អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​​ស្ត្រី​​បក្ស​ប្រឆាំង​ ប្តេជ្ញា​​ស្វែង​រក​​យុត្តិធម៌​​ដល់​​ស្ត្រី​​កំពុង​​ជាប់​ឃុំ​​នៅ​​ពន្ធនាគារ​​ព្រៃ​សរ​

នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​អ្នក​តំណាង​រាស្ត្រ​​ជា​​ស្ត្រី​​ចំនួន​៧ ​រូប​​ដែល​ជា​​សមាជិក​​រដ្ឋសភា ​និង​​ព្រឹទ្ធសភា​​មក​ពី​​គណបក្ស​ប្រឆាំង​​បាន​​ចុះ​ទៅ​​សួរ​សុខ​ទុក្ខ​​ស្ត្រី​​ចំនួន​១០​នាក់​​ដែល​​កំពុង​​ជាប់​ឃុំ​​នៅ​ក្នុង​​ពន្ធនាគារ​​ព្រៃ​​សរ​។ អ្នក​​តំ​ណា​ង​រាស្ត្រ​​ជា​​ស្ត្រី​​បាន​​ប្តេជ្ញា​​ថា នឹ​ង​​ជំរុញ​​ឲ្យ​​តុលាការ​​ស្វែង​រក​​យុត្តិធម៌​​ដល់​​ស្ត្រី​​ដែល​​កំពុង​​ជាប់​ឃុំ​​ទាំង​នោះ ​ព្រោះ​​វា​​ជា​​រឿង​​អយុត្តិធម៌​​បំផុត​​សម្រាប់​​ពួក​គេ​។​ 

ស្ត្រីអ្នក​ភូមិបឹងកក់ ដែលត្រូវបាន​អាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួន នៅព្រឹកថ្ងៃទី ១១វិច្ឆិកា ឆ្នាំ ២០១៤។
ស្ត្រីអ្នក​ភូមិបឹងកក់ ដែលត្រូវបាន​អាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួន នៅព្រឹកថ្ងៃទី ១១វិច្ឆិកា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នកតំណាងរាស្ត្រ​ជា​ស្ត្រី​ទាំងនោះ បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ​នៅឯ​ពន្ធនាគារ​ព្រៃ​សរ​នោះ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ចាត់ទុកថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ​ដែល​គ្រាន់តែ​ចេញ​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ​តែ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ។

លោកស្រី កែ សុ​វណ្ណា​រតន៍ ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារីនៃរដ្ឋសភា​ដែល​បាន​ចុះទៅ​សួរសុខទុក្ខ​ស្ត្រី​បឹងកក់​ដែល​កំពុង​ជាប់​ទាំង​នោះបាន​មានប្រសាសន៍ថា លោកស្រី​នឹង​ជំរុញ​ឲ្យ​សាលាឧទ្ធរណ៍​ដោះស្រាយ​រឿង​ស្ត្រី​ទាំងនោះ​ដោយ​ផ្អែក​តាមផ្លូវ​ច្បាប់​ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​ពួកគេ។ បើតាម​លោកស្រី​កែ សុវណ្ណ​រតន៍ គណៈកម្មការ​ទី៨នៃ​រដ្ឋសភា​នឹង​សរសេរ​លិខិត​មួយ​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​នូវ​រឿងរ៉ាវ​ស្ត្រី​បឹងកក់​នេះ។

សូម​ជំរាបជូន​ថា អ្នកតំណាងរាស្ត្រ​ជា​ស្ត្រី​ដែល​មួយរូប​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម រង្ស៊ី និង ៦រូប​ទៀត​ជា​សមាជិក​រដ្ឋសភា​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះទៅ​សួរសុខទុក្ខ​ស្ត្រី​បឹងកក់​ចំនួន១០នាក់​ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​សរ។ អ្នកតំណាងរាស្ត្រ​ទាំងនោះ មិនបាន​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ផ្សេងទៀត​នោះទេ ព្រោះ​កន្លែង​ជាប់ឃុំ​ឃាំង​នៅ​ផ្សេងគ្នា។ ប៉ុន្តែ​ពួកគេ​អះអាងថា នឹង​ចុះទៅ​សួរសុខទុក្ខ​នៅពេល​បន្ទាប់​ទៀត។

សូមបញ្ជាក់​ផងដែរ​ថា ស្ត្រី​បឹងកក់​ទាំងនោះ​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ក្នុង​ម្នាក់​មួយឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ក្នុង​ម្នាក់​ចំនួន ២ លាន​រៀល។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពីបទ​ជេរប្រមាថ​មន្ត្រីរាជការ​សាធារណៈ និង​បទ​បិទផ្លូវ​បង្ក​ឲ្យ​ស្ទះចរាចរណ៍។

លោកស្រី​មួរ សុខ​ហូរ តំ​ណា​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចុះទៅ​សួរសុខទុក្ខ​ស្ត្រី​ជាប់ឃុំ​ផងដែរ​នោះ បាន​ហៅ​ការចាប់ខ្លួន និង​ផ្តន្ទាទោស​ពួកគេ​ថា ជា​រឿង​អយុត្តិធម៌​បំផុត​ដោយ​តុលាការ​ធ្វើការ​កាត់ក្តី​ដោយ​គ្មាន​ភ័​ស្ត​តាង​ត្រឹមត្រូវ។ យ៉ាងណាក៏ដោយ​ក្រុម​អ្នកតំណាងរាស្ត្រ​ជា​ស្ត្រី​របស់​គណបក្សប្រឆាំង ស​ង្ឈឹ​ម​ថា តាមរយៈ​ការជំរុញ​ពី​តំ​ណា​រាស្ត្រ និង អង្គការ​ជាតិ អន្តរជាតិ គួបផ្សំ​នឹង​ការស៊ើបអង្កេត​ឡើងវិញ​ពី​សាលាឧទ្ធរណ៍​នោះ ស្ត្រី​ទាំងនោះ​ក៏​ដូច​អ្នក​ជាប់ឃុំ​ផ្សេងទៀត​នឹង​ដោះលែង​ជាក់​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ