លោកដូណាល់ត្រាំនឹងដំឡើងពន្ធលើដែកថែបបរទេសនាំចូលទៅអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៩
ប្រធានាធិបតីអាមេរិកាំង លោកដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានប្រតិកម្ម រិះគន់ខ្លាំងពីប្រទេសដៃគូពាណិជ្ជកម្មរបស់អាមេរិក នៅពេលលោកប្រកាសថា នឹងដំឡើងពន្ធ លើដែកថែប ២៥% និងអាលុយមីញ៉ូម១០% ដែលនាំចូលទៅអាមេរិក។ សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី បានរិះគន់ចំណាត់ការអាមេរិក និងសន្យាចាត់វិធានការសងសឹកអាមេរិកវិញ បើសិន ឧស្សាហកម្មផលិតដែករបស់អឺរ៉ុបប៉ះពាល់ដោយសារការដំឡើងពន្ធ របស់អាមេរិក។ ការប្រកាសដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក អាចនាំឲ្យផ្ទុះសង្រ្គាមពាណិជ្ជកម្ម រវាងអាមេរិក និងក្រុមប្រទេសផលិតដែកថែប ដែលក្នុងនោះមានផងដែរ ចិន។
ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ទី១ មីនា បានប្រកាសថា លោកនឹងសម្រេចដំឡើងពន្ធ លើដែកថែប នាំចូលទៅអាមេរិក ដល់២៥ភាគរយ ហើយនិង១០ភាគរយ លើអាលុយមីញ៉ូម។ លោកដូណាល់ ត្រាំ នៅមិនទាន់ បញ្ជាក់នៅឡើយទេថា តើប្រទេសផលិតដែកថែបណាមួយ ដែលនឹងអាចរងគ្រោះដោយសារការដំឡើងពន្ធរបស់អាមេរិក។
អាមេរិកប្រកាសសង្រ្គាមពាណិជ្ជកម្មមិនថា ជាមួយមិត្ត ឬគូរប្រជែង
សម្រាប់ប្រធានគណៈកម្មការសហភាពអឺរ៉ុប ការសម្រេចដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែតទៅនឹងបទបញ្ជារ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានហាមប្រទេសសមាជិក មិនឲ្យប្រើរនាំងពន្ធគយ សម្រាប់ការពារប្រយោជន៍ ក្នុងស្រុកខ្លួន។
យ៉ាងណាក៏ដោយ អង្គការពាណិជ្ជកម្មពិភពលោកបើកផ្លូវអនុញ្ញាតឲ្យគេប្រើរបាំងពន្ធគយ តែសម្រាប់ហេតុផលការពារសន្តិសុខជាតិតែមួយប៉ុណ្ណោះ។ តាមក្រសួងពាណិជ្ជកម្មអាមេរិក ការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម គឺដើម្បី ការពារសន្តិសុខជាតិអាមេរិក។ សម្រាប់រដ្ឋបាលលោកដូណាល់ ត្រាំ អាមេរិក ត្រូវតែផលិតរថក្រោះ នាវាចម្បាំងរបស់ខ្លួន ជាមួយនឹងដែកថែបរបស់អាមេរិក។ កាណាដាដែលជាប្រទេសនាំចូលដែកថែបសំខាន់មួយទៅអាមេរិក ចាត់ទុកចំណាត់ការដំឡើងពន្ធរបស់អាមេរិក ជារឿងដែលមិនអាចទទួលយកបាន ចំណែកសហភាពអឺរ៉ុប បានគំរាមថា នឹងចាត់វិធានការសងសឹកវិញ បើសិនឧស្សាហកម្មផលិតដែកថែបរបស់អឺរ៉ុប រងប៉ះពាល់ដោយសារនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ។ កូរ៉េខាងត្បូងដែលជាប្រទេសធំទី៣បន្ទាប់ពីកាណាដា និងប្រេស៊ីល នាំចូលដែកថែបទៅអាមេរិក និយាយថា ខ្លួននឹងចរចាជាមួយ អាមេរិក និងថា អត្រា ២៥ភាគរយនៅមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែ វាប្រាកដជាអាចប៉ះពាល់ដល់ពាណិជ្ជកម្មនាំចូលរបស់កូរ៉េខាងត្បូង ទៅអាមេរិក។
រដ្ឋាភិបាល បារាំង និងអាល្លឺម៉ង់ នៅថ្ងៃសុក្របានរិះគន់ការសម្រេចដំឡើងពន្ធជាឯកតោភាគីរបស់អាមេរិក។
លោកដូណាល់អះអាងថា បានធ្វើតាមការសន្យា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
លោកដូណាល់ ត្រាំដែលអះអាង ថា ដោយដំឡើងពន្ធលើដែក និងអាលុយមីញ៉ូមបរទេស លោកបានធ្វើតាមការសន្យារបស់លោក នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនៅក្នុងនោះ លោកបានសន្យាការពារការងារ ប្រយោជន៍របស់ប្រជាជនអាមេរិកាំង។
នៅក្នុងសារTwitter នៅថ្ងៃព្រហស្បតិ៍ លោកដូណាល់ ត្រាំ សរសេរថា ឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូម និងផលិតផលផ្សេងទៀត ត្រូវបានបំផ្លាញអស់ជាច្រើនទសវត្សរ៍ ដោយសារតែពាណិជ្ជកម្មមិនស្មើភាព និងនយោបាយដ៏អាក្រក់របស់ប្រទេសដទៃ នៅជុំវិញពិភពលោក។ សម្រាប់លោក ប្រជាជនអាមេរិក ក្រុមហ៊ុន និងកម្មករមិនត្រូវបណ្តោយទុកឲ្យអាមេរិករងអំពើអយុត្តិធម៌តទៅទៀតនោះទេ។
ពលរដ្ឋអាមេរិកាំង បានបាត់បង់ការងាររបស់ខ្លួន នៅ ក្នុងវិស័យឧស្សាហកម្មផលិតដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិក។ ចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ២០០៥ ការងារប្រមាណ ៣ភាគ ៤ នៃការងារ សរុបក្នុងវិស័យផលិតដែកថែបអាមេរិកបានបាត់ស្រមោល។ ប៉ុន្តែ តាមការសិក្សារបស់សមាគមសេដ្ឋកិច្ចអាមេរិក ចំនួនការងារថយចុះ នៅក្នុងវិស័យផលិតដែកថែប អាមេរិក ក៏ដោយសារតែមានការរីកចម្រើននៃបច្ចេកវិទ្យា ដែលបានបើកផ្លូវឲ្យក្រុមហ៊ុន ជ្រើសរើសប្រើ គ្រឿងម៉ាស៊ីន គ្រឿងយន្ត ដែលអាចធ្វើការជំនួសកម្លាំងមនុស្ស យ៉ាងប្រសិទ្ធិភាព។ បណ្តាញសកលវិទ្យាល័យឯករាជ្យមួយ ឈ្មោះ Econofact បានចេញផ្សាយឯកសារមួយ ដែលបង្ហាញថា ទោះបីជារដ្ឋបាលលោកដូណាល់ ត្រាំ ធ្វើនយោបាយ ដាក់រនាំងពាណិជ្ជកម្ម ដើម្បី ការពារឧស្សាហកម្ម ផលិតកម្ម ក្នុងស្រុកក្តី ក៏វានឹងមិនអាចទៅជួយបង្កើនការងារធ្វើច្រើនសម្រាប់ប្រជាជនដូចការរំពឹងទុកខ្លាំងនោះទេ។
អ្នកខាត និងអ្នកចំណេញ
អ្នកដែលចំណេញពីនយោបាយដំឡើងពន្ធ លើកនេះ គឺមានតែមនុស្សមួយក្តាប់តូច ដូចជាកម្មករ ប៉ុន្មានរយនាក់របស់រោងចក្រផលិតដែកថែប ឬក្រុមអ្នកជំនួញ ម្ចាស់ ក្រុមហ៊ុន ឧស្សាហកម្មផលិតដែកថែបអាមេរិក ដែលបានទាមទាររហូតមកឲ្យដាក់ពន្ធ លើដែកថែបនាំចូលពីចិន រុស្ស៊ី និងកូរ៉េខាងត្បូង ដែលពួកគេចោទប្រកាន់ថា បានធ្វើជំនួញ មិនស្មើភាពជាមួយអាមេរិក។
ប៉ុន្តែ បើនិយាយពីអ្នកដែលរងគ្រោះខាតបង់ដោយសារតែការដំឡើងពន្ធលើការនាំចូលដែកថែបទៅអាមេរិកវិញ គឺមានច្រើន។ ទីមួយ គឺប្រទេសដៃគូ ពាណិជ្ជកម្ម ដែលនាំចូលដែកថែបទៅអាមេរិក។ កាណាដា ប្រេស៊ីល និងកូរ៉េខាងត្បូង ដែលជាប្រទេសធំបី នាំចូលដែកថែបច្រើនជាងគេទៅអាមេរិក នឹងរងគ្រោះដោយផ្ទាល់ដោយសារនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ។
អ្នកដែលខាតបង់ប្រយោជន៍ មួយទៀត គឺក្រុមហ៊ុន និងប្រជាជនអាមេរិកាំង ដែលត្រូវការប្រើដែកថែប និងអាលុយមីញ៉ូម។ ការដំឡើងពន្ធលើដែកថែក នាំចូល ទៅអាមេរិក នឹងធ្វើឲ្យតម្លៃ របស់វា កាន់តែឡើងថ្លៃ ដែលនឹងប៉ះពាល់ ទៅដល់គម្រោងការដ្ឋានសាងសង់អគារ ឬ រោងចក្រផលិតឡាន ក្នុងទឹកដី អាមេរិក។ ប្រជាជនអាមេរិកនឹងរងគ្រោះដោយមិនផ្ទាល់ ពីនយោបាយដំឡើងពន្ធ របស់លោកដូណាល់ ត្រាំ ព្រោះពួកគេត្រូវបង់ចំណាយប្រាក់ច្រើនជាងមុន ទៅលើរថយន្ត ផ្ទះសម្បែង ឬផលិតផលអ្វីផ្សេងទៀត ដែលត្រូវមានប្រើដែកថែប និងអាលុយមីញ៉ូម។ ដោយសារតែអាលុយមីញ៉ូមឡើងថ្លៃជាងមុន ដោយសារតែការដំឡើងពន្ធលើកនេះ កំប៉ុងបីយ៉ែរ ឥលូវ និងកំប៉ុងប៊ីយ៉ែ នៅប៉ុន្មានខែខាងមុខ គឺមានតម្លៃមិនដូចគ្នានោះទេ។
ចុងក្រោយ អ្នកដែលខាតមែនទែន ពីនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ គឺអាមេរិកទាំងមូលតែម្តង។ ជាពិសេស នៅពេលដែលអាមេរិកអាចរងការវាយបក សងសឹកពីប្រទេសដែលរងគ្រោះដោយសាររនាំងពន្ធគយរបស់អាមេរិក។
រងការរិះគន់ពីមនុស្សក្នុងបក្សសាធារណរដ្ឋ
នៅក្នុងរឿងដំឡើងពន្ធលើដែកថែបបរទេស លោកដូណាល់ ត្រាំមិនត្រឹមតែរងការរិះគន់ប្រឆាំងពីបរទេស ដូចជាអូស្ត្រាលី កាណាដា និងអឺរ៉ុបតែប៉ុណ្ណោះទេ។ សូម្បីតែនៅក្នុងជួរគណបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ ក៏មានអ្នកមិនពេញចិត្តនឹងជំហររបស់លោកដែរ។ មន្រ្តីបក្សសាធារណរដ្ឋមួយចំនួន មិនគាំទ្រ ឲ្យមានការដំឡើងពន្ធ ព្រោះគេខ្លាចមានការសងសឹកវិញ ពីប្រទេសដទៃ ជាពិសេសទៅលើវិស័យកសិកម្មអាមេរិក។ ចិន ជាដើម មិនសូវរងប៉ះពាល់ ដោយសារការដំឡើងពន្ធ លើដែកថែប និងអាលុយមីញ៉ូម លើកនេះ មកពីចិននាំចូលដែកតិចតួច ទៅប្រទេសអាមេរិក។
ប៉ុន្តែ ចិនធ្លាប់បានប្រតិកម្មរិះគន់អាមេរិករួចហើយ នៅពេលលោកដូណាល់ ត្រាំបានសម្រេចដំឡើងពន្ធលើផ្ទាំងស្រូបកំដៅ ព្រះអាទិត្យ ដែលជាផលិតផលនាំចេញដ៏សំខាន់របស់ចិន ទៅអាមេរិក។ ដើម្បី សងសឹកអាមេរិក ចិន កាណាដា សហភាពអឺរ៉ុប គឺអាចឈប់ទិញ ឬ បង្កើតរនាំងពន្ធគយ លើផលិតផលកសិកម្មរបស់អាមេរិក វិញ។ ចង់ ឬមិនចង់ ដោយដាក់រនាំងពន្ធគយ ជាបន្តបន្ទាប់ រដ្ឋបាលលោកដូណាល់ ត្រាំ កំពុងបើកទ្វារ លើកទឹកចិត្ត ឲ្យមានសង្រ្គាមពាណិជ្ជកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ