អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនខឹងសម្បារ​​​នឹង​​អាមេរិក​​ដែល​​បញ្ជូន​​នាវា​ចម្បាំង​​ទៅក្បែរ​កោះ​ជម្លោះ​ នៅ​​​​​សមុទ្រចិន​​ខាងត្បូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​អាមេរិ​កបញ្ជូន​នាវា​ចម្បាំង USS Stethem ​ចូល​ទៅក្បែរ​​កោះ​Triton ​សមុទ្រ​ចិន​ខាងត្បូង ​បាន​ប៉ុន្មានម៉ោង​មក ​ថ្ងៃចន្ទ​នេះ ប្រធានាធិបតី​ចិន​និង​អាមេរិក​បាន​ជជែកគ្នា​តាម​ទូរសព្ទ​​ ក្នុង​ស្ថានភាព​តានតឹង​នឹងគ្នា។ លោក​ស៊ី ជីនពីង និង​លោក​ដូណាល់ ត្រាំ បាន​ពិភាក្សា​​ពី​រឿង​នុយក្លេអ៊ែរ​​​កូរ៉េខាងជើង តែ​មិនបាន​លើកពី​រឿង​នាវា​ចម្បាំង​អាមេរិក ចូល​ទៅ​សមុទ្រ​ចិន​ទេ។​

នាវា​ចម្បាំង​អាមេរិក ​ ​USS Stethem​
នាវា​ចម្បាំង​អាមេរិក ​ ​USS Stethem​ Reuters
ផ្សាយពាណិជ្ជកម្ម

តាមទូរសព្ទ​ ​​​​​​លោក​ស៊ី ជីនពីង ​​លើកឡើង​ទៅ​លោកដូណាល់ ត្រាំ ​នូវ​កត្តា​អវិជ្ជមាន​ដែល​​​បង្កភាព​ល្អក់កករ​ដល់​ទំនាក់ទំនង​ទ្វេភាគី​​

ក្រោយ​អាមេរិ​កបញ្ជូន​នាវា​ចម្បាំង USS Stethem ​ចូល​ទៅTriton ​សមុទ្រ​ចិន​ខាងត្បូង ​រដ្ឋាភិបា​លចិន​ មានទាំង​ក្រសួងការពារជាតិ​ចិន បាន​នាំគ្នា​ប្រតិកម្ម​​ប្រឆាំង​ការបញ្ជូន​នាវា​ចម្បាំង​អាមេរិក ទៅ​តំបន់​សមុទ្រ​ចិន​នេះ​រួចហើយ។ ដូច្នេះ​ ​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង មិនត្រូវការ​​បន្ថែម​ភាព​តានតឹង​​លើរឿង​នេះ ជាមួយ​លោកត្រាំ​ទៀតទេ។ ​

គេ​មើលឃើញថា​ អាមេរិក​ផ្គើនចិន ​​បញ្ជូន​នាវា​ចម្បាំង​ទៅ​ក្បែរ​កោះ​ទ្រីតុង នៅសមុទ្រ​ចិន​នេះ គឺ​ដើម្បី​ជំរុញ​ចិន​ អោយ​ដាក់សម្ពាធ​កាន់តែខ្លាំងលើ​កូរ៉េខាងជើង​ប៉ុណ្ណោះ។ ​ម្ល៉ោះហើយ បានជា​ ថ្ងៃចន្ទ​នេះ ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​ដូណាល់ ត្រាំ និយាយ​តាមទូរសព្ទ​ជាមួយ​គ្នា​ មិនលើកពី​បញ្ហា​​នាវា​ចម្បាំង​អាមេរិក​នេះមែន តែ​​ប្រធានាធិបតី​ទាំង២​បានជជែកគ្នា​ពី​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។​ ត្បិតថា លោក​ស៊ី ជីនពីង​ មិននិយាយ​​រឿងនាវាចម្បាំង​អាមេរិក​ជាមួយ​លោក​ដូណាល់ ត្រាំ​មែន តែ​លោក​បាន​ប្រាប់​លោក​ដូណាល់ ត្រាំ​ ថា ពេលនេះ ​មា​នកត្តា​​អវិជ្ជមាន​ជាច្រើន​​ដែល​ធ្វើអោយ​ល្អក់កករ​ដល់​ទំនាក់ទំនង​ទ្វេភាគី​​រវាង​អាមេរិក​និង​ចិន។

រឿងអវិជ្ជមាន​ធ្វើអោយ​ចិន​ក្តៅក្រហាយ​នឹង​អាមេរិក​ ​មានអ្វីខ្លះទៅ ? មិនមែន​មានតែ​រឿងអាមេរិក​ប្រើ​​នាវា​ចម្បាំងផ្គើន​ចិន​​នេះ​តែមួយមុខទេ មានច្រើន​ណាស់ មួយរយៈ​ចុងក្រោយ​នេះ ។ បែបយ៉ាង កាលពី​ថ្ងៃព្រហស្បតិ៍ ​អាមេរិក​បាន​​​ដាក់ទណ្ឌកម្ម​មិនអោយ​ធនាគារ​ចិន​ឈ្មោះថា Dangdong Bank រកស៊ី​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អាមេរិក។ ធនាគារ​ចិន​មួយនេះ​រងការ​ចោទប្រកាន់ថា រកស៊ី​លាងលុយ​កខ្វក់ ​ជាប់ពាក់ព័ន្ធ​​សហគ្រាស​រកស៊ីដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឈន៍​មីស៊ីល​នៅ​​កូរ៉េខាងជើង។ លើសពី​នេះទៀត​ សប្តាហ៍​មុនដដែល អាមេរិក​ថែមទាំង​បាន​លូកដៃ​ចូលរឿងសិទ្ធិមនុស្ស​នៅចិន​ ​ដូចជា​រឿង​​​ហុងកុង អាមេរិ​ក​បាន​សំដែង​ការ​បារម្ភ​ពី​ការគោរព​សិទ្ធិសេរីភាព​នៅ​ហុងកុងជាដើម។

មាន​រឿង​មួយទៀត​ដែល​​ចិន​ខឹង​ដែរ​នោះ គឺ​រឿង​តៃវ៉ាន់ ទាក់ទង​កិច្ចសន្យា​លក់អាវុធ​ទៅ​អោយ​កោះតៃវ៉ាន់ ដែល​​​​​មានតម្លៃ​ជាង​១៤០០លាន​ដុល្លារ។ ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខែត្រ​របស់​​ចិន។ ចិន​រំលឹកអាមេរិក​​ច្រើនលើក​ហើយថា ចិនសង្ឃឹម​ថា អាមេរិក​គោរព​​គោលការណ៍​ទឹកដី​ចិន​តែមួយនេះ។ ប៉ុន្តែ ខាងកងទ័ព​អាមេរិក​នោះ​ហាក់ដូច​​មិនខ្វល់​រឿងទឹកដី​ចិន​តែមួយ​អីទេ។ គណៈ​កម្មាធិការ​កងទ័ព​អាមេរិក​បែរ​ជា​បាន​អនុម័ត​ច្បាប់​​​អោយ​នាវា​អាមេរិក​បានចូល​ទៅ​ចត​ទៀង​ទាត់​​នៅ​តាម​កំពង់ផែ​តៃវ៉ាន់​ទៅវិញ។ ទោះយ៉ាងនេះក្តី ច្បាប់​មួយនេះ​ត្រូវឆ្លងកាត់​សភា និងការចុះហត្ថលេខា​ពី​លោក​ដូណាល់ ត្រាំសិន ទើប​អនុវត្ត​បាន។ ​​

​ប្រធានាធិបតី​ចិន​លើកឡើង​តាមទូរសព្ទទៅ​លោក​ដូណាល់ ត្រាំ ​​នូវពាក្យ​ថា “កត្តា​អវិជ្ជមាន”​បង្ក​បញ្ហា​ដល់​​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​នេះ ដើម្បីអោយ​លោកត្រាំ​ដឺងថា បើ​ចង់​អោយ​ចិន​បន្ថែម​សម្ពាធ​លើ​កូរ៉េខាងជើង ទាល់តែ​អាមេរិក​ខ្លួនឯង​ហ្នឹងចេះ​គោរព​ចិនដែរ មិនត្រូវ​បន្តផ្គើន លូកដៃ​​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិនទេ។ ​អាមេរិក​ត្រូវដឹង​​ថា រឿង​សមុទ្រ​ចិន​ខាងត្បូង រឿង​សិទ្ធិមនុស្ស​ រឿង​តៃវ៉ាន់​​ សុទ្ធតែ​ជា​រឿងក្តៅគគុក​មិនអាច​លេងសើច​ទេ។ ​ ​

អាមេរិក​ដាក់សម្ពាធ​​​ចិន​ រឿង​កូរ៉េខាងជើង​​ ដោយសារ​​​​អាមេរិក​ខឹង​នឹងការគំរាម​វាយប្រហារ​​មិនចេះចប់​ពី​សំណាក់​​​កូរ៉េខាងជើង។ ថ្មីៗ​នេះទៀត​ និស្សិត​អាមេរិក​ដែល​កូរ៉េខាងជើងបាន​ដោះលែង​កាលពី​ខែ​មុននេះ បាន​ស្លាប់ហើយ ធ្វើអោយ​​​ប្រជាជន​អាមេរិក​ខឹង​កូរ៉េខាងជើង​។ លោកត្រាំទើប​ទទួលជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​សន្យាដោះស្រាយ​រឿងកូរ៉េខាងជើង​។​​ ពេលនេះ ​​លោក​ដូណាល់ ត្រាំ​ ​មានតែ​ដាក់សម្ពាធ​ចិនអញ្ចឹង​​ទៅ។ ​មានតែ​ចិនទេ ​ជិតដិត​នឹង​ក្រុងព្យុងយ៉ាង​ ​​ដាក់​សម្ពាធ​ក្រុងព្យុងយ៉ាងបាន​ តែ​ចិន​​ដូច​​មិនសូវ​​ផុសផុល​​ប៉ុន្មាន​​​ទេ។ ​អាមេរិក​​​បញ្ជុននាវា​អាមេរិក​ទៅ​ក្បែរ​​កោះជម្លោះ​នៅ​សមុទ្រ​ចិនម្សិលមិញ​នេះ ក៏ជា​ការព្រមាន​មួយ​ដល់​​ចិនដែរ ឃើញថា ​ចិន​សង់ហេដ្ឋារចនា​សម្ព័ន្ធ​នៅតាម​កោះ​ទាំងនោះច្រើនណាស់។ ​

បើចង់​អោ​យលោកស៊ី ជីនពីង ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ទាល់តែ​អាមេរិក​ចេះ​ប្រើ​វិធីសាស្ត្រ​​ការទូត​ គោរព​​ភាគី​ចិន​ដែរ មិនអាចសុខៗ ​​យក​នាវាចម្បាំង​មក​ផ្គើនចិន ​នៅសមុទ្រ​ចិន​ស្រួលៗ​អញ្ចឹង​ទេ។ អ្នកណា​ក៏ដឹងដែរ​ថា លោក​ស៊ី ជីនពីង​ ចូលចិត្ត​ដំណោះស្រាយ​តាមបែប​ការទូត។ លោកត្រាំ​និង​លោក​ស៊ី ជិនពីង ទើប​បាន​​ជួបគ្នា​ផ្ទាល់​មុខ កាលពីខែមេសា ធ្វើអោយ​ទំនាក់ទំនង​អាមេរិក​និង​ចិន​កក់ក្តៅ​ឡើងវិញ ពេលនេះ​ ​ទំនាក់ទំនង​នេះបែរជា​​​ល្អក់កករ​ទៅវិញ។

នាវា​អាមេរិ​កចូល​ទៅ​កោះទ្រីតុង ស្ថិត​នៅ​ប្រជុំកោះជម្លោះ​​​​ប៉ារ៉ាសែល។ តៃវ៉ាន់​និង​វៀតណាម​​ក៏ឈ្លោះ​ដណ្តើម​កោះ​នេះ​ជាមួយចិន​ដែរ។ ​អាមេរិក​ប្រាប់ថា នាវា​ចម្បាំង​ចូល​ទៅទីនោះ គឺ​គ្រាន់តែ​​បង្ហាញ​​​​ពី​សេរីភាព​នៃ​ចរាចរណ៍ដែនទឹក​ប៉ុណ្ណោះ។ សេរីភាពយ៉ាងណា​​ក៏ដោយ​ បើ​តំបន់​កោះជម្លោះ​ជាបញ្ហា​ក្តៅគគុក​ ​ អាមេរិក​មិនអាច​លេងសើច​អញ្ចឹងទេ។ ម្យ៉ាងទៀត គិតតាំង​ពី​លោក​ដូណាល់ ត្រាំ​ ឡើង​កាន់​អំណាច​មក ​មិនមែន​ជាលើកទី១​ទេ​ ដែល​នាវា​អាមេរិក​ចូលទៅ​​​​បង្ករឿង។ ​កាលពី​ថ្ងៃ​២៥​ឧសភា ​នាវាអាមេរិក​ធ្លាប់​ចូល​តំបន់​​​ប្រជុំកោះ​Spratley ដែរ។ ​​

​​នាវា​អាមេរិក ចូលទៅ​ក្បែរ​​កោះទ្រីតុង​ម្សិលមិញ ត្រូវបាន​​ក្រសួងការពារ​ជាតិចិន​ចោទរហូត​ថា​ ​ប៉ះពាល់​ស្ថិរភាពក្នុង​​​តំបន់​។​​ ក្រសួងការបរទេស​ចិន​ព្រមាន​អាមេរិក​អោយ​កែប្រែ​កំហុស​នេះ ​កុំអោយ​បង្ក​រឿង​បែបនេះ​ទៀត បើសិន​ជា​អាមេរិក​ចង់​អោយ​ទំនាក់ទំនង​ចិន-អាមេរិក​ ត្រឹមត្រូវឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ