អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល អាមេរិក និងកូរ៉េខាងជើង៖ តើ​ចិន​បាន​ដើរតួនាទីអ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​បាន​ជួប ប្រធានាធិបតី​អាមេរិក ដែល​បាន​យល់ព្រម​បើកជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គណៈប្រតិភូ កូរ៉េខាងត្បូង ដឹកនាំ ដោយ​លោក ជុង អ៊ឺយុង​Chung Eui-Yong ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង នៅថ្ងៃ​ចន្ទនេះ។ នៅក្នុង​ជំនួបពិភាក្សា​ជាមួយ លោក​យ៉ាង ជាឈី ទីប្រឹក្សា​រដ្ឋចិន គណៈប្រតិភូ​កូរ៉េខាងត្បូង បាន​ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ដែល​បាន​គាំទ្រ​យ៉ាងសកម្ម ការចរចា​ការទូត រហូតធ្វើ​ឲ្យ​គេ​អាច​បង្កើត​ ជំនួបកំពូល ជាប្រវត្តិសាស្រ្ត​រវាង​លោកដូណាល់ និង​លោកគីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង។

ទីប្រឹក្សា​រដ្ឋចិន លោក​យ៉ាង ជាឈី(ស្តាំ) ចាប់ដៃ​ជាមួយគណៈប្រតិភូ​កូរ៉េខាងត្បូងដឹកនាំ​ដោយ​លោក​ជុង អឺយុង (កណ្តាល) នៅទីក្រុង​ប៉េកាំង​ថ្ងៃទី ១២​មីនា ២០១៨
ទីប្រឹក្សា​រដ្ឋចិន លោក​យ៉ាង ជាឈី(ស្តាំ) ចាប់ដៃ​ជាមួយគណៈប្រតិភូ​កូរ៉េខាងត្បូងដឹកនាំ​ដោយ​លោក​ជុង អឺយុង (កណ្តាល) នៅទីក្រុង​ប៉េកាំង​ថ្ងៃទី ១២​មីនា ២០១៨ ©REUTERS/Etienne Oliveau
ផ្សាយពាណិជ្ជកម្ម

នៅបីថ្ងៃ​ក្រោយ ជំនួប​ជាមួយ លោកដូណាល់ ត្រាំ ដែល​យល់ព្រម បើក​ជំនួបកំពូល​ជាមួយ មេដឹកនាំ​កូរ៉េខាងជើង គណៈប្រតិភូ​កូរ៉េខាងត្បូង​បាន​បន្ត​សកម្មភាព​ការទូត​របស់ខ្លួន ទៅ​ប្រទេស​ចិន ជប៉ុន និង​ចុងក្រោយ​បំផុត ទៅ​រុស្ស៊ី។ នៅថ្ងៃ​ចន្ទ នេះ នៅក្នុង​ជំនួប​ជាមួយ​ទីប្រឹក្សា​រដ្ឋ​ចិន ប្រធាន​គណៈប្រតិភូ​កូរ៉េខាងត្បូង គឺ​លោក​ជុង អឺយុង បាន​និយាយ​អរគុណ ចិន ដែល​បាន​គាំទ្រ​យ៉ាងសកម្ម នៅក្នុង​ដំណើការ​ចរចា​ការទូត រហូតធ្វើ​ឲ្យ​មាន​ជំនួបកំពូល​អាមេរិក និង​កូរ៉េខាងជើង។

មេដាយ​បានទៅលោកប្រធានាធិបតី​ចិន ស៊ី ជីនពីង

បើសិន​ជំនួបកំពូល​រវាង​លោកដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​កើត​មាន​ពិតមែន អ្នក​ដែល​គេ​ឲ្យមេដាយ គឺ​ប្រទេស​ចិន ឬ​អាច​ថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​តែម្តង។ តាំង​ពី​ណា ពីណីមក ក្រុង​ប៉េកាំង​បាន​ជំរុញ​ឲ្យ​មានការចរចា​សន្តិភាព នៅ ឧបទ្វីប​កូរ៉េ ជំរុញ​ឲ្យ​អាមេរិក​បើកការចរចា​ការទូត​ជាជាង​ប្រើ​កម្លាំង​យោធា។

ចិន ជា​សម្ព័ន្ធមិត្ត សំខាន់ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​នាំមុខ របស់​កូរ៉េខាងជើង។ ទំនិញ ផលិតផល​កូរ៉េខាងជើង ប្រមាណ​៩០ភាគរយ​ត្រូវលក់​ទៅ​ឲ្យ​ចិន។ ប៉ុន្តែ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ចិន ដែល​ជាសមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ បាន​សុខចិត្ត យល់ព្រម បោះឆ្នោត​គាំទ្រ ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង ក្នុង​គោលដៅ ដាក់​សម្ពាធ​លើ​ប្រទេស​ជិតខាងរបស់ខ្លួន ឲ្យ​លះបង់​ចោល​មហិច្ឆតា​ផលិតអាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល។ ជាទូទៅ ចិន​បាន​ចូលរួម​ជាមួយ​អាមេរិក និង​ប្រទេស​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី បោះឆ្នោត​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង នៅក្រោយ​ប្រទេស​នេះ បាញ់​សាកល្បង គ្រាប់បែក​នុយក្លេអ៊ែរ។

ចិន​ដោយពិតទៅ មិន​ចង់​ឲ្យ​ប្រទេសជិតខាង​របស់ខ្លួន​មាន​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ ព្រោះថា ចិន​មិន​ចង់​ឲ្យ​ជប៉ុន​យក​លេស ហេតុផលនេះ ដើម្បី ទៅ​បង្កើន​កម្លាំងយោធា ដែល​អាច​គំរាមកំហែង​ផលប្រយោជន៍​ដល់​ចិន នៅក្នុងតំបន់។ យ៉ាងណាក៏ដោយ  ទោះ​ជា​ចិន​បាន​ចូលរួម​ក្នុង​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ ចិន​ក៏​មិន​តឹងដៃ រហូត​នោះដែរ។ គឺ​ចិន​នេះ​ឯង ដែល​កាលពី​ពេលថ្មី​នេះ យក​ជើង​រាទឹក ដើម្បី​កុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន និង​នាវាដឹកទំនិញ​ចេញចូល​កូរ៉េខាងជើង ទៅតាម​ការទាមទារ​ចង់បាន​របស់​អាមេរិក។ គោលបំណង​របស់ចិន គឺ​ដាក់​ទណ្ឌកម្ម ដើម្បី​ត្រឹម​ដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង សុខចិត្ត​ត្រលប់​ចូល​តុចរចា ប៉ុន្តែ​មិន​រហូត​ដល់​ច្របាច់ក ធ្វើឲ្យ​របបកុម្មុយនិស្ត​ព្យុងយ៉ាង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន ត្រូវ​ដួលរំលំ នោះដែរ។

សូមអាន៖​សេអ៊ូល៖ កូរ៉េខាងជើង​នឹង​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ បើសិន​មាន​ការធានា

គេអាច​ថា ការដែល​កូរ៉េខាងជើង​យល់ព្រម បើក​ជំនួបកំពូល ទ្វេភាគី ​អាមេរិក ដើម្បី ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ ក៏អាច​ដោយសារ​តែ​ការដាក់សម្ពាធ ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​ជះផល​អាក្រក់​ពិតមែន​ទៅលើ​សេដ្ឋកិច្ច​ក្រុងព្យុងយ៉ាង។ តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ទំនិញ​របស់​ចិន ការដោះដូរ​ពាណិជ្ជកម្ម​ចិន និង​កូរ៉េខាងជើង​បាន​ធ្លាក់ចុះ មកនៅ ៥២ភាគរយ នៅ​ឆ្នាំមុន ដែល​មិនធ្លាប់មាន តាំង​ពី​ឆ្នាំ ២០១៤។ ចិន ធ្លាប់​បាន​បញ្ជូន​មន្រ្តី​ចិន​ជាច្រើន​ដង ទៅ​ទីក្រុង​ព្យុងយ៉ាង ដើម្បី​បញ្ចុះបញ្ចូល​មេដឹកនាំ​កូរ៉េខាងជើង ឲ្យ​ឃើញថា មានអាវុធ​នុយក្លេអ៊ែរ​នឹង​មិនធ្វើឲ្យ​កូរ៉េខាងជើង​មាន​អនាគត​រុងរឿងនោះ​ទេ គឺ​មាន​តែ​បញ្ហា ដែល​ពេលខ្លះ ចិន​មិនអាច​នៅ​ចាំជួយ​រហូត​នោះទេ។

ចិន​ដើរតួសំខាន់ និង​មិនអាច​ខ្វះបាន នៅក្នុង​ការជំរុញ​ឲ្យ​មាន​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត រវាង​អាមេរិក និង​កូរ៉េខាងជើង។ សូម្បី នៅក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ ប្រធានាធិបតី​ស៊ី ជីនពីង លោកដូណាល់ ត្រាំ ដែល​បាន​ទាមទារ​ឲ្យ​ចិន​ចូលរួម​ដាក់សម្ពាធ លើ​កូរ៉េខាងជើង បាន​ទទួល​ស្គាល់​ថា លោក​ស៊ី ជីនពីង​ធ្វើត្រូវ ដែល​ទន្ទិញ​ចង់​ឲ្យ​អាមេរិក និង​កូរ៉េខាងជើង​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​តាមរយៈការចរចា។ ជាថ្មី​ម្តងទៀត មេដាយ​ត្រូវ​បាន​ទៅ​លោកប្រធានាធិបតី​ស៊ី ជីនពីង។

ចិន​នៅ​ក្រៅសៃង្វៀន នៃការចរចា​នុយក្លេអ៊ែរ​កូរ៉េខាងជើង?

ដំណឹងដែល​ថា លោកដូណាល់ ត្រាំ យល់ព្រម​បើកជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើងបាន​ចេញពី​មាត់​របស់​គណៈប្រតិភូ​កូរ៉េខាងត្បូង ប៉ុន្តែ​មិនមែន​ចេញពី​ភាគី​របស់​ចិន ដែលលោកដូណាល់ ត្រាំ​ចាត់ទុក​ថា ដើរតួសំខាន់ និង​មាន​ឥទ្ធិពល​ទៅលើ​កូរ៉េខាងជើង។

សូមអាន៖អាមេរិក-កូរ៉េខាងជើង៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​យល់ព្រម​ជួប​គ្នា?

លោក​ដូណាល់ ត្រាំ សម្រេចចិត្ត​ភ្លាមៗ នៅពេល​គណៈប្រតិភូ​កូរ៉េខាងត្បូង​នាំពាក្យ​ពីលោកគីម ជុងអ៊ុន​ថា ចង់ជួប​ទ្វេភាគី​ជាមួយ អាមេរិក ដើម្បី​និយាយ​ពី​ការលះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ តាម​កាសែត​អាមេរិក លោកដូណាល់ ត្រាំ បាន​សម្រេច​តែម្នាក់ឯង ក្នុង​ការបើក​ជំនួបកំពូល​ជាមួយ លោក​គីម ជុងអ៊ុន គឺ​មិន​បាន​ពិគ្រោះយោបល់​អ្វី​ច្រើន​ជាមួយ មន្រ្តីរដ្ឋបាល​របស់លោកទេ។ ការសម្រចចិត្ត​របស់​លោកត្រាំ ធ្វើឡើង នៅក្នុង​ពេល​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​រេច ធីល័រសុន​កំពុងធ្វើទស្សនកិច្ច​នៅ​អាហ្រ្វិក។ មន្រ្តី​របស់​អាមេរិក​មិនទាំងដឹង​ពី​ចេតនា​របស់លោកដូណាល់ ត្រាំ ចុះ​ទម្រាំ​ចិន ដែល​លោក​ដូណាល់ ត្រាំ ចាត់ទុក​ជា​គូប្រជែង​ទៀតនោះ។ ទោះ​ជា​ចិន​បាន​ចូលរួម​ច្រើន ដូចជា​ការដាក់សម្ពាធ លើ​កូរ៉េខាងជើង ប៉ុន្តែ ចិនក៏​ភ្ញាក់ផ្អើល​ណាស់ដែរ ដែល​លឺថា លោកដូណាល់ ត្រាំ បាន​យល់ព្រម​ទទួល​ជួប​មេដឹកនាំ​កូរ៉េខាងជើង ដែលលោកដូណាល់ ត្រាំ​ធ្លាប់​តែ​ជេរប្រមាថ ជា​បុរស​មីស៊ីល។

 

នៅ​ខាងកូរ៉េខាងជើង ទោះ​ជា​ចិន​ជា​សម្ព័ន្ធមិត្ត​របស់​របបព្យុងយ៉ាង ប៉ុន្តែ កូរ៉េខាងជើង​បាន​ជ្រើសរើស​យកកូរ៉េខាងត្បូង ឲ្យ​ធ្វើជា​អន្តរការី ​ជាអ្នកនាំពាក្យ របស់កូរ៉េខាងជើង ជាមួយ​អាមេរិក។ កូរ៉េខាងជើង​អាច​អន់ចិត្ត​នឹង​ចិន ដែល​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​សូម្បីតែ​សម្ព័ន្ធមិត្ត​របស់ខ្លួន។ មួយវិញទៀត មេដឹកនាំ​កូរ៉េខាងជើង ដែល​បង្ហាញ​ពី​គោលបំណង​ចង់ឲ្យ​មាន​ការផ្សះផ្សា​កូរ៉េទាំងពីរ ចង់​ធ្វើការ​ជាមួយ​កូរ៉េខាងត្បូង ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក ប៉ុន្តែ មិនមែន​ជា​គូប្រជែង​របស់​អាមេរិក ដូចជាចិន។

 

ការនេះ​ធ្វើ​ឲ្យ​មានមតិ​លើកឡើងថា ចិន​អាច​នៅ​ក្រៅសៃង្វៀន នៃ​ការចរចា​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ទោះជា​ចិនលើកនេះ ស្វាគមន៍ ជំរុញ​ឲ្យ​អាមេរិក​ចរចា​ដោយផ្ទាល់​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ ចិន រហូត​មក បាន​ចង់ឲ្យ​បញ្ហា​នុយក្លេអ៊ែរ កូរ៉េខាងជើង ត្រូវ​យក​ទៅ​ពិភាក្សានៅ​តុចរចា ៦ភាគី ដែល​មាន​កូរ៉េខាងជើង កូរ៉េខាងត្បូង អាមេរិក ចិន​ជប៉ុន និង​រុស្ស៊ី។

កូរ៉េខាងជើង មិន​ទាន់​ឆ្លើយតប នៅក្រោយ​លោកដូណាល់ ត្រាំ​យល់ព្រម​បើកជំនួបកំពូល​ជាមួយ លោកគីម ជុងអ៊ុន

អ្នកនាំពាក្យ​របស់​ក្រសួង​បង្រួបបង្រួម​បាននិយាយ​ថា តាំង​ពី​ត្រលប់មក​ពី​ព្យុងយ៉ាង គណៈប្រតិភូ​កូរ៉េខាងត្បូង​មិនបាន​ជួប​ទាក់ទង​ជាផ្លូវការ ទៀត ជាមួយ កូរ៉េខាងជើង។ កាសែត​កូរ៉េខាងជើង​ធ្លាប់​បាន​ចុះផ្សាយ​ច្រើន ពីជំនួបកំពូល​រវាង​មេដឹកនាំ​កូរ៉េទាំងពីរ ដែល​តាម​គម្រោង នឹងធ្វើ នៅចុងខែ​មេសា។ ប៉ុន្តែ កាសែតផ្លូវរដ្ឋ​កូរ៉េខាងជើង ស្ងាត់ មិនសរសេរ​អ្វី ពី​ជំនួបកំពូល​រវាង​លោកដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន។

ដំណឹង​នៃ​គម្រោង​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក​ទីប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​លោក​គីម ជុងអ៊ុន​ក្នុង​ទីក្រុង​ព្យុងយ៉ាង និង​ជាមួយ​លោក​ដូណាល់ ត្រាំ​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ មួយ​វិញ​ទៀត ការសុំ​ជួប​លោក​ដូណាល់ ត្រាំ​ពី​លោក​គីម ជុងអ៊ុន​បាន​ធ្វើ​ឡើង​តាម​ពាក្យសម្តី ពោល​មិន​មែន​តាម​សំបុត្រ​ផ្លូវការ​ទេ ហើយ​ការ​ឆ្លើយ​យល់ព្រម​របស់​លោក​ត្រាំ​ក៏​ធ្វើ​ឡើង​តាម​ពាក្យ​សម្តី​ដែរ។

កូរ៉េខាងជើង​នៅ​ស្ងាត់ មិន​ទាន់​វាចា​អ្វី ដោយសារ​អាច​ថា មកពី​កូរ៉េខាងជើង​ មិន​នឹកស្មានដល់​ថា រដ្ឋបាល​អាមេរិក​សម្រេច​ចិត្ត​លឿនភ្លាមៗ​យ៉ាងដូច្នេះ។ ព្យុងយ៉ាង​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់ និង​រង់ចាំ​តាមដាន​មើល​ប្រតិកម្ម​របស់​អាមេរិក របស់លោកដូណាល់ ត្រាំ ដែល​ប្រែប្រួល មិនទៀងទាត់​ទាល់តែ​សោះ។

ឧទាហរណ៍ លោកដូណាល់​ត្រាំ បាន​ឆ្លើយ​យល់ព្រម​ភ្លាម​ចង់​បើកជំនួបកំពូល​ជាមួយ លោកគីម ជុងអ៊ុន នៅ​ខែឧសភា ប៉ុន្តែ នៅក្រោយមក សេតវិមាន​បានចេញមុខ​មក​ដាក់​លក្ខខណ្ឌ​ថា ជំនួប​កំពូល​អាមេរិក និង​កូរ៉េខាងជើង អាច​ធ្វើបាន លុះណា​តែ​កូរ៉េខាងជើង លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ និង​យល់ព្រម ឲ្យ​អាមេរិក​ធ្វើ​សមយុទ្ធ​នៅ​ក្នុង​តំបន់។

ផ្ទុយពី​លោកដូណាល់ ត្រាំ ដែល​សម្រេច​តាម​តែ​ចិត្ត គ្មាន​ត្រៀម​ផែនការ ការទូត កូរ៉េខាងជើង វិញ គឺ​ត្រូវការ​ពេលវេលា ពិចារណា ពី​យុទ្ធសាស្រ្ត​ដែល​អាច​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មាន​ប្រៀប នៅក្នុង​ពេល​ចរចា​ជាមួយ អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ