ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិសុំលាលែងពីតំណែង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២១
លោកស្រី Nikki Haley នីគី អាលី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបានធ្វើសេចក្តីប្រកាស គួរឱ្យភ្ញាក់ផ្អើល សុំលាលែងចេញពីតំណែង នៅថ្ងៃអង្គារទី ៩ តុលានេះ។ លោក ដូណាល់ ត្រាំ បានឆ្លើយយល់ព្រមហើយ និងបានសរសើរការងាររបស់លោកស្រី Haley កន្លងមក។ ប៉ុន្តែសន្ធឹកនៃការភ្ញាក់ផ្អើលមានខ្លាំង និងបានអង្រន់រដ្ឋបាលលោកត្រាំ យ៉ាងខ្លាំង។
លោកស្រី នីគី អាលី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបាន សុំលាលែងចេញពីតំណែង នៅថ្ងៃអង្គារទី ៩ តុលានេះ។ ជាសេចក្តីប្រកាស ដ៏គួរឱ្យភ្ញាក់ផ្អើល បំផុត និងជាទូទៅតែម្តង មិនថានៅក្នុងជួររដ្ឋាភិបាលអាមេរិក នៅវ៉ាស៊ីនតោន ឬនៅអង្គការសហប្រជាជាតិ នាក្រុងញូវយ៉កទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ប៉ុមបេអូ ក៏ភ្ញាក់ខ្លាំង ព្រោះគ្មានទទួលដំណឹងអ្វីមុនបន្តិចសោះ។ ចំណែកនៅអង្គការសហប្រជាជាតិក៏ហាក់មានការភាន់ភាំងខ្លាំង នៅពេលឮដំណឹងស្តីពីការលាលែងពីតំណែងរបស់លោកស្រីអាលី តាមបណ្តាញសារព័ត៌មាន។ គឺមានតែលោក ដូណាល់ ត្រាំ ដែលបានដឹងមុន និងលាក់ការណ៍សម្ងាត់បានរហូតមកទល់នឹងល្ងាចថ្ងៃអង្គារម្សិលមិញ។
បើតាមសារព័ត៌មានអាមេរិក លោកស្រី នីគី អាលី បានជូនដំណឹងសុំលាលែងចេញតំណែងប្រាប់លោកត្រាំ កាលពីសប្តាហ៍មុន ក្រោយការបិទបញ្ចប់មហាសន្និបាតអង្គការសហប្រជាជាតិ។ ប៉ុន្តែបើតាមប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមជាមួយលោកស្រី អាលី ម្សិលមិញ លោកត្រាំបានដឹងអំពីចេតនារបស់លោកស្រីអាលី តាំងពីជាង៦ខែមកហើយ។ ជាមួយនឹងពាក្យអះអាង ដើម្បីបន្ធូរបន្ថយសម្ពាធនយោបាយ លោកត្រាំ បានលើកសរសើរស្នាដៃរបស់លោកស្រីឯកអគ្គរដ្ឋទូត ថាអស្ចារ្យ និងជាមិត្តដ៏ប្រពៃ ជាមនុស្សពិសេសរបស់លោក ដោយគូសបញ្ជាក់ថា ការលាលែងចេញពីតំណែងរបស់លោកស្រី អាលី នឹងចាប់មានសុពលភាព នៅដំណាច់ឆ្នាំ ឯណោះទេ។ ចំណែកឈ្មោះឯកអគ្គរដ្ឋទូតថ្មី នឹងប្រកាសឱ្យដឹងនៅរវាងពីរបីសប្តាហ៍ទៀត ក្នុងនោះមានម្នាក់អាចជាលោកស្រី អ៊ីវ៉ាន់កា ត្រាំ កូនស្រីបង្កើតរបស់ប្រធានាធិបតី។
មិនមែនលាដើម្បីធ្វើជាបេក្ខជនប្រធានាធិបតីឆ្នាំ២០២០ ទេ
ខាងលោកស្រីHaleyវិញ លោកស្រីមិនបានពន្យល់លម្អិតអំពីមូលហេតុនៃការលាលែងចេញពីតំណែងទេ ! លោកស្រីបានត្រឹមអះអាងថា ដល់ពេលដែលត្រូវដើរចេញ។ លោកស្រីបានបង្ហាញអារម្មណ៍ថាបានបំពេញបេសកកម្មបានពេញពីរឆ្នាំហើយ។
ប៉ុន្តែបើតាមអ្នកវិភាគស្ថានការណ៍យល់ថា លោកស្រី នីគី អាលី ដែលធ្លាប់តែមានសិទ្ធិមានអំណាច ពាំនយោបាយការទូតរបស់លោកត្រាំ ទៅលាតត្រដាងនៅលើឆាកអន្តរជាតិតាំងពីច្រើនខែមក ជំនួសមុខលោក Rex Tillerson អតីតរដ្ឋមន្ត្រីការបរទេស ដែលម៉ើសៗនោះ ទំនងជាបាត់បង់ឥទ្ធិពល លែងអាចចូលជិតខ្សិបត្រចៀកចរចាដោយផ្ទាល់ជាមួយលោកត្រាំ បានដូចមុនទៀត។ តាំងពីលោក មាយ ប៉ុមប៉េអូ ក្លាយជាប្រមុខការទូតអាមេរិក និងលោកចន ប៊ុលតុន ឡើងកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិមក ដែនអំណាចរបស់លោកស្រី ហាក់ត្រូវបានកាត់បន្ថយ យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងសំណុំរឿងអ៊ីរ៉ង់ និងកូរ៉េខាងជើង។ ការនេះអាចជាមូលហេតុរុញឱ្យលោកស្រី សម្រេចចាកចេញពីតំណែងយ៉ាងទាន់ដូច្នេះ។
គិតមកត្រឹមថ្ងៃនេះ លោកស្រីមានអាយុទើបតែ ៤៦ឆ្នាំ ជាឯកអគ្គរដ្ឋទូតវ័យក្មេងនៅឡើយ ដែលទូតចាស់ៗជាច្រើនយល់ថា តួនាទីនៅអង្គការសហប្រជាជាតិ ជាឈ្នាន់សម្រាប់លោកស្រី នីគី អាលី លោតបង្ហាញរិទ្ធនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍នយោបាយនៅក្នុងប្រទេសនៅថ្ងៃមុខ។ ប៉ុន្តែលោកស្រី បានស្បថ នៅចំពោះមុខ ក្នុងពេលធ្វើសន្និសីទកាសែតជូនដំណឹងអំពីការសុំលាលែងពីតំណែង ក្បែរលោកដូណាល់ ត្រាំ ថា នឹងមិនឈរឈ្មោះជាបេក្ខនារីប្រធានាធិបតីក្នុងសម័យបោះឆ្នោតឆ្នាំ២០២០ប្រឆាំងនឹងលោក ដូណាល់ ត្រាំទេ ! ផ្ទុយទៅវិញ លោកស្រីនឹងគាំទ្របេក្ខភាពយ៉ាងពេញទំហឹងបេក្ខភាពលោកត្រាំ នៅឆ្នាំ ២០២០។ ប៉ុន្តែលោកស្រីអាចកំពុងត្រៀមលក្ខណៈយ៉ាងសកម្មសម្រាប់សម័យបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។
នៅថ្ងៃនេះ លោកស្រីថាមិនឈរឈ្មោះប្រឆាំងត្រាំមែន តែលទ្ធផលនៃ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែក្រោយ អាចប្តូរចិត្តលោកស្រីបាន ប្រសិនបើបក្សសាធារណរដ្ឋបរាជ័យខ្លាំង។ ម្យ៉ាងវិញ បើឧបមាលោកស្រី គ្មានចេតនាសម្រាប់ឆ្នាំ២០២០មែន ក៏នៅឆ្នាំ២០២៤ លោកស្រីទើបមានអាយុ៥២ឆ្នាំប៉ុណ្ណោះ រឿងអីលោកស្រីឈរឈ្មោះមិនបាន បើលោកស្រីមានសព្វមានគ្រប់ មានកត្តិនាម មានស្នាដៃ មានបទពិសោធន៍នយោបាយ នៅលើកឆាកអន្តរជាតិផង ក្នុងប្រទេសផង និងជាភេទស្ត្រី ហើយមានកំណើតជាកូនអន្តោប្រវេសន៍ ដើមកំណើតឥណ្ឌាទៀត។
តុល្យការការងារ ១៨ខែ
ជាអតីតអភិបាលរដ្ឋការ៉ូលីនខាងត្បូង លោកស្រីឯកអគ្គរដ្ឋទូតជាឥស្សរជនដ៏សំខាន់ម្នាក់ក្នុងក្រុមយុទ្ធសាស្ត្ររបស់ប្រធានាធិបតីដូណាល់ ត្រាំ។ លោកស្រី ក៏ជារដ្ឋមន្ត្រីម្នាក់ ដែលទទួលបានគោរពកោតក្រែងជាងគេ ដោយមានការគាំទ្រពេញចិត្តដល់ទៅ៦៣% នេះបើតាមការស្ទង់មតិ។ ហើយលោកស្រីជាឥស្សរជន បក្សសាធារណរដ្ឋអាមេរិកតែម្នាក់គត់ ដែលបានទទួលការគាំទ្រ ពីអ្នកសាធារណរដ្ឋផង ពីអ្នកប្រជាធិបតេយ្យផង និងពីអ្នកឯករាជ្យនិយមផ្សេងៗទៀតផង។ ប៉ុន្តែលោកស្រីមានជំហរនយោបាយដ៏តឹងតែងបំផុតប្រឆាំងនឹងកូរ៉េខាងជើងនិងអ៊ីរីង់ដែលជាអាទិភាពការទូតរបស់លោកត្រាំ។
នៅអង្គការសហប្រជាជាតិ លោកស្រី បានបូកសរុបស្នាដៃ ដោយចុចលើតែប្រធានបទសំខាន់ៗសម្រាប់ក្រសែភ្នែកពលរដ្ឋអាមេរិក ដូចជាអ៊ីរ៉ង់ ព្យុងយ៉ាង វេណេស៊ុយអេឡា និងចំណាយខ្ជះខ្ជាយរបស់អ.ស.ប. ដោយបញ្ជាក់ថាក្នុងរយៈពេល១៨ខែ លោកស្រីបានជួយសន្សំថវិកាអាមេរិកបាន ១៣០០លានដុល្លារ បានបោះឆ្នោតដាក់ទណ្ឌកម្មអាវុធលើស៊ូដង់ អនុម័តទណ្ឌកម្មបីបន្ថែមលើកូរ៉េខាងជើង និងរុញព្យុងយ៉ាងឱ្យចរចាជាមួយវ៉ាស៊ីនតោន។
លោកស្រីរិះគន់ខ្លាំងរុស្ស៊ី តែគាំទ្រស្ទើរផ្កាប់មុខអ៊ីស្រាអែល និងបានប្រែក្លាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅជាតុលាការប្រឆាំងនឹងអ៊ីរ៉ង់។ មរតកបន្សល់ទុកដោយលោកស្រី អាលី ដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង គឺការដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៅហ្សឺណែវ ចេញពីអង្គការយូនេស្កូនៅប៉ារីស ចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស បិទបញ្ចប់ជំនួយហិរញ្ញវត្ថុដល់ភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានរុញអាមេរិកឱ្យកាន់តែឯកាខ្លាំងលើឆាកអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ