណ៍​នេះ​ផ្ទុយ​គ្នា​ស្រឡះ​ពី​ពួក​អ្នក​អភិរក្ស​និយម។​

ប៉ុន្តែ សំរាប់​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៦ ​នេះ ពួក​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​រស់​នៅ​ក្នុង​រដ្ឋ​នេះ​ប្រហែល​ជា​មិន​បោះឆ្នោត​ឲ្យ​លោក​ Donald Trump ទេ។​ រឿង​អាស្រូវ​បៀត​បៀន​ផ្លូវ​ភេទ​ និង​សំដី​ ប្រមាថ​មើល​ងាយ​ស្រ្តី​ភេទ​កំពុង​អូស​ទាញ​យុទ្ធនាការ​ឃោសនា​របស់​លោក​ ​Trump ឲ្យ​ធ្លាក់​ទឹក​ជា​បណ្តើរៗ​ហើយ។ ​បច្ចុប្បន្ន​នេះ​ លទ្ធផល​នៃ​ការ​ស្ទាប​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ លោក​ Donald Trump កំពុង​តែ​បាត់​បង់​សម្លេង​គាំទ្រ​ពី​ក្រុម​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ ដែល​មាន​ជំនឿ​លើ​ព្រះ​វិហារព្រះយេស៊ូគ្រឹស្ត​នៃ​ពួក​​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។

ការ​ស្ទាប់​ស្ទង់​មតិ​កន្លង​មក​ក្នុង​រដ្ឋនេះបាន​ឲ្យ​ដឹង​ថា​ កាលពី​ប្រមាណ​ពីរ​ខែ​មុន​ លោក​ Donald Trump មាន​សម្លេង​ដឹកមុខ​គេ​ចំនួន​ ២០ ពិន្ទុ ដោយ​ប្រជាជន​រស់នៅ​រដ្ឋ​យូថាស៍​គ្រោង​បោះឆ្នោត​ជូន។ ប៉ុន្តែ បន្តិច​ម្តងៗ​​ អាកប្ប​កិរិយា​មិន​សាក​សម​ជា​អ្នក​ដឹកនាំ​របស់​លោក​ Trump បាន​ធ្វើ​ឲ្យ​សម្លេង​គាំទ្រ​​ថយ​យ៉ាង​គំហុក។​ សន្ទស្សន៍​ថ្មី​បាន​បង្ហាញ​ថា​ ​លោក​ Trump និង​លោកស្រី​ Clinton មាន​សម្លេង​ ២៦% ស្មើ​គ្នា។ អ្វី​ដែល​ចម្លែក​ទៅ​ទៀត​នោះ​ គឺ​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​យូថាស៍​កំពុង​តែ​ពពាក់​ពពួន​គ្នា​ងាក​ទៅ​គាំទ្រ​បេក្ខជន​ម្នាក់​ទៀត​ គឺ​លោក​ Evan McMullin។

 ​អ្នក​នយោបាយ​ថ្មីថ្មោង​ជា​អ្នក​អភិរក្ស​និយម​ធ្លាប់​បម្រើ​ការងារ​ឲ្យ​ទីភ្នាក់​ CIA។​ ប៉ុន្តែ​ គាត់ឈរ​ឈ្មោះ​ក្នុង​នាម​ជា​​បេក្ខជន​ឯករាជ្យ​។​ គាត់​បាន​ឈរ​ឈ្មោះ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ ដោយ​សារ​តែ​មើល​ឃើញ​ថា​ ប្រជាជន​ក្នុង​រដ្ឋ​យូថាស៍​គ្មាន​ជំនឿ​លើ​លោក​ Trump។​ បច្ចុប្បន្ន​នេះ​ អ្នក​នយោបាយ​ថ្មីថ្មោង​នេះ​កំពុង​តែ​ទទួល​បាន​សម្លេង​គាំទ្រ​ ២២%។​ នេះ​បើយោង​តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ​។

សូម​ជំរាប​ជូន​ផង​ដែរ​ថា​ ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ​ ចន្លោះ​ពី​ថ្ងៃ​ទី​១០ ដល់​ទី១១​ តុលា​កន្លង​ទៅ​នេះ​ ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ ៥ ពាន់​រស់​នៅ​រដ្ឋ​យូថាស៍។ ក្រុមហ៊ុន​ Y2 Analytics ប្រចាំ​ក្រុង​ Salk Lake City ជា​អ្នក​ដឹកនាំ​ការ​ស្ទាប់ស្ទង់មតិ​នេះ។​

សារព័តមាន​ New York Times បាន​វិភាគ​ថា​ ប្រសិន​បើ​គណបក្ស​សាធារណរដ្ឋ​របូត​សម្លេង​គាំទ្រ​នៅ​រដ្ឋ​យូថាស៍មែន​នោះ​ មហន្តរាយ​ធំ​ប្រាកដ​ជា​បង្ក​គ្រោះ​ភ័យ​ដល់​គណបក្ស​សាធារណរដ្ឋ​​មិន​ខាន​ឡើយ។​ ពោល​ គឺ​គណបក្ស​នេះ​អាច​បាត់​បង់​សន្លឹក​ឆ្នោត​នៅ​តាម​រដ្ឋ​ផ្សេង​ទៀត​​ ជាពិសេស​ គឺ​បាត់​បង់​អាសនៈ​នៅ​ព្រឹទ្ធសភា។​ សូម​បញ្ជាក់​ថា​ ​ការ​បោះឆ្នោត​នេះ​ គឺ​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​ផង​ និង​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន​ពាក់​កណ្តាល​ផង​។ លើស​ពី​នេះ​ ការ​បាត់​សម្លេង​គាំទ្រ​នៅ​រដ្ឋ​យូថាស៍​ក៏​ជា​គ្រោះ​ថ្នាក់​ផង​ដែរ​ដល់​រដ្ឋ​ Wyoming, រដ្ឋ​ Kansas, រដ្ឋ​ Arkansas ឬ​រដ្ឋ​ Tennesse ដែល​ជា​សំបុក​អ្នក​អភិរក្ស​និយម​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។

ជា​សរុប​ ការ​របូត​សម្លេង​គាំទ្រ​ពី​ទឹកដី​អភិរក្ស​និយម​តួយ៉ាង​ដូច​ជា​រដ្ឋ​យូថាស៍​នេះ​កំពុង​តែ​បង្ហាញ​ ពី​ចំនុច​ខ្សោយ​របស់​លោក​ Donald Trump​ ដែល​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​ប្រមូល​សម្លេង​គាំទ្រ​អ្នក​អភិរក្ស​និយម។ កាលពី​ឆ្នាំ​២០១២​ លោក​ Mitt Romney អតីតៈ​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ និង​ជា​សមាជិក​និកាយ​ម័រ​ម៉ុន​ផង​ដែរ​នោះ​​បាន​ទទួល​ជ័យ​ជំនះ​យ៉ាង​ត្រចះ​ត្រចង់​នៅ​រដ្ឋ​យូថាស៍​។ លោក​ Mitt Romney បាន​ដឹកមុខ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ចំនួន​ ៤៨ ពិន្ទុ។​ ចំណែក​ អតីតៈ​ប្រធានាធិបតី​សាធារណរដ្ឋ​ គឺ​លោក​ George W. Bush ធ្លាប់​បាន​ទទួល​សម្លេង​គាំទ្រ​ក្នុង​រដ្ឋ​នេះ​រហូត​ទៅ​ដល់​ ៧០%។​

គណ​​​បក្ស​ប្រជា​ធិបតេយ្យ​ធ្លាប់​ឈ្នះ​ឆ្នោត​នៅ​រដ្ឋយូថាស៍​​កាលពី​ឆ្នាំ​១៩៦៤។ ពោល​ គឺ​កាលពី​ ៥២ ឆ្នាំ​មុន។ ដោយ​ឃើញ​ស្ថានភាព​កំពុង​តែ​អំណោយ​ផល​ឲ្យ​ខ្លួន​បែប​នេះ​ បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​ចំណាយ​ថវិការ​ដឹកនាំ​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​នៅ​តាម​រដ្ឋ​ Arizona និង​រដ្ឋ​ Georgia ដែល​តាម​ទម្លាប់​ជា​រដ្ឋ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។ ជាថ្មី​ម្តង​ទៀត​ បេក្ខភាព​ប្រធានាធិបតី​អាមេរិក​របស់​លោក​ Donald Trump កំពុង​តែ​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ប្រកាស​សញ្ញា​អាសន្ន​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ