សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធប្រចាំឆ្នាំជាសម្បទានឆ្ពោះទៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤១
នៅឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងពីការបិទបញ្ចប់សមយុទ្ធប្រចាំឆ្នាំរវាងគ្នា។ ការសម្រេចនេះបានធ្វើឡើងនាថ្ងៃសៅរ៍ ទី២ មីនា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងសមភាគីអាមេរិកលោក Patrick Shanahan។ គោលដៅ គឺដើម្បីជួយគាំទ្រលើកិច្ចខិតខំប្រឹងប្រែងការទូតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនៅក្នុងបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ អ្វីជាការកត់សម្គាល់ ការសម្រេចរបស់ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលពេលនេះបានធ្វើឡើង ក្រោយពីជំនួបកំពូលលើកទី២ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនក្នុងប្រទេសវៀតណាមនាថ្ងៃទី២៧ និង ២៨ កុម្ភៈមិនទទួលបានលទ្ធផលអ្វីទាំងអស់។
គេអាចនិយាយបានទេថា ការសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប្រកាសបញ្ឈប់សមយុទ្ធប្រចាំឆ្នាំរវាងគ្នាពេលនេះជាឆន្ទៈដើម្បីបន្តកិច្ចសន្ទនារវាងអាមេរិក និងកូរ៉េខាងជើង។ ដូចគ្រប់គ្នាបានដឹងរួចហើយថា ជំនួបកំពូលលើកទី២ រយៈពេល ២ថ្ងៃរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមមិនត្រឹមតែមិនទទួលបានលទ្ធផលអ្វីទេ តែជំនួបកំពូលនោះថែមទាំងត្រូវបានបញ្ចប់មុនកម្មវិធីដែលបានគ្រោងទុក ហើយលោកត្រាំ និងលោកគីមថែមទាំងបានដើរចេញពីកន្លែងប្រជុំនៅមុនបាយថ្ងៃត្រង់ទៅទៀត។ នេះក៏ដោយសារតែភាគីទាំងពីរមិនអាចនិយាយចុះសម្រុងគ្នា ហើយវាក៏អាចជារូបភាពមួយដែលគេអាចគិតថា លោកត្រាំ និងលោកគីមអាក់អន់ ស្រពន់ចិត្តនឹងគ្នាក៏ថាបាន។
ដូច្នេះ ការដែលសហរដ្ឋអាមេរិកបានយល់ព្រមបញ្ឈប់សមយុទ្ធជាមួយកូរ៉េខាងត្បូងពេលនេះអាចជាសម្បទាន ឬកាយវិការមួយដែលអាមេរិកចង់បន្តមានកិច្ចសន្ទនាជាមួយកូរ៉េខាងជើងជាបន្តទៀត។ គេនៅមិនទាន់មានប្រតិកម្មយ៉ាងណាពីកូរ៉េខាងជើងនៅឡើយទេ តែប្រហែលមានតែប្រតិកម្មវិជ្ជមានព្រោះចូរកុំភ្លេចថាជានិច្ចកាល របបក្រុងព្យុងយ៉ាងតែងបញ្ចេញប្រតិកម្មក្តៅក្រហាយនឹងសមយុទ្ធប្រចាំឆ្នាំរវាងទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានសម្លឹងឃើញសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងថាជាការរៀបចំជើងព្រួលដើម្បីចូលឈ្លានពានទឹកដីកូរ៉េខាងជើង នោះបើទោះបីជាក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលតែងចេញមុខបដិសេធគ្រប់ពេលក៏ដោយ។
ទោះជាយ៉ាងនេះក្តី ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា លោក Lee Do-hoon បេសកជនកូរ៉េខាងត្បូងទទួលបន្ទុកបញ្ហានុយក្លេអ៊ែរនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយដើម្បីជួបសន្ទនាជាមួយលោក Stephen Biegun ប្រេសិតពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង។
ដកទ័ពអាមេរិកចេញពីទឹកដីកូរ៉េខាងត្បូងជាសេណារីយ៉ូបន្ទាប់របស់លោកត្រាំ?
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានទ័ពរបស់ខ្លួនជិត ៣០ ០០០នាក់កំពុងឈរជើងលើទឹកដីកូរ៉េខាងត្បូង ហើយគឺជាមួយនឹងកម្លាំងទ័ពនេះឯងដែលសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយទ័ពកូរ៉េខាងត្បូង។ បើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងការពារជាតិអាមេរិក និងកូរ៉េខាងត្បូងចេញផ្សាយក្នុងថ្ងៃអាទិត្យ ទី៣ មីនា សមយុទ្ធរវាងភាគីទាំងពីរនៅមិនទាន់បញ្ឈប់ភ្លាមទេ ពោលត្រូវធ្វើចុងក្រោយរយៈពេល ៩ថ្ងៃដោយផ្តើមពីថ្ងៃចន្ទ ទី៤ ដល់ថ្ងៃទី១២ មីនា។ ក៏ប៉ុន្តែ សមយុទ្ធដែលគេឲ្យឈ្មោះ « សម្ព័ន្ធ » ត្រូវបានប្តូរទម្រង់ និងយុទ្ធសាស្រ្តដោយបង្រួមតូច ហើយមានគោលដៅការពារខ្លួនសុទ្ធសាធ នេះជាបញ្ជាក់របស់អ្នកទទួលខុសត្រូវយោធាកូរ៉េខាងត្បូងម្នាក់ដែលមិនព្រមបញ្ចេញឈ្មោះ។ តែគេមិននៅមិនទាន់ដឹងពីចំនួនទាហានចូលរួមរបស់ភាគីម្ខាងៗទេ។
តាមពិតទៅ រឿងបញ្ឈប់សមយុទ្ធរវាងទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូង ឬមួយរឿងដកទ័ពអាមេរិកទាំងជិត ៣០ ០០០នាក់ចេញពីទឹកដីកូរ៉េខាងត្បូងត្រូវបានលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំលើកនិយាយច្រើនដង។ លោកត្រាំតែងលើកឡើងពីការចំណាយលុយយ៉ាងច្រើនសម្បើមក្នុងការរក្សាទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង។ នៅក្នុងសន្និសីទកាសែតនាជំនួបកំពូលលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកន្លងទៅថ្មីៗនេះ លោកត្រាំក៏បានលើកយកបញ្ហាដដែលនេះទៅនិយាយទៀត។
ដូច្នេះគេអាចនិយាយបានថា បន្ទាប់ពីសម្រេចបញ្ឈប់សមយុទ្ធរវាងទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូង រឿងដកទ័ពអាមេរិកចេញពីទឹកដីកូរ៉េខាត្បូងអាចជាសេណារីយ៉ូបន្ទាប់របស់លោកត្រាំ។ គួររម្លឹកថា រឿងដកទ័ពអាមេរិកចេញពីទឹកដីកូរ៉េខាងត្បូងត្រូវបានកូរ៉េខាងជើងយកធ្វើជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតក្នុងការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។ តែបើតាមមើលទៅ លោកត្រាំក៏ចង់បានសម្បទានពីលោកគីមមួយសិន មុននឹងនិយាយដល់រឿងដកទ័ពអាមេរិកចេញពីទឹកដីកូរ៉េខាងត្បូង។ ឃើញថា ផ្លូវដែលអាមេរិក និងកូរ៉េខាងជើងត្រូវដើរនៅវែងឆ្ងាយ មុននឹងទៅដល់គោលដៅ។
កូរ៉េខាងត្បូងប្រឈមនឹងហានិភ័យសន្តិសុខ បើគ្មានទ័ពអាមេរិក?
រឿងដកទ័ពអាមេរិកចេញពីទឹកដីកូរ៉េខាត្បូងជារឿងមួយ រីឯរឿងបញ្ឈប់សមយុទ្ធរវាងទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូងជារឿងមួយផ្សេង។ តែគេនាំគ្នាចាប់អារម្មណ៍ខ្លាំងតែលើរឿងសមយុទ្ធ។ មតិខ្លះបានសម្តែងក្តីបារម្ភថា ការបញ្ឈប់សមយុទ្ធរវាងទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូងជាការដាក់ទោសលើកម្លាំងទ័ពទាំងពីរ និងបានផ្តល់ផលចំណេញឲ្យកូរ៉េខាងជើងទៅវិញ។ ចំណែកខ្លះទៀតយល់ថា ការបញ្ឈប់ ការព្យួរ ឬការកម្រិតធ្វើសមយុទ្ធរវាងទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូងនឹងគ្មានផ្តល់ផលប៉ះពាល់លើកម្លាំងទ័ពទាំងពីរ ហើយក៏គ្មានបង្កហានិភ័យអ្វីដល់សន្តិសុខកូរ៉េខាងត្បូងប្រឈមនឹងកូរ៉េខាងជើងដែរ។ ការហ៊ានអះអាងយ៉ាងដូចនេះមកពីគេយល់ថា កម្លាំងទ័ព និងគ្រឿងសព្វាវុធដែលកូរ៉េខាងត្បូងម្នាក់ឯងមានក្នុងដៃ គឺលើសកូរ៉េខាងជើងឆ្ងាយណាស់។
បន្ទាប់មក និងក្នុងកាលៈទេសៈសព្វថ្ងៃដែលអាមេរិកមិនទាន់ដកខ្លួនចេញពីទឹកដីកូរ៉េខាងត្បូង កូរ៉េខាងជើងដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ច និងកំពុងបន្ទន់ឥរិយាបទ ហើយព្យាយាមសម្រុះសម្រួលជាមួយសហរដ្ឋអាមេរិកក៏ប្រហែលជាមិនហ៊ានធ្វើអ្វីខ្លាំងក្លាជាមួយនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ។ អតីតមេបញ្ជាការកងទ័ពអាមេរិកម្នាក់ប្រចាំកូរ៉េខាងត្បូងបានប្រដូចការបញ្ឈប់សមយុទ្ធរវាងទ័ពអាមេរិក និងទ័ពកូរ៉េខាងត្បូងពេលនេះថា ជាការយកដាវទុកក្នុងស្រោមរបស់វាវិញ តែគ្មាននរណាហាមមិនឲ្យដកវាទៅប្រើឡើងវិញដែរ ប្រសិនបើចាំបាច់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ