ប្រធានាធិបតីខ្ទាតចេញពីតំណែងជាស្ថាពរ កូរ៉េខាងត្បូងត្រៀមបោះឆ្នោតមុនអាណត្តិ លើផ្ទៃនៃភាពប្រេះឆា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៥
អស់មន្ទិលហើយ ! តុលាការធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរដ្ឋ បាន អារកាត់សេចក្តី នៅថ្ងៃសុក្រទី១០ មីនា ទម្លាក់លោកស្រី ប៉ាក់ គុនហេ ចេញពីតំណែងប្រធានាធិបតី ដូចអ្វីដែលសភាបានអនុម័តកាលពីថ្ងៃទី ៩ ធ្នូ ២០១៦។ សេចក្តីសម្រេចជាឯកច្ឆ័ន្ទរបស់ចៅក្រម នឹងត្រូវមានសុពលភាពភ្លាម ! ក្លាយជាពលរដ្ឋសាមញ្ញ និងអស់អភ័យឯកសិទ្ធិ លោកស្រី បាក់ គុនហេ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មុនកាលកំណត់នឹងប្រព្រឹត្តទៅនៅរវាងពីរខែទៀត។
ជាសេចក្តីសម្រេច ជាប្រវត្តិសាស្ត្រ ! និងជាលើកទីមួយបង្អស់ក្នុងប្រវត្តិកូរ៉េខាងត្បូង សម័យប្រជាធិបតេយ្យ ដែលប្រធានាធិបតីប្រសូតចេញពីការបោះឆ្នោត ត្រូវតុលាការបណ្តេញចេញពីតំណែង ! ដោយសេចក្តីសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់ចៅក្រមទាំង៨រូប ថា លោកស្រីប៉ាក់ គុនហេ បានរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ ដោយបានបណ្តោយឱ្យមិត្តជំនិតចូលលូកលាន់ក្នុងកិច្ចការប្រទេសជាតិ និងប្រព្រឹត្តអំពើពុករលួយ។
តើលោកស្រី ប៉ាក់ គុនហេ នឹងក្លាយទៅជាយ៉ាងណា ?
“ជាការរំលោភ ដ៏ធ្ងន់ធ្ងរ និងមិនអាចអនុគ្រោះបានឡើយ” ៖ លោកស្រី បានក្បត់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីសន្និដ្ឋានបញ្ចប់របស់តុលាការ។ ធ្លាប់មករស់នៅក្នុងវិមានប្រធានាធិបតី ពណ៌ខៀវ តាំងពីអាយុ៩ឆ្នាំ ជាមួយឪពុកដែលជាប្រធានាធិបតីផ្តាច់ការកូរ៉េខាងត្បូងរហូតដល់ឆ្នាំ១៩៧៩ និងដែលទើបត្រលប់ចូលវិមានប្រធានាធិបតីជាថ្មីម្នាក់ឯង កាលពីឆ្នាំ២០១២ លោកស្រី ប៉ាក់ គុនហេ ត្រូវចាកចេញដោយគ្មានបង្អង់មួយនាទី ពីវិមានដ៏ប្រណិតមួយនេះ និងត្រូវបាត់បង់ភ្លាមមួយរំពេច រាល់គ្រប់អំណាចនិងអភ័យឯកសិទ្ធិគ្រប់យ៉ាង រាប់ទាំងអភ័យឯកសិទ្ធិដែលការពារលោកស្រីក្នុងរឿងព្រហ្មទណ្ឌ ត្រលប់ទៅធ្វើជាពលរដ្ឋសាមញ្ញវិញ។
លោកស្រី ប៉ាក់ ក៏ជាប់សង្ស័យក្នុងសំណុំរឿងពុករលួយទទួលសំណូកពីក្រុមហ៊ុនយក្សរបស់កូរ៉េ តាមរយៈសកម្មភាពរបស់មិត្តជំនិត។ តាំងពីផ្ទុះរឿងអាស្រូវមក លោកស្រីបានបដិសេធមិនឆ្លើយនឹងសំណួររបស់អ្នកអង្កេតទេ ! ប៉ុន្តែចាប់ពីថ្ងៃនេះទៅ លោកស្រី គ្មានជម្រើសទៀតឡើយ ! នៅពេលចាកចេញពីវិមានប្រធានាធិបតី ហើយបើមិនចូលខ្លួនទៅប៉ូលិសសួរចម្លើយទេ លោកស្រីនឹងត្រូវរងដីការតាមចាប់ខ្លួនហើយ។
ប្រធានាធិបតីកូរ៉េខាងត្បូងមុនក៏ធ្លាប់ជាប់រឿងអាស្រូវពុករលួយទទួលសំណូកពីក្រុមហ៊ុនឧស្សាហកម្មធំៗដែរ ក្នុងនោះមានប្រធានាធិបតីពីរនាក់ធ្លាប់បានជាប់ពន្ធនាគារនៅទសវត្សរ៍ឆ្នាំ១៩៩០។ ឯចំណែកអតីតប្រធានាធិបតីRoh Moo-Hyun បានសម្លាប់ខ្លួននៅពេលប៉ូលិសកំពុងធ្វើការស៊ើបអង្កេតប្រឆាំងនឹងលោកនិងគ្រួសារ។
កូរ៉េខាងត្បូង កំពុងធ្លាក់ក្នុងភាពប្រេះឆា ?
សេចក្តីសម្រេចចិត្ត ដែលកូរ៉េខាងត្បូងទាំងមូលរង់ចាំអស់ពេល៩១ថ្ងៃមកហើយ ត្រូវបានប្រកាសផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍។ ហើយក្នុងខណៈនោះ សេអ៊ូល បានក្លាយជាទីបញ្ជាការដ្ឋាន ! រថយន្តប៉ូលិល និងប៉ូលិសជាង២ម៉ឺននាក់ បានដាក់ពង្រាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះសកម្មជនអ្នកគាំទ្រ និងអ្នកប្រឆាំង លោកស្រី ប៉ាក់ គុនហេ បានមកប្រមូលផ្តុំគ្នានៅមុខតុលាការ។ ម្ខាងដើម្បីអបអរ ម្ខាងដើម្បីសម្តែងកំហឹងថាមានការផ្សំគំនិតផ្តួលទម្លាក់លោកស្រីប្រធានាធិបតី។ អំពើហិង្សាវាយប្រតប់លើប៉ូលិស និងអ្នកកាសែតបានផ្ទុះឡើង។ មនុស្សពីរនាក់បានស្លាប់ ប៉ុន្តែមិនទាន់ដឹងថាដោយសារមូលហេតុអ្វីទេ។
តាមការពិតរឿងអាស្រូវពុករលួយ ដែលកំពុងកើតឡើងប៉ះពាល់ដល់លោកស្រី ប៉ាក់ គុនហេ បានជីកខួងឱ្យសង្គមមានការប្រេះឆា អស់ជាច្រើនខែមកហើយ ហើយសេចក្តីសម្រេចតុលាការ ទំនងជាមិនអាចធ្វើឱ្យរលប់បានឡើយ។ ថ្វីបើមានពលរដ្ឋកូរ៉េខាងត្បូង មួយភាគធំ និងបក្សប្រឆាំងរីករាយចង់ទម្លាក់លោកស្រី ប៉ាក់គុនហេ មែន តែលោកស្រី នៅតែមានប្រជាប្រិយភាពខ្លាំងក្នុងរង្វង់ពលរដ្ឋវ័យចំណាស់ និងអភិរក្ស។
សកម្មជនគាំទ្រលោកស្រី ប៉ាក់ គុនហេ កំពុងរន្ធត់ចិត្តខ្លាំងណាស់ នៅពេលបានឮសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដោយគ្រោងនឹងរៀបចំធ្វើបាតុកម្មផង។ ខ្លះបានស្រែកថាមិនយល់ស្របតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញទេ ខ្លះបានហ៊ានដល់ទៅគំរាមកំហែងចៅក្រមទៀត។
សកម្មជនគាំទ្រទាំងនោះ នៅតែរក្សាអនុស្សាវរីយ៍ល្អ នៃកំណើនសេដ្ឋកិច្ចដ៏លឿនរហ័សរបស់កូរ៉េខាងត្បូង ក្រោមការគ្រប់គ្រងផ្តាច់ការរបស់លោក ប៉ាក់ ជុងអ៊ី Park Chung-Hee ឪពុកលោកស្រីប៉ាក់ គុនហេ។ នៅសម័យនោះ ប្រធានាធិបតីកូរ៉េខាងត្បូងបានជ្រើសរើសសហការ និងផ្តល់ការអនុគ្រោះខ្លាំងដល់ក្រុមហ៊ុនឧស្សាហកម្មធំ មានជាអាទិ៍ក្រុមហ៊ុនសាំស៊ុង ហ៊ីហាន់ដាយ ... ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច។ ជាលទ្ធផល ក្នុងរយៈពេលដ៏ខ្លី កូរ៉េខាងត្បូងបានប្រែក្លាយខ្លួនពីប្រទេសក្រីក្របំផុត ទៅជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្លា។
ប៉ុន្តែ ទំនាក់ទំនងរដ្ឋនិង ក្រុមហ៊ុនឧស្សាហកម្ម តែងឈានដល់រឿងអាស្រូវពុករលួយ ដែលបញ្ជាក់ថាកូរ៉េខាងត្បូងត្រូវការធ្វើកំណែទម្រង់។ ជាក់ស្តែងករណីលោកស្រី ប៉ាក់ គុនហេនេះ ក្រៅអំពីលោកស្រីអស់អំណាច អគ្គនាយករងគ្រប់គ្រងក្រុមហ៊ុនយក្សដ៏ល្បីល្បាញសាំស៊ុង ក៏ស្ថិតនៅក្រោយចំរឹងដែក ព្រោះសំណុំរឿងតែមួយ។
កូរ៉េខាងត្បូង បោះឆ្នោតប្រធានាធិបតី ក្នុងបរិបទតំបន់តានតឹង
តាំងពីសភាទម្លាក់លោកស្រី ប៉ាក់ គុនហេ នៅខែធ្នូមក គឺនាយករដ្ឋមន្ត្រីជាអ្នកទទួលបន្ទុកដឹកនាំប្រទេសក្នុងនាមជាប្រធានាធិបតីស្តីទី។ ហើយសេចក្តីសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថ្ងៃនេះ ជាការបើកផ្លូវឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណត្តិ។
បើតាមប្រព័ន្ធឃោសនាព័ត៌មាន ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ឧសភាខាងមុខ និងក្នុងបរិបទដ៏តានតឹង ៖ តានតឹងជាមួយកូរ៉េខាងជើង ដែលទើបបាញ់សាកល្បងមីស៊ីលជាថ្មី- តានតឹងជាមួយចិន ក្រោយពីវ៉ាស៊ីនតោននិងសេអ៊ូលបានសម្រេចដាក់ពង្រាយខែលមីស៊ីលប្រឆាំងមីស៊ីល នៅកូរ៉េខាងត្បូង។
អ្នកដែលមានប្រជាប្រិយភាពលេចធ្លោខ្លាំងក្នុងការស្ទង់មតិ គឺលោក មូន ជៃអ៊ីន (៣៦%) បេក្ខជនមកពីបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង និងដែលធ្លាប់ចាញ់លោកស្រីប៉ាក់ គុនហេ ក្នុងសម័យបោះឆ្នោតឆ្នាំ២០១២។
ឯចំណែកបក្សអភិរក្សរបស់លោកស្រីប៉ាក់ គុនហេ ហាក់ដូចជាខ្វះមេកើយតំណាងខ្លាំងណាស់ នៅពេលដែលលោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រកាសមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមក។ លោកនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី Hwang Kyo-Ahn បានទទួលប្រជាប្រិយភាពលំដាប់ទីពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ