អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​សកម្មភាព​​រារាំង​ការ​សាងសង់​ទំនប់វារី​អគ្គីសនី​លើ​ដង​ទន្លេ​មេគង្គ​

ប្រតិកម្ម​បាន​បន្ត​ធ្លាក់​មកជា​បន្តបន្ទាប់ ខណៈដែល​ប្រទេស​ចំនួន៤នៃ​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម នឹងត្រូវ​ជួបប្រជុំគ្នា​នា​ថ្ងៃទី២៦ និង២៧មិថុនា​ខាងមុខនេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ អង្គការ​សង្គម​ស៊ីវិល​ចំនួន៥ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​សកម្មភាព​រារាំង​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​លើ​ដង​ទន្លេមេគង្គ ពិសេស​គឺ​ទំនប់​វា​រី​អគ្គីសនី​សា​យ៉ា​បូរី និង​ទំនប់​វា​រី​អគ្គីសនី​ដន សា​ហុង។

ផល​នេសាទ​នៅ​ទន្លេមេគង្គថយ​ចុះ​ព្រោះ​ទំនប់​វារីអគ្គិសនី
ផល​នេសាទ​នៅ​ទន្លេមេគង្គថយ​ចុះ​ព្រោះ​ទំនប់​វារីអគ្គិសនី © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

ការបង្កើត​ផែនការ​ទំនប់​លើ​តួ​ទន្លេមេគង្គ ទាំង១១ទំនប់ នៅក្នុង​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា រួមបញ្ចូល​ទាំង​ទំនប់​សា​យា​បូរី និង​ទំនប់​ដន​សា​ហុង គឺជា​ការ​គម្រាមកំហែង​ដល់​ការបំផ្លាញ​ជីវិត និង​វប្បធម៌​របស់​ប្រជាពលរដ្ឋ។ រដ្ឋាភិបាល​កម្ពុជា គួរ​ចាត់វិធានការ ឬ​ធ្វើ​សកម្មភាព​មួយ ដើម្បី ទាមទារ​ឲ្យ​ផ្អាក​ជាបន្ទាន់ ចំពោះ​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​សាយ​បូរី និង​ទំនប់​ដន​សា​ហុង។ នេះ​ជា​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​ព័ត៌មាន​រួម របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន៥ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២០មិថុនា។

អង្គការ​ទាំង៥នោះ​រួមមាន វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា NGOs Forum អង្គការ Fact អង្គការ​ភូមិ​ខ្ញុំ សមាគម​ថែរក្សា​បរិស្ថាន​និង​វប្បធម៌ និង​បណ្ដាញ​ការពារ​ទន្លេសេសាន ស្រែ​ពក សេកុង។

សូម​ជម្រាបជូន​ថា សេចក្ដីប្រកាស​ព័ត៌មាន​នេះ ចេញផ្សាយ​ខណៈដែល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី នៃ​គណៈកម្មការ​ទន្លេមេគង្គ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦ និង២៧មិថុនា​ខាងមុខ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ ឬ​អង្គការ WWF ក៏បាន​ចាប់អារម្មណ៍​ពី​កិច្ចប្រជុំ​នេះដែរ។

បើតាម​អង្គការ WWF កិច្ចប្រជុំ​រវាង​ប្រទេស​ចំនួន៤ គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម ដែលជា​សមាជិក​នៅក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម នា​សប្ដាហ៍​ក្រោយនេះ ត្រូវតែ​បញ្ជៀ​ស​ឲ្យ​បាន​នូវ​ផលប្រយោជន៍​ឯកតោភាគី កុំ​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការគ្រប់គ្រង​រួមគ្នា​នូវ​ទន្លេ​ដ៏​ពិសិដ្ឋ​មួយ​នេះ។

ទន្លេមេគង្គ​ត្រូវបាន​ទទួលស្គាល់ថា ជា​ទន្លេ​ធម្មជាតិ​មួយ ដែលមាន​សក្កា​នុព​ល​មហាសាល​សម្រាប់​ការអភិវឌ្ឍន៍ នៃ​ប្រទេស​នានា​នៅតាម​ដង​ទន្លេមេគង្គ​នេះ។ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ មាន​មនុស្ស​ជាង៦០លាន​នាក់​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល នៅ​ផ្នែក​អាង​ទន្លេមេគង្គ​ក្រោម។ កសិកម្ម​គឺជា​សកម្មភាព​សេដ្ឋកិច្ច​ចាំបាច់​តែមួយគត់​សម្រាប់​ប្រជាជន​ទាំងនេះ។ មាន​ផ្ទៃដី​ធ្វើស្រែ​ច្រើនជាង១០លាន​ហិច​តា​នៅតាម​អាង​ទន្លេមេគង្គ​ក្រោម​ដែល​ត្រូវ​ប្រើប្រាស់​ទឹកទន្លេ​មេគង្គ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ