អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​ ឆ្នាំ​២០១៥ ​ត្រូវ​បាន​​រដ្ឋសភា ​ពិភាក្សា​អនុម័ត​

រដ្ឋសភា ​បាន​​បើក​​កិច្ច​ប្រជុំ​ពេញ​អង្គ ​នា​​ព្រឹក​​ថ្ងៃទី​២៨​វិច្ឆិកា​​នេះ ​ដើម្បី​​ពិភាក្សា ​និង​​អនុម័ត​​លើ​​សេចក្តី​​ព្រាង​​ចំណង​​ច្បាប់​ ​ស្តីពី ​ហិរញ្ញវត្ថុ​​សម្រាប់​​ការ​គ្រប់គ្រង ​ឆ្នាំ​២០១៥​ ឬ​​ហៅថា ​ច្បាប់​​ហិរញ្ញវត្ថុ​ ឆ្នាំ​២០១៥​។ ​កិច្ចប្រជុំ​​នៅ​​រដ្ឋសភា ​នា​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ​ មាន​​អ្នក​តំណាងរាស្ត្រ​​ចំនួន​ ១១២ ​រូប ​បាន​​ចូលរួ​ម។​ អ្នក​តំណាងរាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ ​ដឹកនាំ​​ដោយ​​លោក​​សម រង្ស៊ី ​និង​​លោក​​កឹម ​សុខា ​ចំនួន ​៤៧ រូប ​ដែល​​បាន​​ចូល​រួម​​កិច្ច​ប្រជុំ​​រដ្ឋសភា ​នា​​ព្រឹក​​នេះ​ មិន​បាន​​លើក​ដៃ ​គាំទ្រ​​សេចក្តី​ព្រាង​ច្បាប់​​ហិរញ្ញវត្ថុ ​ឆ្នាំ២០១៥​ នោះ​ទេ​។​

រដ្ឋ​សភា​ជាតិ​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ​ហិរញ្ញវត្ថុ​ ឆ្នាំ​២០១៥​នៅព្រឹកថ្ងៃ​ទី២​៨ ​វិច្ឆិកា​ឆ្នាំ​២០១៤ ​
រដ្ឋ​សភា​ជាតិ​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ​ហិរញ្ញវត្ថុ​ ឆ្នាំ​២០១៥​នៅព្រឹកថ្ងៃ​ទី២​៨ ​វិច្ឆិកា​ឆ្នាំ​២០១៤ ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

 

កិច្ចប្រជុំពេញអង្គ​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៨វិច្ឆិកា​នេះ មាន​កូរ៉ុម​ចំនួន ១១២ រូប ក្នុងនោះ តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦៥ រូប និង​គណបក្ស​សង្គ្រោះ​ជាតិ ៤៧ រូប។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តកណ្តាល។ ចំណែក​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ក៏បាន​ចូលរួម​ប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ ផងដែរ។

សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ២០១៥ ឬ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ២០១៥ បានកំណត់​ការចំណាយ​ថវិការដ្ឋ សរុប​ចំនួន ១៥.៦៩៩.៥២៩ លាន​រៀល ស្មើ​ប្រមាណ ៣.៨៦៧ លាន​ដុល្លារ។ ការចំណាយ​នេះ មាន​កំណើន ១០,៨ ភាគរយ ធៀប​នឹង​ច្បាប់ ស្តីពី ហិរញ្ញវត្ថុ ឆ្នាំ២០១៤។

សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ២០១៥ មាន ៦ ជំពូក និង ១៧ មាត្រា  បានកំណត់​ពី​ការចំណាយ​លើ​ក្រសួង​អាទិភាព នៅក្នុង​ឆ្នាំ២០១៥ រួមមាន៖ ទី១-ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន​ជាង ៤៤៤ លាន​ដុល្លារ ទី២-ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ចំនួន​ជាង ៤៣៤ លាន​ដុល្លារ ទី៣-ក្រសួងការពារជាតិ ចំនួន​ជាង ៣២៤ លាន​ដុល្លារ ទី៤-ក្រសួងសុខាភិបាល ចំនួន​ជាង ៣១៧ លាន​ដុល្លារ ទី៥-ក្រសួងមហាផ្ទៃ ចំនួន ២៥៨ លាន​ដុល្លារ។

សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ២០១៥ ក៏បាន​កំណត់​ពី​ការ​តម្លើង​កម្រិត​បៀវត្ស​លើកលែង​ពន្ធ គឺ​ចាប់ ៨០០.០០០ រៀល ទើប​ជាប់ពន្ធ​លើ​ប្រាក់ខែ។ លើសពីនេះ សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ២០១៥ រដ្ឋាភិបាល បានសម្រេច​ផ្តល់​សិទ្ធិ​ដល់​មន្ត្រី​ពន្ធដារ ឲ្យ​ធ្វើជា​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​ទទួលបាន​សិទ្ធិអំណាច​ពេញលេញ​ក្នុងការ​ស៊ើបអង្កេត​បទ​ល្មើស​ស្តីពី​ពន្ធដារ ក្នុង​គោលបំណង​ធានា​ប្រសិទ្ធភាព ក្នុងការ​ជំរុញ​ការ​កៀរគរ​ចំណូល និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី ពន្ធដារ។

ជាការ​កត់សម្គាល់ សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ២០១៥ មិន​ត្រូវបាន​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​កិច្ចប្រជុំ លើកដៃ​គាំទ្រ​នោះទេ។ គណបក្ស​សង្គ្រោះ​ជាតិ យល់ថា សេចក្តីព្រាងច្បាប់​នោះ មិនទាន់​ពេញលេញ រីឯ​ការកំណត់​ពី​ការគៀងគរ​ចំណូល នៅ​ខ្វះចន្លោះ ហើយ​រដ្ឋសភា មាន​ពេល​ខ្លី ដើម្បី​ពិនិត្យ ជាដើម។

ប៉ុន្តែ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍ និង​សួរដេញដោល​លើ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច ជុំវិញ​សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ២០១៥។

ជា​រៀងរាល់ឆ្នាំ គណបក្សប្រឆាំង តែងតែ​មិន​លើកដៃ គាំទ្រ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា មាន​សំឡេង​គ្រប់គ្រាន់ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​នោះ ព្រោះ​ត្រូវការ​សំឡេង​ភាគច្រើន​ដាច់ខាត ឬ​សំឡេង ៥០ ភាគរយ បូក ១ នៃ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ទាំងមូល​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ