តុល្យការសេដ្ឋកិច្ចមិនសូវល្អ ប៉ុន្តែ លោកណារិនដ្រា ម៉ូឌីនៅតែឈ្នះឆ្នោត ដឹកនាំឥណ្ឌាមួយអាណត្តិទៀត
ចុះផ្សាយនៅថ្ងៃ៖
នៅប្រទេសឥណ្ឌា លទ្ធផលឆ្នោត នៅថ្ងៃព្រហស្បតិ៍ទី ២៣ ឧសភា បានបង្ហាញថា គណបក្សហិណ្ឌូនិយមរបស់លោកណារិនដ្រា ម៉ូឌី បានឈ្នះឆ្នោត ភ្លូកទឹក ភ្លូកដី ដោយទទួលបានសំឡេងឆ្នោតភាគច្រើន នៅរដ្ឋសភា ប្រមាណ ២៩៨អាសនៈ ក្នុងចំណោមអាសនៈសរុប ចំនួន៥៤២។ ជាមួយនឹងសំឡេងឆ្នោតភាគច្រើននៅរដ្ឋសភា លោកណារិនដ្រា ម៉ូឌី នឹងងាយឈានទៅបង្កើតរដ្ឋាភិបាល សម្រាប់អាណត្តិទី២ ៥ឆ្នាំទៀតបានយ៉ាងងាយ។
គណបក្សហិណ្ឌូនិយមរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌាបានឈ្នះឆ្នោតដាច់ ដោយទទួលបានសំឡេងភាគច្រើន នៅរដ្ឋសភា ដល់ទៅ ២៩៨អាសនៈ ក្នុងចំណោមអាសនៈសរុប ៥៤២។ លទ្ធផលនេះបង្ហាញថា គណបក្សរបស់លោកណារិនដ្រា ម៉ូឌី ប្រមូលសំឡេងគាំទ្របានច្រើន ជាងមុន ជាងការបោះឆ្នោត កាលពី៥ឆ្នាំមុនទៅទៀត។ ជ័យជំនះរបស់លោកណារិនដ្រា ម៉ូឌី នៅក្នុងការបោះឆ្នោត សភាឥណ្ឌា លើកនេះ បង្ហាញថា ពីពេលនេះតទៅ គេអាចឈ្នះឆ្នោតធំៗ បើទោះបីជាតុល្យការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលមិនសូវល្អក៏ដោយ។
នៅក្នុងអាណត្តិ៥ឆ្នាំមកនេះ រដ្ឋាភិបាលរបស់លោកណារិនដ្រា ម៉ូឌី នៅតែមិនអាចដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលលោកធ្លាប់សន្យានៅក្នុងយុទ្ធនាការឃោសនាអាណត្តិមុន។ អ្នកអត់ការងារធ្វើ ក្នុងចំណោមយុវជននៅតែមានចំនួនច្រើន បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ហើយនិងទុក្ខលំបាករបស់ប្រជាជនកសិករឥណ្ឌា ដែលកំពុងប្រឈមនឹងការខាតបង់ ដោយសារកង្វះទីផ្សារ ហើយនិងបញ្ហាប្រែប្រួលអាកាសធាតុ។ ដោយសារតែតុល្យការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោកម៉ូឌី មិនសូវល្អ គណបក្សរបស់ណារិនដ្រា ម៉ូឌីបានប្តូរយុទ្ធសាស្រ្ត ដោយងាកមកយករឿងបុគ្គល ជីវប្រវត្តិតស៊ូរបស់លោកណារិនដ្រា ម៉ូឌី មកធ្វើជាប្រធានបទ កម្មវត្ថុនៅក្នុងការឃោសនាវិញ។
គេវាយតម្លៃថា លោកម៉ូឌី គ្មានកម្មវិធីនយោបាយច្បាស់លាស់ ប៉ុន្តែ គឺមានតែការឃោសនាបំប៉ោង បំភិតបំភ័យប្រជាជន ពីបញ្ហាសន្តិសុខ ការគំរាមកំហែងរបស់ពួកភេរវជន អ៊ីស្លាមជ្រុលនិយម។
សូមរំលឹកថា នៅមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើម នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី បានបញ្ជាឲ្យយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែកលើជំរំរបស់ក្រុមអ៊ីស្លាមជ្រុលនិយម នៅទឹកដី កាស្មៀ កាន់កាប់ដោយប៉ាគីស្ថាន បន្ទាប់ពីក្រុមនេះ ចេញមុខវាយប្រហារសម្លាប់ទាហានឥណ្ឌា៤០នាក់។
ដោយបញ្ជាឲ្យកងទ័ពវាយប្រហារសំបុករបស់ភេរវជន លោកម៉ូឌី ចង់បង្ហាញថា លោកជាឆ្មាំ ការពារ ធានាសុវត្ថិភាព សន្តិសុខ ឲ្យប្រជាជនឥណ្ឌា ពីការវាយប្រហាររបស់ភេរវជនអ៊ីស្លាមជ្រុលនិយម។ នយោបាយមួយជំហាននេះ ធ្វើឲ្យលោកម៉ូឌី បានសំឡេងគាំទ្រច្រើនពីប្រជាជន ដែលស្អប់ និងភ័យខ្លាចការវាយប្រហារភេរវកម្ម។
ជ័យជំនះរបស់លោកណារិនដ្រាម៉ូឌី លើកនេះ សបញ្ជាក់ដែរថា ឥណ្ឌាប្រទេសប្រជាធិបតេយ្យធំជាងគេលើលោក កំពុងដើរនៅលើផ្លូវ ដែលនៅទីនោះ មេដឹកនាំកាន់តែច្រើនក្នុងពិភពលោកប្រើមធ្យោបាយប្រជាភិថុត ដើម្បីនៅក្រាញអំណាច តាមរយៈ ការបង្កើតព្រឹត្តិការណ៍រំជួលអារម្មណ៍ (ជីវប្រវត្តិតស៊ូរបស់លោកម៉ូឌី) បញ្ហាសន្តិសុខជាតិ ឬបញ្ហាជនអន្តោប្រវេសន៍ ដើម្បីអូសទាញទឹកចិត្តម្ចាស់សំឡេងឆ្នោត។
នៅឥណ្ឌា ជ័យជំនះជាប្រវត្តិសាស្រ្តរបស់ណារិនដ្រាម៉ូឌីលើកនេះ ក៏ជាលទ្ធផលផ្លែផ្កា នៃនយោបាយឃោសនាផ្សព្វផ្សាយ ដ៏ផុសផុលរបស់រដ្ឋាភិបាល ពីព្រោះថា នៅកន្លែងណាក៏គេឃើញបិទផ្សព្វផ្សាយរូបលោកម៉ូឌី។ លោកម៉ូឌី កម្រនឹងធ្វើសន្និសីទកាសែតណាស់ ប៉ុន្តែ នៅរាល់សុន្ទរកថា តាមទូរទស្សន៍ វិទ្យុម្តងៗ លោកម៉ូឌី និយាយរាប់ម៉ោង ទៅកាន់ប្រជាជន ចំណែក បក្សប្រឆាំងវិញ គឺគ្មានឱកាសបញ្ចេញ សំឡេង ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនដោយទូលំទូលាយនោះទេ។
ជាមេដឹកនាំចេញមកពីការបោះឆ្នោត លោកម៉ូឌី កំពុងកសាងកេរ្តិ៍ឈ្មោះបុគ្គល ដើម្បី ពង្រឹងអំណាចផ្ទាល់ខ្លួន ជាជាង ដោះស្រាយបញ្ហាស៊ីជម្រៅរបស់ប្រជាជន
លោកណារិនដ្រា ម៉ូឌីបានទទួលជ័យជំនះភ្លូកទឹក ភ្លូកដីមែន ប៉ុន្តែ ជាមួយគ្នានេះ នៅមានកិច្ចការជាច្រើនដែលកំពុងរង់ចាំលោកឲ្យដោះស្រាយ។ ដូចជាបញ្ហាអត់ការងារធ្វើដែលបានកើនឡើងចំនួន ៣ដង នៅក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។ ភាពក្រីក្រ ទុក្ខវេទនារបស់ប្រជាកសិករ ដែលមួយចំនួន កើតមានមកពីកំណែទម្រង់សេដ្ឋកិច្ចរបស់លោកណារិនដ្រា ម៉ូឌី។ កិច្ចការដ៏លំបាកមួយទៀត ដែលលោកម៉ូឌី ប្រឈម ពិបាកនឹងដោះស្រាយ នោះ គឺកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាដែលហាក់ថមថយចុះ ខុសពីការព្យាករណ៍ទុកមុន ដោយសារតែសង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិក ហើយនិងដោយសារតែតម្លៃប្រេងឡើងថ្លៃ ដែលកើតចេញមកពីភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់។
នៅក្នុងផ្នែកដឹកនាំសង្គមវិញ គេវាយតម្លៃថា ឥណ្ឌានៅក្រោមការដឹកនាំរបស់លោកណារិនដ្រា ម៉ូឌី នឹងរឹតតែបែកបាក់ខ្លាំងឡើង ជាពិសេសខាងផ្នែកសាសនា ព្រោះថា លោកម៉ូឌី មាននយោបាយ លើកតម្កើងខ្លាំង ប្រជាជនឥណ្ឌាកាន់សាសនាហិណ្ឌូ និងយកបញ្ហាសន្តិសុខមកធ្វើជាលេសរឹតបន្តឹងអ្នកដែលប្រឆាំងរិះគន់ខ្លួន។ គេជឿថា លោកម៉ូឌីកំពុងបង្កើតបរិយាកាសឲ្យមានការស្អប់ រើសអើងប្រកាន់សាសនា ដែលជនរងគ្រោះ គ្មានអ្នកណាក្រៅតែពីក្រុមសហគមន៍សាសនាអ៊ីស្លាម នោះទេ។
មួយវិញទៀត ខុសពីមេដឹកនាំដែលចេញមកពីការបោះឆ្នោត នៅក្នុងស្រុកប្រជាធិបតេយ្យ លោកណារិនដ្រា ម៉ូឌីកំពុងកសាងមុខមាត់ បុគ្គលលោកផ្ទាល់ រហូតធ្វើឲ្យគេជឿថា ឥណ្ឌា ដែលមាននាយករដ្ឋមន្រ្តី កើតចេញមកពីការបោះឆ្នោត ប៉ុន្តែ តាមពិត គឺមានមេដឹកនាំផ្តាច់ការ ដែលគ្រប់គ្នាត្រូវជឿ គោរព ថ្វាយដូចជាព្រះ ដើម្បីលន់តួ សុំសេចក្តីសុខ ជៀសរួចផុតពីការគំរាមកំហែង វាយប្រហារភេរវកម្មរបស់ក្រុមអ៊ីស្លាមជ្រុលនិយម៕
នៅថ្ងៃសុក្រ លោកណារិនដ្រា ម៉ូឌីត្រូវកោះប្រជុំគណៈរដ្ឋមន្រ្តីរបស់លោក មុននឹងទៅដាក់ពាក្យសុំលាលែងមុខតំណែង នៅរដ្ឋសភា។ បន្ទាប់ពីសភាចាស់ត្រូវរំលាយចោល សភាថ្មីនឹងបោះឆ្នោតជ្រើសរើសលោកម៉ូឌី ជានាយករដ្ឋមន្រ្តី ដែលនឹងមាននាទី បង្កើតរដ្ឋាភិបាល ថ្មី។ គេវាយតម្លៃថា លោកម៉ូឌី នឹងជ្រើសរើសប្រធានគណបក្សហិណ្ឌូនិយមរបស់លោក ឲ្យកាន់តំណែងសំខាន់ គឺតំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌា ចំណែករដ្ឋមន្រ្តីក្រសួងថាមពលរ៉ែ និងផ្លូវដែក នឹងអាចជ្រើសតាំងឲ្យធ្វើជារដ្ឋមន្រ្តីកាន់កញ្ចប់សេដ្ឋកិច្ចរបស់មហាអំណាចធំទី ២ នៅអាស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ