ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT

លោក ដូណាល់ ត្រាំបន្ត​រិះគន់​ចិន ក្រោយ​បំផុសភាព​តានតឹង​ការទូត

លោក ដូណាល់ ត្រាំបន្ត​រិះគន់​ចិន ក្រោយ​បំផុសភាព​តានតឹង​ការទូត
 
ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី Donald Trump REUTERS/Carlo Allegri/File Photo

តាំង​ពីថ្ងៃសុក្រ​មក អាមេរិក​និង​ចិន​បាន​ផ្ទុះ​សង្គ្រាម​ពាក្យ​សំដី​គ្នា ដោយ​ហេតុ​តែ​លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ទើប​ឆ្នោត​ថ្មី បាន​ធ្វើ​ខុស​ទម្លាប់ ទៅ​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់។ មិន​តែ​ប៉ុណ្ណោះ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ លោក ដូណាល់ ត្រាំ បានរាលដាល​ ចេញ​មុខ​រិះគនចិន​ ក្នុង​សំណុំ​រឿង​ប្រាក់​យ័ន សំណុំ​រឿង​នយោបាយ​ប្តូរ​ប្រាក់ និង​នយោបាយ​​ការពារ​ជាតិ បន្ថែម​ទៀត។

លោក ប្រធានាធិបតី​អាមេរិក​​ទើប​ជាប់​ឆ្នោត​ថ្មី ដូណាល់ ត្រាំ មិន​ធ្វើ​អ្វី​ដូច​ប្រធានាធិបតី​មុនៗឡើយ ! និង​មិន​ខ្វល់​អំពី​​នយោបាយ​ការទូត​ដែល​អាមេរិក​​ធ្លាប់​ប្រតិបត្តិ​ពីរ​មុន​ទេ។

នៅ​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ លោក ដូណាល់ ត្រាំ បាន​រិះគន់​ចិនធ្ងន់ៗ ដោយ​បាន​ចោទ​ប្រកាន់​ក្រុង​ប៉េកាំងយ៉ាង​ចំៗថា បាន​បញ្ចុះ​តម្លៃ​ប្រាក់​យ័ន ដើម្បី​អាច​ប្រកួត​ប្រជែង​ឈ្នះក្រុមហ៊ុន​អាមេរិក​ និ​ងបាន​ស្វែង​រក​ការ​ពង្រឹង​កម្លាំង​យោធា​នៅ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក តាម​រយៈ​ការ​សាង​សង់​មូលដ្ឋាន​ទ័ព​ដ៏​ធំ​មួយ​ នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង។ កាលពីថ្ងៃ​សុក្រ លោក ដូណាល់ ត្រាំ បាន​ធ្វើ​ឱ្យ​ចិន ខ្ញាល់​ខ្លាំង រឿង​ទទួល​ទូរស័ព្ទ​លោកស្រី​​ប្រធានាធិបតី​តៃវ៉ាន់ ដែល​ពុំ​ធ្លាប់​មាន​ប្រធានាធិបតី​អាមេរិក​រូបណា​ធ្វើ​ឡើយ។

លោក​មិន​បោះបង់​ចរិក​វាយប្រហារ​ និង​រក្សា​ជំហរ​ដំឡើង​សំលេង​ដាច់​ខាត​ដាក់​ចិន ដូច​អ្វី​ដែល​លោក​ធ្លាប់​ស្រែក​ក្នុង​ពេល​ឃោសនា ក៏​ព្រោះ​​តែ​លោក​មាន​បំណង​តែមួយគត់ គឺ​ចង់​បញ្ជាក់ជំហរ​ថា​លោក​ត្រូវ​ការ​ការពារ​ប្រយោជន៍​អាមេរិកជា​ធំ។

លោកត្រាំ កំពុង​ចម្រាញ់​​រក​ប្រមុខ​ការទូត

ប្រឈម​មុខ​នឹង​ជំហរ​បែប​នេះ អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​ប្រមុខ​ការទូត​អាមេរិក ច្បាស់​ជា​នឹង​ត្រូវ​ទទួល​បន្ទុកធ្ងន់ ដោយ​ត្រូវ​ចាំ​​សម្រួល​ស្ថានការណ៍ ​កែកុន​ពាក្យ​សំដី​ប្រធានាធិបតី​មាត់​ឆៅ ​បន្ថែម​ពី​លើ​កិច្ចការ​នយោបាយ​ការទូត​ធម្មតា​។ ប្រមុខ​ការទូត ដែល​គេ​នៅ​ពុំ​ទាន់​មុខច្បាស់​​នៅ​ឡើយ​ទេ លោកត្រាំ​កំពុង​បន្ត​ប្រតិបត្តិការ​ជ្រើសរើស​បេក្ខភាព​នៅឡើយ នៅ​ថ្ងៃនេះ​។ នៅ​ក្នុង​ចំណោម​ឥស្សរជន​៥​នាក់ ដែល​ទំនង​ខ្លាំង​ជាង​គេ ប្រហែល​ជា​អតីត​អគ្គរដ្ឋ​ទូត​អាមេរិក ប្រចាំ​ក្រុង​ប៉េកាំងពី​ឆ្នាំ​២០០៩-២០១១។​ ប្រសិន​បើ​ជា​រូប​លោក​នេះ​មែន មាន​ន័យ​ថា លោក ដូណាល់ ត្រាំ ពិត​ជា​បាន​គិត​ដល់​ទំនាក់ទំនង​ចិន-អាមេរិក​ហើយ។

តែ​ក្នុង​រយៈ​ពេល​កំពុង​រង់ចាំ​នេះ គឺ​អនុប្រធានាធិបតីថ្មី Mike Pence  និង​ទីប្រឹក្សា​ជំនិត​របស់​លោក ត្រាំ លោកស្រី Kellyanne Conway ជា​អ្នក​ដើរ​តួ​ ជួយ​​ពន្លត់​អគ្គីភ័យ​ក្នុង​ទំនាក់ទំនង​ការទូត​ជា​មួយ​ចិន​ ដែល​បង្ក​ឡើង​ដោយ​សារក្នុង​ប្រព័ន្ធ​សង្គម​​របស់​លោក ដូណាល់ ត្រាំ។

លោកអនុប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី ​បាន​បង្រួម​ហានិភ័យ​ការទូត ទាក់ទង​នឹង​ការ​ទទួល​ទូរស័ព្ទ​ប្រធានាធិបតី​តៃវ៉ាន់​ថា គ្រាន់​តែ​ជា​កិច្ចសន្ទនា​សម្តែង​ការ​គួរសមគ្នា​​ប៉ុណ្ណោះ។​ ចំណែក​​​លោកស្រីទីប្រឹក្សាវិញ បាន​ស្នើ​សុំ​កុំ​ឱ្យ​បកប្រែ​ស្ថានការណ៍​នៅពេល​នេះ​អី ព្រោះ​លោកត្រាំ នឹង​ឡើង​កាន់​អំណាច​នៅ​ថ្ងៃទី ២០ មករា ដែល​ចាប់​ពីពេល​នោះ​ទៅ លោក​នឹង​បង្ហាញ​ជំហរ​នយោបាយ​ការ​បរទេស​បានច្បាស់លាស់។​

ចិន​សុខ​ចិត្ត​នៅ​ស្ងៀម​ ប្រឈម​នឹង​ពាក្យ​រិះគន់​របស់​លោក​ត្រាំ

នៅក្នុង​សំណុំរឿង​តៃវ៉ាន់ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​រំលឹក​អំពី​នយោបាយ​ចិន​តែ​មួយ​ដែល​ទទួល​ស្គាល់​ដោយ​អាមេរិក​តាំង​ពី​យូរយារ​មក​ហើយ។​ តែទាក់ទង​នឹង​ការ​​រិះគន់ជុំវិញ​​នយោបាយ​រូបិយវត្ថុ​ និង​ការពារ​ជាតិ គេ​ពុំ​ទាន់​ឃើញ​មាន​ប្រតិកម្ម​ផ្លូវការ​អ្វី​ទេ។ ចិន​ដែល​រីករាយ​នឹង​បរាជ័យ​របស់​លោកស្រី គ្លីនតុន ព្រោះលោកស្រី​​ចូល​ចិត្ត​វាយប្រហារ​ចិន​ក្នុង​សំណុំ​រឿង​សិទ្ធិមនុស្ស ទំនង​ជា​កំពុងរិះរេថា​​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​នៅ​ចំពោះ​មុខ​ឥរិយាបថ​របស់​លោកត្រាំ​ ដ៏​ពិបាក​ស្មាន។ ប៉េកាំង​ទំនង​ជា​នឹង​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី មុន​ពេល​លោកត្រាំ ចូល​កាន់​តំណែង​ជា​ផ្លូវការ​ឡើយ។ ក្នុង​ពេល​រង់ចាំ​ដូច្នេះ ​មាន​តែសារព័ត៌មានទេ ដែល​បញ្ចេញ​មតិដោយ​ប្រុង​ប្រយ័ត្ន​បំផុត។

កាសែត Global Time បាន​ត្រឹម​សរសេរ​រំលឹក ​ក្នុង​ទំព័រ​វិបសៃត៍​របស់​ខ្លួន​ថា ស្ថាបនា​មូលដ្ឋាន​ក្នុង​ដែន​ទឹក​របស់​ខ្លួន ជា​ចំណែក​មួយ​នៃការ​កាពារ​បូរណភាព​ដែនដី។
សារព័ត៌មាន​ចិន និង​មតិសាធារណៈ​ទូទៅ បាន​លើក​​អំពី​កង្វះបទ​ពិសោធន៍​របស់​លោក ដូណាល់ ត្រាំ និង​​ហាក់​ដូច​ជា​មិន​ខឹង​សម្បារ​ប៉ុន្មានឡើយ ដោយ​សំអាង​ថា លោក គឺ​ជា​​ប្រធានាធិបតី​អាមេរិក​ ទើប​ឆ្នោត​ថ្មី មិន​ទាន់​ចូលកាន់​តំណែង។ រាល់ពាក្យ​រិះគន់ និង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ធ្លាក់​ទៅ​លើ​តៃវ៉ាន់​ទាំង​អស់ ៖ ប៉េកាំង​អាច​នឹង​ដាក់ទណ្ឌកម្ម​លើ​តៃវ៉ាន់ ដើម្បី​ជា​ការ​ព្រមាន ! ប៉េកាំង​អាច​នឹង​ធ្វើ​ឱ្យ​តៃវ៉ាន់​បាត់​បង់​​សម្ព័ន្ធភាព​ការទូត​ជាមួយ​ប្រទេស​ខ្លះ ក្នុង​ចំណោម​ប្រទេស​ជាង​២០​ដែល​សុខ​ចិត្ត​ភ្ជាប់​ទូត​ជាមួយ​តៃវ៉ាន់ ជាជាង​ភ្ជាប់​ទូត​ជាមួយ​ចិន​ប៉េកាំង។

បើ​តាម​សារព័ត៌មាន​ចិន​សរសេរ​ជាភាសា​អង់គ្លេស​ដដែល ចិន​អាច​នឹង​ពង្រឹង​ការ​ពង្រាយ​កងទ័ព​នៅ​តាម​ឆ្នេរ​តៃវ៉ាន់។​ តែ​ជាមួយ​អាមេរិក​របស់​លោក ដូណាល់ ត្រាំ ចិន​​ជ្រើសរើស ការ​ចរចា​ និង​ពិភាក្សា​គ្នា​ក្នុងន័យ​ស្ថាបនា​ច្រើន​ជាង៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោក​ត្រាំ​ជជែក​តាមទូរសព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ ស្ទើរ​តែ​​​បង្ក​ជា​វិបត្តិ​ជាមួយ​ចិន​​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    អាមេរិកដោះដៃ​ចោល​TPP ​និង​អាស៊ី-​ប៉ាស៊ីហ្វិក ​ដូច​បើកផ្លូវ​ឲ្យ​ចិន​កាន់តែ​មាន​ឱកាស

    ស្វែងយល់បន្ថែម

  • អាមេរិក

    អាមេរិក៖​លោក​អូបាម៉ា​ផ្តើម​បំពេញ​ទស្សនកិច្ច​លើកទី១១ និង​លើក​ចុង​ក្រោយ​នៅ​អាស៊ី

    ស្វែងយល់បន្ថែម

  • ចិនព្រមាន​អាមេរិក​ឱ្យ​ដោះស្រាយ​រឿង​រសើបៗ​ឱ្យ​ត្រឹមត្រូវ​ ដើម្បី​រក្សាទំនាក់ទំនង​យោធា​ល្អនឹង​គ្នា

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ