អានតួអត្ថបទ
កម្ពុជា

អាដហុក​​នឹង​​ស្វែង​រក​​អន្តរាគមន៍​​ដោះលែង​​បុគ្គលិក​​របស់​ខ្លួន​​​ពី​​លោក​ស្រី​រ៉ូ​ណា ស្មី​ត​

លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​មកដល់​ប្រទេស​ខ្មែរ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល១០ថ្ងៃ។ ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នឹង​ស្វែងរក​អន្តរាគមន៍​ពី​អ្នករាយការណ៍​ពិសេស​អំពី​សិទ្ធិមនុស្ស​រូបនេះ​ក្នុងការ​ឈានទៅរក​ការដោះលែង​មន្ត្រី​របស់ខ្លួន​ចំនួន៤នាក់ និង​មន្ត្រី​គ.ជ.បម្នាក់​ទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ
មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ឆន សុគន្ធា ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សមាគម​អាដហុក​នឹង​បញ្ជូន​តំណាង​របស់ខ្លួន​ពីរ​ឫ​បីនាក់​ទៅ​ជួប​លោកស្រី​រ៉ូ​ណា ស្មី​ត នៅពេលដែល​លោកស្រី​មកដល់​ប្រទេស​កម្ពុជាភ្លាមៗ ពោល គឺអាច​នឹង​នៅ​ដើម​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​តែម្តង។ សមាគម​អាដហុក​នឹង​រាយការណ៍​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅកាន់​លោកស្រី​រ៉ូ​ណា ស្មី​ត ហើយ​រឿង​ចាំបាច់​បំផុត​នៅពេល​បាន​ជួប​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត​នោះ អាដហុក​នឹង​សុំ​អន្តរាគមន៍​ពី​លោកស្រី ដើម្បី​ស្វែង​ការដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់ខ្លួន​ចំនួន៤នាក់ និង​មន្ត្រី​គ.ជ.បម្នាក់​ទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង៤នាក់​រួម​លោក​នី សុខា លោក​យី សុខសាន្ត លោក​ណៃ វ៉ង់​ដា និង អ្នកស្រី លឹម មុនី ។ ពួកគេ​ទាំងនេះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី។ ចំណែក​លោក​នី ចរិយា ដែលជា​អគ្គលេខាធិការរង​គ.ជ.ប និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​សមាគម​អាដហុក ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​នៅក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​ដ៏​រវាង​លោក​កឹម សុខា និង កញ្ញា​ខុម ចាន់​តា​រ៉ា​ទី​ហៅ​ស្រីមុំ។ មកដល់ពេលនេះ ពួកគេ​ទាំង៥នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ជាង៥ខែ​មកហើយ។

ក្នុងនាម​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដូចគ្នា លោកស្រី​ឆន សុគន្ធា ដែល​ក៏​ធ្លាប់​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កោះហៅ​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ​នេះដែរ​ចង់ឃើញ​ពួកគេ​ទាំងនេះ ត្រូវបាន​ដោះលែង​ក្នុងពេលឆាប់។ ដូច្នេះហើយ លោកស្រី​បាន​ជំរុញ​ឲ្យ​លោកស្រី​រ៉ូ​ណា ស្មី​ត ត្រូវបាន​បង្កើន​ការងារ​អន្តរាគមន៍​របស់គាត់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ដើម្បី​ជា​ក្តីសង្ឃឹម​ដល់​អ្នកការពារ​សិទ្ធិមនុស្ស។

សូម​ជម្រាបជូន​ថា លោកស្រី​រ៉ូ​ណា ស្មី​ត​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី២០ខែតុលា​ហើយ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៣ហើយ​របស់​លោកស្រី​មកកាន់​កម្ពុជា។ដំណើរ​ទស្សនកិច្ច​លើក​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​ស្ថានភាព​នយោបាយ​ជាទូទៅ ក៏ដូចជា​ទិដ្ឋភាព​សិទ្ធិមនុស្សសំខាន់ៗនៅ​កម្ពុជា ដើម្បី​ចងក្រង​ជា​របាយការណ៍​មុននឹង​បង្ហាញ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ នៅ​ខែកញ្ញា ឆ្នាំ២០១។ នៅក្នុង​អំឡុងពេល១០ថ្ងៃ​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹង​ជួប​ជាមួយ​មន្ដ្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សហគមន៍​ការទូត​ជាដើម។ អ្នករាយការណ៍​ពិសេស​រូបនេះ ក៏​នឹង​អញ្ជើញ​ចុះទៅ​ដល់​មូលដ្ឋាន​ផងដែរ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​ពី​សហគម​ន៍ព​ល​រដ្ឋ។ លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ជាមួយ​ការធ្វើ​សន្និសីទកាសែត មួយ​នៅ​រសៀល​ថ្ងៃទី១៩ខែតុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ