អ្វីទៅជាដើមចមនៃអំពើហិង្សាស្លាប់មនុស្សនៅ Charlottesville នៃរដ្ឋ Virginia សហរដ្ឋអាមេរិក?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៩
នៅទីក្រុង Charlottesville នៃរដ្ឋ Virginia សហរដ្ឋអាមេរិក អំពើហិង្សាកើតចេញពីការប៉ះទង្គិចរវាងក្រុមស្តាំនិយមជ្រុល និងក្រុមបាតុករប្រឆាំងនឹងពួកនេះនាថ្ងៃសៅរ៍ ទី១២ កក្កដាបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៣នាក់ និងរបួស ៣៥នាក់ផ្សេងទៀត។ ហេតុការណ៍មួយនេះបានជំរុញឲ្យចៅហ្វាយក្រុង Charlottesville ប្រកាសភាពអាសន្ន ហើយប៉ូលិសបានហាមមិនឲ្យរៀបចំក្បួនបាតុកម្ម ឬការជួបជុំផ្សេងទៀត។ ហេតុការណ៍មួយនេះកំពុងបង្កឲ្យមានប្រតិកម្មយ៉ាងផុសផុលពីអ្នកនយោបាយគ្រប់ជាន់ថ្នាក់ ពិសេសប្រតិកម្មរិះគន់លើលោកដូណាល់ ត្រាំ។ ទន្ទឹមគ្នានេះ ប៉ូលិសសហព័ន្ធ FBI បានបើកការស៊ើបអង្កេតមួយ។
អ្វីៗបានចាប់ផ្តើមដំបូងដោយការជួបជុំរបស់សកម្មជននៃចលនាស្តាំនិយមជ្រុលដែលគេអាចហៅជាក្រុមណាហ្ស៊ីសម័យថ្មី ឬក្រុមប្រកាន់ពូជសាសន៍។ ការហ៊ាននិយាយយ៉ាងដូច្នេះព្រោះពួកនេះបានដើរដង្ហែក្បួនដោយមានកាន់ទង់ជាតិបង្កប់ដោយនិមិត្តសញ្ញាខ្វែងរបស់ពួកណាហ្ស៊ី និងខ្លះតែងខ្លួនជាពួកណាហ្ស៊ី។ តែទន្ទឹមគ្នានឹងការជួបជុំរបស់ពួកស្តាំនិយមជ្រុល ក៏គេឃើញមានការជួបជុំរបស់ពួកបាតុករដែលចេញមុខប្រឆាំងនឹងពួកបាតុករស្តាំនិយមជ្រុលនេះ។ នៅពេលនោះ ភាពតានតឹង និងការឌឺដងសម្តីដាក់គ្នារវាងក្រុមទាំងពីរបានចាប់ផ្តើម ហើយភាពប្រទូស្រ្តាយគ្នាក៏បានផ្ទុះឡើងភ្លាមយ៉ាងហិង្សានៅពីមុខវត្តមានកម្លាំងប៉ូលិសប្រឆាំងកុបកម្ម និងឆ្មាំជាតិជាច្រើនរយនាក់។
នៅក្នុងការប្រទូស្រ្តាយនោះ ពួកបាតុករពីក្រុមទាំងពីរបានប្រើដំបងវាយគ្នា ប្រើដបសាំងដុតឆេះគប់ដាក់គ្នាទៅវិញ ទៅមក និងការប្រើកាំភ្លើងយ៉ាងអនាធិបតេយ្យ។ ប្រឈមនឹងអំពើហិង្សានេះ ចៅហ្វាយក្រុង Charlottesville ក៏បានប្រកាសភាពអាសន្ន ហើយប៉ូលិសក៏បានហាមមិនឲ្យការរៀបចំក្បួនបាតុកម្ម ឬការជួបជុំដែលបានគ្រោងទុក។ ដោយឡែកនៅក្នុងហេតុការណ៍នោះដែរ ក៏ស្រាប់តែមានបុរសម្នាក់បានបើករថយន្តតម្រង់ចូលក្នុងហ្វូងបាតុករដែលប្រឆាំងនឹងពួកបាតុករស្តាំនិយមជ្រុលបណ្តាលឲ្យស្លាប់ស្រ្តីម្នាក់អាយុ ៣២ឆ្នាំ។ ក្នុងថ្ងៃដដែល មានស្លាប់ប៉ូលិស ២នាក់នាពេលធ្លាក់ឧទ្ធម្ភាគចក្រក្បែរក្រុង Charlottesville។ តាមរដ្ឋអំណាច រឿងធ្លាក់ឧទ្ធម្ភាគចក្រនេះមិនមានជាប់ទាក់ទងនឹងអំពើហិង្សានោះទេ។
តែចៅហ្វាយក្រុង Charlottesville បានសន្និដ្ឋានថា ព្រឹត្តិការណ៍នៅក្រុង Charlottesville នាថ្ងៃសៅរ៍ ទី១២ សីហាបានបណ្តាលឲ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស ៣៥នាក់ផ្សេងទៀត។
កម្មវត្ថុនៃការជួបជុំរបស់ក្រុមស្តាំនិយមជ្រុល
កម្មវត្ថុនៃការជួបជុំរបស់ពួកស្តាំនិយមជ្រុល គឺដើម្បីប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់ចៅហ្វាយក្រុង Charlottesville ដែលសម្រេចយករូបសំណាកឧត្តមសេនីយម្នាក់ឈ្មោះ Robert E. Lee ចេញពីសួនច្បារក្នុងក្រុងទៅដាក់តាំងនៅកន្លែងផ្សេង។ ឧត្តមសេនីយ Robert E. Lee ដែលមានដើមកំណើតជាអ្នកក្រុង Charlottesville គឺជាមេទ័ពនៅភូមិភាគខាងត្បូងក្នុងសម័យសង្រ្គាមស៊ីវិលរវាងខាងជើង និងខាងត្បូងពីឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៨៦៥។ នៅឆ្នាំ ១៨៨៤ ពោលជិត ២០ឆ្នាំក្រោយការបិទបញ្ចប់សង្រ្គាមស៊ីវិល រូបសំណាករបស់ឧត្តមសេនីយ Lee ដែលពួកខាងត្បូងចាត់ទុកជាវីរជនត្រូវបានកសាង និងដាក់តាំងក្នុងទីធ្លាសួនច្បារសាធារណៈនៅក្នុងក្រុង។
តាមពិត រឿងអាស្រូវទាក់ទងនឹងឧត្តមសនីយ Lee មានជាប់ពាក់ព័ន្ធខ្លាំងនឹងរឿងអតីតកាល ពិសេសក្នុងរបបទាសភាពដែលឧត្តមសេនីយ Lee មិនយល់ព្រមឲ្យពួកទាសករមានសិទ្ធិបោះឆ្នោត ទោះបីជាលោកសុខចិត្តឲ្យលប់ចោលរបបទាសភាពក៏ដោយ។ សូមជម្រាបជូនថា រឿងរ៉ាវរក្សាទុករូបសំណាកឧត្តមសេនីយ Lee ក្នុងទីធ្លាសួនច្បារសាធារណៈក្នុងក្រុង ឬមួយក៏ប្តូរទៅដាក់កន្លែងផ្សេងបានកើតមានអស់ជាច្រើនខែកន្លងមក។ ក្បួនបាតុកម្មរបស់ពួកស្តាំនិយមជ្រុលប្រឆាំងនឹងការសម្រេចចិត្តរបស់ចៅហ្វាយក្រុង Charlottesville ធ្លាប់បានកាលពីខែកក្កដាថ្មីៗកន្លងទៅ និងបានទទួលរងការចាប់ខ្លួនពីប៉ូលិសចំនួន ២៣នាក់។
មតិរិះគន់លើប្រតិកម្មរបស់លោកដូណាល់ ត្រាំ
នៅក្រោយព្រឹត្តិការណ៍ហិង្សា ប្រតិកម្មថ្កោលទោសបានធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាច និងគណបក្សប្រជាធិបតេយ្យ។ ពីទីកន្លែងសម្រាកលំហែកាយ លោកដូណាល់ ត្រាំបានបញ្ចេញប្រតិកម្មតាមបណ្តាញសង្គមផ្លូវការ Twitter ដោយបានធ្វើការថ្កោលទោសលើអំពើហិង្សាជាលក្ខណៈទូទៅដោយមិនសំដៅលើក្រុមណាមួយឡើយ។ គឺប្រតិកម្មរបៀបនេះហើយដែលលោកត្រាំបានទទួលការរិះគន់ ទិតៀនយ៉ាងចាស់ដៃ ពិសេសពីក្រុមអ្នកប្រជាធិបតេយ្យមានទាំងពីលោកអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងពីលោកស្រីហ៊ីឡារី គ្លីនតុនផង។
ដោយមិននិយាយចំឈ្មោះលោកត្រាំ លោកស្រីគ្លីនតុនបានសរសេរនៅក្នុងបណ្តាញសង្គម Twitter ថា ការដែលសង្គមអាមេរិកមិនចាត់វិធានការ និងទុកបណ្តោយឲ្យមានអំពើបែបនេះ ពិតជារឿងគួរឲ្យអាម៉ាស់ និងជារឿងគ្រោះថ្នាក់ដល់តម្លៃរបស់អាមេរិក។ ចំណែកលោកអូបាម៉ាបានលើកយកឃ្លារបស់លោកអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង Nelson Mandela ដែលនិយាយថា គ្មានមនុស្សណាកើតមកដោយស្អប់គ្នាដោយសារតែមានព័ណ៌សម្បុរ មានដើមកំណើតខុសគ្នា ឬមួយក៏មានសាសនាខុសគ្នានោះទេ។
ចូរកុំភ្លេចថា រូបភាពនៃការប្រទូស្រ្តាយយ៉ាងហិង្សារវាងក្រុមស្តាំនិយមជ្រុល និងក្រុមបាតុករផ្សេងទៀតនៅក្រុង Chalottesville នាថ្ងៃសៅរ៍ ទី១២ សីហា គឺប្រៀបបាននឹងការប្រឈមមុខដាក់គ្នារវាងក្រុមបាតុករប្រកាន់ពូជសាសន៍ និងក្រុមបាតុករប្រឆាំងការប្រកាន់ពូជសាសន៍។ ទង់ជាតិសហព័ន្ធដែលក្រុមបាតុករស្តាំនិយមជ្រុលបានកាន់នៅក្នុងក្បួនបាតុកម្មត្រូវបានពលរដ្ឋអាមេរិកាំងភាគច្រើនចាត់ទុកជាសញ្ញាប្រកាន់ពូជសាសន៍ និងដែលមានបាតុករខ្លះតែងខ្លួនជារូបណាហ្ស៊ីផង។ ចំណែកនៅខាងក្រុមបាតុករប្រឆាំងនឹងពួកស្តាំនិយមជ្រុល ពួកគេបាននាំគ្នាប្រើទង់ជាតិនៃចលនា Black Lives Matter។ ទង់ជាតិមួយនេះច្រើនប្រើនៅក្នុងក្បួនបាតុកម្មប្រឆាំងនឹងការស្លាប់របស់ពួកស្បែកខ្មៅក្រោយការវាយប្រហាររបស់ប៉ូលិសស្បែក ស។
ការដែលលោកត្រាំមិនហ៊ានថ្កោលទោស ឬស្តីបន្ទោសលើក្រុមស្តាំនិយមជ្រុលចំៗមកពីក្រុមនេះបានគាំទ្រ និងបោះឆ្នោតឲ្យលោកនាសម័យបោះឆ្នោតប្រធានាធិបតី។ ដូច្នេះតិច ឬច្រើន លោកត្រាំពិតជាមានសមានចិត្តចំពោះក្រុមនេះ។ គឺប្រតិកម្មដោយគ្មានចង្អុលមុខលើក្រុមណាមួយនេះហើយដែលលោកត្រាំបានទទួលរងការរិះគន់ ទិតៀនខ្លាំងពីសំណាក់អ្នកនយោបាយទូទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ