អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ប្រធានាធិបតី​​តៃវ៉ាន់សុំ​ទោស​ជា​ផ្លូវការការ​ធ្វើ​ទុក្ខ​លើ​ជនជាតិ​ដើម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​តៃវ៉ាន់​ លោកស្រី ត្សៃ អ៊ីនវ៉េន បាន​ធ្វើ​ការ​សុំ​ទោស ជា​ផ្លូវការ​នៅ​ថ្ងៃចន្ទ​ ទី ១ សីហា ជនជាតិ​ភាគតិច ​ជា​ប្រជាជន​ដើម​របស់​តៃវ៉ាន់ដែល​រង​ទុក្ខបុកម្នេញ​អស់​ជា​ច្រើន​រយ​ឆ្នាំ​កន្លងមក។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​ ដូច​យ៉ាង​តៃវ៉ាន់​បាន​ចេញ​មុខ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​និង​ពលរដ្ឋ​ភាគ​ច្រើន លើ​ជនជាតិ​ភាគ​តិច។

លោកស្រី Tsai Ing-wenប្រធានាធិបតី​តៃវ៉ាន់ ប្រកាស​សុំទោស​ជនជាតិ​ដើម​ភាគ​តិច
លោកស្រី Tsai Ing-wenប្រធានាធិបតី​តៃវ៉ាន់ ប្រកាស​សុំទោស​ជនជាតិ​ដើម​ភាគ​តិច REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

លោកស្រី ត្សៃ អ៊ីងវ៉េន ជា​ប្រ​មុខ​ដឹកនាំតៃវ៉ាន់​ដំបូង​គេ​ដែល​មាន​និស្ស័យគោរព​ជនជាតិ​ដើម សុខ​ចិត្ត​​ប្រកាស​​​សុំ​ទោស​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ដោយ​សង្ឃឹម​ថា នឹង​អាច​បន្ធូរ​បន្ថយ​សម្ពាធ​តានតឹង​រវាង​ជនជាតិ​ដើម​ជាមួយ​នឹង​រដ្ឋាភិបាល។

“តាង​នាម​អោយ​រដ្ឋាភិបាល ខ្ញុំ​សូម​សម្តែង​ការ​សុំ​ទោស ដោយស្មោះត្រង់​ ​​ចំពោះ​ភាព​អយុត្តិធម៌ ដែល​ជនជាតិ​ដើម បាន​រង​ទុក្ខ​អស់​រយៈ​ពេល​ជាង​៤០០​ឆ្នាំ​កន្លង​មក។ យើងត្រូវ​តែ​មើល​ប្រវត្តិសាស្ត្រ​ឱ្យ​ហ្មត់ចត់​ឡើង​វិញ និង​ហ៊ាន​និយាយ​ការ​ពិត”។
បើ​តាម​ប្រសាសន៍​របស់​លោកស្រី « ពាក្យ​សុំទោស​នេះ មិនអាច​ទៅ​ដោះស្រាយ​បញ្ហា​បាន​គ្រប់​ទាំង​អស់​ទេ តែជាការ​បោះ​​ជំហាន​ទៅ​មុខ​​មួយ​ដ៏​សំខាន់"។

ក្រុមជនជាតិភាគតិច ដែល​បាន​នាំ​គ្នា​មក​ធ្វើ​បាតុកម្ម​នៅ​វិមាន​ប្រធានាធិបតី ស្ទើរ​ជា​រៀង​រាល់​ចុង​សប្តាហ៍ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ ការពារ​សិទ្ធិ​រស់​នៅ និង​ការ​ប្រកប​របរ​បរបាញ់​ដើម្បី​ចិញ្ចឹម​ជីវិត​ ព្រមទាំងបញ្ចេញ​សកម្មភាព ដោយ​​ជាក់​ស្តែង​​ការពារ​ពួក​គេ។ បាត់​បង់​ទំនៀម​ទម្លាប់ និង​ត្រូវ​គោរព​តាម​ច្បាប់​របស់​ប្រទេស ជនជាតិ​ដើម​ភាគតិច​តៃវ៉ាន់ មាន​អារម្មណ៍​រង​គ្រោះ ក្នុង​ភាព​រើសអើង។ ​ភាព​តាន​តឹង​បាន​​ប៉ោង​ឡើង​កាន់​តែ​ខ្លាំង បន្ទាប់​ពី​ជនជាតិ​ភាគតិច​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន យក​ទៅ​កាត់​ទោស ដោយ​ហេតុ​តែ​បាន​បរបាញ់​សត្វប្រើស​​ ដោយ​ប្រើ​អាវុធ​គ្មាន​ការ​អនុញ្ញត ក្នុង​តំបន់​អភិរក្សជា​លំនៅដ្ឋាន​របស់​ពួកគេ។

ប្រយុទ្ធ​ដើម្បី​ទំនៀម​ទម្លាប់ និង​ទឹកដី

ជនជាតិ​ភាគតិច​តៃវ៉ាន់ ដែល​តំណាង​ឱ្យ​២%​នៃ​​ប្រជាជន​តៃវ៉ាន់​សរុប ២៣​លាន​នាក់។ ពួក​គេ​ ដែលស្ថិត​នៅ​ក្នុង​ចង្កោម​ពួក​អូស្ត្រូនេស៊ី អាច​យល់​ភាសា​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬ​អូសេអានី ​​ជាពលរដ្ឋ​ដើម​ បាន​មក​រស់​នៅ​លើ​កោះ​តៃវ៉ាន់ តាំ​ង​ពី​ជា​ច្រើន​រយ​ឆ្នាំ។ ពួក​គេ​ត្រូវ​រង​ការ​គំរាម​កំហែង និង​ធ្វើ​ទុក្ខបុកម្នេញ តាំង​ពី​បួន​រយ​ឆ្នាំ​មុន ពោល​គឺ​នៅ​ពេល​ដែល​​ជនជាតិ​ហាន មក​ពី​ប្រទេស​ចិន ចូល​ឈ្លានពាន​យក​​ទឹកដី ពង្រីកវប្បធម៌​។

ជា​ច្រើន​សតវត្សរ៍​កន្លង​មក ជនជាតិ​ដើម​នេះ​តែង​តែចេញ​មុខ​​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ធ្វើ​អាណានិគមរបស់​លោក​ខាងលិច ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក៏​ដូច​ជា​យោធា។​​ រដ្ឋាភិបាល​កណ្តាល​តៃវ៉ាន់ បាន​លើក​ទឹក​ចិត្ត​ ​ឱ្យ​និយាយ​ភាសា​ដើម និង​បង្កាត់​វប្បធម៌ តាម​រយៈ​អាពាហ៍ពិពាហ៍​ឆ្លង​សាសន៍ តែ​ក៏​បាន​ធ្វើ​ឱ្យ​អត្តសញ្ញាណ​ជនជាតិ​ភាគ​តិច រលុប​បាត់​ជា​បណ្តើរៗ​ដែរ។ ក្នុង​ចំណោម​ភាសា​និង​ជនជាតិ​ ប្រមាណ​ជា​២៦​ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់ មាន​យ៉ាង​ហោច​ណាស់ ១០​ ត្រូ​វបាត់ និង​៥​ទៀត​កំពុងស្ថិត​នៅ​លើ​មាត់​ជ្រោះ​នៃ​រលត់​រលាយ​ដែរ គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត។ នេះ​បើ​តាម​អង្គការ​យូណេស្កូ។

បច្ចុប្បន្ន​នេះ ទឹកដី​ និង​តំបន់​ដែល​ពួក​គេ​ត្រូវ​រស់​នៅ​ មួយ​ភាគ​ធំ​ ត្រូវ​បាន​រដ្ឋាភិបាល ចាត់​ចូល​ជា​ឧទ្យានជាតិ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ជម្លោះ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​បរបាញ់​និង​នេសាទ។ ការ​បរបាញ់​សត្វ​ដើម្បី​ចិញ្ចឹម​ជីវិត​ ដែល​ជា​ប្រពៃណី​របស់​ជនជាតិភាគតិច ត្រូវស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​យ៉ាង​តឹងរឹង​នៃ​ច្បាប់​ជាតិ។ ​ច្បាប់បាន​​ចែង​ជា​អាទិ៍ ហាមឃាត់​មិន​ឱ្យ​ប្រើ​អាវុធ​ណា​ក្រៅ​ពី​អាវុធ​ផលិត​ដោយ​ខ្លួន​ឯង​ សម្រាប់​យក​សម្លាប់​សត្វ និង​មិន​អាច​បរបាញ់​បាន​ក្នុង​ថ្ងៃធម្មតា​ គឺ​បាន​តែ​ថ្ងៃ​បុណ្យ។ អត្រា​អ្នក​អត់ការងារ​ធ្វើ​ ក្នុង​ចំណោម​​ជនជាតិដើមភាគតិច មាន​​កំរិតខ្ពសល់​​កំពូល​។ ហើយ​បើ​រក​ការងារ​បាន​ធ្វើ ក៏​ប្រាក់​បៀវត្សរ៍​របស់​ពួក​គេ​ ត្រូវ​ទាប​ជាង​ប្រាក់​ខែ​មធ្យម​របស់​ពលរដ្ឋ​តៃវ៉ាន់​ទូទៅ ដល់​ទៅ​ប្រមាណ​៤០%។

សិទ្ធិជនជាតិ​ភាគតិច​ ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល

សុំ​ទោស​ ​មួយ​ម៉ាត់ ជា​ពាក្យ​ដែល​​មាន​ន័យ​ជា​​និម្មិត្តរូប ថា​លោកស្រី ត្រៀម​ខ្លួន​ ប្រឈម​នឹង​បញ្ហា​ ដោយ​ផ្ទាល់​មុខ​ និង​ជាការ​ផ្តល់​​ក្តី​សង្ឃឹម​ថ្មី​ដល់កុលសម្ព័ន្ធជនជាតិ​ភាគតិច។

កាល​ពី​​សម័យ​ឃោសនា​បោះឆ្នោតប្រធានាធិបតី លោកស្រី​ត្សៃ អ៊ីងវ៉េន ធ្លាប់​បាន​សន្យា​ថា​នឹង​បង្កើន​ស្វ័យភាព និង​សិទ្ធិ​ដល់​ជនជាតិ​ភាគ​ដើម​ភាគតិច។ ឥលូវ​បក្ស​និង​លោកស្រី​ បាន​ទទួល​ជោគជ័យ​ ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រទេស​មែន។ បូក​បន្ថែម​ពី​ការ​ប្រកាស​ទទួល​ស្គាល់​​ទុក្ខ​វេទនា​ជា​ផ្លូវការ​ទៀត​នៅ​ថ្ងៃ​នេះ ក្រុម​ជនជាតិ​ដើម​គ្មាន​អ្វី​អំពី​រំពឹង​ចាំ​មើល​សកម្មភាព​របស់​រដ្ឋាភិបាល​ ដោយ​សង្ឃឹម​ថា​តៃវ៉ាន់​នឹង​ធ្វើ​ការ​កែប្រែ​ច្បាប់​ ការពារ​សិទ្ធិជនជាតិ​ភាគតិច អនុម័ត​នៅ​ឆ្នាំ​២០០៥ ឱ្យ​ស្រប​ទៅ​នឹង​ច្បាប់​ជា​មូលដ្ឋាន​គ្រឹះ​អន្តរជាតិ​​ការពារ​ជនជាតិ​ដើម។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ