អានតួអត្ថបទ
កម្ពជា

CNRP​រៀបចំ​វិធាន​ផ្ទៃ​ក្នុង​ដើម្បី​ពង្រឹង​ការ​តស៊ូ​មតិ​ក្នុង​រដ្ឋសភា

គណបក្ស​សង្គ្រោះជាតិ​(CNRP) រៀបចំ​វិធាន​ផ្ទៃ​ក្នុង​នៃ​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​តិច​ ក្នុងរដ្ឋសភា។ វិធាន​ផ្ទៃ​ក្នុង​នេះ​រៀប​ចំ​ឡើង​ ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​របស់​ខ្លួន​ ក្នុង​ការ​តស៊ូ​មតិលើ​ការ​អនុម័ត​ច្បាប់​នានា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ វិធាន​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ ជាតិ​ដែល​កំពុង​តែ​រៀបចំ​នៅ​ពេល​នេះ​ស្រប​ ពេល​នឹង​ការ​ត្រៀម​ខ្លួន​របស់​តំណាង​រាស្ត្រ​គណបក្ស​​សង្គ្រោះ​ចូល​រួម​កិច្ច​ប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​ទី​១៦​ស្អែក។   

គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​ប្តឹង​
គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​ប្តឹង​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

លោក យ៉ែម ប៉ុញ្ញឫទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ពន្យល់​ថា សេចក្ដី​ព្រាង​ស្ដីពីវិធាន​ផ្ទៃ​ក្នុង​ នៃ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ញត្តិ​អំពី​ការ​បែង​ចែក​តួនាទី​ភារៈកិច្ច​របស់​តំណាង​រាស្ត្រ​សំឡេង​មតិ​ភាគ​តិច​បញ្ចូល​ទៅ​ក្នុង​គណៈកម្មការ​នានារបស់​រដ្ឋសភា។ វិធាន​ផ្ទៃ​ក្នុង​នេះ​ក៏​បាន​កំណត់​ឲ្យ តំណាង​គណៈកម្មការ​រដ្ឋសភា​មក​ពីគណបក្ស​សង្គ្រោះជាតិ​មាន​តួនាទី​ពិនិត្យ​និង​សិក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​និង​ស្វែង​រកប្រភព​ព័ត៌មាន​នានា​មុន​នឹង​យក​បញ្ហា​ទាំង​អស់​នេះ​ជួប​ជជែក​គ្នា​រវាង​ក្រុម​តំណាង​រាស្ត្រមតិ​ភាគតិច​និង​ភាគ​ច្រើន​ក្នុង​រដ្ឋសភា ហើយ​ក៏​ត្រៀម​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំសភា​ពេញ​អង្គ​ផង​ដែរ។ នេះ​ជា​ការ​បន្ថែម​របស់​លោក យ៉ែម ប៉ុញ្ញឫទ្ធ។

លោក​អ្នក​នាំ​ពាក្យ​រូប​នេះ​ឲ្យ​ដឹង​ថា គោល​ដៅ​សំខាន់​នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​នេះ​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការ​តស៊ូ​មតិសម្រាប់​ការ​អនុម័ត​ច្បាប់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។  សូមបញ្ជាក់ថា មុន​នឹង​មានការរៀបចំ​សេចក្ដី​ព្រាង​ស្ដីពី​វិធាន​ផ្ទៃ​ក្នុង​នៃ​ក្រុម​តំណាង​រាស្ត្រ​នេះ គណបក្ស​សង្គ្រោះជាតិបាន​រៀបចំ​សិក្ខា​សាលា​កាល​ពី​ថ្ងៃ​ទី​០៦​ធ្នូ​ក្រោម​វត្ត​មាន​លោក កឹម សុខា ប្រធាន​ស្ដីទីគណបក្ស សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី និង ក្រុម​អ្នក​ច្បាប់​របស់​គណបក្ស​ប្រឆាំង​ផង​ដែរ​ដើម្បី​ប្រមូល​មតិ​យោបល់​ចង់​ក្រង​វិធាន​ផ្ទៃ​ក្នុង​នេះ​ឡើង។

ជា​ការ​កត់​សម្គាល់​ដំណើរ​ការ​រៀបចំ​សេចក្ដី​ព្រាង​ស្ដីពី​វិធាន​ផ្ទៃ​ក្នុង​នៃ​ក្រុម​តំណាង​រាស្ត្រមតិ​ភាគ​តិច​នៅ​ពេលនេះ​ធ្វើ​ឡើង​ស្រប​នឹង​ការ​ត្រៀម​ខ្លួន​របស់​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ចូល​រួម​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​១៦​ធ្នូ​ស្អែក​បន្ទាប់​ពី​ការ​ធ្វើ​ពហិកា​នាពេល​កន្លង​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ