អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា ៥០​ភាគរយ​បូក​១ ឬ ២​ភាគ​៣ មាន​អត្ថន័យ​នយោបាយ​ច្រើន​ជាង​បច្ចេកទេស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទី​បំផុត​ទៅ កិច្ច​ចរចា រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ជាប់គាំង ត្រឹម​រូបមន្ត​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ។ គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ចង់​បាន​ការអនុ​ម័ត ដោយ​រូបមន្ត​៥០​%​បូក​១ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​រូបមន្ត ២​ភាគ​៣ នៃ​សមាជិក​សភា។ ភាគី​ទាំងពីរ​សុទ្ធ​តែ​លើក​ហេតុផល​សម្អាង ដើម្បី​ការពារ​ជំហរ​រៀង​ៗ​ខ្លួន។ ប៉ុន្តែ តាម​ពិត​ទៅ បញ្ហា ៥០​ភាគរយ​បូក​១ ឬ​ក៏ ២​ភាគ​៣ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​អត្ថន័យ​នយោបាយ​ច្រើន​ជាង​បច្ចេកទេស។ ក៏​ដូចជា​ក្នុង​វិស័យ​ផ្សេង​ទៀត​ដែរ នៅ​កម្ពុជា​ទិដ្ឋភាព​នយោបាយ​តែង​តែ​គ្រប​ដណ្តប់ លើ​ទិដ្ឋភាព​បញ្ហា​បច្ចេកទេស​ជានិច្ច។ នេះ​ជា​ឧបសគ្គ ​ក្នុង​​ការ​អភិវឌ្ឍ​ប្រទេស។

ជំនួបចរចាគណបក្សទាំងពីរនៅថ្ងៃព្រហស្បតិ៍ ទី ១២ មិថុនា ឆ្នាំ ២០១៤។
ជំនួបចរចាគណបក្សទាំងពីរនៅថ្ងៃព្រហស្បតិ៍ ទី ១២ មិថុនា ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​គណបក្ស​ទាំងពីរ បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​យ៉ាង​ច្រើន គួរ​ឲ្យ​កត់​សម្គាល់​​ក៏​ដោយ ក៏​ទីបំផុត​ទៅ វិបត្តិ​នយោបាយ​បែរ​មក​ជាប់គាំង​ត្រឹម​រូបមន្ត​នៃ​ការ​ជ្រើស​សមាសភាព គ.ជ.ប ទៅ​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ចង់​បាន​រូបមន្ត ២​ភាគ​៣​នៃ​សមាជិកសភា ដើម្បី​អនុម័ត​យល់​ព្រម​បង្កើត​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។

ហេតុផល​របស់​បក្ស​ប្រឆាំង​គឺ រូបមន្ត ២​ភាគ​៣ អាច​បង្កើត​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​គ្រប់ភាគី​ទទួលយកបាន។ ហេតុផល​នេះ​ពិតជា​សមរម្យ​ពីព្រោះ​ប្រសិនបើ​អាចធ្វើ​បាន​ដូច្នោះ​មែន ជម្លោះ​ក្រោយ​ការបោះឆ្នោត​ទំនងជា​អាច​កាត់បន្ថយ​បាន​ច្រើន​ដោយសារ​គ្មាន​គណបក្ស​ណាមួយ​មាន​លេស​ក្នុងការ​ចោទ គ.ជ.ប ថា​លម្អៀង​ទៀតឡើយ។ ដូច្នេះ វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត ក៏​ទំនងជា​គ្មាន​ទៀត​ដែរ។

ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទាមទារ​ចង់​បាន​រូបមន្ត ៥០%​បូក​១ ក៏​មាន​ហេតុផល​របស់ខ្លួន​ដែរ។ ហេតុផល​នោះ​គឺ រូបមន្ត ២​ភាគ​៣ នឹង​ធ្វើ​ឲ្យ​ការបង្កើត​ស្ថាប័ន គ.ជ.ប ជាប់​គាំង​​មិនអាច​ចេញ​រួច។ ហេតុផល​នេះ ក៏​មាន​មូលដ្ឋាន​មិន​អាច​បដិសេធ​ទាំងស្រុង​បាន​ដែរ ពី​ព្រោះ​ក្នុង​ស្ថានភាព​មិន​ទុកចិត្ត​គ្នា ដូចជា​បច្ចុប្បន្ន គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ពិត​ជា​គ្មាន​ថ្ងៃ​យល់​ស្រប​គ្នា អំពី​សមាសភាព គ.ជ.ប នោះ​ឡើយ។

គេ​នៅ​ចាំបាន​ថា ពាក្យ​ថា«មនុស្ស​ឯករាជ្យ» សម្រាប់​ដឹកនាំ​ស្ថាប័ន គ.ជ.ប ធ្លាប់​ត្រូវ​បាន​គេ​ជជែក​គ្នា​តាំង​ពី​យូរយា​ណាស់​មក​ហើយ ប៉ុន្តែ ទីបំផុត គេ​មិនអាច​រក​មនុស្ស​ឯករាជ្យ​ដែល​គ្រប់គ្នា​ទទួល​យក​បាន​នោះ​ឡើយ។ មនុស្ស​ម្នាក់ អាច​ត្រូវ​បាន​មើល​ឃើញ​ថា​«ឯករាជ្យ» ដោយ​​បក្សប្រឆាំង ប៉ុន្តែ មនុស្ស​នោះ«មិន​ឯករាជ្យ»ឡើយ​សម្រាប់​បក្ស​កាន់​អំណាច ឬ​ក៏​ផ្ទុយ​ពី​នេះ​ទៅវិញ។ ប្រសិន​បើ​ដូច្នេះ តើ​គេ​អា​ចរក​សំឡេង ២​ភាគ​៣​បាន​ដោយ​របៀប​ណា?

ពិត​ណាស់​ថា គណបក្ស​ទាំងពីរ​មាន​ហេតុផល​សមរម្យ​ម្យ៉ាង​ម្នាក់ ប៉ុន្តែ ហេតុផល​នោះ ត្រូវ​គេ​មើលឃើញ​ថា កើត​ចេញ​ពី​ទម្ងន់​នយោបាយ​ច្រើន​ជាង​ទម្ងន់​បច្ចេកទេស។ ទម្ងន់​នយោបាយ​នៅ​ត្រង់​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ប្រើ​រូបមន្ត ២​ភាគ​៣ ដើម្បី​រារាំង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឲ្យ​សម្រេច​អ្វី​បាន​ទេ បើទោះជា​ខ្លួន​មាន​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​ក៏ដោយ។

ចំណែកឯ​គណបក្សកាន់អំណាច​វិញ ចង់​រក្សាទុក​រូបមន្ត ៥០ភាគរយ​បូក១ ដើម្បី​ខ្លួន​អាច​ជ្រើសរើស​សមាសភាព គ.ជ.ប ដែល​ខ្លួន​ពេញចិត្ត​បាន​ដោយ​គ្មាន​ឧបសគ្គ។ ដោយសារ​ផលប្រយោជន៍​នយោបាយ​មាន​ទម្ងន់​ខ្លាំងពេក​បែបនេះ​ហើយ បានជា​វិបត្តិ​នយោបាយ​ជាប់គាំង​ដោះស្រាយ​មិន​ចេញ។

ក្នុង​បរិបទ​បច្ចុប្បន្ន ដំណោះស្រាយ​ពិតជា​ពិបាក​នឹង​រកឃើញ​ណាស់ ប្រសិន​បើ​បក្ស​ជាប់​ឆ្នោត​​ទាំងពីរ​នៅតែ​យក​ផលប្រយោជន៍​នយោបាយរៀង​ៗ​ខ្លួន​មក​ធ្វើជា​ដើមទុន ហើយ​ប្រសិន​បើ​គណបក្ស​ទាំងពីរ នៅ​តែ​ធ្វើ​នយោបាយ​ដោយ​មិន​ស្មោះត្រង់​ជាមួយគ្នា​តទៅទៀត​នោះ។ ផ្ទុយទៅ​វិញ ដំណោះស្រាយ​នឹង​ងាយស្រួល​ដូច​បក​ចេក ​ប្រសិនបើ​ពួកគេ​ត្រឡប់​ផល​ប្រយោជន៍​នយោបាយ​ឲ្យ​មក​នៅក្រោម​ផលប្រយោជន៍​ជាតិ​វិញ ហើយ​ត្រឡប់​ពី​ការ​ធ្វើ​នយោបាយ​ ដោយ​លាក់​កាំបិត​ស្នៀត​ពី​ក្រោយ​ខ្នង​មក​ជា​ការ​ធ្វើ​នយោបាយ ដោយ​ស្មោះ​ត្រង់ និង​ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ជាធំ​វិញ​នោះ។

ជាក់ស្តែង ប្រសិនបើ​គេ​ក្រឡេកមើល​បណ្តា​ប្រទេស​ប្រជាធិបតេយ្យធំៗ ការបោះឆ្នោត​គឺជា​រឿង​ដ៏​សាមញ្ញ​បំផុត។ ក្រោយ​ការបោះឆ្នោត គណបក្ស​នីមួយ​ត្រៀមខ្លួន​ទទួលយក​លទ្ធផល​ដោយ​មិន​តវ៉ា។ អ្នកឈ្នះ​និង​អ្នកចាញ់​ឆ្នោត​ផ្ទេរ​តួនាទី ដោយ​គ្មាន​ឧស​គ្គ​អ្វី​ឡើយ។ នេះ​មកពី​អ្នកនយោបាយ​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​និង​តម្លាភាព ហើយ​ពួកគេ​គោរព​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ។ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​អាច​ធ្វើ​ដូច្នេះ​បាន បញ្ហា​២​ភាគ​៣ នឹង​មិនមែនជា​រឿង​សំខាន់​ទៀត​ទេ។ ប៉ុន្តែ តើ​ពេលណា​ទើប​កម្ពុជា​ឈាន​ដល់​ដំណាក់កាល​នេះ? សំណួរ​នេះ​នៅតែ​ពិបាក​រក​ចម្លើយ​ដដែល បើទោះជា​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​របត់​ប្រជាធិបតេយ្យ​រយៈពេល ២០​ឆ្នាំ​ហើយក៏​ដោយ។

ស្ថានភាព​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​បាន​ថា ពីរ​ទសវត្សរ៍​កន្លង​ទៅនេះ អ្នកនយោបាយ​ខ្មែរ​ទទួលយក​ផ្នត់គំនិត​ប្រជាធិបតេយ្យ​បាន​តិចតួច​តែប៉ុណ្ណោះ។ ដូច្នេះ ដល់ពេល​ហើយ​ដែល​ពួកគេ​ត្រូវ​រំដោះខ្លួន​ចេញពី​វប្បធម៌​នយោបាយ​ចាស់គំរឹល ហើយ​បែរមក​ទទួលយក​ផ្នត់គំនិត​ថ្មី​បែប​ជឿនលឿន​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ។ ក្នុងន័យនេះ ចំណោទ​បញ្ហា ២​ភាគ​៣ មិនគួរ​នឹង​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​សោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ