អានតួអត្ថបទ
កម្ពុជា

ការ​ធ្វើ​ស្រែ​រដូវ​ប្រាំង គំរាម​កំហែង​ដល់​ការ​រស់​នៅ​របស់​សត្វ​ខ្សឹប

សត្វ​ខ្សឹប ដែល​ជា​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​លើ​លោក កំពុង​តែ​រង​ការ​គំរាម​កំហែង​ដោយ​សារ​តែ​ការ​ធ្វើ​ស្រែ​រដូវ​ប្រាំង​ជា​លក្ខណៈ​អាជីវកម្ម​នៅជុំវិញ​តំបន់​បឹង​ទន្លេ​សាប​។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ ដែល​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨​មិថុនា​ម្សិលមិញ​។

សត្វ​ខ្សឹប​នៅ​តំបន់​វាលស្មៅ​ខាង​ជើង​បឹង​ទន្លេសាប​។
សត្វ​ខ្សឹប​នៅ​តំបន់​វាលស្មៅ​ខាង​ជើង​បឹង​ទន្លេសាប​។ រូបថត WCS
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​នេះ ផ្ដោត​សំខាន់​លើ​ផល​ប៉ះពាល់​នៃ​សកម្មភាព​ចិញ្ចឹម​ជីវិត​របស់​ប្រជាសហគមន៍ ទៅ​លើ​ទី​ជម្រក​ធម្មជាតិ​របស់​សត្វ​ខ្សឹប ដែល​រស់​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព ទំនាប​ខាង​ជើង​ទន្លេ​សាប ក្នុង​ខេត្ត​កំពង់ធំ​និង​សៀមរាប​។

​លទ្ធផល​នៃ​ការ​សិក្សា​​បង្ហាញ​ថា ការ​ធ្វើ​ស្រែ​រដូវ​ប្រាំង​មាន​ការ​កើន​ឡើងចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក ហើយ​២០​ភាគរយ​នៃ​ស្រែ​រដូវ​ប្រាំង​ទាំង​នោះ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទី​ជម្រក​ពង​កូន​របស់​សត្វ​ខ្សឹប​។ ចំណែក ៤៦​ភាគរយ​នៃ​កសិករ ធ្វើ​ស្រែ​រដូវ​ប្រាំង​២​ដង​ក្នុង​មួយ​ឆ្នាំ ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​របស់​ពួក​គាត់ ជាន់​ជាមួយ​រដូវ​ពង​កូន​របស់​សត្វ​ខ្សឹប​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ប្រើ​ប្រាស់​ជី​គីមី​ច្រើន​នៅ​ក្នុង​ដំណើរការ​ធ្វើ​ស្រែ​រដូវ​ប្រាំង​នេះ ក៏​បាន​ប៉ះពាល់​ដល់​ចំណី​របស់​សត្វ​ខ្សឹប​ផង​ដែរ​​។

គួរ​ជម្រាប​ថា សត្វ​ខ្សឹប ឬ​សត្វ​ក្ងោក​ទេព ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត ដោយ​នៅ​ទូទាំង​ពិភពលោក មាន​សត្វ​ខ្សឹប​ចំនួន​តិច​ជាង​៨០០​ក្បាល​។ កម្ពុជា គឺ​ជា​ប្រទេស​ដ៏​សំខាន់​បំផុត ក្នុង​ការ​អភិរក្ស​សត្វ​ខ្សឹប​នេះ​កុំ​ឲ្យ​បាត់​បង់ ខណៈ​ចំនួន​សត្វ​ខ្សឹប​នៅ​កម្ពុជា​តែ​ឯង​ មាន​ជាង​៤០០​ក្បាល​ឯ​ណោះ​។ នៅ​កម្ពុជា សត្វ​ខ្សឹប​រស់​នៅ​ទី​ជម្រក​វាល​ស្មៅ​នៃ​តំបន់​ទំនាប​ទន្លេ​សាប​ក្នុង​ខេត្ត​កំពង់ធំ​។

តាម​រយៈ​ហានិភ័យ​ជិត​ផុតពូជ​របស់​សត្វ​ខ្សឹប​នេះ អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS បានជំរុញ​ឲ្យ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ ក៏​ដូច​ជា​ការ​ចូល​រួម​របស់​សហគមន៍ ក្នុង​ការ​ការពារ​សត្វ​ខ្សឹប​កុំ​ឲ្យ​បាត់​បង់​។ ក្នុង​នោះ WCS ចង់​ ស្នើ​ឲ្យ​កសិករ​​សាក​ល្បង​ដាំ​ប្រភេទ​សណ្ដែក​ជំនួស​ឲ្យ​ការ​ធ្វើ​ស្រែ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​បន្ត​រក​ប្រាក់​ចំណូល និង​ដើម្បី​ឲ្យ​សត្វ​ខ្សឹប​អាច​បន្ត​រស់​នៅ​តាម​វាល​ស្រែ​នោះ​ដែរ​។ ការ​ដាំ​សណ្ដែក​ជំនួស​ឲ្យ​ការ​ធ្វើស្រែ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ អាច​បង្កើន​បរិមាណ​ជី​នៅ​ក្នុង​ដី និង​បង្កើត​ទី​ជម្រក​ដែល​សម្បូរ​ចំណី​សម្រាប់​សត្វ​ខ្សឹប​។ នេះ​បើ​តាម​អង្គការ WCS៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ