វិស័យថាមពលនៅអឺរ៉ុប កំពុងក្លាយជារបស់ចិន ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៧
តើចិនកំពុងចាប់ចាក់ចាក់គល់ក្នុងបណ្តាញថាមពលអឺរ៉ុបឬយ៉ាងណា ? ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចិនបាននិងកំពុងសម្រួចការវិនិយោគក្នុងវិស័យថាមពល យ៉ាងខ្លាំងនៅអឺរ៉ុប។ យុទ្ធសាស្ត្រវិនិយោគរបស់ចិន ក្នុងបណ្តាញ និងក្នុងផលិតកម្មថាមពល បានរឹតតែធ្វើឱ្យអឺរ៉ុបកាន់តែប្រេះឆា និងមានចំណុចខ្សោយកាន់តែច្រើន។
កាលពីខែឧសភា ក្រុមហ៊ុនចិន China Three Gorges (CTG) បានប្រកាសចង់ទិញក្រុមហ៊ុនអគ្គិសនីព័រទុយហ្កាល់។ សំណើ៩ពាន់លានអឺរ៉ូកំពុងធ្វើឱ្យលីស្បូនស្រក់ទឹកមាត់យ៉ាងខ្លាំង ! ពីរខែក្រោយ ក្រុមហ៊ុនចិន State Grid មួយទៀត បានប្រកាសចង់មានទុនក្នុងក្រុមហ៊ុនអាល្លឺម៉ង់ 50Hertz។ រដ្ឋាភិបាលលោកស្រីមែរកិល បានបញ្ចេញប្រតិកម្មប្រឆាំង និងប្រមូលធនាគារវិនិយោគសាធារណៈមកបិទខ្ទប់គម្រោងនេះភ្លាម។
នេះជាឧទាហរណ៍ជាក់ស្តែងពីរ ដែលបញ្ជាក់ថាចិនសំឡឹងចង់ក្រសោបវិស័យថាមពលអឺរ៉ុប កាន់តែខ្លាំងឡើងៗ។ តាមការពិត បើតាមភ្នាក់ងារ Bloomberg តាំងពីឆ្នាំ២០១១មក ចិនបានចូលវិនិយោគក្នុងវិស័យនេះ អស់ប្រមាណ៣៤,៥ពាន់លានដុល្លារទៅហើយ។ ថាមពលបានក្លាយជាឧស្សាហកម្មទីពីរ បន្ទាប់ពីវិស័យគីមី ដែលចិនបានបង្ហូរទុនមកអឺរ៉ុបច្រើនជាងគេ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ។
សកម្មដំបូងគេ គឺក្រុមហ៊ុន State Grid Corporation of China (SGCC) ដែលជាក្រុមហ៊ុនធំជាងគេនៅលើពិភពលោក មានបុគ្គលិក១លាននាក់ មានចំណូល ៣៤៨ពាន់លាននៅឆ្នាំ២០១៧។ ក្រុមហ៊ុនបានចូលរួមស្ថាបនាបណ្តាញអគ្គិសនីនៅជុំវិញសមុទ្ទមេឌីទែរ៉ាណេ។ តាំងពីឆ្នាំ២០១២មក ក្រុមហ៊ុនមានដើរតួកាន់តែសំខាន់ក្នុងបណ្តាញអគ្គិសនី និងបានក្លាយជាសមាជិកក្រុមប្រឹក្សារដ្ឋបាលរបស់ក្រុមហ៊ុនអគ្គិសនីព័រទុយហ្កាល់ អ៊ីតាលី និងក្រិក។ នេះក៏ព្រោះក្រុមប្រទេសអឺរ៉ុបខាងត្បូងជួបបញ្ហាថវិកា ឯចិនមានលុយច្រើន ផ្តល់ការវិនិយោគម្តងៗដល់រាប់រយលានអឺរ៉ូ !
ក្រុមហ៊ុនចិន SGCC មិនមែនចាប់អារម្មណ៍វិនិយោគជាមួយក្រុមប្រទេសយ៉ាប់យឺនរបស់អឺរ៉ុបទេ ! ក្រៅពីអាល្លឺម៉ង់ កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានសាកល្បងដាក់ទុន ភាគតិច (៨៣០លានអឺរ៉ូ) ក្នុងបណ្តាញចែកចាយអគ្គិសនីបែលហ្សិក។ តែត្រូវបរាជ័យទៅវិញ។
ក្នុងរយៈពេល១០នេះ ចិនក៏បានចំណាយធ្វើវិនិយោគ៨,៦ពាន់លានក្នុងវិស័យថាមពលមិនចេះរីងស្ងួត ព្រោះប៉េកាំងចង់ក្លាយជាមេដឹកនាំពិភពលោកផ្នែកថាមពលស្អាតនេះ និងគ្រប់គ្រងទីផ្សារផ្ទាំងស្រូវកម្តៅពិភពលោករួចស្រេចទៅហើយ។
បើតាមការសិក្សាអាមេរិកស្តីពីសេដ្ឋកិច្ចផ្នែកថាមពល ចេញផ្សាយកាលពីសប្តាហ៍មុន ចិនបានធ្វើវិនិយោគខ្លាំងគួរកត់សម្គាល់ក្នុងប្រទេសចំនួន៩នៅអឺរ៉ុប ៖ ក្រុមហ៊ុន ត្រួតត្រាស្ទើរទាំងស្រុងវិស័យថាមពលដើរដោយខ្យល់ élolien អាល្លឺម៉ង់ នៅឆ្នាំ២០១៦ ជាមួយនឹងទឹកប្រាក់វិនិយោគ ១,៥៥ពាន់លានអឺរ៉ូ។ ក្រុមហ៊ុនរដ្ឋចិន China Energy Investment Corp., មានហ៊ុន៧៥% (៣ពាន់លានអឺរ៉ូ) ក្នុងក្រុមហ៊ុនថាមពលដើរដោយខ្យល់បីនៅក្រិក នៅឆ្នាំ២០១៧។
នុយក្លេអ៊ែរ ជាវិស័យថាមពលមួយទៀត ដែលចិនចាប់អារម្មណ៍ជាពិសេសជាងគេ ! ដោយសារការចាក់បញ្ចូលហ៊ុនកំរិត៣៣% របស់ក្រុមហ៊ុនចិន China General Nuclear Power Corporation (CGN) ទើបក្រុមហ៊ុនអគ្គិសនីបារាំងអាចសម្រេចគម្រោងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរជំនាន់ថ្មី EPR Hinkley Point នៅអង់គ្លេស។ ចិនបានបង្ហាញជាសាធារណៈចង់តាំងវត្តមានជានិរន្តក្នុងទីផ្សារនុយក្លេអ៊ែរអង់គ្លេស ដោយទៅថ្ងៃអនាគតនឹងអាចសង់ប្រតិករនុយក្លេអ៊ែរ តែឯងផង។ ក្រុមហ៊ុនចិនក៏ចង់មានភាគហ៊ុនក្នុងក្រុមហ៊ុនអគ្គិសនីAvera បារាំងដែលរុះរើសមាសភាពខ្លួនកាលពីឆ្នាំ២០១៧ដែរ។ តែមិនបានសម្រេចដោយបារាំងមិនព្រមឱ្យចិនមានតួនាទីនៅក្នុងក្រុមប្រឹក្សារដ្ឋបាល។
នៅអឺរ៉ុបកណ្តាល និងខាងកើតវិញ ចិនបានទទួលការស្វាគមន៍ខ្លាំងណាស់ ! ប៉េកាំងបានដាក់ឱ្យដំណើរការក្រុមសម្របសម្រួលវិនិយោគអចិន្ត្រៃយ៍ ជាមួយ១៦ប្រទេស ក្នុងនោះ១១ប្រទេសជាសមាជិកសហភាពអឺរ៉ុប ដោយមានហុងគ្រី ជាអ្នកបក់ដៃ បើកផ្លូវឱ្យចិន។
មហិច្ឆតារបស់ប៉េកាំងបានធ្វើឱ្យអឺរ៉ុបចោទសួរខ្លួនឯង ! ក្រុមហ៊ុនចិនមកវិនិយោគ នាំទុនមកអឺរ៉ុប ជាសញ្ញាវិជ្ជមាន ប៉ុន្តែហេតុអ្វីចិនចង់មកអឺរ៉ុបម្ល៉េះ ?! នេះហើយជាបញ្ហា ! រាល់គ្រប់ក្រុមហ៊ុនចិន ជាក្រុមហ៊ុនរដ្ឋ ឬគ្រប់គ្រងដោយរដ្ឋ ហេតុដូច្នេះហើយបានជាអឺរ៉ុបសង្ស័យថាគម្រោងវិនិយោគចិន ជាគម្រោងនយោបាយរបស់ប៉េកាំង មិនមែនក្នុងកម្មវត្ថុពាណិជ្ជកម្មតែម្យ៉ាងឡើយ។ ម្យ៉ាងវិញទៀត មកពីមានទៅតែទៅគ្មានមក ! មកវិនិយោគនៅអឺរ៉ុបត្រូវទិញគ្រឿងបន្លាស់ពីចិន ឯការងារក្នុងអឺរ៉ុបគ្មានបានកើនទេ ! ចិនក្តាប់យ៉ាងណែនច្រកចេញចូលសេដ្ឋកិច្ចរបស់គេ ជាពិសេសចំពោះវិស័យថាមពលជាយុទ្ធសាស្ត្រ។ នៅអឺរ៉ុប បណ្តាញថាមពលក៏ត្រូវបានចាត់ទុកជាវិស័យយុទ្ធសាស្ត្រដែរ តែពុំមានការការពារគ្រប់គ្រាន់ទេ !
នេះមកពីអឺរ៉ុបខ្លួនឯងខ្សោយ ?! មែនហើយ តាមរយៈយុទ្ធសាស្ត្រវិនិយោគរបស់ចិននេះ គេពិតមើលឃើញច្រើនអំពីចំណុចខ្សោយរបស់អឺរ៉ុបមែន ! ការដែលចិនអាចចូលវិនិយោគនៅព័រទុយហ្គាល់ ក្រិក ឬអ៊ីតាលី មកពីប្រទេសទាំងនោះជួបបញ្ហាថវិកា ហើយគ្មានសាមគ្គីភាពពីអឺរ៉ុបណាមកជួយក្រៅពីចិន។ មានន័យថាអឺរ៉ុប អសមត្ថភាពក្នុងការស្ថាបនានយោបាយថាមពលរួមផង មានបញ្ហាហិរញ្ញវត្ថុផង និងមិនអាចដាក់ឱ្យដំណើរការការប្រកួតប្រជែងត្រឹមត្រូវផង។ សម្រាប់អ្នកវិភាគនិងអ្នកជំនាញ ប្រសិនបើគេមិនចង់ឃើញចិនមានភាគហ៊ុនក្នុងវិស័យថាមពលអឺរ៉ុបទេ អឺរ៉ុបត្រូវតែមានមូលនិធិបំរុងទុកសម្រាប់ធ្វើការផ្តោះប្តូរ វិនិយោគ ក្នុងរង្វង់ប្រទេសជាសមាជិក នៅពេលដែលចាំបាច់។ ប៉ុន្តែ បើអឺរ៉ុបប្រេះឆានឹងគ្នាស្ទើរគ្រប់ប្រធានបទអញ្ចឹង គេទំនងជាត្រូវរង់ចាំយូរបន្តិចហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ