អានតួអត្ថបទ

លោកដូណាល់ត្រាំ ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវ​ការ​និងកំពុង​ផ្តុំ​កម្លាំង​ផ្តួល​លោកស្រី​គ្លីនតុន

បន្ទាប់​ពី​មាន​ភាព​ប្រទាញ​ប្រទង់​​គ្នា​អស់​ពីរ​ថ្ងៃ គណបក្ស​សាធារណរដ្ឋ​ បាន​សម្រេច​តែងតាំង​ជា​ផ្លូវការ​លោក ដូណាល់ ត្រាំ ជា​បេក្ខជន​ប្រធានធិបតី​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ មុន​កាល​កំណត់​មួយ​ថ្ងៃ ដោយ​គ្មានបញ្ជាក់​​មូលហេតុ។ គណបក្ស​សាធារណរដ្ឋ​ពេល​នេះ កំពុង​ប្រឹង​បំភ្លេច​ភាព​ប្រេះឆា​ផ្ទៃ​ក្នុង ហើយ​ងាក​មក​រួបរួម​ផ្តុំ​កម្លាំង​គ្នា​ ដើម្បី​ប្រឈម​នឹង​សត្រូវ​រួម​ គឺ​បេក្ខនារី ហ៊ីឡារី គ្លីនតុន​នៃ​បក្ស​ប្រជាធិបតេយ្យ។

លោកDonald Trump ថ្លែងសារ​តាម​វីដេអូ​ ក្រោយ​ការ​ប្រកាស​តែង​តាំង​លោក​ជា​ផ្លូវការ ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស
លោកDonald Trump ថ្លែងសារ​តាម​វីដេអូ​ ក្រោយ​ការ​ប្រកាស​តែង​តាំង​លោក​ជា​ផ្លូវការ ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស REUTERS/Mike Segar
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​ប្រកែក​តវ៉ា​បាន​ទៀត​ទេ​ ! ចាប់ពី​ថ្ងៃ​នេះ​ទៅ លោក ដូណាល់ ត្រាំ គឺ​ជា​បេក្ខជនប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដោយ​ពិតៗ។ បក្សសាធារណរដ្ឋ​ បាន​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​ លើ​រូប​​លោក​មហាសេដ្ឋីជា​ផ្លូវការ សម្រាប់​ចូល​ទៅ​ប្រកួត​ប្រជែង ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ នា ​ខែ វិច្ឆិកា​ខាង​មុខ ដោយ​ត្រូវ​​​យក​ឈ្នះ​លោកស្រី ហ៊ីឡារី គ្លីនតុន​នៃ​បក្ស​ប្រជាធិបតេយ្យ និងដោយ​ចង់​ក្លាយ​ជា​ប្រធានាធិបតី បន្ត​ពី​លោក បារ៉ាក់អូបាម៉ា។

នៅ​ទី​បំផុត ពិធី​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ភាព​តាន​តឹង​ ស្រប​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​កន្លង​មក​ ផ្ទុយស្រលះ​កាលពី​ប៉ុន្មាន​ខែ​មុន​ដែល​គ្មាន​នរណា​ហ៊ាន​ភ្នាល់​លើ​​លោក​ដូណាល់ត្រាំ​ទេ។ ប៉ុន្តែ​ពិធី​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ភាព​ភ្ញាក់​ផ្អើល​ចម្លែក​មួយ គឺ​កូន​ប្រុស​លោក​មហាសេដ្ឋី​ជា​អ្នក​ប្រកាស​លទ្ធផល​ បង្ហាញ​ចំនួន​ប្រតិភូ​អ្នក​គាំទ្រ​លោក​ដូណាល់ត្រាំ នៅញូវយ៉ក​។ ទោះ​ជា​យ៉ាង​នេះ​ក្តី សម្រាប់​អ្នក​នាំ​ពាក្យ​គណបក្ស​ ជោគជ័យ​នៅ​ថ្ងៃ​នេះ​ជា​សារ​បញ្ជាក់​ថា​បក្ស​សាធារណរដ្ឋ​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ និង​គ្រប់គ្រង​សមាសភាគ​បក្ស​បាន​យ៉ាង​ពេញ​លេញ​។

ចំណែក​អ្នក​ដែល​ធ្លាប់​ប្រឆាំង ឬ​ដំបៅ​ចាស់​ចង់​ឬ​មិន​ចង់​ត្រូវ​តែ​ជា​សះស្បើយ​នៅ​ចាប់​ពី​ពេល​នេះ​ទៅ។ ពាក្យថា “រួបរួមគ្នា” ត្រូវ​បាន​ប្រកប​ចេញ​មាត់​តំណាង​ប្រតិភូ​ជា​ច្រើន​រូប ប៉ុន្តែ​ពេល​វេលា​ដែល​មាន​ការ​ស្រែក​ហ៊ោកញ្ជ្រៀវ​ខ្លាំង ស្រុះ​គ្នា ក្នុង​សំឡេង​តែ​មួយ​ពិត​ប្រាកដ គឺ​នៅ​ពេលស្រែក​ជ័យឃោស​បង្អាប់​​លោកស្រី ហ៊ីលឡារី គ្លីនតុន។

លោកដូណាល់​ត្រាំ ដែល​គ្មាន​វត្តមាន​នៅ​ពេល​​តែង​តាំង​ ស្រប​តាម​ពិធី​ការ​បក្ស នឹង​ត្រូវ​ទទួល​យល់​ព្រម​យក​តំណែង​ជា​បេក្ខជន​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ជា​កិច្ច​បិទ​បញ្ចប់​កម្មវិធី រួច​ទើប​ផ្តើម​សម្រុក​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ៨ វិច្ឆិកា ២០១៦៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ