ទស្សនកិច្ចប្រកបដោយនិម្មិត្តរូបរបស់ប្រធានាធិបតីអាមេរិកនៅជប៉ុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៧
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញទៅដល់ក្រុងតូក្យូហើយ នៅថ្ងៃរសៀលថ្ងៃសៅរ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបួនថ្ងៃនៅជប៉ុន។ ជាទស្សនកិច្ច ប្រកបដោយនិម្មិត្តរូប និងគ្របដណ្តប់ដោយរូបភាពល្អូកល្អើនរវាងប្រទេសទាំងពីរ និងការផ្តល់កិត្តិយសឱ្យគ្នាទៅវិញមក លើផ្ទៃនៃវិបត្តិពាណិជ្ជកម្មរួមរឹត។ លោកដូណាល់ត្រាំ មិនល្អជាមួយជប៉ុនប៉ុន្មានឡើយ តែជប៉ុនចេះថែរក្សាទំនាក់ទំនងជាមួយអាមេរិកបានល្អដដែល។ លោកដូណាល់ត្រាំ ជាប្រមុខដឹកនាំបរទេសដំបូងគេបង្អស់ ដែលទទួលជួបដោយអធិរាជថ្មី ណារ៉ូហ៊ីតូ។
នេះជាលើកទីពីរហើយដែលលោកដូណាល់ ត្រាំ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន តែលោកជាប្រមុខរដ្ឋបរទេសទីមួយ ដែលត្រូវទទួលជួបដោយព្រះចៅអធិរាជថ្មី ណារ៉ុហ៊ីតូ។ ព្រះអង្គទើបឡើងសោយរាជ កាលពីថ្ងៃទី ១ឧសភា ២០១៩ ស្នងពីបិតា អាគីហ៊ីតូ ដែលបានដាក់រាជ្យ។ ប្រមុខដឹកនាំបរទេសទាំងឡាយផ្សេងទៀត នឹងត្រូវចូលធ្វើគារវកិច្ចអធិរាជថ្មី នៅខែតុលាឯណោះទេ តែលោកត្រាំ បានទទួលកិត្តិយសពិសេសមុនគេ ចូលជួបព្រះចៅអធិរាជ និងក្រុមគ្រួសាររាជវង្ស អមដោយពិធីទទួលទានអាហារស្រមោលស នៅថ្ងៃចន្ទនេះតែម្តង។ ហេតុដូច្នេះហើយបានលោកត្រាំមានមោទនភាពថា លោកជាភ្ញៀវកិត្តិយសពិសេសតែម្នាក់គត់ ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសដែលពុំធ្លាប់កើតមានឡើយតាំងពី២រយឆ្នាំមក។
លក្ខណៈពិសេសនេះ សបញ្ជាក់ឱ្យឃើញផងដែរ អំពីចំណងមិត្តភាពដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ ដែលធ្លាប់ជាសត្រូវនឹងគ្នា ក្នុងអតីតកាល។
លោកដូណាល់ ត្រាំ ក៏នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ នៅថ្ងៃអាទិត្យនេះ ដែលត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយស ទស្សនាការប្រកួតចំបាប់ ស៊ូម៉ូ Sumoកីឡាដ៏ចំណាស់រាប់ពាន់ឆ្នាំរបស់ជប៉ុន ដោយអង្គុយលើកៅអីម្នាក់ឯង នៅក្នុងចំណោមអ្នកចូលរួមទស្សនាប្រមាណ១ម៉ឺននាក់ដែលមានប្រពៃណីអង្គុយផ្ទាល់ដី មើលចំបាប់។
កម្មវិធីទស្សនកិច្ចខ្លឹមៗ
ជំនួបផ្លូវការ បែបការទូត កំរិតត្រឹមជំនួបទ្វេភាគីរវាងលោកដូណាល់ ត្រាំ និងលោក អាបេ ដ៏ខ្លីមួយនៅថ្ងៃចន្ទ ពេលអាហារថ្ងៃត្រង់។ គឺនៅពេលនោះដែលប្រមុខដឹកនាំទាំងពីរ នឹងថ្លែងទៅកាន់អ្នកសារព័ត៌មាន។
ប្រមុខដឹកនាំទាំងពីរ មានគម្រោងទៅជួបក្រុមគ្រួសារជប៉ុនដែលមានសមាជិកគ្រួសារត្រូវកូរ៉េខាងជើងបានចាប់ខ្លួនជាចំណាប់ខ្មាំង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០-៨០ ឱ្យទៅធ្វើជាគ្រូបង្ហាត់ចារបុរសកូរ៉េខាងជើង។ នេះជាប្រធានបទដ៏សំខាន់ សម្រាប់ជប៉ុន និងដែលជប៉ុនចង់ឱ្យលោក ត្រាំ លើកទៅជជែកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
នៅថ្ងៃចុងក្រោយ លោកដូណាល់ត្រាំ នឹងអញ្ជើញទៅ យ៉ូកូស៊ូកាមូលដ្ឋានយោធាជើងទឹករួម អាមេរិក-ជប៉ុន ទីដែលជប៉ុនកំពុងធ្វើទំនើបកម្ម នាវាផ្ទុកយន្តហោះ ដើម្បីអាចទទួលយន្តហោះចម្បាំងអាមេរិក F35 ឱ្យចុះចតបាន។ កម្មវត្ថុរបស់ជប៉ុន គឺដើម្បីបង្ហាញឱ្យអាមេរិកបានឃើញកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ជប៉ុន ក្នុងកាតព្វកិច្ចការពារជាតិផង ទិញសម្ភារៈយោធាពីអាមេរិកថែមទៀតផង។ ឯចំណែកខាងអាមេរិកវិញ ក្នុងបរិបទនៃភាពតានតឹងជាមួយចិនផង និងជាមួយអ៊ីរ៉ង់ផង ដំណើរទស្សនកិច្ចដែលជប៉ុនបានចិតតំរឹមយកតែខ្លឹមៗ ក៏ការបង្ហាញឱ្យឃើញថាលោកដូណាល់ ត្រាំ ចេះដឹងយល់អំពីនយោបាយការបរទេស និងមានមិត្ត ដ៏ល្អ មិនមែនម្នាក់ឯងនៅអាស៊ីទេ។
សរុបទៅ ជប៉ុនធ្វើគ្រប់យ៉ាង ដើម្បីបំពេញចិត្តលោក ត្រាំ។
ប្រធានបទពាណិជ្ជកម្ម?
កម្មវត្ថុនៃទស្សនកិច្ច គឺដើម្បីបញ្ជាក់អំពីភាពចំណងមិត្តភាពដ៏ចាំបាច់រវាងប្រទេសទាំងពីរ ! ប៉ុន្តែដោយចៀសមិនរួច ភាពតានតឹងអាចនឹងលេចឡើង នៅពេលប្រធានបទស្តីអំពីពាណិជ្ជកម្ម ត្រូវបានភាគីទាំងពីរចាប់ជជែកគ្នា។
តាំងពីឡើងកាន់អំណាចមក លោកដូណាល់ ត្រាំ បានអង្រួញពិភពលោកយ៉ាងខ្លាំង តាមរយៈការប្រើនយោបាយសេដ្ឋកិច្ចបែបវាយប្រហារ ដើម្បីការពារតែឧស្សាហកម្មអាមេរិក សូម្បីតែសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រ ឬមិត្តស្អិតល្មួតយ៉ាងណាក៏មិនលើកលែង។ ថ្វីបើលោកត្រាំ លើកពេល៦ខែ មិនដំឡើងពន្ធគយនាំចូលផលិតផលរថយន្តជប៉ុននិងអឺរ៉ុបមែន តែលោកបានប្រកាសថាឧស្សាហកម្មរថយន្តបរទេស ជាគំរាមកំហែងសន្តិសុខជាតិអាមេរិក។ ក្រុមហ៊ុនតូយ៉ូតាខឹងសម្បារខ្លាំង ប៉ុន្តែមិនដូចចិននិងសហភាពអឺរ៉ុប ជប៉ុនបានប្រើសិល្បវិធីបែបផ្សះផ្សា ដោយសង្ឃឹមថានឹងអាចរកឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្មវិជ្ជមានខ្លាំងសម្រាប់ប្រទេស។ លោក អាបេ ដែលតែងប្រើប្រាស់ទំនាក់ទំនងបុគ្គលដ៏ល្អជាមួយលោកត្រាំ ទំនងកំពុងទទួលបានជោគជ័យ។
ខាងសេតវិមាន បានសង្ឃឹមដែរថា នេះជាឱកាសល្អអាចជំរុញការចរចាពាណិជ្ជកម្ម ឱ្យទៅមុខបានលឿន។ នៅថ្ងៃសៅរ៍នេះ ក្នុងពេលលោកប្រធានាធិបតីកំពុងផ្តើមទស្សនកិច្ច រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុននិងអាមេរិក ក៏ចាប់ផ្តើមពិភាក្សាគ្នាហើយ ប៉ុន្តែសំណាងឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្មចេញរួចនៅពេលនេះ មានតិចតួចណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ