នៅពេលមនុស្សជាដើមហេតុ នៃការរលាយផុតពូជ នៃជីវិតសត្វ និងរុក្ខជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣២
នៅថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីបានទទួលរបាយការណ៍របស់អ្នកជំនាញ អង្គការសហប្រជាជាតិ ដែលទាញសញ្ញាអាសន្នពីគ្រោះថ្នាក់ មហន្តរាយ លើជីវិតសត្វ និងរុក្ខជាតិ ប្រមាណ ១លានប្រភេទ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន របស់ក្រុមប្រទេសមហាឧស្សាហកម្ម G7 បានអនុម័ត បង្កើតច្បាប់មួយ ស្តីពីជីវចម្រុះ។ ប៉ុន្តែ សម្រាប់អ្នកការពារបរិស្ថាន ដរាបណា ប្រទេសមហាឧស្សាហកម្ម នៅតែរក្សាទម្លាប់ចាស់ គិតដល់ប្រយោជន៍ សេដ្ឋកិច្ច ជាចំបង ប្រព័ន្ធជីវចម្រុះ នៅលើផែនដី នឹងត្រូវប្រឈមនឹងការរលាយផុតពូជ ក្នុងពេលមិនយូរនោះទេ។
នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថាន ក្រុមប្រទេសមហាឧស្សាហកម្ម G7 រួមទាំងប្រទេស ៩ផ្សេងទៀត ដែលត្រូវអញ្ជើញឲ្យចូលរួម ប្រជុំនៅប្រទេសបារាំង សុទ្ធតែយល់ស្របគ្នាថា វិនាសកម្មជីវិត សត្វព្រៃ និងរុក្ខជាតិ គឺជារឿងធំ សំខាន់ ដែលគេត្រូវដោះស្រាយបន្ទាន់។ ក្រុមប្រទេសអ្នកមាន ទាំង ៧ ដែលមានបារាំង អាល្លឺម៉ង់ អង់គ្លេស កាណាដា អាមេរិក អ៊ីតាលី និងជប៉ុន បានមូលមតិគ្នា ជាមួយ ក្រុមប្រទេស ភ្ញៀវ ៩ទៀត ដើម្បីអនុម័តបង្កើតច្បាប់មួយ ស្តីពីជីវចម្រុះ។ ច្បាប់អនុម័តនៅថ្ងៃម្សិលមិញ គ្មានលក្ខណៈចាប់បង្ខំ និងមិនបានកំណត់តួលេខ ទិសដៅ ច្បាស់លាស់ ដែលគេត្រូវតែអនុវត្តធ្វើតាមឲ្យខាងតែបាននោះដែរ។
នៅក្នុងអត្ថបទច្បាប់ ស្តីពីជីវចម្រុះ ក្រុមប្រទេសមហាឧស្សាហកម្ម G7 គ្រាន់តែបានសរសេរថា ពួកគេ ជំរុញ បង្កើនការខិតខំប្រឹងប្រែង ដើម្បី ទប់ស្កាត់ការរលាយបាត់បង់ជីវិតសត្វព្រៃ និងរុក្ខជាតិ។ ពួកគេនឹងលើកទឹកចិត្តឲ្យមានការចូលរួមរបស់ស្ថាប័នផ្សេងទៀត ជាពិសេស ខាងវិស័យឯកជន។ នៅក្នុងចំណុចទី៣ ក្រុមប្រទេសមហាឧស្សាហកម្ម បានសន្យាគាំទ្រ និងអនុវត្តតាមផែនការការពារ ប្រព័ន្ធជីវចម្រុះ ចាប់ពីឆ្នាំ ២០២០ ដែលសន្និសីទរបស់អង្គការសហប្រជាជាតិ អាចសម្រេចបាន នៅទីក្រុងគុនមីង ប្រទេសចិន នៅខែ សីហា ឆ្នាំក្រោយ។
គិតពីការការពារបរិស្ថាន នឹងធ្វើឲ្យគេបាត់បង់ប្រយោជន៍សេដ្ឋកិច្ច
ក្រុមប្រទេសមហាឧស្សាហកម្ម មិនបានកំណត់ពីវិធានការ ឬសកម្មភាពច្បាស់លាស់ ដែលគេត្រូវធ្វើ ដើម្បីទប់ស្កាត់ កុំឲ្យសត្វព្រៃ និងរុក្ខជាតិរលាយផុតពូជ។ បើនិយាយតាមភាសាផ្លូវទូត គឺគេចង់ទុកភារៈនេះ ឲ្យអង្គការសហប្រជាជាតិ ដែលត្រូវបើកសន្និសីទ អន្តរជាតិ ស្តីពី ជីវចម្រុះ នៅប្រទេសចិន នៅខែសីហាចាំក្រោយ នេះ។ បើសិន សន្និសីទអង្គការសហប្រជាជាតិ សម្រេច ផលិតបានជាផែនការ កាតព្វកិច្ចចាប់តម្រូវយ៉ាងណានោះ គេនឹងធ្វើទៅតាមនោះ គឺដូចសន្និសីទអន្តរជាតិស្តីពីអាកាសធាតុអីចឹង។
ប៉ុន្តែ បើនិយាយមួយបែបទៀត គឺ គ្មានប្រទេសណាមួយ ចង់ចេញមុខទទួលខុសត្រូវ ចាត់វិធានការតែម្នាក់ឯងនោះទេ ព្រោះវាទាក់ទងនឹងផលប្រយោជន៍ធំណាស់ ជាពិសេស គឺ ប្រយោជន៍សេដ្ឋកិច្ចតែម្តង។ អាមេរិកផ្ទាល់ ដែលបានដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិ ស្តីពីអាកាសធាតុ បានទាមទារឲ្យគេបង្កើតកឋាខណ្ឌពិសេស មួយ នៅក្នុងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃម្សិលមិញ ដែលនៅក្នុងនោះ គេត្រូវបញ្ជាក់ថា អាមេរិកមិនចូលរួម ដឹងលឺពីកាតព្វកិច្ច កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ទៅតាម នៅក្នុងសន្ធិសញ្ញាស្តីពីអាកាសធាតុ ដែលជាចំណុចសំខាន់មួយ សម្រាប់ភាពរស់រានរបស់ប្រព័ន្ធជីវចម្រុះដែរនោះទេ។
នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ នៅថ្ងៃម្សិលមិញ អ្នកជំនាញ វិទ្យាសាស្រ្តបានរំលឹកហើយ រំលឹកទៀត ឲ្យគេដាក់ប្រយោជន៍ធម្មជាតិ ឲ្យខ្ពស់ជាងប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លី។ គេត្រូវផ្លាស់ប្តូរ ទម្លាប់រស់នៅ និងរបៀបបែបបទធ្វើជំនួញ ឡើងវិញ បើសិនគេមិនចង់ឲ្យប្រព័ន្ធជីវចម្រុះ ដែលជាពឹងអាស្រ័យ របស់ជីវិតមនុស្សលើផែនដី ត្រូវរលាយផុតពូជនោះទេ។ តាមអ្នកជំនាញ ការកាប់ព្រៃឈើ ដ៏គំហុក ដើម្បី យកដីធ្វើកសិកម្ម ការចិញ្ចឹមសត្វយកសាច់ និងទឹកដោះ សំរាមប្លាស្ទិក ការធ្វើអាជីវកម្មច្រើនហួសហេតុពីធនធានធម្មជាតិ ហើយនិងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រីកទីក្រុងរបស់មនុស្ស គឺជាដើមហេតុចំបង នៃការបំផ្លិចបំផ្លាញ ជំរក និងសម្លាប់ជីវិតសត្វព្រៃ ហើយនិងរុក្ខជាតិ មិនថា នៅលើគោក ឬនៅក្នុងទឹក។
តើគេអាចទប់ស្កាត់ ការកាប់ព្រៃឈើអាម៉ាហ្សូនបានយ៉ាងម៉េច នៅពេល ប្រធានាធិបតីប្រេស៊ីលថ្មី ផ្តោតសំខាន់លើចំណូលសេដ្ឋកិច្ច ច្រើនជាង ការទាមទាររបស់ជនជាតិភាគតិច ដែលរស់ពឹងអាស្រ័យនឹងផលព្រៃអាម៉ាហ្សូននោះ។ នៅប្រទេសកសិកម្មជាច្រើន ដូចជានៅឥណ្ឌា ឬ ឥណ្ឌូណេស៊ី ជាដើម គេកាប់ព្រៃឈើ ដើម្បី ពង្រីកដី ដាំដុះ ដើម្បី ចិញ្ចឹមមាត់មនុស្ស ដែលនឹងអាចកើនឡើង រហូតដល់១០ពាន់លាននាក់ នៅលើផែនដី នៅឆ្នាំ ២០៥០។ ដើម្បីបានផលច្រើន និងទាន់តម្រូវការ គេបានបាញ់ ប្រើថ្នាំគីមី ដែលគ្រោះថ្នាក់ សម្លាប់សត្វ ប្រព័ន្ធជីវចម្រុះ ក្នុងដី ឬក្នុងទឹក។ បើសិនប្រទេសនីមួយៗ គិតពីផលប្រយោជន៍ព្រៃសត្វរុក្ខជាតិ នោះ គេប្រាកដជាមិនអាចធ្វើកសិកម្ម នេសាទដើម្បីឆ្លើយតបតាមតម្រូវការនោះទេ។
សត្វព្រៃ និងរុក្ខជាតិ រលាយផុតពូជ អស់ពីផែនដី នោះ អនាគតមនុស្ស ក៏ធ្លាក់ក្នុងគ្រោះមហន្តរាយធំ
អ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញមិនបានទាមទារឲ្យគេឈប់ធ្វើកសិកម្ម នេសាទ បរបាញ់សត្វ ឬកាប់ព្រៃឈើ ទាំងស្រុងនោះទេ។ ប៉ុន្តែ គេបានអំពាវនាវឲ្យមនុស្សកាត់បន្ថយ ចេះស្កប់ស្កល់ និងឈប់ប្រើប្រាស់បរិភោគ ខ្ជះខ្ជាយ ដូចសព្វថ្ងៃនេះ។ ដើម្បីជួយបញ្ហាបរិស្ថាន មិនមែនមានតែ ថ្នាក់ដឹកនាំទេដែលអាចធ្វើបាន។ សូម្បី តែ ពលរដ្ឋខ្លួនឯង ក៏ត្រូវចេះគិតដល់ប្រយោជន៍សេដ្ឋកិច្ចយូរអង្វែង។ គេត្រូវកែប្រែទម្លាប់រស់នៅឡើងវិញ តាំងពីការបរិភោគ ប្រើប្រាស់។ គេអាចកាត់បន្ថយ ការបរិភោគសាច់សត្វ ព្រោះថា កសិកម្មចិញ្ចឹម សត្វជាប្រភពបញ្ចេញឧស្ម័នមេតាន ឧស្ម័នផ្ទះកញ្ចក់។ គេមិនអាចនេសាទច្រើនជ្រុល ហួសហេតុ លើសពីកម្រិតដែលសមុទ្រផ្តល់ឲ្យនោះទេ។ ការចោលសំរាមប្លាស្ទិក ឬការប្រើថ្នាំគីមី ដើម្បី បានផលកសិកម្ម លឿន ក៏គ្រោះថ្នាក់ ណាស់សម្រាប់ទាំងជីវិតសត្វល្អិត និងទឹកក្រោមដី ដែលតាមពិតជារបស់ប្រភពពឹងអាស្រ័យរបស់ធម្មជាតិ និងមនុស្សលើផែនដី។
ចំណុចសំខាន់មួយដែរ ដែលគេត្រូវពិចារណាឡើងវិញ គឺ គេមិនត្រូវតែចេះ បង្កើនជីវិតមនុស្សនៅលើផែនដីនោះទេ ព្រោះគេដឹងហើយថា ធនធាន របស់ផែនដីឥលូវនេះត្រូវគេប្រើ បូមយកប្រយោជន៍ ជិតខ្សោះពីខ្លួនហើយ។ បើគ្មានធនធានធម្មជាតិ ជីវិតសត្វព្រៃ ស្ត្វល្អិត ដែលជាប្រភព ចែកចាយ រុក្ខជាតិ ធម្មជាតិ ទេ តើមនុស្សច្រើន នៅលើផែនដី នឹងមានប្រយោជន៍អ្វីទៀតនោះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ