អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ វ៉េណេស៊ុយអេឡា​រងសម្ពាធ​កាន់តែខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ការ​ផ្ទុះ​បាតុកម្ម​​ជា​ថ្មី នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ​ជាមួយ​នឹង​​ភាព​ហិង្សា​និង​បង្ក្រាប​យ៉ាង​ខ្លាំង លោក ហ្កាយដូ (Juan Guaido) ប្រមុខ​បក្ស​ប្រឆាំង​ដ៏​ចំបង​របស់​វ៉េណេស៊ុយអេឡា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​បន្ត​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃ​ពុធ​ទី ១ ឧសភា​នេះ​ទៀត​។ សម្រាប់​ក្រុម​បក្ស​ប្រឆាំង ​នេះជា​ដំណាក់កាល​ចុងក្រោយ នៃ​ប្រតិបត្តិការ​ដើម្បី​សេរីភាព​វ៉េណេស៊ុយអេឡា។ ប៉ុន្តែ​បើ​តាម​ការ​បរិហារ​របស់​​លោក​ប្រធានាធិបតី​ នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ​ម្សិលមិញ មាន​ការ​​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តែ​មិន​បាន​សម្រេច។

លោក Juan Guaidoនៅ​មូលដ្ឋាន​យោធា​ La Carlota ក្រុង​ Caracas ថ្ងៃទី ៣០ មេសា ២០១៩
លោក Juan Guaidoនៅ​មូលដ្ឋាន​យោធា​ La Carlota ក្រុង​ Caracas ថ្ងៃទី ៣០ មេសា ២០១៩ REUTERS/Manaure Quintero
ផ្សាយពាណិជ្ជកម្ម

សារ​វីដេអូ​របស់ លោក ហ្កាយដូ ប្រកាស​ថា​មាន​ទាហាន​មួយ​ក្រុម​គាំទ្រ​លោក​ភ្លាម ប្រៀប​ដូច​ជា​សាំង​ចាក់​លើ​ភ្លើង។ ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​អំណាច​របស់​លោក ម៉ាឌូរ៉ូ បាន​ផ្ទុះ​ឡើង​ភ្លាម។ បាតុករ​ប្រមាណ​ជាង​បី​ពាន់​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ស្រែក​គាំទ្រ​លោក ហ្កាយដូ នៅមុខ​បន្ទាយ​ទាហាន​ La Carlota នា​ទី​ក្រុង​ការ៉ាកាស និងរុល​​សំរុក​ដោយ​ហិង្សា​គប់​ដុំ ដាក់​កម្លាំង​រក្សា​សន្តិសុខ​របស់​រដ្ឋាភិបាល​។ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ក៏​មាន​កើត​ឡើង​ដែរ​រវាង​ក្រុមទាហាន​​អ្នក​គាំទ្រ​លោក ហ្កាយដូ និង​កង​កម្លាំង​រដ្ឋាភិបាល។ ជា​សរុប​ បើ​តាម​ភ្នាក់ងារ​សុខាភិបាល មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៦៩​នាក់​រងរបួស ក្នុង​នោះ​ពីរ​នាក់​រងគ្រោះ​ដោយ​ត្រូវគ្រាប់​កាំភ្លើង។​

លោកហ្កាយដូពិតជាបានទទួលការគាំទ្រពីសំណាក់ក្រុម ?

ស្ថានការ​បាន​ស្ងប់​បន្តិច​វិញ នៅ​​ពេល​ព្រលប់ ដោយលោក​​​ប្រធានាធិបតី ម៉ាឌូរ៉ូ ​ចេញ​មុខ​ធ្វើ​​សេចក្តី​ថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍​ ​ប្រកាសចាត់​ទុក​អំពើហិង្សា​ពី​ថ្ងៃ ថា​ជា​ទង្វើ​​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ លោក​ប្រធានាធិបតី បាន​សន្យា​តា​ម​ចាប់ និង​បញ្ជូន​​មេ​ដឹកនាំ​បង្ក​ហេតុ​ទៅ​តុលាការ និង​បាន​អះអាង​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រប់គ្រង​ស្ថានការណ៍​ប្រទេស​ជាតិ​បាន​ទាំង​ស្រុង មេបញ្ជាការ​កងទ័ព​គ្រាក់ៗ​របស់​ប្រទេស​នៅ​តែ​មាន​ភក្តីភាព​នឹង​លោក នឹងប្រជាជន​ នឹង​រដ្ឋធម្មនុញ្ញ​ជា​និច្ច។ លោក ម៉ាឌូរ៉ូ ក៏​បាន​បដិសេធ​ថា​លោក​មិន​បាន​ត្រៀម​ខ្លួន​រត់​ចេញ​ពី​ប្រទេស​ទៅ​ជ្រកកោន​នៅ​គុយបា តែ​បាន​ប្តូរ​ចិត្ត​ទៅ​វិញ​តាមការណែនាំ​របស់​​រុស្ស៊ី​ ដូច​អ្វី​ដែលលោក ប៉ុមប៉េអូ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​លើក​ឡើង​នោះ​ឡើយ។​

ជា​សរុប​ តាំង​ពី​ព្រឹក ​ដល់​បាក់រសៀល​ថ្ងៃអង្គារ​ម្សិលមិញ ស្ថានការណ៍​ពិត​ជា​ច្របូក​ច្របល់​ខ្លាំង។ គ្មាន​ព័ត៌មានណា​អាច​ផ្ទៀង​ផ្ទាត់​បាន​ថា​តើ​មាន​ក្រុមយោធា​​​ប៉ុន្មាន​នាក់ ងាក​ទៅ​គាំទ្រ​លោក​ហ្កៃដូ ក្នុង​ការ​បើក​ប្រតិបត្តិការ​​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ម៉ាឌូរ៉ូ។

អ្វី​ដែលថ្មី​ប្លែកបន្ថែម​មួយ​ចំណុច​ទៀត គឺ​នៅ​ព្រឹក​ថ្ងៃអង្គារ​ម្សិលមិញ​នេះ ​​មេបក្ស​ប្រឆាំង​ម្នាក់ទៀត ឈ្មោះ លោក ឡេអូប៉ុលដូ ឡូប៉េស្ហ ជាប់​ឃុំឃាំង​ក្នុង​គេហដ្ឋាន តាំង​ពី​ឆ្នាំ​២០១៧​មក ទើប​ត្រូវ​បាន​ដោះលែង​ដោយ​ក្រុមយោធា​របស់​​លោក ហ្កាយដូ។ លោក​ ក៏​បាន​ងាក​មកគាំទ្រលោក ហ្កាយដូ​ដែរ។ ទាំង​ពីរ​នាក់ ​ អប​ដោយ​ទាហាន​ផ្តាច់​ខ្លួន​មួយ​ក្រុម ​បាន​បង្ហាញ​មុខ​រួម​គ្នា​ មុននឹង​រត់​គេច​ទៅ​ជ្រកកោន​នៅ​ស្ថានទូត​ស៊ីលី។

ប៉ុន្តែបើ​តាម​ សកម្មជន​ដែល​មាន​ជំនាញ​ផ្នែកយោធា​ ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា Control Ciusdadano បាន​បញ្ជាក់​ថា​គ្មាន​សញ្ញា​នៃ​ភាពប្រេះឆា​នៅ​ក្នុង​រង្វង់​យោធា​ដែល​អាចនាំ​​បញ្ចេះ​ឱ្យ​ចេញ​ជា​អណ្តាត​​ភ្លើង​ ​រោល​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​អំណាច​សោះ។ ​

ការ​ប៉ះទង្គិច​រវាង​អ្នកគាំទ្រ​លោក ហ្កាយដូ និង​កងកម្លាំង​រដ្ឋាភិបាល
ការ​ប៉ះទង្គិច​រវាង​អ្នកគាំទ្រ​លោក ហ្កាយដូ និង​កងកម្លាំង​រដ្ឋាភិបាល REUTERS/Carlos Garcia

ស្ថានការណ៍វ៉េណេស៊ុយអេឡា នឹងក្លាយ​ទៅ​យ៉ាងណានៅពីរបីថ្ងៃខាងមុខនេះ ?

ជាមួយ​នឹង​ការ​​ប្រកាស​ទទួល​ស្គាល់បរាជ័យ​របស់​លោក​ នៅ​ល្ងាច​មិញ ថា​មិន​អាច​ប្រមូល​ផ្តុំ​យោធា​ក្នុង​សំឡេង​ភាគ​ច្រើន​ឱ្យ​មក​គាំទ្រ​លោកបាន លោក ហ្កាយដូ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​បន្ត​ធ្វើ​បាតុកម្ម​ទៀត​នៅ​ថ្ងៃ​ពុធ​ទី​ ១ ឧសភា។

តាមការ​ពិត ​លោក ហ្កាយដូ បាន​គ្រោង​តាំង​ពី​១០​ថ្ងៃ​មក​ហើយ ប្រកូកប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​ មហា​បាតុកម្ម ទ្រង់ទ្រាយ​ធំ​ជា​ប្រវត្តិសាស្ត្រ ដើម្បី​ដាក់​សម្ពាធ​លើ​រូប​លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ ឱ្យ​ចុះចេញ​ពី​តំណែង។ គំនិត​ផ្តួច​ផ្តើម​រៀប​ចំ​មហា​បាតុកម្ម​នេះ​ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋ​សភា ដែលគ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង។ សភា​បាន​បង្ហោះ​សារថា “ដំណាក់កាល​ចុងក្រោយ ដើម្បី​សេរីភាព បាន​មក​ដល់​ហើយ ! យើង​បាន​ត្រៀម​រួច​ជា​ស្រេច រៀបចំ​រួច​ស្រេច​បាច់ នឹង​យក​ជ័យជំនះ​ នាំ​សេរីភាព​ឱ្យ​វ៉េណេស៊ុយអេឡា”។​

ខាង​បក្ស​ប្រឆាំង​ក៏​មុះមុត ខាង​រដ្ឋាភិបាល​ក៏​ដាច់​ខាត។ ម្សិលមិញ​រដ្ឋាភិបាល​បាន​បញ្ជូន​រថក្រោះ​ បើក​បុក​បំបែក​បាតុករ​អ្នក​គាំទ្រ​លោក​ហ្កាយដូ​ហើយ។ ថ្ងៃ​នេះ​រដ្ឋាភិបាល​ច្បាស់​ជា​មិន​បន្ធូរ​ដៃ​ឡើយ។ ថ្ងៃ​១ ឧសភា អាច​ជា​ថ្ងៃ​ដែល​មាន​ហានិភ័យ​ខ្ពស់​ខ្លាំង​សម្រាប់​វ៉េណេស៊ុយអេឡា។

សហគមន៍អន្តរជាតិមានប្រតិកម្មយ៉ាងណា ?

ប្រតិកម្ម​មាន​ពីរ​បែប ! ខាងអ្នក​គាំទ្រ​លោក ហា្កយដូ មាន​ជា​អាទិ៍ ​កូឡុំប៊ី ប្រេស៊ីល និង​ធំ​ជាង​គេ​គឺ​អាមេរិក របស់​លោក​ ដូណាល់ ត្រាំ។ កូឡុំប៊ី​បាន​ស្នើ​កោះ​ប្រជុំ​បន្ទាន់​ក្រុមប្រទេស​អាមេរិក​ឡាទីន ១៣​ប្រទេស បូក​នឹង​កាណាដា នៅ​ថ្ងៃ សុក្រ​ខាង​មុខ នៅ​ក្រុង​លីម៉ា ដើម្បី​គាំទ្រ​ឱ្យ​មាន​សេរីភាព​និង​មាន​លទ្ធិប្រជាធិបតេយ្យ​ត្រលប់​មក​វ៉េណេស៊ុយអេឡាវិញ។ ចំណែក​អាមេរិក បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង តាំង​ពី​ម្សិលមិញ​ គំរាម​ផង សំលុត​ផង ៖ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​ដូណាល់ត្រាំ លោក ចន ប៉ុលតុន បាន​ដាក់​ឱសានវាទ​ឱ្យ​មេដឹកនាំ​យោធា​វ៉េណេស៊ុយអេឡា ស្រវា​យក​សំណាង​ចុងក្រោយ​របស់​ខ្លួន។

នៅ​ម្ខាង​ទៀត ​ជា​ក្រុម​ប្រទេស​គាំទ្រ​រដ្ឋាភិបាល​លោក​ម៉ាឌូរ៉ូ​។ បូលីវី គុយបា តួកគី បាន​បរិហារ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ប្រយោជន៍​បរទេស។ ក្រុមប្រឆាំងជ្រុលនិយម​​វ៉េណេស៊ុយអេឡា ប្រើ​កម្លាំង​ដោះស្រាយ​បញ្ហា​ នេះ​ជា​ពាក្យ​ចោទ​របស់​រុស្ស៊ី ដែល​ក៏​អំពាវនាវ​ឱ្យ​មាន​ការ​ចរចាដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម។

រីឯសហភាព​​អឺរ៉ុប​ ក៏​ដូច​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​បញ្ចេញ​សំឡេង​ទន់​ភ្លន់​បែប​កណ្តាល អំពាវនាវ​ឱ្យ​វ៉េណេស៊ុយអេឡា​អត់​ធ្មត់​ ចេះ​ស្វែង​រក​ដំណោះស្រាយ​តាម​នយោបាយ​ និង​ដោយ​សន្តិវិធី។ អេស្ប៉ាញប្រកា​ស​ចាត់​ទុក​សកម្មភាព​លោក​ហ្កាយដូ ក្នុង​ការ​ដឹកនាំ​ប្រទេស​ឆ្លង​អន្តរកាល តែ​មិន​គាំទ្រដាច់​ខាត​​រាល់​គ្រប់​ទម្រង់​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ