អានតួអត្ថបទ
កម្ពុជា

ផល​ប៉ះ​ពាល់​នៃ​ទំនប់​ដន​សា​ហុង ​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នៅ​វៀតណាម

សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តី​ពី «ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង» ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី ២០ មីនា​នេះ​ នៅ​មជ្ឃ​មណ្ឌល​វប្បធម៌​ភ្នំ​ពេញ កូរ៉េ ក្នុង​ទីក្រុង​ភ្នំពេញ។ ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​នោះ​ក៏​មាន​តំណាង​រដ្ឋាភិបាល​ផងដែរ​​ បាន​ចូលរួម​ពិភាក្សា។ ផល​ប៉ះ​ពាល់​នានា​ដែល​ប្រមូល​បាន​ពី​សិក្ខា​សាលា​នេះ ​នឹង​ត្រូវ​ដាក់ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​យកទៅ​ពិភាក្សា នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​គណៈកម្មការ​​ទន្លេ​មេគង្គ​នៅ​ខែ​មេសា​ខាង​មុខ​នេះ ក្នុង​ប្រទេស​វៀតណាម។

ទីកន្លែង​មួយ​នៃ​ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោង​សាង​សង់​ទំនប់​ដន​សា​ហុង​របស់​ឡាវ​
ទីកន្លែង​មួយ​នៃ​ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោង​សាង​សង់​ទំនប់​ដន​សា​ហុង​របស់​ឡាវ​ RFI
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​សិក្ខា​សាលា​ថ្នាក់​ជាតិ​រយៈ​ពេល​មួយ​ថ្ងៃ​ស្តី​ពី«ការ​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​ទំនប់​វា​រី​អគ្គស​នី ដន​សា​ហុង» និង​ក្លាយ​ជា​ភស្តុ​តាង​យ៉ាង​សំខាន់​សម្រាប់​រដ្ឋា​ភិបាល​កម្ពុជា លើក​យក​ទៅ​ពិ​ភាក្សា​ក្នុង​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​គណកម្ម​ការ​ទន្លេ​មេគង្គ នៅ​ខែ​មេសា​ខាង​មុខ ក្នុង​ប្រទេស​វៀត​ណាម ដែល​មាន​ប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀត​ណាម​ចូលរួម។ សិក្ខា​សាលា​ថ្នាក់​ជាតិ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី ២០ មីនា​នេះ នៅ​មជ្ឃ​មណ្ឌល​វប្បធម៌​ភ្នំ​ពេញ កូរ៉េ ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ដោយ​មាន​ការ​ចូល​រួម​ពី តំ​ណាង​រាជ​រដ្ឋា​ភិ​បាល តំ​ណាង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដៃគូរ​អភិ​វឌ្ឍន៍ ស្ថាប័ន​ស្រាវ​ជ្រាវ អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល និង​ជា​ពិសេស​តំណាង​សហ​គមន៍ ប្រ​មាណ​ជា ៩០ នាក់។

លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋា​ភិបាល ស្តីពី​កម្ពុជា​បាន​លើកឡើងថា សិក្ខា​សាលា​នេះ មាន​សារៈ​សំខាន់​ខ្លាំង​សម្រាប់​ការ​ជុំ​គណ​កម្ម​ការ​ទន្លេ​មេគង្គ​នា​ពេល​ខាង​មុខនេះ។

លោក តឹក វណ្ណា​រ៉ា ក៏​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល ស្នើ​សុំ​ឲ្យ​ផ្អាក​គម្រោង​សាង​សង់​ទំនប់​វា​រី​អគ្គីសនី​ដន សា​ហុង​នេះ​ផងដែរ បន្ទាប់ពី​បាន​រក​ឃើញ​នូវ​ផល​ប៉ះ​ពាល់​ជា​ច្រើន សម្រាប់​ធន​ធាន​ធម្ម​ជាតិ និង​ប្រជាជន​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ការ​ប្រ​ឈម​មុខ​នៃ​ការ​ផុត​ពូជ​សត្វ​ផ្សោត​កម្ពុជា​ផង​ដែរ។

ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ដែល​មាន​ថាម​ពល ២៦០ ម៉េ​ហ្គា​វ៉ាត់ គឺជា​ទំនប់​មួយ​ក្នុង​ចំណោម​ទំនប់​វា​រី​អគ្គិ​សនី​ទាំង ១២ ដែល​គ្រោង​សាង​សង់​ទៅ​លើ​តួ​ទន្លេ​មេ នៃ​ទន្លេ​មេគង្គ​ក្រោម ក្នុង​តំបន់​ស៊ីផា​ន់​ដន របស់​ប្រទេស​ឡាវ។ បច្ចុប្បន្ន​ទំនប់​នេះ កំពុង​ត្រូវ​បាន​ចាប់​ផ្តើម​សិក្សា និង​ដាក់​សំណើរ​សម្រាប់​ការ​សាងសង់​បន្ទាប់ពី​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​បូរី។ ទំនប់​នេះ មាន​ទីតាំង​ស្ថិត​នៅ​ចំងាយ​ប្រមាណ ២គីឡូ​ម៉ែត​ពី​ព្រំ​ដែន​កម្ពុជា ឡាវ ក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ។ អគ្គិ​សនី ដែល​ទទួល​បាន​ពី​ទំនប់ ដន​សា​ហុង មាន​គម្រោង​សំរាប់​នាំចេញ​ទៅ​កាន់​ប្រទេស​ថៃ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ ២០០៦ រដ្ឋាភិបាល​ឡាវ និង​វិស្វករ​ជនជាតិ​ម៉ាឡេស៊ី និង ក្រុមហ៊ុន​វិនិយោគ​មួយ​ឈ្មោះ (Mega First Corporation Berhad) បាន​ចុះហត្ថលេខា​លើ អនុ​សារណៈ​យោគ​យល់​មួយ​ចំពោះ​ការ​ស៊ើប​អង្កេត​ទៅ​លើ​សេដ្ឋ​កិច្ច បរិស្ថាន និង​លទ្ធភាព​បច្ចេក​ទេស​របស់​គម្រោង​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង។ នៅ​ចុងខែ​កញ្ញា ឆ្នាំ២០១៣ រដ្ឋាភិបាល​ឡាវ បាន​ជូនដំណឹង​ដល់​គណៈកម្មការ​ទន្លេមេគង្គ អំពី​ការសម្រេចចិត្ត​របស់ខ្លួន ដើម្បី​ធ្វើការ​រៀបចំ​គម្រោង និង​ដាក់ជូន​សម្រាប់​គោល​បំណង​នៃ​ការ​ជូន​ដំណឹង​នៅ​ក្រោម​នីតិវិធី​របស់ គណៈ​កម្មការ​ទន្លេ​មេគង្គ សម្រាប់​ជាការ​ជូន​ដំណឹង និង​ការ​ពិគ្រោះ​យោ​បល់ ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ