អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅ​​ពេល​​សង្គម​​ព្រះ​ពុទ្ធ​​សាសនា​​រង​​ការ​​វាយ​​លុក​​ដោយ​​គ្រឿង​​ស្រវឹង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា ពល​រដ្ឋ​ជាង ៩០ % កាន់​ព្រះពុទ្ធ​សាសនា ហើយ​សាសនា​មួយ​នេះ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​សាស​នា​របស់​រដ្ឋ​ទៀត​ផង។ ប៉ុន្តែ សង្គម​មួយ​នេះ​ហាក់​ដូច​ជា​កំពុង​រង​ការវាយ​លុក​យ៉ាង​ពេញ​ទំ​ហឹង​ពី​គ្រឿង​ស្រវឹង។ គ្រឿង​ស្រ​វឹង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​គ្រប់​ទិសទី​និង​យ៉ាង​ពេញ​និយម​ជា​ពិសេស​ក្នុង​ពេល​មាន​ពិធី​បុណ្យ​ធំ​ៗ​ដែល​មនុស្ស​មាន​ឱកាស​ជួប​ជុំ​គ្នា។ គ្រឿង​ស្រវឹង​ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រភព​បង្ក​បញ្ហា​ធំ​ធេង​ណាស់​ដល់​សង្គម។ តើ​វា​មាន​ន័យ​យ៉ាង​ដូច​ម្តេច នៅ​ពេល​ដែល​សង្គម​ព្រះ​ពុទ្ធ​សាសនា​រង​ការ​វាយ​លុក​ដោយ​គ្រឿង​ស្រវឹង?

ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូចសុខភាព ព្រមទាំង​​ជាដើមហេតុ​នៃ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរ
ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូចសុខភាព ព្រមទាំង​​ជាដើមហេតុ​នៃ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ផលិត​ផល​ដែល​គេ​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​គេ​ទៅ​ដល់​សាធារណ​ជន គ្រឿង​ស្រវឹង​គឺជា​ផលិត​ផល​លេច​ធ្លោ​ជាង​គេ​មួយ​ជា​ពិសេស​ក្នុង​ពេល​មាន​ពិធី​បុណ្យ​ធំ​ៗ​ដូចជា​បុណ្យ​អុំទូក​នេះ​ជា​ដើម។ នៅ​តាម​ទី​សាធារណៈ ក៏​ដូច​ជា​នៅ​តាម​បណ្តាញ​ផ្សាយ​ព័ត៌​មាន​ដែរ ផលិត​ផល​គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ដោយ​បង្ហាញ​ថា​វា​ជា​តំណាង​ឲ្យ​ក្តីសប្បាយ​រីក​រាយ ជា​ភាព​ទាន់​សម័យ ជា​កិត្តិយស​និង​ជា​សុភមង្គល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សង្គម​ខ្មែរ។

 
ប៉ុន្តែ នៅលើ​ទិដ្ឋភាព​ជាក់ស្តែង​វិញ គ្រឿង​ស្រវឹង​បាន​បង្ក​បញ្ហា​រាប់​រាយ​ជំពូក​គួរ​ឲ្យ​ព្រឺ​ខ្លាច៖ ហេតុ​ផល​ដ៏​សំខាន់​មួយ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​មនុស្ស​៥​នាក់​យ៉ាង​តិច​ក្នុង​មួយ​ថ្ងៃ​គឺ​បណ្តាល​មក​ពី​ការ​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង។ បទ​ឧក្រិដ្ឋ​ជា​ច្រើន​ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​ជា​បញ្ហា​ធំធេង​សម្រាប់​សង្គម​ខ្មែរ​ក៏​មាន​ចំណែក​យ៉ាង​សំខាន់​មក​ពី​គ្រឿង​ស្រវឹង។ គ្រឿង​ស្រវឹង​ក៏​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សុខ​ភាព និង​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​យ៉ាង​សន្ធឹក​សន្ធាប់​ដល់​គ្រួសារ​ខ្មែរ​ជា​ពិសេស​គ្រួសារ​អ្នក​ក្រី​ក្រ​។

ក៏​ប៉ុន្តែ ផល​វិបាក​ដ៏​ធំធេង​ទាំង​នេះ​ហាក់​មិន​សូវ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ដោយ​ហេតុ​ថា ភាព​គគ្រឹក​គគ្រេង​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​គុណ​សម្បត្តិ​នៃ​គ្រឿង​ស្រវឹង​បាន​លុប​បាត់​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​គ្រោះ​ថ្នាក់​របស់​វា។ ជាក់​ស្តែង នៅ​រាល់​ពិធី​ជប់​លាង​ អាពាហ៍​ពិពាហ៍ ក៏​ដូច​ជា​ពិធី​ជួបជុំ​នានា​ៗ​ដែរ គ្រឿង​ស្រវឹង​នៅ​តែ​ជា​ជម្រើស​ដែល​មិន​អាច​ខ្វះ​បាន​។

នៅឯ​ភោជនីយដ្ឋាន​និង​ក្លឹប​រាត្រី​ឯណោះ​វិញ គ្រឿង​ស្រវឹង​រឹត​តែ​ពេញ​និយម​ថែម​ទៀត​។
ជា​ការ​ពិត​ណាស់ កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ចរាចរណ៍​គ្រឿង​ស្រវឹង​នោះឡើយ។ នៅ​លើ​ពិភព​លោក​នេះ ឧស្សាហ​កម្ម​គ្រឿង​ស្រវឹង​បាន​រីក​លូត​លាស់​យ៉ាង​ខ្លាំង​នៅ​គ្រប់​ទិស​ទី។ ប៉ុន្តែ អ្វីដែល​ខុស​ប្លែក​គ្នា​ពី​ប្រទេស​មួយ​ទៅ​មួយ​ទៀត​គឺ​ត្រង់​កម្រិត​នៃ​ការ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ។ ការ​ប្រើ​ប្រាស់​វា​ក្នុង​កម្រិត​សម​រម្យ​ក៏​មិន​មែន​ជា​រឿង​អាក្រក់​ដែរ។ ប៉ុន្តែ អ្វីដែល​អាក្រក់​នោះ​គឺ​ការ​យក​ស្រា​ធ្វើ​ជា​ត្រីមុខ។

នៅក្នុង​សង្គម​ខ្មែរ គ្រឿង​ស្រវឹង​ត្រូវ​បាន​ដូន​តា​ខ្មែរ​ចាត់​ទុក​ជា«អបាយ​មុខ»មួយ​ក្នុង​ចំណោម​អបាយ​មុខ​សំខាន់​បី​ដែល​គួរ​ចៀស​វាង៖ «ស្រី ស្រា និង​ល្បែង»។ ចៀស​វាង​ពីព្រោះ​តែ​ដូនតា​ខ្មែរ​បាន​យល់​ច្បាស់​ណាស់​អំពី​គ្រោះ​ថ្នាក់​នៃ​ជាតិ​ស្រវឹង​។ ម្យ៉ាង​ទៀត គ្រឿ​ស្រវឹង​ក៏​ត្រូវ​បាន​ព្រះ​ពុទ្ធ​សាសនា​ហាម​ប្រាម​ផង​ដែរ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នៅ​កម្ពុជា មនុស្ស​គ្រប់​មជ្ឈ​ដ្ឋាន​សង្គម​ហាក់​ដូច​ជា​កំពុង​រង​ការ​វាយ​លុក​យ៉ាង​ពេញ​ទំហឹង​ជាង​ពេល​ណា​ៗ​ទាំង​អស់​ពី​សំណាក់​អបាយ​មុខ​ទាំង​បី​។

គ្រឿង​ស្រវឹង​កំពុង​ត្រូវ​បាន​គេ​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជា​និមិត្ត​រូប​នៃ​មោទន​ភាព​ជាតិ និង​ជា​តំណាង​ឲ្យ​«បេះ​ដូង​ខ្មែរ»។ គ្រឿង​ស្រវឹង​អាច​រក​ទិញ​បាន​គ្រប់​ទិសទី និង​អាច​ប្រើ​ប្រាស់​បាន​ដោយ​សេរី​សម្រាប់​មនុស្ស​គ្រប់​វ័យ​។ មនុស្ស​ជា​ច្រើន​កំពុង​យក​ស្រា​ធ្វើ​ជា​ត្រី​មុខ​ទៅ​ហើយ​។ តើ​នេះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​ខ្មែរ​កំពុង​ដើរ​ផ្ទុយ​ពី​សីល​ធម៌​សង្គម​របស់​ខ្លួន​ទេ​ឬ? ការ​ធ្លាក់​ចុះ​សីលធម៌​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សង្គម​ព្រះពុទ្ធ​សាសនា​មួយ​នេះ​កំពុង​បាត់​បង់​លំនឹង ហើយ​បើក​ច្រក​ឲ្យ​អំពើ​អសីល​ធម៌​មាន​ប្រៀប​លើ​សីល​ធម៌ អំពើ​អយុត្តិធម៌​មាន​ប្រៀប​លើ​យុត្តិ​ធម៌ ឬ​ក៏​មនុស្ស​ទុច្ចរិត​អាច​យក​ប្រៀប​លើ​មនុស្ស​សុចរិត​ជា​ដើម​។

ដូច្នេះ ដើម្បី​លើក​ស្ទួយ​តម្លៃ​សីល​ធម៌​សង្គម​ឡើង​វិញ ការ​វៀរ​ចាក​អបាយ​មុខ​ទាំង​បី​ជា​ពិសេស​គ្រឿង​ស្រវឹង​គឺ​ជា​កិច្ច​ការ​ដែល​ត្រូវ​ផ្តើម​ធ្វើ​ជា​ចាំ​បាច់។ គោល​នយោបាយ​ជាតិ​ស្តី​ពី​គ្រឿង​ស្រវឹង​ជិត​ចេញ​ជា​រូប​រាង​ហើយ​។ រីឯ​វិធាន​ការ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ក៏​ត្រូវ​បាន​ចាត់​ជា​បណ្តើរ​ៗ​ដែរ។ នេះ​ជា​សញ្ញា​វិជ្ជ​មាន​មួយ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ប៉ុន្តែ ការ​យក​ឈ្នះ​គ្រឿង​ស្រវឹង​បាន​ឬ​មិន​បាន​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​និង​មនសិការ​របស់​មនុស្ស​ច្រើនជាង។

ប្រសិនបើ​សមត្ថកិច្ច​រដ្ឋាភិបាល​យ​ល់​ថា​ខ្លួន​មាន​កាតព្វ​កិច្ច​ធានា​សុខមាល​ភាព​សង្គម​ ប្រសិន​បើ​អ្នក​ផលិត​គ្រឿង​ស្រវឹង​យល់​ថា​ខ្លួន​មិន​គួរ​ចង់​បាន​ចំណេញ​ហួស​ហេតុ​លើ​គំនរ​ទុក្ខ​សោក ​អ្នក​ដទៃ និង​ប្រសិន​បើ​ពល​រដ្ឋ​ខ្មែរ​គ្រប់​គ្នា​មិន​អនុញ្ញាត​ឲ្យ​អបាយមុខ​ទាំង​ឡាយ​ដឹក​មុខ​ទេ​នោះ សីល​ធម៌​សង្គម​ខ្មែរ​នឹង​វិល​ត្រឡប់​មក​វិញ​ជា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គ្មាន​វិធាន​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ទេ​នោះ បេះ​ដូង​ខ្មែរ​នឹង​ច្បាស់​ជា​ជោគ​ជាំ​ដោយ​គ្រឿង​ស្រវឹង​យ៉ាង​ពិត​ប្រាកដ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ