អានតួអត្ថបទ
កម្ពុជា

កម្ពុជាផ្ញើ​កំណត់​ទូត​ទៅ​វៀត​ណាម​ស្តី​ពី​បញ្ហា​ព្រំ​ដែន​នៅ​ខេត្ត​រតនគិរី​

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រសួង​ការបរទេស​កម្ពុជា​ផ្ញើ​កំណត់​ទូត​ផ្លូវ​ការ​ទៅ​កាន់​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ស្តីពី ករណី​វៀតណាម​ជីក​ស្រះ​ទឹក​៥​កន្លែង​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​។ កំណត់​ទូត​ចុះ​ថ្ងៃទី ១២ មិថុនា​នេះ បាន​បង្ហាញ​ថា ស្រះ​ទឹក​ទាំង​៥​កន្លែង ត្រូវ​បាន​ភាគី​វៀតណាម​ជីក​ចូល​ក្នុង​ដី​ខ្មែរ​ពី​ចន្លោះ​ជាង ៣០០ ម៉ែត្រ ទៅជាង ៥០០ម៉ែត្រ នៅ​ក្នុង​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​។

លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

យោង​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​និង​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​រួម​កម្ពុជា ​អាជ្ញាធរ​នៅ​ក្នុង​ខេត្តរតនគិរី បាន​រក​ឃើញ​ស្រះ​ទឹក​ចំនួន ៥ ដែល​មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ១៣​ម៉ែត្រ​ សម្រាប់​ស្រះ​ទឹក​នីមួយ​ៗ ដែល​ត្រូវ​បាន​ជីក​ដោយ​អាជ្ញាធរ​វៀត​ណាម នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០ និង​៤០ ស្ថិត​ក្នុង​ភូមិ​ឡុំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី ក្នុង​តំបន់​ដែល​បន្ទាត់​ព្រំដែន​រវាងប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ជាក់​លាក់​។

 

កំណត់​ទូត​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ផ្ញើ​ទៅ​កាន់​វៀត​ណាម បាន​បង្ហាញ​ថា ខណៈ​ដែល​តំបន់​នោះ​មិន​ទាន់​ត្រូវ​បាន​កំណត់​ច្បាស់​លាស់ រដ្ឋា​ភិបាល​កម្ពុជា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​ខ្សែ​បន្ទាត់​ព្រំដែន ដែល​កម្ពុជា​ហើយ​និង​វៀត​តាម​បាន​ទទួល​ស្គាល់​រួមគ្នា​នៅ​ក្នុង​ឆ្នាំ ១៩៩៥ កន្លង​មក​។

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏​បាន​លើក​យក​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀត​យក​មក​ពិភាក្សា​ជា​មួយ​និង​លោក ឡេ ហុងអាញ់ (Le Hong Auh) សមាជិក​ការិយាល័យ​នយោ​បាយ​នៃ​គណ​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម កាល​ពីរ​សៀល​ថ្ងៃ​ទី​៩​មិថុនា​កន្លង នៅ​វិមាន​សន្តិភាព​ផងដែរ​។ លោក​ហ៊ុន សែន បាន​ស្នើ​ដល់​ភាគី​វៀតណាម​ឲ្យ​រក្សាស្ថាន​ភាព​ព្រំដែន​ដូច​មុន ជា​ពិសេស​បញ្ហា​ព្រំដែន​នៅ​ខេត្ត​រតនគិរី​ដោយ​រក្សា​ស្ថាន​ភាព​ស្ងៀម​ស្ងាត់ កុំ​បង្កការ​ប៉ះពាល់​ដល់​តំបន់​ដែល​មិន​ទាន់​បាន​ឯកភាព​គ្នា និង មិន​ទាន់​បាន​ដោះ​ស្រាយ​។ ភាគី​វៀតណាម ក៏​បាន​ឯកភាព​ទៅ​លើការ​ស្នើ​សុំ​នេះ​។

ក៏​ប៉ុន្តែ​សូម​រំលឹក​ជូន​ថា កាល​ពី​ថ្ងៃ​ទី ៧ មិថុនា​កន្លង​ទៅ​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ ៦​រូប​ដឹក​នាំ​ដោយ​លោក ម៉ៅ មុនីវណ្ណ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​រតនគិរី ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ស្រះ​ទឹក​ទាំង​៥ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ ហើយ​មុន​ដំណើរ​ចុះ​ទៅ​ត្រួត​ពិនិត្យ ក៏​មាន​ការ​ព្រមាន​ពី​អាជ្ញាធរ​វៀតណាម ថា​នឹង​ប្រើកាំ​ភ្លើង​បាញ់​ទៅ​លើ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំង​អស់​នោះ​ផង​ដែរ​។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ