តើលទ្ធផលនៃជំនួបរវាងកូរ៉េទាំងពីរអាចជួយផ្តល់សន្ទុះកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៥
ជំនួបកំពូលលើកទី៣ រយៈពេល ២ថ្ងៃរវាងលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចៃអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនក្នុងទីក្រុងព្យុងយ៉ាង ទឹកដីកូរ៉េខាងជើងបានបិទបញ្ចប់នាថ្ងៃពុធ ទី១៩ កញ្ញា។ លទ្ធផលដែលទទួលបាននៅក្នុងជំនួបលើកទី៣ រវាងបងប្អូនបង្កើតគូសត្រូវទាំងពីរពេលនេះ គឺកិច្ចព្រមព្រៀង និងពាក្យសន្យា។ នៅក្នុងសន្និសីទកាសែតរួមគ្នា លោកមូន ចៃអ៊ីន និងលោកគីម ជុងអ៊ុនបានថ្លែងសាទរពេញចិត្តយ៉ាងខ្លាំងលើលទ្ធផលដែលទទួលបាន ព្រមទាំងចាត់ទុកជាការបោះជំហានចូលក្នុងសករាជសន្តិភាព និងភាពរុងរឿងនៅឧបទ្វីបកូរ៉េ។ អ្វីជាការកត់សម្គាល់ លទ្ធផលវិជ្ជមាននៃជំនួបរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងពេលនេះបានធ្លាក់មក ចំពេលដែលកិច្ចចរចារវាងកូរ៉េខាងជើង និងអាមេរិកស្តីពីការរំសាយនុយក្លេអ៊ែរហាក់កំពុងជាប់គាំង។
នៅក្នុងសន្និសីទកាសែតរួមគ្នា លោកមូន ចៃអ៊ីនបានបញ្ជាក់ថា កូរ៉េខាងជើងបានយល់ព្រមបិទទ្វារជាអចិន្រ្តៃយ៍លើទីតាំង Tongchang-ri ដែលជាកន្លែងសាកល្បងគ្រាប់មីស៊ីល និងសុខចិត្តឲ្យមានវត្តមានឃ្លាំមើលពីក្រុមអធិការអន្តរជាតិនៅក្នុងពិធីរៀបចំបិទទ្វារ។ បន្ទាប់មក និងបើតាមលោកមូន ចៃអ៊ីនដដែល កូរ៉េខាងជើងក៏បានត្រៀមខ្លួនបិទទ្វារជាស្ថាពរលើទីតាំង Yongbyon ដែលជាកន្លែងស្រាវជ្រាវនុយក្លេអ៊ែរ។ ការសន្យាទាំងនេះរបស់លោកគីម ជុងអ៊ុនត្រូវបានគេមើលឃើញថា ជាការប្តេជ្ញាចិត្តមួយមិនធ្លាប់មានរបស់កូរ៉េខាងជើងនៅក្នុងសំណុំរឿងរំសាយនុយក្លេអ៊ែរ។
ក្រៅពីសំណុំរឿងនុយក្លេអ៊ែរដែលមានតែពាក្យសន្យា បងប្អូនបង្កើតគូសត្រូវទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ពិសេសក្នុងវិស័យយោធាក្នុងគោលដៅកាត់បន្ថយហានិភ័យនៃការប្រឈមមុខគ្នា និងការផ្ទុះសង្រ្គាមជាយថាហេតុនៅក្នុងឧបទ្វីបកូរ៉េ។ នៅក្នុងវិស័យផ្សេងទៀត លោកមូន ចៃអ៊ីន និងលោកគីម ជុងអ៊ុនចង់ដាក់ឲ្យដំណើរការឡើងវិញនូវតំបន់ទេសចរណ៍ភ្នំ Kumgang របស់កូរ៉េខាងជើង បង្កើនជំនួយមនុស្សធម៌ រៀបចំឲ្យបានញឹកញាប់នូវការជួបជុំគ្រួសារកូរ៉េដែលព្រាត់ប្រាស់ក្រោយសង្រ្គាម តភ្ជាប់បណ្តាញផ្លូវរថភ្លើង និងផ្លូវថ្នល់រវាងគ្នាឲ្យបានមុនដំណាច់ឆ្នាំ ២០១៨។ លោកមូន ចៃអ៊ីន និងលោកគីម ជុងអ៊ុនបានថ្លែងសាទរលើលទ្ធផលដែលទទួលបាន ហើយលោកគីម ជុងអ៊ុនក៏បានសន្យាទៅទស្សនកិច្ចនៅកូរ៉េខាងត្បូងវិញនាពេលឆាប់ៗខាងមុខ។
ដំណើរផ្លូវឆ្ពោះទៅបង្រួបបង្រួមកូរ៉េតែមួយនៅវែងឆ្ងាយ
ចម្ងាយផ្លូវដែលត្រូវដើរនៅវែងឆ្ងាយ មុននឹងកូរ៉េទាំងពីរអាចរួបរួមគ្នាឡើងវិញជាបងប្អូនរួមសុខ រួមទុក្ខក្នុងគ្រួសារតែមួយដូចមុនសង្រ្គាម។ សង្រ្គាមកូរ៉េបានបិទបញ្ចប់តាំងពី ៦៥ឆ្នាំ តែកូរ៉េទាំងពីរនៅមិនទាន់បានចុះកិច្ចព្រមព្រៀងសន្តិភាពរវាងគ្នាទេ មានន័យថាសព្វថ្ងៃនេះ បងប្អូនបង្កើតគូសត្រូវទាំងពីរកំពុងមានសង្រ្គាមនឹងគ្នាជានិច្ច។ តែគេត្រូវហ៊ានទទួលស្គាល់ថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទំនាក់ទំនងរវាងកូរ៉េទាំងពីរបានស្គាល់ភាពចម្រើនទៅមុខគួរឲ្យកត់សម្គាល់ ពិសេសតាំងពីលោកមូន ចៃអ៊ីនឡើងកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង។
ខុសពីប្រធានាធិបតីកូរ៉េខាងត្បូងមុនៗដែលចូលចិត្តប្រើធម៌ក្តៅ និងប្រកាន់ជំហរតឹងតែងជាមួយកូរ៉េខាងជើង លោកមូន ចៃអ៊ីនជាឥស្សរជនដែលមានការអត់ធ្មត់ មិនឆេវឆាវ ចូលចិត្តប្រើធម៌ត្រជាក់ និងនយោបាយសម្របសម្រួល។ ជំហរ និងកាយវិការមួយនេះបានផ្តល់ផ្លែផ្កាដូចដែលលោកសង្ឃឹមទុករហូតអូសលោកគីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំដែលតែងវាយប្រហារ ជេរប្រមាថគ្នាមិនសំចៃមាត់ឲ្យអង្គុយជជែកទល់មុខគ្នាក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ មិថុនា។ ជាមួយនឹងលោកមូន ចៃអ៊ីន ភាពធូរស្រាលមានទាំងកូរ៉េខាងជើងជាមួយកូរ៉េខាងត្បូង និងកូរ៉េខាងជើងជាមួយអាមេរិក។
លទ្ធផលនៃជំនួបលើកទី៣ រវាងលោកមូន ចៃអ៊ីន និងលោកគីម ជុងអ៊ុនពេលនេះជាសក្ខីកម្មថ្មីមួយទៀតដែលបញ្ជាក់ពីការរំកិលរកគ្នាកាន់តែជិតឡើងរវាងបងប្អូនបង្កើតគូសត្រូវទាំងពីរ។ លោកមូន ចៃអ៊ីន និងលោកគីម ជុងអ៊ុនបានបង្ហាញពីឆន្ទៈចង់ប្រែក្លាយឧបទ្វីបកូរ៉េទៅជាដែនដីសន្តិភាពគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមនុយក្លេអ៊ែរ។
បាល់កំពុងស្ថិតក្នុងជើងលោកដូណាល់ ត្រាំ
ចំពេលដែលទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងបន្តចម្រើនទៅមុខ កិច្ចចរចារវាងកូរ៉េខាងជើង និងអាមេរិកស្តីពីការរំសាយនុយក្លេអ៊ែរហាក់កំពុងជាប់គាំង។ ពិតណាស់ ឧបទ្វីបកូរ៉េមួយមានសន្តិភាព គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមនុយក្លេអ៊ែរ ជាការចង់បានខ្លាំងណាស់របស់កូរ៉េទាំងពីរ រួមទាំងអាមេរិក និងសហគមន៍អន្តរជាតិ។ តែគេមិនត្រូវភ្លេចនិយាយទេថា នុយក្លេអ៊ែរជាបំពង់ដង្ហើមនៃការបន្តរស់រានមានជីវិតរបស់របបកុម្មុយនិស្តនៅកូរ៉េខាងជើងគ្រប់ជំនាន់ទាំងអស់ តាំងពីជំនាន់លោកគីម អ៊ីលស៊ុងដែលជាជីតា និងលោកគីម ជុងអ៊ីលដែលជាឱពុករបស់លោកគីម ជុងអ៊ុន។
ជានិច្ចកាល ទីក្រុងព្យុងយ៉ាងបានទាមទារឲ្យមានការចរចាផ្ទាល់ជាមួយអាមេរិកស្តីពីបញ្ហានុយក្លេអ៊ែរ។ តែគេត្រូវរង់ចាំដល់អាមេរិកក្នុងជំនាន់លោកដូណាល់ ត្រាំទើបឃើញអាមេរិកយល់ព្រមអង្គុយជជែកមួយទល់មួយជាមួយកូរ៉េខាងជើង។ ជំហានទី១ នេះបានសម្រេចហើយ តែនៅសល់ជំហានទី២ និងជំហានទី៣ ទៀត។ ជំហានទី២ គឺការយល់ព្រមធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកដែលអាចទទួលយកបានទាំងអស់គ្នា ហើយជំហានទី៣ គឺការអនុវត្តជាក់ស្តែង។ សព្វថ្ងៃនេះ ភាពជាប់គាំងកំពុងស្ថិតក្នុងជំហានទី២។ លោកគីម ជុងអ៊ុនបានបញ្ជាក់ដោយព្រមាននៅក្នុងជំនួបលើកទី៣ ជាមួយលោកមូន ចៃអ៊ីនថា លោកអាចអនុវត្តតាមពាក្យសន្យារបស់លោកបាន លុះត្រាតែលោកដូណាល់ ត្រាំអនុវត្តក្នុងកម្រិតស្មើគ្នាដោយផ្អែកលើស្មារតីនៃសេចក្តីថ្លែងការណ៍អាមេរិក កូរ៉េខាងជើងថ្ងៃទី១២ មិថុនា។
ខណៈនេះ ប្រតិកម្មរបស់លោកដូណាល់ ត្រាំបានត្រឹមសាទរលើលទ្ធផលនៃជំនួបរវាងលោកគីម ជុងអ៊ុន និងលោកមូន ចៃអ៊ីន។ លោកមូន ចៃអ៊ីននឹងត្រូវទៅជួបលោកត្រាំក្នុងទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី២៤ កញ្ញាខាងមុខដោយនាំយកទៅជាមួយនូវវិធានការ និងពាក្យសន្យារបស់លោកគីម ជុងអ៊ុន។ អ្វីដែលគ្រប់គ្នាកំពុងចាំមើលនោះគឺថា តើវិធានការ សំណើ និងពាក្យសន្យារបស់លោកគីម ជុងអ៊ុនពេលនេះអាចជំនះ និងបញ្ចុះបញ្ចូលលោកត្រាំបានឬអត់ ពិសេសអាចជួយទម្លុះភាពជាប់គាំងនៃការចរចារវាងអាមេរិក និងកូរ៉េខាងជើងស្តីពីការរំសាយនុយក្លេអ៊ែរបានឬទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ