ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT

វិបត្តិថវិកាអាមេរិក ៖ លោកត្រាំឆ្លង​ឧបសគ្គ​ទី​មួយផុត តែមិនប្រាកដ​ពេល​ដល់​ព្រឹទ្ធសភា

វិបត្តិថវិកាអាមេរិក ៖ លោកត្រាំឆ្លង​ឧបសគ្គ​ទី​មួយផុត តែមិនប្រាកដ​ពេល​ដល់​ព្រឹទ្ធសភា
 
លោក Paul Ryan ប្រធាន​សភា​អាមេរិក។ រូបថត​ថ្ងៃទី ១៨មករា ២០១៨ REUTERS/Yuri Gripas

លោក​ដូណាល់ ត្រាំ​ កំពុង​ត្រៀម​ខ្លួន​​អបអរ​ខួប​មួយ​​ឆ្នាំ​គត់​នៃ​ការ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ នៅ​ថ្ងៃ​ស្អែក​ ក្នុង​បរិបទ​នៃ​​ភាព​តាន​តឹង​ខ្លាំង​ផ្នែក​ថវិកា​។ ​ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​គម្រោង​ថវិកា​បណ្តោះ​អាសន្ន​ហើយ​នៅ​យប់​មិញ ដើម្បី​បញ្ចៀស​​ការ​បិទ​ទ្វារ​ស្ថាប័ន​រដ្ឋាភិបាល​សហព័ន្ធ បង្ក​ឡើង​ដោយ​​​វិបត្តិ​ថវិកាជាប់គាំង។ ប៉ុន្តែគ្រោះ​ហានិភ័យ មន្ត្រីរដ្ឋ​ការអាមេរិក​ជា​ច្រើនជួបគ្រោះ​អត់ការងារ​ធ្វើ​ដោយ​បង្ខំ ​​នៅ​តែ​ធំធេង​ខ្លាំង ព្រោះ​ព្រឹទ្ធសភា​អាមេរិក​មិន​ប្រាកដ​នឹង​អាច​រក​សំឡេង​គ្រប់គ្រាន់​មក​អនុម័ត​ច្បាប់​នេះ​ទេ។ ព្រឹទ្ធសភា​អាមេរិក​មាន​ពេល​ត្រឹម​ម៉ោង​១២​អាធ្រាត្រ​ថ្ងៃសុក្រ​ទី​១៩​មករា​នេះ​ប៉ុណ្ណោះ។

សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ចេញ​រួច ក្នុង​សំឡេងគាំទ្រ​​២៣០​ ទល់​នឹង​សំឡេង​ប្រឆាំង​១៩៧។ ឥលូវ​ច្បាប់​ថវិកា ត្រូវ​បន្ត​ទៅ​ព្រឹទ្ធសភា​ទៀត ! គឺ​នៅ​ទីនោះ​ហើយ​ ភាព​សង្ស័យ​មាន​កាន់​តែ​ធំ។ បក្ស​​សាធារណរដ្ឋ​របស់​ត្រាំ មាន​តំណាង​តែ​៥២​រូប​ប៉ុណ្ណោះ តែ​គេ​ត្រូវ​រក​សំឡេង​ឱ្យគ្រប់​៦០​ លើ​១០០​ទើបអនុម័ត​ច្បាប់​ថវិកា​នេះ​បាន។ ព្រឹទ្ធសភា​អាមេរិក​មាន​ពេល​រហូត​យប់​ថ្ងៃសុក្រ​ ត្រឹម​ម៉ោង​១២​អាធ្រាត្រ​ ជា​ឱសានវាទ សម្រាប់​ផ្តល់​ភ្លើង​ខៀវ បើ​ពុំ​នោះ​ទេ​រដ្ឋាភិបាល​សហព័ន្ធ​នឹង​បិទ​ទ្វារ​ហើយ។

ចំណាប់ថ្នូរ​នយោបាយ

លោក​ ដូណាល់ ត្រាំ ដែល​បាន​ប្រឹង​ចេញ​មុខ​បញ្ចុះ​បញ្ចូល​សភា ឱ្យ​ព្រម​​អនុម័ត​គម្រោង​ថវិកា​នេះ ក៏​បាន​ទទួល​ស្គាល់​អំពី​គ្រោះ​ជាប់​គាំង​​ថវិកា ដែល​នឹង​អាច​ធ្វើ​ឱ្យ​ស្ថាប័ន​រដ្ឋ​ត្រូវ​បិទ​ទ្វារ។ ​លោក​ត្រាំ​បាន​ទម្លាក់​កំហុស​ជា​ស្រេច​ទៅ​ហើយ​ទៅ​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ។

ចំណែក​ប្រធាន​សភា​ ជា​អ្នក​​សាធារណរដ្ឋលោក ប៉ូល រ៉ាយ៉ាន វិញ បន្ទាប់​ពី​បាន​ប្រឹង​ប្រែង​ខ្លាំង​អស់​ពេញមួយ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សមាជិក​ ​បាន​អបអរ​សរសើរនៅក្នុង​សារទ្វីតព្រឹកមិញ ​សេចក្តី​សម្រេចចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​សភា​អាមេរិក​ និង​បាន​​​ចោទ​សួរ​ ​ថាតើ​ព្រឹទ្ធសភា​នឹង​មាន​ជំហរ​ល្អ​ដូច​សភា​ដែរឬទេ ? ឬ​ក៏​បណ្តោយ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​ជាប់​គាំង​ថវិកា ?

ប្រធាន​បក្ស​​សាធារណរដ្ឋ នៅ​ព្រឹទ្ធ​សភា​ បានចោទ​ប្រធានក្រុម​​អ្នក​ប្រជាធិបតេយ្យ​ ប្រចាំ​ព្រឹទ្ធសភា​ថា កំពុង​យក​ប្រទេស​ជា​ចំណាប់​ថ្នូរ ! ប្រទេស​ដែល​កំពុង​​ប្រឈម​នឹង​ស្ថានភាព​បន្ទាន់ណាស់។

អ្នក​ប្រជាធិបតេយ្យ​បាន​ច្រាន​ចោទ​ពាក្យ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​អះអាង​គម្រោង​ច្បាប់​ថវិកា​អនុម័ត​ដោយ​សភា នឹង​ទំនង​ជា​ត្រូវ​ព្រឹទ្ធសភា​ទទួល​យក​មិន​បាន​ទេ។

គ្មាន​ជញ្ជាំង គ្មានកិច្ចព្រមព្រៀង

ច្បាប់​ថវិកា​ដែល​សភា​អាមេរិក​ទើប​បាន​អនុម័ត​ នៅ​យប់មិញ​នេះ ជា​ការ​ពន្យារ​គម្រោង​ថវិកា​ឱ្យ​បាន​ដល់​ថ្ងៃ​ទី ១៦​កុម្ភៈ​២០១៨។ ក្រៅ​តែ​ពី​ជា​វិធានការ​បណ្តោះ​អាសន្ន​ អ្នក​សាធារណរដ្ឋ​ចង់​អនុម័ត​គម្រោង​ថវិកា​ឆ្នាំ​២០១៨ ដែល​​បំប៉នខ្លាំង​កម្លាំង​កងទ័ព។ ការ​ប៉ូវ​ចំណាយ​យោធា​ជា​ចំណែក​មួយ​នៃ​ពាក្យ​សន្យា​របស់​លោក​ត្រាំ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ព្រោះ​លោក​ត្រាំ​យល់​ថា​កងទ័ព​អាមេរិក​ មាន​ការ​បំពាក់អាវុធ​មិន​គ្រប់​គ្រាន់ ក្រោយ​ពី​បាន​ឆ្លង​កាត់​សង្គ្រាម​អស់​រយៈ​ពេល​ជាង​១៦​ឆ្នាំ ជាប់​គ្នា។

ដើម្បី​លួងចិត្ត​អ្នក​ប្រជាធិបតេយ្យ​ ​ អ្នក​សាធារណរដ្ឋ​បាន​ផ្តល់​ជា​ថ្នូរ នូវ​កម្មវិធី​ធានារ៉ាប់រង​សុខភាព​សាធារណៈ​សម្រាប់​កុមារ​ក្រីក្រ​ទុរគត ឬ​កម្មវិធី« Chip » សម្រាប់​រយៈ​ពេល​៦​ឆ្នាំ។

ប៉ុន្តែ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​និង​ព្រឹទ្ធសភា ចង់​ឃើញ​អាមេរិក​ផ្តល់​ហិរញ្ញវត្ថុ​យូរ​អង្វែង​ដល់​កម្មវិធី​Chip ដោះស្រាយ​ជោគវាសនា​ជន​អន្តោប្រវេសន៍​ Dreamers ចំនួន ៦៩​ម៉ឺន​នាក់។ ​Dreamers ​ជា​​អន្តោប្រវេសន៍ រត់​មក​ដល់ដី​សហរដ្ឋ​អាមេរិក​តាំង​ពីនៅ​វ័យ​ក្មេង ជា​កុមារ​នៅ​ឡើយ តែ​ត្រូវ​ប្រឈម​នឹង​គ្រោះ​បណ្តេញ​ចេញ​ទៅ​វិញ​ ក្រោយ​ពីមាន​ការ​រំលាយ​​កម្មវិធី​ Daca ច្បាប់​អន្តោប្រវេសន៍​អនុម័ត​ក្រោម​រដ្ឋាបាល​លោក​អូបាម៉ា ដែល​បាន​អនុញ្ញាត​ឱ្យ​ក្មេង​ទាំង​នោះ​អាច​រស់​នៅ​ និង​រក​ស៊ី​ធ្វើការ​ដោយ​ស្រប​ច្បាប់​នៅ​អាមេរិក​បាន។

ជា​ទូទៅ​ អ្នក​សាធារណរដ្ឋ​ បាន​ព្រមព្រៀងទទួល​ពួក​Dreamers​ហើយ ប៉ុន្តែ​លោក​ ដូណាល់ ត្រាំ ទាមទារ​ឱ្យ​ភ្ជាប់ជាមួយ​នូវ​ហិរញ្ញវត្ថុ​សម្រាប់​សាងសង់ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក ព្រមទាំង​ចាត់​វិធានការ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​​​​ជា​ខ្សែ (សុំជួបជុំគ្រួសារ)​​ និង​លុប​ចោល​ការ​ចាប់​ឆ្នោត​ផ្តល់​សំណាង​មក​រស់​នៅ​អាមេរិក។ នៅ​យប់​មិញ​នេះ​ទៀត លោក​ត្រាំ បាន​បញ្ជាក់​ជា​ថ្មី ថា​បើ​គ្មាន​ជញ្ជាំង ក៏​គ្មាន​កិច្ចព្រមព្រៀង។ ឯ​អ្នក​ប្រជាធិបតេយ្យ​បដិសេធ​ដាច់​ខាត​មិន​ផ្តល់​ហិរញ្ញវត្ថុ​សង់ជញ្ជាំង​ឡើយ ព្រោះ​វា​ជា​និម្មិត្តរូប​នៃ​នយោបាយ​ស្អប់​ខ្ពើម​គ្នា៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ​ជញ្ជាំង​ព្រំដែន​ម៉ិចស៊ិក កំពុង​រុញ​អាមេរិក​ឱ្យ​ជាប់គាំង​ថវិកាជាតិ​សាជាថ្មី ?

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    រដ្ឋាភិបាល​អាមេរិក​ជួប​វិបត្តិ​ថវិកា ដោយសារ​អ្នកនយោបាយ​មួយ​ក្តាប់​តូច

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    វិបត្តិ​ថវិកា​អាមេរិក ៖ ចិន​ចង់​ប្រែ​ចិត្ត​ពី​ប្រាក់​ដុល្លារ ?

    ស្វែងយល់បន្ថែម

  • អាមេរិក-អាស៊ី

    ចន ឃែរី៖ នយោបាយ​អាមេរិក​នៅ​អាស៊ី​នៅតែ​ជា​អាទិភាព​ទោះបី​មាន​វិបត្តិថវិកា

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ