អានតួអត្ថបទ
កម្ពុជា

លោកហ៊ុ​ន សែន ​ព្រមាន​ពី​លទ្ធភាព​ដោះដូរ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​នេះ​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ព្រមាន​ដល់​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ពី​លទ្ធភាព​ក្នុង​ការ​ដកចេញ​ពី​ដំណែង ​ដោយ​សារ​ភាពអសកម្ម​នៅក្នុង​ការងារ​នា​ពេល​កន្លង​មក​។​ លោក​នាយករដ្ឋ​មន្ត្រី ​បាន​បញ្ជាក់​ថា​ លោក​កំពុងតែ​គិត​ពិចារណា​ ថាតើ​គួរ​​ដោះដូរ​​គណៈរដ្ឋមន្ត្រី​​នៅ​ក្នុង​ឆ្នាំ​នេះ ​ឫយ៉ា​ងណា?​ លោកហ៊ុន សែន​ បាន​ព្រមាន​ដូច្នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួង​មហាផ្ទៃ​នៅ​រសៀល​ថ្ងៃព្រហស្បតិ៍។ យើងស្ដាប់វណ្ណ សុគន្ធា៖

លោកហ៊ុ​ន សែន ​ព្រមាន​ពី​លទ្ធភាព​ដោះដូរ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​នេះ​
លោកហ៊ុ​ន សែន ​ព្រមាន​ពី​លទ្ធភាព​ដោះដូរ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​នេះ​ @Hun Sen Facebook Page
ផ្សាយពាណិជ្ជកម្ម

ការព្រមាន​ចង់​រុះរើគ​ណៈរដ្ឋមន្ត្រី​របស់​លោកហ៊ុន សែន​នេះ ​គឺ​បាន​ធ្វើឡើង​ បន្ទាប់​ពី​លោក​បាន​ស្តី​បន្ទោស​ខ្លាំងៗ​ដ​ល់​រដ្ឋមន្ត្រី​របស់​ខ្លួន​នៅក្នុង​ពិធី​បិទ​សន្និបា​ត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៥​ និង​លើកទិសដៅ​សម្រាប់​ឆ្នាំ​២០១៦ ​របស់​ក្រសួង​មហាផ្ទៃ​។ ​រដ្ឋមន្ត្រី​នៃក្រសួង​ពីរ​ គឺ​ក្រសួង​សាធារណការ​ និង ​ដឹកជញ្ជូន ​និង​ ក្រសួង​កសិកម្ម​ ត្រូវ​បាន​លោកហ៊ុន សែន​ ធ្វើការ​ស្តី​បន្ទោស​ខ្លាំង​ជាងគេ ​ដោយសារ​តែ​ក្រសួង​ទាំងពីរ​នេះ​មា​នភា​ពអ​សកម្ម​ខ្លាំងនៅ​ក្នុង​ការងារ​ ដោយ​លោក​នាយករដ្ឋមន្ត្រី​បាន​ហៅថា ​ធ្វើ​ការងារ ​“ស្ទក់”​។ ​មិ​ន​តែប៉ុណ្ណោះ ​លោកហ៊ុន សែន ​ក៏បាន​ចាត់​ទុក​ក្រសួងទាំង​ពីរ​ថា​ ជា​ក្រសួង​ដែល​មាន​ចំណាត់ថ្នាក់​ទាប​ជាងគេ​នៅក្នុង​ចំណោម​ក្រសួង​ចំណុះ​រដ្ឋាភិបាល​ទាំង​អស់​ទៀត​ផង។​ គឺ​បន្ទាប់​ពី​បញ្ចប់​ការ​ស្តី​បន្ទោស​នេះ ​លោកហ៊ុន សែន ​បាន​ចង្អុល​ទៅ​កាន់​តំណាង​ក្រសួងទាំង​ពីរ​ ព្រមទាំង​ព្រមាន​ពីលទ្ធភាព​ក្នុង​ការដោះដូរ​គណៈរដ្ឋ​មន្ត្រី​​របស់​លោក​នៅក្នុង​ឆ្នាំ​នេះ​។​
 

គួរបញ្ជាក់ថា ​មុនឈាន​ដល់​ការ​ព្រមាន​ធ្ងន់ៗ​បែប​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​គូសប​ញ្ជាក់​ថា ​លោក​បាន​ទុក​ពេល​ឲ្យ​រដ្ឋមន្ត្រី​ទាំង​នេះ​យូរ​ឆ្នាំ​ហើយ ​ដើម្បី​ធ្វើការ​ឆ្លុះ​កញ្ចក់​ ងូតទឹក​​ និង​ ដុះ​ក្អែល​ ហើយ​ពេល​នេះ​ដល់​ពេល​ហើយ​ដែល​ត្រូវ​ព្យាបាល​ជំងឺ​ដល់​រដ្ឋមន្ត្រី​អសកម្ម។​
 

ជាកត់សម្គាល់ ​ការ​ព្រមាន​ដក​មន្រ្តី​របស់ខ្លួន​ពី​សំណាក់​នាយករដ្ឋមន្ត្រី​នេះ​ ធ្លាប់​បាន​កើត​មាន​ជា​ហូរហែរួចមក​ហើយ​ដែរ​នា​ពេល​កន្លងមក​។ ​តែ​ទោះយ៉ាងណាក៏ដោយ​ លោក​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត ​និង ​អ្នក​តាមដាន​ស្ថានការ​នយោបាយ​ខ្មែរ ​បាន​ស្វាគមន៍​ចំពោះ​ការ​ព្រមាន​នេះ​។ ​លោក​ថា ​វា​គឺ​ជារឿង​ល្អ​ដែល​លោកហ៊ុន សែន ​សម្រេច​ព្រមាន​រ​ដ្ឋមន្ត្រី​របស់​ខ្លួន​នៅ​ពេល​នេះ ​ជា​ពេល​ដែល​អ្នកវិភាគ​ស្ថានការ​នយោបាយ​រូប​នេះ ​បញ្ជាក់​ថា ​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ទទួល​បាន​ប្រជាប្រិយភាព​បន្ថែមទៀត​សម្រាប់​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​ដោយ​ហេតុ​ថា ​ប្រជាពលរដ្ឋ​ក៏​ចង់​ឲ្យ​មានការ​​ដោះដូរ​ដូច​នាយក​រដ្ឋមន្ត្រី​ដែរ​។ ​
 

ផ្ទុយទៅវិញ ​ប្រសិន​បើ​ការ​ព្រមាន​នេះ ​គ្រាន់តែ​ជា​ការ​បន្លាច​ដល់​រដ្ឋមន្ត្រី​របស់​ខ្លួន​ហើយ​មិនមាន​ការ​ដោះដូរទេ​នោះ ​លោកអ៊ូ វីរៈ ​យល់ឃើញ​ថា​ វា​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្វើ​ជា​ប្រធាន​នឹង​ធ្លាក់​ប្រជាប្រិយ​ភាព​ជា​មិន​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ